អានតួអត្ថបទ
អាមេរិក-អ៊ីស្រាអែល

លោក​អូបាម៉ា បញ្ជាក់​ជំហរ​មិន​ចុះ​សម្រុង​ជាមួយ​អ៊ីស្រាអែល​ ក្នុង​សំណុំ​រឿង​នុយក្លេអ៊ែរ​អ៊ីរ៉ង់

លោក​នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល​ នឹង​ត្រូវ​ឡើង​ថ្លែង​សុន្ទរកថា​នៅ​​ចំពោះ​មុខ​សភា​និង​ព្រឹទ្ធសភា​​អាមេរិក នៅ​ថ្ងៃ​អង្គារ​នេះ ក្នុង​ខណៈដែល​កិច្ច​ចរចា​នុយក្លែអ៊ែរ​អ៊ីរ៉ង់ ជាមួយ​ក្រុម​ប្រទេស​មហាអំណាច​​ ៥+១ កំពុង​ប្រព្រឹត្ត​ទៅ​នៅ​ប្រទេស​ស៊្វីស។ នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល បាន​ប្រកាស​​​ត្រៀម​ធ្វើ​គ្រប់​យ៉ាង​​រារាំង​មិន​ឱ្យ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់ចេញ​ជា​រូប​រាង​បាន។ ចំណែក​លោក​ប្រធានាធិបតី​អាមេរិក​ ដែល​ប្រាថ្នា​ស្វែង​រក​​កិច្ចព្រមព្រៀង​ជា​ប្រវត្តិសាស្ត្រ​​ជាមួយ​អ៊ីរ៉ង់​ មាន​ការ​រង្គៀស​ចិត្ត​យ៉ាង​ខ្លាំង​នឹង​វត្តមាន​របស់​ប្រមុខ​រដ្ឋាភិបាល​អ៊ីស្រាអែល​នៅទីក្រុង​វ៉ាស៊ីនតោន និង​បាន​បញ្ជាក់​ជា​ថ្មី អំពី​​ជំហរ​ផ្ទុយ​គ្នា​ជាមួយ​នឹង​លោក​នេតាន់យ៉ាហ៊ូ​ក្នុង​សំណុំ​រឿង​នុយក្លេអ៊ែរ។ តាំង​ពី​ឡើង​កាន់​អំណាច​មក​លោក​អូបាម៉ា និង​នេតាន់យ៉ាហ៊ូ ពុំ​ដែល​មាន​ទំនាក់​ទំនង​រលូន​នឹង​គ្នា​ទេ ហើយ​ទំនាក់ទំនង​បែប​នេះ​ទំនង​ជា​ត្រូវ​បន្តអូស​បន្លាយ​រហូត​ដល់​ចប់​អាណត្តិ​តែ​ម្តង។

លោក​ប្រធានាធិបតី​អាមេរិក​និង​លោក​នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល នៅ​សេតវិមាន​ឆ្នាំ​២០០៩
លោក​ប្រធានាធិបតី​អាមេរិក​និង​លោក​នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល នៅ​សេតវិមាន​ឆ្នាំ​២០០៩ (Photo : Reuters)
ផ្សាយពាណិជ្ជកម្ម

លោក​អូបាម៉ា និង​លោក​នេតាន់យ៉ាហ៊ូ នៅល្ងាច​ថ្ងៃចន្ទ​ម្សិលមិញ បាន​លាត​ត្រដាង​​ជំហរ​ខ្វែង​គ្នា​ ជា​សាធារណៈ​។ លោក​ប្រធានាធិបតីអាមេរិកបាន​ចោទ​ប្រកាន់​ លោក​នេតាន់យ៉ាហ៊ូ ថា​យល់​ខុស​ក្នុងអតីតកាល លើ​​សំណុំ​រឿង​នុយក្លេអ៊ែរ​អ៊ីរ៉ង់ -លើ​មូលដ្ឋាន​គ្រឹះ​នៃ​កិច្ចព្រមព្រៀង​​ចុងក្រោយ​​ដែល​ក្រុមប្រទេស​មហាអំណាច​ ៥+១ (​សហរដ្ឋ​អាមេរិក រុស្ស៊ី ចិន បារាំង​ អង់គ្លេស និង​អាល្លឺម៉ង់) កំពុង​សាក​ល្បង​ស្វែង​រក ជាមួយ​អ៊ីរ៉ង់។ លោក​អូបាម៉ា បាន​យក​កិច្ចព្រមព្រៀង​​បឋម​ លើក​ដំបូង​ រវាង​អាមេរិក​និង​អ៊ីរ៉ង់ កាលពី​ចុង​ឆ្នាំ​២០១៣​មក​ធ្វើ​ជា​បង្អែក​រិះគន់។

 
កិច្ចព្រមព្រៀង​ដែល​អ៊ីរ៉ង់​មាន​កាត្វកិច្ច​ផ្អាក​សកម្មភាព​នុយក្លេអ៊ែរ​មួយ​ភាគ​ជា​ថ្នូរ​នឹង​ការ​លើក​ទណ្ឌកម្ម​​មួយ​ភាគ​ បាន​រង​ការ​ជំទាស់​យ៉ាង​ខ្លាំង​និង​រិះគន់​យ៉ាង​ខ្លាំង​ពី​អ៊ីស្រាអែល។ តែ​គឺ​ក្នុង​រយៈ​ពេល​នោះ​ហើយ​ដែល​គេ​បាន​មើល​ឃើញពិត​ពី​​កម្មវិធី​នុយក្លេអ៊ែ​រអ៊ីរ៉ង់​​។ នេះ​បើ​តាម​ប្រសាសន៍​លោក​អូបាម៉ា។

សម្រាប់​លោក​អូបាម៉ា ការ​ចរចា​នេះ​មាន​សំណាង​រក​ឃើញ​កិច្ចព្រមព្រៀង​តិច​តួច​ណាស់។ ​កម្មវត្ថុ​របស់​សហរដ្ឋ​អាមេរិក គឺ​ចង់​ឃើញ​អ៊ីរ៉ង់​ផ្អាក​សកម្មភាព​នុយក្លេអ៊ែរ ជា​លក្ខណៈ​ពិត​ត្រង់ ផ្អាក​សកម្មភាព​បរមាណូរយៈ​ពេល​យ៉ាង​ហោច​១០​ឆ្នាំ នឹង​ត្រូវ​ដាក់​ឱ្យ​ស្ថិត​នៅ​ក្រោម​ការធ្វើ​អធិការកិច្ច​យ៉ាង​ទៀង​ទាត់​ទៀត។

នេះ​ជា​សេចក្តី​ថ្លែងការណ៍​ យ៉ាង​ចំៗ របស់​លោក​អូបាម៉ា ទៅកាន់​​ភ្នាក់ងារសារព័ត៌មាន​Reuters ​ថ្ងៃ​ចន្ទ​ម្សិលមិញ ពោល​គឺ​មុន​ពេល​ដែល​លោក​នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល ត្រូវ​ឡើង​ធ្វើ​សុន្ទរកថា​នៅ​មុខ​សភា​អាមេរិក និង​ក្នុង​ពេល​ដែល​វ៉ាស៊ីនតោន​និង​តេអេរ៉ង់​កំពុង​បន្ត​កិច្ច​ចរចា​ផ្តាច់​ព្រ័ត្រ​នៅ​ប្រទេសស្វ៊ីសផង។

លោក​នេតាន់យ៉ាហ៊ូ គ្រោង​នឹង​ទម្លាយ​អំពី​ចំណុច​សំខាន់ៗ​នៃ​កិច្ច​ចរចា​នុយក្លេអ៊ែរ​​អ៊ីរ៉ង់ ដែល​កន្លង​មក​​ត្រូវ​បាន​លាក់​បិទ​ជិត​ឈឹង​ ទៅ​កាន់​សភា​អាមេរិក​​នៅ​ល្ងាច​នេះ។ ការ​បង្ហើប​ព័ត៌មាន​ដែល​អាច​នឹង​ធ្វើ​ឱ្យ​រំខាន​ដល់​ការ​ចរចា។ នេះ​​បើ​តាម​អ្នក​ប្រភព​ការទូត​អាមេរិក។ ប៉ុន្តែ​សម្រាប់​លោក​នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល​ លោក​បាន​អះអាង​នៅ​ល្ងាច​មិញ​មុន​អន្តរាគមន៍​របស់​លោក​អូបាម៉ា ថា​លោក​មាន​កាតព្វកិច្ច​​ មាន​បេសកកម្ម​ជា​ប្រវត្តិសាស្ត្រ ត្រូវ​បញ្ចេញ​មតិ​យោបល់​ ច្បាស់ៗ ចំៗ​ ផ្ទុយ​នឹង​រដ្ឋបាល​អូបាម៉ា តែ​ដើម្បី​ប្រយោជន៍​រួម​របស់​ពលរដ្ឋ​ជ្វីហ្វ​។ សូមបញ្ជាក់​ថា សុន្ទរកថា​របស់​ប្រមុខ​រដ្ឋាភិបាល​អ៊ីស្រាអែល​នៅសភា​អាមេរិក​ មាន​លក្ខណៈ​ប្រវត្តិសាស្ត្រ​ស្រាប់​ទៅ​ហើយ​ ! លោក​ជា​នាយករដ្ឋមន្ត្រី​បរទេស​ទី​មួយ​ដែល​បាន​ថ្លែង​សុន្ទរកថា​ដល់​ទៅ​បី​លើក​នៅ​មុខ​សភា​អាមេរិក (លើក​ទី​មួយ​នៅ​ឆ្នាំ​១៩៩៦ និង​លើក​ទីពីរ​នៅ​ឆ្នាំ​២០១១)។
លោក​នេតាន់យ៉ាហ៊ូ​បាន​ធានា​អះអាង​​ថា វត្តមាន​ជាពិសេស​របស់​លោក​នាពេល​នេះ គ្មាន​បង្កប់​ភាព​ មិន​គោរព​ចំពោះ​ប្រធានាធិបតី​​អាមេរិក​ឡើយ។ ឯ​ចំណែក​ប្រធានាធិបតី​អាមេរិក ដែល​ថ្វី​បើ​បាន​បញ្ជក់​ជំហរ​ផ្ទុយ​​គ្នា​ស្ឡះ​រវាង​រដ្ឋបាល​អាមេរិក​និង​​​​អ៊ីស្រាអែលលើ​មធ្យោបាយ​ទប់​ស្កាត់​អ៊ីរ៉ង់​កុំ​ឱ្យ​មាន​អាវុធ​នុយក្លេអ៊ែរ​មែន តែ​ក៏​បាន​ប្រើ​បទ​សម្ភាសន៍​ម្សិលមិញ​នេះ​កាយ​កប់​​មិន​ឱ្យ​ឃើញ មាន​សំណល់​ ​មិន​ល្អ​ ល្អក់កករ​ដល់​ទំនាក់ទំនង​ទ្វេភាគី ទៅ​ថ្ងៃ​អនាគត។

“មិន​មែន​បញ្ហា​បុគ្គល”

​វ៉ាស៊ីនតោន​ និងហ្ស៊េរុយសាឡិម មាន​ទំនាក់ទំនង​តាន​តឹង​នឹង​គ្នា​ខ្លាំង​ នារយៈ​ពេល​ចុង​ក្រោយនេះ ប៉ុន្តែ​ លោក​ប្រធានាធិបតី​អាមេរិក​ផ្ទាល់​ខ្លួន​បាន​បញ្ជាក់​ថា​មិន​មែនជា​បញ្ហា​បុគ្គល “អូបាម៉ា-នេតាន់យ៉ាហ៊ូ” គឺ​បណ្តាល​មក​ពី​ការ​មិនគោរព​ដំណើរ​ការ​នយោបាយ​ក្នុង​ប្រទេស​អ៊ីស្រាអែល។

ប៉ុន្តែ​តាំង​ពី​ឡើង​កាន់​អំណាច​មក បុរស​រដ្ឋ​ទាំង​ពីរ ពុំ​ដែល​មាន​ទំនាក់ទំនង​រលូន​នឹង​គ្នា​ទេ។ នៅ​ឆ្នាំ​២០០៩ លោក​អូបាម៉ា ទើប​ជាប់ឆ្នោត​​ជា​ប្រធានាធិបតី​អាមេរិក​ថ្មីថ្មោង បាន​ប្រកាស​នៅ​ទីក្រុង​គែរ​ប្រទេសអេហ្ស៊ីប ​ឱ្យ​អ៊ីស្រាអែលបញ្ឈប់​សកម្មភាព​ធ្វើ​អាណានិគមកិច្ច​លើ​ដែន​ដី​ប៉ាឡេស្ទីន។ ព្រមព្រៀង​ធ្វើ​តាម​បាន​តែ​១០​ខែ រដ្ឋាភិបាល​អ៊ីស្រាអែល​របស់​លោក​នេតាន់យ៉ាហ៊ូ បាន​បង្កើន​និង​ប្រកាស​ជា​ហូរហែ​សាង​សង់​លំនៅដ្ឋាននៅ​​ស៊ីហ្ស័កដានី​និង​ហ្ស៊េរុយសាឡិម​ខាង​កើត​ទៀត។

សហរដ្ឋ​អាមេរិក​ ចង់​យក​គំនូស​ព្រំដែន​ឆ្នាំ​១៩៦៧​មក​ធ្វើ​ជា​មូលដ្ឋាន​នៃ​កិច្ច​ចរចា​សន្តិភាព​អ៊ីស្រាអ៊ែល​-ប៉ាឡេស្ទីន ?! នៅឆ្នាំ​២០១១ លោក​អូបាម៉ា សុខចិត្ត​ទទួល​ជួប លោក​នេតាន់យ៉ាហ៊ូ​​​មួយ​ទល់​នឹង​មួយ​នៅ​សេតវិមាន ​បន្ទាប់​មក​នៅ​សភា ក្រោម​ស្នូរ​ទះដៃ​យ៉ាង​កង​រំពង។ ឥលូវ​លោក​នេតាន់យ៉ាហ៊ូ​រង់ចាំ​ស្នូរ​ទះដៃ​បែប​នេះទៀត នៅ​យប់​នេះ តែ​ដើម្បី​វាយ​ប្រហារ​​កិច្ចព្រមព្រៀង​​នុយក្លេអ៊ែរ​​អ៊ីរ៉ង់ ដែល​កំពុងចរចា​នៅ​ឡើយ។

នៅ​ឆ្នាំ​២០១២​ លោក​នេតាន់យ៉ាហ៊ូ បន់​ឱ្យ​លោក​អូបាម៉ា​ចាញ់​ឆ្នោត​។ តែ​លើក​នេះ​​ដល់​វេន​លោក​នាយក​រដ្ឋមន្ត្រី​ម្តង ដែល​កំពុង​ចេញ​ឃោសនា​បោះឆ្នោត​សភា។ ភាព​តាន​តឹង​រវាង​អាមេរិក​និង​អ៊ីស្រាអែល អាច​​បណ្តាល​មក​ពី​​មាន​តាកទិក​ខុស​គ្នា​ក្នុង​សំណុំ​រឿង​អ៊ីរ៉ង់ តែ​ប្រសិន​បើ​លោក​នេតាន់យ៉ាហ៊ូ​ឈ្នះ​ឆ្នោត​នៅ​ខែ​មីនា​នេះ នោះ​ប្រមុខ​ដឹកនាំ​​ទាំង​ពីរ​ត្រូវ​ទ្រាំ​មើល​មុខ​គ្នា​យូរ​ទៀត គឺរហូត​ដល់​លោក​អូបាម៉ា​ចប់​អាណត្តិ​ជាប្រធានាធិបតី​ នៅ​ចុង​ឆ្នាំ​២០១៦៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ