អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

បាតុកម្ម​ផ្ទុះ​នៅ​ប្រទេស​សង្គម​និយម វ៉េណេស៊ុយអេឡា

ចុះផ្សាយ​នៅ​ថ្ងៃ៖

រហូតមកដល់​ចុងសប្តាហ៍ មុននេះ បាតុកម្ម​របស់​ចលនា​និស្សិត​មិន​ចុះថមថយ នៅរដ្ឋធានី ការ៉ាកាស ក្នុង​ប្រទេស​ វ៉េណេស៊ុយអេឡា។ កាលពី​ប៉ុន្មាន​សប្តាហ៍មុន ក្រុមនិស្សិត​ វ៉េណេស៊ុយអេឡា ចុះថ្នល់​ធ្វើ​បាតុកម្ម​ដើម្បី​ថ្កោលទោស​នយោបាយ​សេដ្ឋកិច្ច របស់​រដ្ឋាភិបាល និង​អសន្តិសុខ​នៅក្នុង​ប្រទេស។ ប៉ុន្តែ នៅចុងសប្តាហ៍នេះ ពួកនិស្សិត​ដែល​មាន​ចំនួន​មិន​ចេះ​ថមថយ បាន​សម្រុក​ធ្វើ​បាតុកម្ម​ដើម្បី​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ដោះលែង​គ្នីគ្នា​របស់ពួកគេ និង ជាពិសេស​បំផុត គឺ​​ទាមទារ​ឲ្យ​លោក​ប្រធានាធិបតី​Nicolas Manduro ចុះចេញ​ពី​តំណែង។

បាតុកម្ម​របស់​និស្សិត​វ៉េណេស៊ុយអេឡា​ប្រឆាំង​នឹង​អតិផរណា និង​នយោបាយ​សេដ្ឋកិច្ច​របស់​រដ្ឋាភិបាល​លោក​ម៉ាឌូរ៉ូ
បាតុកម្ម​របស់​និស្សិត​វ៉េណេស៊ុយអេឡា​ប្រឆាំង​នឹង​អតិផរណា និង​នយោបាយ​សេដ្ឋកិច្ច​របស់​រដ្ឋាភិបាល​លោក​ម៉ាឌូរ៉ូ ©REUTERS/Carlos Garcia Rawlins
ផ្សាយពាណិជ្ជកម្ម

 

វ៉េណេស៊ុយអេឡា​ជា​ប្រទេស​ផលិត​ប្រេង​ដ៏សំខាន់​មួយ នៅក្នុង​ពិភពលោក និង​ជា​ប្រទេស​ស្ថាបនិក​អង្គការ​ប្រទេស​នាំចេញ​ប្រេង​OPEP។ តាម​អង្គការ វ៉េណេស៊ុយអេឡា​មាន​សំបូរ​អណ្តូងប្រេង​ដែល​មាន​ប្រេង ជិត ៣០០​ពាន់​លាន​ធុង គឺ​ជាប្រទេស​ធំ​ទីមួយ ក្នុង​ពិភពលោក ដែល​សំបូរ​មាសខ្មៅជាងគេ នាំមុខ​ទាំង​ប្រទេស​អារ៉ាប៊ី សាអ៊ូឌីត​ទៅទៀត។

ការបូមប្រេង​បាន​ប្រមាណ ២ លាន ៥​សែន​ធុង ក្នុង​មួយថ្ងៃ ធ្វើ​ឲ្យ​ វ៉េណេស៊ុយអេឡា​ក្លាយ​ជា​ប្រទេស​ផលិត​ប្រេង​ទី ១១ ក្នុង​ពិភពលោក។ យោងតាម​ធនាគារ​ពិភពលោក វ៉េណេស៊ុយអេឡា​​ជា​ប្រទេស​សេដ្ឋកិច្ច​ធំ​ទីបី នៅ​អាមេរិកឡាទីន បន្ទាប់ពី​ប្រេស៊ីល និង​ម៉ិចស៊ិក នេះ​បើ​និយាយ​ពី​ផលិតផល​ក្នុង​ស្រុក​សរុប ដែល​មាន​ប្រមាណ ៣៥០ ពាន់​លាន​ដុល្លារ។

កេស​ថវិកា​របស់ វ៉េណេស៊ុយអេឡា​តែងតែ​ពេញជានិច្ច​ដោយសារ​ការនាំចេញ​ប្រេង។ ក្នុង​ប្រទេស​ដ៏សំបូរ​ប្រេង​នេះ ប្រជាជន​បាន​ទទួល​សាំង សឹង​មិនគិតថ្លៃ​ពីរដ្ឋ ដោយ​សាំង​មួយ​លីត្រ​មាន​តម្លៃ​ត្រឹម​តែ​មួយ​សង់ទីម អឺរ៉ូ ឬ​ស្មើ​នឹង​៤០រៀល ​លុយខ្មែរ។ ប្រសិន​បើ​កេសរដ្ឋ​មិន​ខ្វះ​លុយ ដោយមកពីការ​លក់ប្រេង ហើយ​ប្រជាជន​ប្រើសាំង សឹងតែ​មិន​គិតថ្លៃ ហេតុអ្វី​បាន​ជា​និស្សិតធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​នយោបាយ​សេដ្ឋកិច្ច​របស់​រដ្ឋាភិបាល​ទៀត?

ប៉ុន្មាន​សប្តាហ៍មកហើយ ក្រុមនិស្សិត​បាន​ចេញ​ធ្វើ​បាតុកម្ម ជំនួស​ឲ្យ​ប្រជាជន ដើម្បី​បរិហារ​ពី​អតិផរណា ដែល​ឡើង​ខ្ពស់​កប់​ពពក មិន​ដែលមាន គឺ​ច្រើន​ជាង ៥០ភាគរយ ទៅទៀត។ ក្រៅតែពីរងគ្រោះ​ដោយសារ​អតិផរណា ទំនិញ ប្រជាជន​ វ៉េណេស៊ុយអេឡា​រងគ្រោះ​ផងដែរ​នឹង​កង្វះ​ទំនិញ ដែល​ជាញឹកញយ ដាច់ អស់​ពីស្តុក នៅតាម​​ហាងទំនិញ ដូចជា​ទឹកដោះគោ ឬ​ក្រដាស​អនាម័យជាដើម។

វ៉េណេស៊ុយអេឡា​ជា​ប្រទេស​កំពុង​អភិវឌ្ឍន៍ សំបូរ​ដោយ​ឧស្សាហកម្ម ប៉ុន្តែ ក៏​ប្រទេស​ដែល​នាំចូល​ច្រើន​នូវ​ចំណីអាហារ​ពីបរទេស។ តាម​អ្នកជំនាញ​សេដ្ឋកិច្ច ដោយសារ​តែ​រដ្ឋ​ជា​អ្នកកំណត់ថ្លៃ ពោល​គឺ​បញ្ចុះ​តម្លៃ​ទំនិញ នៅ​តាម​ទីផ្សា ទំនិញ​ទាំងឡាយ​តែងតែ​លក់ឆាប់​អស់​ពីស្តុក។ ដោយសារ​មិន​សូវមាន​ទំនិញ​ច្រើន ទំនិញ​ដែល​មាន​ដាក់​លក់ នៅ​លើ​ទីផ្សារ​តែង​​តម្លៃ​ថ្លៃ​កប់ពពក។

រដ្ឋាភិបាល​របស់​លោក​ប្រធានាធិបតី​ម៉ាឌូរ៉ូ​វិញ​បាន​ចោទ​ប្រកាន់​ក្រុមហ៊ុន​ឯកជន​តូចៗ ថា ជា​ក្រុមកេងចំណេញ ដោយ​លួច​ទិញ​ទំនិញ យក​មក​ស្តុក និង​បង្កើន​តម្លៃ​ខ្ពស់។ តាម​លោក​ប្រធានាធិបតី​ម៉ាឌូរ៉ូ ក្រុមនេះ​មាន​បក្សពួក ជា​ក្រុម​បរទេស និង​ក្រុម​ហ្វាស៊ីស ដែល​ចង់​គំរាមកំហែង​ស្ថិរភាព​នយោបាយ​របស់​រដ្ឋាភិបាល។

ក្រុម​នេះ ដើរ​យុទ្ធសាស្រ្ត​ស្រដៀងគ្នា​លើ​ក្រដាស​ប្រាក់​ដុល្លារ។ នៅពេល​រដ្ឋ​គ្រប់គ្រង​តឹងខ្លាំង និង​ជា​អ្នកកំណត់​អត្រាប្តូរ​លុយ​ដុល្លារ ក្នុង​ប្រទេសនោះ ចរន្ត​ដោះដូរ​លុយ​នៅ​ទីផ្សារ​ដូរលុយ​ងងឹត មាន​កាន់តែច្រើន រហូត​ឲ្យ ​ធនាគារ​ជាតិ វ៉េណេស៊ុយអេឡា​ជួប​វិបត្តិ​ខ្វះ​សាច់ប្រាក់។

សម្រាប់​ក្រុមនិស្សិត​បាតុករ រដ្ឋាភិបាល​ខ្ជីរខ្ជា​មិន​អាច​ការពារ​សុវត្ថិភាព​ជូន​ប្រជាជន នៅពេល​ដែល​អសន្តិសុខ​កាន់តែ​មាន​ចំនួន​ច្រើន នៅក្នុង​ប្រទេស។ អសន្តិសុខ​សម្រាប់​ប្រជាជន ក្រុមនិស្សិត​ទាំងនោះ បាន​ថ្កោលទោស​ផងដែរ ដល់​ក្រុមប្រដាប់​អាវុធ ដែល​បាន​បាញ់​រះ​ទៅលើ​ក្រុមបាតុករ កាលពីថ្ងៃ​ពុធ​សប្តាហ៍មុន រហូត​សម្លាប់​មនុស្ស​ពីរនាក់។

នៅ វ៉េណេស៊ុយអេឡា រដ្ឋាភិបាល​បាន​ព្យាយាម​ចែកចាយ ផល​ចំណេញ​ពីប្រេង​ដល់ប្រជាជន ប៉ុន្តែ របប​នយោបាយ​បែប​សង្គមនិយម គឺ​រដ្ឋ​ជា​អ្នកគ្រប់គ្រង និង​កំណត់ថ្លៃ​នៅក្នុង​ទីផ្សារ ហាក់​លែង​ដំណើរការ ឬ​លែង​មាន​ប្រសិទ្ធិភាព​ហើយ នៅ​ពេលនេះ។ ១៦​ឆ្នាំមកហើយ ដែល​រដ្ឋ​លក់ សាំង សឹង​មិន​គិតថ្លៃ​ដល់​ប្រជាជន។ នយោបាយ​នេះ ធ្វើ​ឲ្យ​រដ្ឋ​ខាតបង់​ថវិកា​ប្រមាណ ១២ ពាន់​៥រយ លានដុល្លារ ក្នុង​មួយឆ្នាំៗ។ កាលពីថ្ងៃ​ពុធ​កន្លងទៅ រដ្ឋាភិបាល​របស់​លោក​ប្រធានាធិបតី​ វ៉េណេស៊ុយអេឡា​បាន​លើកឡើង​ពី​យុទ្ធសាស្រ្ត​ដំឡើង​ថ្លៃ​ប្រេង ទៅថ្ងៃ​អនាគត។

លោក​ម៉ាឌូរ៉ូ​បាន​លើកឡើង​ពី​នយោបាយ​នេះ យ៉ាងប្រយ័ត្ន​ប្រយែង​បំផុត ដោយ​បាន​បញ្ជាក់ថា វា​នឹង​មិន​ធ្វើឡើង នៅក្នុង​ពេល​ខាងមុខ​ឆាប់ៗនេះ ឬ​ធ្វើ​ឡើង​ដោយ​សង្រ្គប់​ដែរ​នោះដែរ។ នយោបាយ​ផ្តល់ប្រេង​សឹង​មិន​គិតថ្លៃ បាន​ចាក់ចូល​ជ្រៅ​ទៅក្នុង​ទម្លាប់ និង​បេះដូង​របស់​ប្រជាជន វ៉េណេស៊ុយអេឡា។ លោក​ប្រធានាធិបតី​ម៉ាឌូរ៉ូ​​ប្រយ័ត្នប្រយែង ក្នុង​រឿង​ដំឡើង​ថ្លៃប្រេងសាំង ព្រោះថា គ្រប់ប្រជាជន​ វ៉េណេស៊ុយអេឡា ​នៅចងចាំ​មិន​ភ្លេច​ពី​មេរៀន ចាស់ ដែល​ វ៉េណេស៊ុយអេឡា ​បាន​ជួប​ប្រទះ ក្នុង​អតីតកាល។ កាលពី​ឆ្នាំ ១៩៨៩ ចលនា​ងើប​បះបោរ​របស់​ប្រជាជន នៅ​ការ៉ាកាហ្សូ ធ្លាប់​​បាន​ដុត​ទីក្រុង​ឲ្យ​ឆេះ​សន្ធោសន្ធៅ និង​សម្លាប់​មនុស្ស​អស់​ជាច្រើន​រយ​នាក់៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ