អានតួអត្ថបទ

លោក​ប្រធានាធិបតី​អូបាម៉ា​បរិហារ​ទីក្រុង​ម៉ូស្គូ

កាលពីថ្ងៃអង្គារម្សិលមិញ​ក្នុង​ជំនួប​ជាមួយ​អគ្គលេខាធិការ​នៃ​អង្គការ​អូតង់​លោក Jens Stoltenbergនៅឯ​រដ្ឋធានី​វ៉ាស៊ីនតោន លោក​អូបាម៉ា​បាន​បរិហារ​អាកប្បកិរិយា​របស់​ទីក្រុងម៉ូស្គូ​ដែល​បាន​ឈ្លានពាន ផ្នែក​ខាងកើត​ប្រទេស​អ៊ុយក្រែន​កាន់តែ​ខ្លាំងឡើងៗ។

លោក​អូបាម៉ា និង​ប្រធាន​អង្គការ​អូតង់ Stoltenberg នៅ សេតវិមាន ថ្ងៃ​ទី ២៦ ឧសភា ២០១៥
លោក​អូបាម៉ា និង​ប្រធាន​អង្គការ​អូតង់ Stoltenberg នៅ សេតវិមាន ថ្ងៃ​ទី ២៦ ឧសភា ២០១៥ © Reuters
ផ្សាយពាណិជ្ជកម្ម

ថ្លែងចេញ​ពី​ការិយាល័យ​ប្រធានាធិបតី​ដោយ​មាន​វត្តមាន​របស់​លោក Jens Stoltenberg អគ្គលេខាធិការ នៃ​អង្គការ​សន្ធិសញ្ញា​អាត្លង់ទិក​ខាង​ជើង​ហៅកាត់​ថា​អូតង់ លោក​ប្រធានាធិបតី​បារ៉ាក់ អូបាម៉ា​បាន​បរិហារ​អាកប្បកិរិយា​របស់​ទីក្រុង​ម៉ូស្គូ​ដោយ​រំលេច​ពី​ស្ថានភាព​ដ៏​លំបាក​និង​ដ៏​សំខាន់​របស់​អង្គការ​អូតង់។  

 
ថ្លែងទៅកាន់អ្នកសារពត៌មាន​ដកស្រង់​ដោយ AFP លោក​អូបាម៉ា​បាន​មាន​ប្រសាន៍​ថា​ ៖ យើង​បាន​ពិភាក្សា ពី​ស្ថានភាព​នៅក្នុង​ប្រទេស​អ៊ុយក្រែន និង​ពី​អាកប្បកិរិយា​ឈ្លានពាន​របស់​ប្រទេស​រុស្ស៊ី ដែល​មាន​កំរិត កាន់តែ​ខ្លាំង​ឡើងៗ។

លោកអូបាម៉ា​និង​លោក Stoltenberg បានអំពាវនាវ​ដល់​គ្រប់ភាគី​ទាំងអស់​ឱ្យ​គោរព​កិច្ចព្រមព្រៀង​ទីក្រុង Minsk II ដើម្បី​បញ្ចប់​ជម្លោះ​ប្រដាប់​អាវុធ​រវាង​ក្រុងគៀវ និង​ក្រុម​អ្នក​ផ្តាច់ខ្លួន​គាំទ្រ​ដោយ​រុស្ស៊ី ដែល​ត្រឹម​រយៈពេល​ជាង​មួយ​ឆ្នាំ​ប៉ុណ្ណោះ ជម្លោះ​នេះ​បាន​សម្លាប់​មនុស្ស​ជាង ៦២០០នាក់។

គួររំលឹកថា នៅក្នុងខែកុម្ភៈ ឆ្នាំ​២០១៥ កន្លងទៅ​កិច្ចព្រមព្រៀង​ទីក្រុង Minsk II ត្រូវបាន​ធ្វើឡើង​ដើម្បី គោរព​ពី​បទ​ឈប់បាញ់​ចុះ​នៅថ្ងៃ​ទី​៥​ខែ​កញ្ញ​ឆ្នាំ​២០១៤ និង​ការដក​អាវុធ​ធុនធ្ងន់​ដើម្បី​បង្កើត​ជា​តំបន់​ទ្រនាប់​មួយ ដែល​ខណ្ឌ​ចែក​រវាង​គូ​បដិបក្ខ។ ប៉ុន្តែ​ទោះ​ជា​មាន​កិច្ចព្រមព្រៀង​ទាំងនេះ​ក៏ដោយ ក៏​ជារឿយៗ ការវាយ​ប្រយុទ្ធ​គ្នា​បាន​ផ្ទុះ​ឡើង​រប៉េះរប៉ោះ នៅ​ឯ​ភាគ​ខាង​កើត​ប្រទេស​អ៊ុយក្រែន ដោយ​ក្នុង​នោះ តំបន់​ជុំវិញ​ព្រលាន​យន្តហោះ Donetsk គឺ​ជា​តំបន់​ដ៏​ក្តៅ​គគុក​មួយ​នៃ​ជម្លោះ​នេះ។

ទីក្រុងគៀវ​និង​ប្រទេស​លោក​ខាង​លិច​បាន​ចោទ​ប្រកាន់​រុស្ស៊ី​ថា​បាន​បំពាក់​អាវុធ​ដល់​ក្រុម​ឧទ្ទាម​នៅ​ភាគ​ខាង​កើត​ដែល​គាំទ្រ​រុស្ស៊ី និង​ថា​បាន​ដាក់​ពង្រាយ​ទាហាន​របស់ខ្លួន។ តែ ទីក្រុង​ម៉ូស្គូ​តែងតែ​បដិសេធ ពី​ការជាប់​ពាក់ព័ន្ធ​ណា​មួយ​ក្នុង​ការប៉ះទង្គិច​នេះ ដោយ​បកស្រាយ​ថា​វត្តមាន​នៃ​អ្នកស្ម័គ្រ​ចិត្ត​រុស្ស៊ី​បាន​ទៅ​ចូលរួម​ការប្រយុទ្ធ​ដោយ​ចិត្តឯង​តែប៉ុណ្ណោះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ