អានតួអត្ថបទ
អេហ្ស៊ីប-អាមេរិក

អេហ្ស៊ីប​ថ្កោលទោស​អាមេរិក​ដែល​ផ្អាកព្យួរ​ជំនួយ​យោធា

នៅទី​បំផុត ទៅ​អាមេរិក​បាន​សម្រេច​ផ្អាក​ជំនួយ​ដល់​រដ្ឋាភិបាល​អេហ្ស៊ីប ដែលជា​សម្ព័ន្ធមិត្ត​របស់ខ្លួន នៅ​តំបន់​ដើមបូព៌ា។ នៅ​ល្ងាច​​ថ្ងៃ​ព្រហស្បតិ៍​​ទី​១០ តុលា គឺ​​នៅមួយ​ថ្ងៃ​ក្រោយ​ការប្រកាស​​របស់​​សេតវិមាន អ្នកនាំពាក្យ​​របស់​​ក្រសួង​ការបរទេស​អេហ្ស៊ីប​បាន​ប្រតិកម្ម​រិះគន់​ការសម្រេច​ចិត្ត​របស់​អាមេរិក និង​គំរាម​សើរើ​ឡើងវិញ​សហប្រតិបត្តិការ​យោធា​របស់​អេហ្ស៊ីប ជាមួយ​​អាមេរិក។

អ្នកគាំទ្រ​មេទ័ព​អេហ្ស៊ីប លោក​Abdel Fattah al-Sisi
អ្នកគាំទ្រ​មេទ័ព​អេហ្ស៊ីប លោក​Abdel Fattah al-Sisi ©Reuters
ផ្សាយពាណិជ្ជកម្ម

តាំងពីប្រទេស​ព្រុយណេ ជាទី​ដែលលោក​ចូលរួម​ក្នុង​ជំនួប​កំពូល​អាស៊ាន​ប្រមុខ​ការបរទេស​អាមេរិក លោកJohn Kerry​បាន​បញ្ជាក់​ទៅ​ភាគី​អេហ្ស៊ីបថា ការផ្អាក​ជំនួយ មិនមែន​មានន័យ​ថា អាមេរិក​នឹង​ដកខ្លួន​ពី​មិត្តភាព ជាមួយ​អេហ្ស៊ីប​ទេ។ លោកJohn Kerryប្រញាប់​ឆ្លើយ​បកស្រាយ ទៅ​រដ្ឋាភិបាល​អេហ្ស៊ីប បន្ទាប់​ពី​អ្នកនាំពាក្យ​របស់​ក្រសួង​ការបរទេស​អេហ្ស៊ីប​បាន​មាន​ប្រតិកម្ម​រិះគន់​ខ្លាំងៗ​ដល់​អាមេរិក​ដែលប្រើ​លក្ខខណ្ឌ​ជំនួយ​ដើម្បី​ដាក់គំនាប​លើ​រដ្ឋាភិបាល​អេហ្ស៊ីប។

 
កាលពីថ្ងៃពុធ សេតវិមាន​បានប្រកាស​ផ្អាកព្យួរ​ជំនួយ​យោធា​ដល់​ទីក្រុងគែរ បន្ទាប់ពី​កងទ័ព​អេហ្ស៊ីប នៅបន្ត​បង្រ្កាប​យ៉ាងហិង្សា​លើ​ក្រុម​ប្រឆាំង មក​ពី​ក្រុម​ភាតរអ៊ីស្លាម។ ជាក់ស្តែង អាមេរិក​នឹងផ្អាក​មិនបញ្ជូន​ឧទ្ធម្ភាគចក្រ មីស៊ីល និងគ្រឿង​បន្លាស់​សម្រាប់​រថពាសដែក​ដែល​តាម​កិច្ចព្រមព្រៀង​នឹង​ត្រូវ​បញ្ជូន​ទៅ​អេហ្សីប ក្នុង​ឆ្នាំ២០១៣។ អាមេរិក​ផ្អាកផង​ដែរ មិន​បញ្ជូន​ថវិកាប្រមាណ ២៦០ លាន និងកម្ចី ៣០០ លាន​ដល់​រដ្ឋាភិបាល​អេហ្ស៊ីប។

សូមបញ្ជាក់​ថា អាមេរិក​ផ្តល់​ជំនួយ​ក្នុង​មួយឆ្នាំៗ ១៣០០ លាន​ដុល្លារ​ដល់​កងទ័ព​អេហ្ស៊ីប។ ប៉ុន្តែ ចាប់តាំង​ពី​កងទ័ព​ធ្វើរដ្ឋ​ប្រហារ​ទម្លាក់ និង​ចាប់ដាក់​គុក​ប្រធានាធិបតី លោកម៉រស៊ី អាមេរិក​ដែលជា​ម្ចាស់​ជំនួយ​យោធា​ដ៏​ធំ​របស់​អេហ្ស៊ីប មាន​ការរារែក និង​ទើសទាល់ តែ​មិន​ថ្កោលទោស​សកម្មភាព​របស់​យោធា​អេហ្ស៊ីប។ រដ្ឋបាល​លោក​អូបាម៉ា​ថែម​ទាំង​មិនបាន​ប្រកាស​ចាត់ទុក​សកម្មភាព​របស់​កងទ័ព​អេហ្ស៊ីប​ថា ជា​រដ្ឋប្រហារផង និង​បានសុំ​ពេល​ពិចារណា​លើ​សំណុំរឿង​អេហ្ស៊ីប។ ប៉ុន្មានខែក្រោយ គឺ​ទើបតែ នៅថ្ងៃពុធ ដែល​អាមេរិក​បាន​សម្រេចចិត្ត ផ្អាក​ជំនួយ​របស់ខ្លួន ប៉ុន្តែ បញ្ជាក់ថា នឹង​មិនរហូត​នោះទេ។ អាមេរិក​នឹង​ផ្តល់​ជំនួយ​ឡើងវិញ ដល់​អេហ្ស៊ីប នៅពេលណា​រដ្ឋាភិបាលថ្មី​កើត​មាន​ចេញមក​ពី​ការបោះឆ្នោត ដោយសេរី និង​យុត្តិធម៌។តាមអ្នកនាំពាក្យ​របស់ សេតវិមាន​ជំនួយ​ដែល​អាមេរិក​ផ្អាក គឺ​ភាគច្រើន ជា​ជំនួយ​យោធា ប៉ុន្តែ អាមេរិក នៅបន្ត​ជំនួយ​លើ​ផ្នែកសុខភាព សេដ្ឋកិច្ច និង​អប់រំ។ ជាមួយគ្នា​នេះ​អាមេរិក នៅ​បន្ត​ជួយ​កម្មវិធី​ប្រយុទ្ធប្រឆាំង​នឹង​ពួកអ៊ីស្លាម​ជ្រុលនិយម នៅតំបន់ ស៊ីណៃ កម្មវិធី​ត្រួតពិនិត្យ​តាម​ព្រំដែន​អេហ្ស៊ីប ជាមួយ​តំបន់​ហ្គាហ្សា និង​ជាមួយ​ព្រំដែន​អ៊ីស្រាអែល។

ភាគី​អេហ្ស៊ីប​បាន​ចាត់ទុក​ការសម្រេចចិត្ត​របស់​អាមេរិក​ថា ធ្វើឡើង​ដោយ​មិនត្រឹមត្រូវ។ តាមអ្នកនាំពាក្យ​ក្រសួង​ការបរទេស​អេហ្ស៊ីប អេហ្ស៊ីប​នឹង​មិនចុះចាញ់​នឹង​ការដាក់សម្ពាធ​របស់​អាមេរិក ហើយ​និងនៅតែ​បន្ត​នយោបាយ​បែបប្រជាធិបតេយ្យ​របស់ខ្លួន​ដូចមុន។ មន្រ្តី​នាំពាក្យ​របស់​ក្រសួង​ការបរទេស​អេហ្ស៊ីប​បញ្ជាក់ដែរ​ថា រដ្ឋាភិបាល​អេហ្ស៊ីប​អាចនឹង​សើរើ​ទំនាក់ទំនង របស់ខ្លួន​ជាមួយ​អាមេរិក​ដែរ។ នៅក្នុងនោះ អេហ្ស៊ីប​អាច​នឹង​ពិនិត្យ​សើរើ​មើល​មូលដ្ឋាន​ទ័ព​របស់ខ្លួន ដែល​អាមេរិក​បាន​ប្រើ​ក្នុង កន្លងមក ក្នុង​សម័យ​សង្រ្គាម នៅ​អ៊ីរ៉ាក់។ តាម​អ្នកជំនាញ​យោធា​អេហ្ស៊ីប​ជំនួយ​យោធា​របស់​អាមេរិក​មាន​ជាប់​ទាក់ទង នឹង​កិច្ចព្រមព្រៀង​សន្តិភាព ជាមួយ​អ៊ីស្រាអែល។ កិច្ចព្រមព្រៀង​ដែល​អេហ្ស៊ីប​ជាប្រទេស​តែមួយ​គត់ នៅ​តំបន់​ដើមបូព៌ា​បាន​ចុះ​ជាមួយ​អ៊ីស្រាអែល។ ដូច្នេះ ផ្អាក​ជំនួយ គឺ​ដូចជា ធ្វើឲ្យ​អេហ្ស៊ីប​សើរើ លើកិច្ច​ព្រមព្រៀង​សន្តិភាព ជាមួយ​អ៊ីស្រាអែល៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ