អានតួអត្ថបទ
ស.រ.អា.-ស៊ីរី

របាយការណ៍​អាមេរិក ៖ មាន​បរទេស​​សម្រុក​ចូល​ធ្វើ​ជីហាត​ច្រើន​ខ្លាំង​នៅ​ស៊ីរី

មិន​ដែល​មាន​សង្គ្រាម​ណា​ទាក់ទាញ​យុទ្ធជន​បរទេស​ឱ្យ​ចូល​រួម​ច្រើន​ ដូច​វិបត្តិ​នៅ​ស៊ីរី​នេះ​ទេ ! ក្រុម​ប្រយុទ្ធ​ប្រមាណ​​២០០០០​នាក់ មិន​មែន​ជាពលរដ្ឋ​ស៊ីរី​ កំពុង​កាន់​អាវុធ​ធ្វើ​សង្គ្រាម​នៅ​ក្នុង​ប្រទេស​ស៊ីរី។ ​ជា​ចំនួន​ដ៏​ច្រើន​មិន​ធ្លាប់​មាន​ឡើយ បើ​ប្រៀប​ទៅ​នឹង​សង្គ្រាម​នៅ​អាហ្វហ្កានីស្ថាន ប៉ាគីស្ថាន​ អ៊ីរ៉ាក់ និង​យេមែន ឬ​សូម៉ាលី ...។ នេះ​បើ​តាម​របាយការណ៍របស់​នាយក​មជ្ឈមណ្ឌលជាតិ​ប្រយុទ្ធ​ប្រឆាំង​ភេរវនិយម​​អាមេរិក ដែល​នឹង​ត្រូវ​បង្ហាញជូន​សភា​នៅ​ថ្ងៃ​ពុធ​ទី ១១​កុម្ភៈ ២០១៥​។

ជនជីហាត ដើរ​លើក​ទង់ជាតិ​រដ្ឋ​អ៊ីស្លាម​នៅ​ក្រុង​Raqa ប្រទេស​ស៊ីរី​
ជនជីហាត ដើរ​លើក​ទង់ជាតិ​រដ្ឋ​អ៊ីស្លាម​នៅ​ក្រុង​Raqa ប្រទេស​ស៊ីរី​ REUTERS/Stringer
ផ្សាយពាណិជ្ជកម្ម

បើ​តាម​ការ​ប៉ាន់​ស្មាន​ មាន​ក្រុម​ប្រយុទ្ធ​មក​ពី​៩០​ប្រទេស​ បាន​ចូល​ទៅ​កាន់​អាវុធ​ធ្វើ​សង្គ្រាម​​នៅ ស៊ីរី ក្នុង​នោះ ៣៤០០​នាក់ ជា​យុទ្ធជន​មក​ពី​បស្ចឹម​ប្រទេស និង​១៥០​នាក់​ជា​ពលរដ្ឋ​អាមេរិក។ នៅ​ក្នុង​របាយការណ៍​​របស់​គណៈកម្មការ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ ​ចេញ​ផ្សាយ​កាលពី​ខែ​វិច្ឆិកា ២០១៤ គេ​សង្កេត​ឃើញ​មាន​យុទ្ធជន​បរទេស​មក​ពី​៨០​ប្រទេស​ ​ប្រមាណ​តែ ១៥០០០​នាក់​ប៉ុណ្ណោះដែល​ស្មោះ​ស្ម័គ្រ​ចូល​ខ្លួន​ទៅ​ធ្វើ​សង្គ្រាម​​នៅ​ស៊ីរី ​បំរើ​​អង្គការ​​អ៊ីស្លាមជ្រុលនិយម ដូច​យ៉ាង​អង្គការ​រដ្ឋ​អ៊ីស្លាម។

 

​របាយការណ៍​អាមេរិក​នេះ បាន​បង្ហាញថា ក្រុម​ប្រយុទ្ធ​បរទេស​ភាគ​ច្រើន ដែល​ធ្វើ​ដំណើរ​ទៅ​ស៊ីរី មាន​​​បំណង​តែ​មួយ​គឺ​ទៅ​ចូល​ខ្លួន​ក្នុង​ក្រុម​ជីហាត​​រដ្ឋ​អ៊ីស្លាម​នៅ​ស៊ីរី ឬ​នៅ​អ៊ីរ៉ាក់។ និន្នាការ​នេះ​ មាន​សណ្ឋាន​កាន់​តែ​ច្បាស់ និង​កាន់​តែ​គួរ​ឱ្យ​ព្រួយ​បារម្ភ។ មិន​តែ​ប៉ុណ្ណោះ ចំនួន​អ្នក​ចង់​ចេញ​ដំណើរ​ទៅ កើន​ឡើង​ជា​លំដាប់ ព្រោះ​លទ្ធភាព​​ឃោសនា​របស់​អង្គការ​រដ្ឋ​អ៊ីស្លាម​ មាន​ទំហំធំឡើងៗ។ គិត​ចាប់ថ្ងៃ​ទី ១​មករា​២០១៥​មក អង្គការ​ជីហាត​បាន​បង្ហោះ​តាម​អ៊ីនធ័រនែត​វីដេអូ​​​ឃោសនាដល់​ទៅ​២៥០ខ្សែ។​ បណ្តាញ​​ប្រព័ន្ធ​សង្គម​ ជា​ប្រភព​​ទាក់ទាញ និង​ផ្តល់​ព័ត៌មាន​លម្អិត​ សម្រាប់ជួយ​​​យុទ្ធជនក្នុង​ការ​ធ្វើ​ដំណើរ។

បើ​តាម​អ្នក​ទទួល​ខុសត្រូវ​អាមេរិក ដែល​ដឹក​នាំ​សរសេរ​របាយការណ៍​ តួកគី​គឺ​ជា​ប្រទេស​ស្ពាន។ អាជ្ញាធរ​ប្រទេស​នេះ​បាន​ពង្រឹង​​វិធានការ​ហាមឃាត់ នៅ​ពេល​ដែល​យុទ្ធជន​ចូល​​ដល់​ទឹក​ដី​តួកគី​ភ្លាម។ តួកគី បាន​ចុះ​បញ្ជី​ហាមឃាត់​ឡើង​ដល់​១០​ម៉ឺន​ឈ្មោះ​ទៅ​ហើយ។
 

ប៉ុន្តែ​ សម្រាប់ស​ន្តិសុខផ្ទៃក្នុង​​អាមេរិក​វិញ ការ​គំរាម​កំហែង​​​ភេរវកម្ម​ពី​សំណាក់​​ក្រុម​ជ្រុល​និយម​ មិន​មានការ​កើនឡើង​គួរ​ឱ្យ​ព្រួយបារម្ភ​ទេ​ ព្រោះភ្នាក់ងារ​ស៊ើប​អង្កេត​ និង​ប៉ូលិស​អាមេរិក មាន​ឈ្មោះ​ក្រុម​ឬ​បុគ្គល​ដែល​អាច​បញ្ចេញ​សកម្មភាព ក្នុង​ដែ​ហើយ។  នេះ​តាម​លោក Nicolas Rasmussen ប្រធាន​មជ្ឈមណ្ឌល​ជាតិ​​ប្រយុទ្ធ​ប្រឆាំង​ភេរវនិយម​អាមេរិ

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ