អានតួអត្ថបទ
ស.រ.អា.-អ៊ីរ៉ាក់

អង្គការ​រដ្ឋ​អ៊ីស្លាមរុល​​ទៅ​មុខ យុទ្ធសាស្ត្រ​អាមេរិកកាន់​តែ​រង​ការ​រិះគន់

ក្រុង​បូរាណ​ប៉ាល់មៀរ នៅ​ស៊ីរី ក្រុងយុទ្ធសាស្ត្រ​​រ៉ាម៉ាឌីនៅ​ភាគ​ខាង​លិច​ប្រទេស​អ៊ីរ៉ាក់ បាន​ធ្លាក់​​ជា​បន្ត​បន្ទាប់​ក្នុង​កណ្តាប់​ដៃ​ពួក​អង្គការ​រដ្ឋ​អ៊ីស្លាម កាលពី​សប្តាហ៍​មុន ! ហើយ​នៅ​ថ្ងៃ​អាទិត្យ​ម្សិលមិញ ប៉ុស្តិ៍​ត្រួត​ពិនិត្យ​ព្រំដែន​ស៊ីរី-អ៊ីរ៉ាក់ ក៏​ត្រូវ​បាន​ពួក​អង្គការ​រដ្ឋដណ្តើម​យក​បាន​ទៀត។ នៅ​ចំពោះ​មុខ​ជ័យ​ជំនះ​របស់​គូ​សត្រូវ វ៉ាស៊ីនតោន បាន​បង្ហាញ​ភាព​សង្ស័យ​ចំពោះ​អាជ្ញាធរ​អ៊ីរ៉ាក់ ដោយ​បាន​ចោទ​ត្រង់ៗ​ថា យោធា​អ៊ីរ៉ាក់​គ្មាន​ឆន្ទៈ​ប្រយុទ្ធ​ នឹង​ពួក​ជីហាត​រដ្ឋ​អ៊ីស្លាម​ ដើម្បី​ការពារ​ទឹក​ដី។

រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​អាមេរិក លោក Ashton Carter.
រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​អាមេរិក លោក Ashton Carter. REUTERS/James Lawler Duggan
ផ្សាយពាណិជ្ជកម្ម

គិត​ចាប់​ពី​វាយ​ដណ្តើម​បាន​ក្រុង​ប៉ាល់មៀរ មនុស្ស​ប្រមាណ​ ​២១៧នាក់ ក្នុង​ភាគ​ច្រើន​ជា​ជន​ស៊ីវិល ទាំង​គ្រួៗ ត្រូវ​បាន​ប្រហារ​ជីវិត​ ដោយ​មិន​រាប់​អំពី​ចំនួន​ទាហាន​ស្លាប់ ក្នុង​ពេល​ប្រយុទ្ធ ឬ​ទាហាន​ដែល​ពួក​ជីហាតអង្គការ​រដ្ឋ​អ៊ីស្លាម​​ចាប់​ខ្លួនឡើយ។ នេះ​បើ​តាម​អង្គការ​ក្រៅ​រដ្ឋាភិបាល​ស៊ីរី​។

 
ហេតុ​អ្វី​ពួក​អង្គការ​រដ្ឋ​អ៊ីស្លាម​រុល​ទៅ​មុខ​បាន​ជា​និច្ច ?
 
បើ​តាម​អ្នក​ឯកទេស រដ្ឋាភិបាល​ស៊ីរី​របស់​លោក បាស្ហារ អាល់អាសាដ​ មាន​ចំណែក​មួយ​ដែល​ធ្វើ​ឱ្យ​ពួក​អង្គការ​រដ្ឋ​អ៊ីស្លាម​រុល​ទៅ មុខ​បាន​ជា​រៀង​រាល់​ថ្ងៃ ព្រោះ​ទាហាន​​ស៊ីរី មិន​បាន​ដើរ​តួនាទី​ពេញ​លេញ​ ជា​អ្នក​ទប់​ស្កាត់​ពួក​ជីហាត។ លោក​បាស្ហារ​អាល់អាសាដ​ មិន​បាន​ទទួល​ការ​រាប់​អាន​ពី​សហគមន៍​អន្តរជាតិ​ គ្រប់​គ្នា​ចង់​ឃើញ​របប​នេះ​ដួល​រលំ មិន​ត្រូវ​ការ​សហការ​ជាមួយ​ឡើយ។ ឯ​លោក​អាសាដ​វិញ ក៏អាច​​ល​លេង​ជាមួយ​នឹង​ភ្លើង ដើម្បី​ទាញ​ចំណាប់​អារម្មណ៍​​បស្ចឹម​លោក​ឱ្យ​ងាក​មក​រក​ខ្លួន។ តែ​ជា​លទ្ធផល​ គឺ​ពួក​ជីហាត​រដ្ឋ​អ៊ីស្លាម​ជា​អ្នក​ចំណេញ​។

ម្យ៉ាង​វិញ​​ទៀត គឺ​ពួក​អង្គការ​រដ្ឋ​អ៊ីស្លាម​ មាន​កម្លាំង​ប្រដាប់​អាវុធ​ខ្លាំង​ មាន​សព្វាវុធ​ទំនើប​ បូក​ផ្សំ​នឹង​ការ​ហែក​ហួរ​ផ្ទៃក្នុង​ស៊ីរីទៀត ពលរដ្ឋ​ត្រូវ​ការ​ប្រយុទ្ធ​ប្រឆាំងនឹងរបប​ដឹកនាំ​ខ្លាំង​ជាង​ប្រយុទ្ធ​ប្រឆាំង​នឹង​ពួក​ជីហាត ហើយ​ក្រុម​ឧទ្ទាម​អ្នក​ប្រឆាំង​ខ្លះ​មាន​ច្រើន​បក្ស​ពួក ខ្លះ​ក៏​គាំទ្រ​ចូល​ខ្លួនបំរើ​ឱ្យ​​អង្គការ​រដ្ឋ​អ៊ីស្លាមទៀត...
 
អាមេរិក​សង្ស័យ​លើ​ឆន្ទៈ​របស់​ទាហាន​អ៊ីរ៉ាក់
 
បើ​តាម​​អ្វី​ដែល​បាន​ចេញ​ពី​បបូរមាត់​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​អាមេរិក​នៅ​យប់​មិញ គឺ​យោធា​អ៊ីរ៉ាក់​គ្មាន​ឆន្ទៈ​ប្រយុទ្ធ​ប្រឆាំង​នឹង​ពួក​អង្គការ​រដ្ឋ​អ៊ីស្លាម និង​ប្រយុទ្ធ​ដើម្បី​ការពារខ្លួន។ ​លោក អាស្តុន ការទ័រ បាន​ប្រកាស​ដោយ​ច្បាស់​ៗនៅ​ក្នុង​បទ​សម្ភាសន៍​ជាមួយ​ទូរទស្សន៍​CNN ថា​ “​ទាហាន​អ៊ីរ៉ាក់ មាន​ចំនួន​និង​កម្លាំង​គ្រប់​គ្រាន់ ! និង​ច្រើន​ជាង​កម្លាំង​សត្រូវ​ឆ្ងាយ​ណាស់ ! តែ​បែរ​ជា​មិន​អាច​ប្រយុទ្ធ​យក​ឈ្នះបាន។ អាមេរិក​អាច​ផ្តល់​​ការ​បំពាក់​បំប៉ន​ ផ្តល់​សម្ភារៈ​ ប៉ុន្តែ​អាមេរិក​ពិត​ជា​មិន​អាច​ផ្តល់​ឆន្ទៈ​ឱ្យ​ទៅ​ប្រយុទ្ធ​បាន​ឡើយ”។ សម្រាប់​លោក​រដ្ឋមន្ត្រីការពារជាតិ​អាមេរិក ការ​វាយប្រហារ​ផ្លូវ​អាកាស​ របស់​កម្លាំង​សម្ព័ន្ធមិត្ត​ នៅ​ស៊ីរី​និង​នៅ​អ៊ីរ៉ាក់ ដែល​មាន​​សហរដ្ឋ​អាមេរិក​ ជា​អ្នក​ដឹក​មុខ ជា​ការ​វាយប្រហារ​ប្រកប​ដោយ​ប្រសិទ្ធិភាព ប៉ុន្តែ​គេ​មិន​អាច​យក​អ្វី​មក​ជំនួស​ឆន្ទៈ​របស់​កង​កម្លាំង​យោធា​អ៊ីរ៉ាក់​បាន​ឡើយ​ ក្នុង​ការ​ប្រយុទ្ធ​។ មាន​តែ​អ៊ីរ៉ាក់​ម្នាក់​គត់​ដែល​នាំ​ជោគជ័យ​ឱ្យ​ប្រទេស​បាន​។

ទាហាន​អ៊ីរ៉ាក់​ តាំង​ពី​ពួក​ជីហាត​រដ្ឋ​អ៊ីស្លាម​ធ្វើ​ការ​សម្រុក​ខ្លាំង​មក តែង​រក​ការ​រិះគន់​ ជា​ញឹក​ញយ ជាពិសេស​រង​ការ​ចោទ​ប្រកាន់​ថា​បាន​រត់​គេច​​នៅ​ចំពោះ​មុខ​សត្រូវ​តែ​ម្តង។ ប៉ុន្តែ​សម្រាប់​លោក​នាយករដ្ឋមន្ត្រី​អ៊ីរ៉ាក់ លោក​បាន​ការពារ​ខ្លួន​​ថា “ប្រមុខ​យោធា​អាមេរិក​បាន​ទទួល​មិន​ពិត។ ទាហាន​អ៊ីរ៉ាក់​ដោយ​មាន​ជំនួយ​ពី​កង​កម្លាំង​កុលសម្ព័ន្ធ​​ស៊ុននីត និង​កង​យុទ្ធជន​ស្ហ៊ីអ៊ីត បាន​តទល់​ជាមួយ​ពួក​ជីហាត​​ដណ្តើម​បាន​មក​វិញ​កាលពី​ថ្ងៃ​សៅរ៍​ តំបន់​ភាគ​ខាង​កើត​ក្រុង​​រ៉ាម៉ាឌី”។ 

 
ប្រសិទ្ធិភាព​នៃ​ការ​​វាយប្រហារ​ផ្លូវ​អាកាស  កំពុង​ចោទ​ជា​សំណួរ ?

លោក​អូបាម៉ា តែង​ការ​ពារ​យុទ្ធ​សាស្ត្រ​របស់​អាមេរិក​ មិន​បញ្ជូន​ទ័ព​​ថ្មើ​ជើង​​ទៅ​ធ្វើ​ប្រតិបត្តិការ​ក្នុង​ទឹក​ដី​អ៊ីរ៉ាក់​ទេ​ សុខ​ចិត្ត​ត្រឹម​​​ធ្វើ​ការសហការ​ជាមួយ​ប្រទេស​ពាក់​ព័ន្ធជា​ដៃគូ ហើយ​ការពារ​ដោយ​ការ​វាយប្រហារ​ផ្លូវអាកាស។​ ប៉ុន្តែ​បន្តិច​ម្តងៗ ការ​រិះគន់​មាន​កាន់​តែ​ច្រើន មិន​ត្រឹម​តែ​មក​ពី​ខាង​គណបក្ស​សាធារណរដ្ឋ​​ទេ ជាពិសេស​តាំង​ពី​ក្រុង​រ៉ាម៉ាឌី និង ប៉ាល់មៀរ ​ធ្លាក់​ក្នុង​កណ្តាប់​ដៃ​ពួក​អង្គការ​រដ្ឋ​អ៊ីស្លាម​មក ! គណបក្ស​សាធារណរដ្ឋ​​បាន​​ចោទ​សួរ​អំពី​ប្រសិទ្ធិភាព​​នៃ​ការ​វាយប្រហារ​តាម​ផ្លូវ​អាកាស​របស់​អាមេរិក​នៅ​អ៊ីរ៉ាក់។ តំណាង​រាស្ត្រ​​គណបក្ស​អភិរក្ស​អាមេរិក ម្នាក់ ដែល​អាច​ក្លាយ​ជា​បេក្ខជន​ប្រធានាធិបតី​ផង បាន​ចាប់​ផ្តើម​លើក​ឡើង​អំពី​ការ​បញ្ជូន​ទ័ព​ថ្មើរ​ជើង​ទៅ​​បន្ថែម​ទៀត ប្រសិន​បើ​បក្ស​លោក​ជាប់​ឆ្នោត។

​តាំង​ពី​ខែ​សីហា ២០១៤​មក អាមេរិក​បាន​ដឹក​នាំ​ការ​វាយប្រហារ​ផ្លូវ​អាកាស​ជាង​៣ពាន់​លើក​ ក្នុង​រយៈ​ពេល​២៤ម៉ោង​ចុង​ក្រោយ​នេះ យន្តហោះ​សម្ព័ន្ធមិត្ត បាន​វាយប្រហារ​កាន់​តែ​រន្ថើន​ ដើម្បី​ជួយ​ទាហាន​អ៊ីរ៉ាក់​ដណ្តើម​​ក្រុង​រ៉ាម៉ាឌី​មក​វិញ។ ដូច្នេះ​​​គ្មាន​ទេ​សញ្ញា​នៃ​ការ​ប្តូរ​ផ្លាស់​យុទ្ធ​សាស្ត្រ​។ អគ្គមេបញ្ជាការ​អាមេរិក បានទទួល​ស្គាល់​​​បរាជ័យ​ នៅ​ក្រុង​រ៉ាម៉ាឌី ប៉ុន្តែ​ជា​បរាជ័យ​ ម្តង​ម្កាល​នៃ​សង្គ្រាម​។ ការ​វាយប្រហារ​ផ្លូវ​អាកាស​នៅ​តែ​បន្ត និង​បង្កើន​ចំនួន​កាន់​ញាប់​ជាង​មុន​ ដើម្បី​សម្រេច​ឱ្យ​កម្មវត្ថុ​បណ្តេញ​ពួក​អង្គការ​រដ្ឋ​អ៊ីស្លាម​ពី​រ៉ាម៉ាឌី។

អ្នក​វិភាគ​ខ្លះ​គិត​ថា​​រដ្ឋាបាល​អូបាម៉ា​ពេល​នេះ​កំពុង​តែ​រវល់​ខ្លាំង​នឹង​សំណុំ​រឿង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ ដែល​ត្រូវ​សម្រេច​​ ឱ្យ​បាន​នៅ ខែ​មិថុនា មាន​លក្ខណៈ​សំខាន់​ជាង​សំណុំ​រឿង​អ៊ីរ៉ាក់​និង​ស៊ីរី៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ