អានតួអត្ថបទ
សហរដ្ឋអាមេរិក

ឃាតករ​បាញ់​សម្លាប់​មនុស្ស​៩នាក់​នៅ​សហរដ្ឋ​អាមេរិក ត្រូវ​បាន​ចាប់​ខ្លួន

ឃាតករ​ដៃឆៅ ​ដែល​បាន​សម្លាប់​មនុស្ស​៩នាក់​ ​សុទ្ធសឹង​ជា​ជនជាតិ​ស្បែក​ខ្មៅ​ នៅ​ក្នុង​វិហារ​កាតូលិក​មួយ ​ក្នុង​ក្រុង​ឆាឡេស្តូន ​រដ្ឋ​ការ៉ូលីន​ខាងត្បូង ​សហរដ្ឋ​អាមេរិក ​គឺ​ជា​យុវជន​ស្បែកសរ​ សក់​ពណ៌​ទង់ដែង ​មាន​អាយុ​២១​ឆ្នាំ។ ឃាតកម្ម​ដ៏​គួរ​ឲ្យ​រន្ធត់​នេះ ​គឺ​ជា​ឃាតកម្ម​រើសអើង​ពូជសាសន៍ ​ដែល​ឃាតករ​រូប​នេះ​ បាន​ធ្វើ​ដោយ​សារតែ​ចិត្ត​ស្អប់ ​គុំគួន​លើ​ជនជាតិ​ស្បែក​ខ្មៅ។​ ការ​ប្រកាន់​ពូជសាសន៍​រវាង​ មនុស្ស​ស្បែក​ស ​និង​មនុស្ស​ស្បែក​ខ្មៅ ​នៅ​សហរដ្ឋ​អាមេរិក ​ហាក់​បាន​ឆាបឆេះ​កាន់​តែ​ខ្លាំង ​នា​រយៈ​ពេល​ចុង​ក្រោយ​នេះ ​បន្ទាប់​ពី​មាន​ហេតុការណ៍​ផ្ទួនៗ​គ្នា ​តួយ៉ាង​ដូច​ជា​សកម្មភាព​ហិង្សា​ ដែល​នរគរបាល​ស្បែក​ស ​ធ្វើ​ទៅ​លើ​មនុស្ស​ស្បែក​ខ្មៅ​ជាដើម។ ហើយ​ចុង​ក្រោយ​នេះ ​គឺ​ឃាតកម្ម​ដ៏​ព្រៃ​ផ្សៃ ​ដែល​បាន​កើត​ឡើង​កាល​ពី​ថ្ងៃ ​ព្រហស្បតិ៍​ទី ​១៨ ​មិថុនា​នេះ​តែ​ម្តង។

ឃាតករ Dylann Roof ពេល​នគរបាលធ្វើការ​ឃាត់ខ្លួន មានទឹកមុខ​ញញឹម​​ ហាក់​​ដូច​ពេញចិត្ត​​នឹង​​ទង្វើ​ឃោរឃៅ​របស់​​ខ្លួន
ឃាតករ Dylann Roof ពេល​នគរបាលធ្វើការ​ឃាត់ខ្លួន មានទឹកមុខ​ញញឹម​​ ហាក់​​ដូច​ពេញចិត្ត​​នឹង​​ទង្វើ​ឃោរឃៅ​របស់​​ខ្លួន REUTERS/Jason Miczek
ផ្សាយពាណិជ្ជកម្ម

ហេតុការណ៍​ ឃាតកម្ម​យ៉ាង​សាហាវ​យង់ឃ្នង​នេះ ​បាន​ធ្វើ​ឲ្យ​សហរដ្ឋ​អាមេរិក​ទាំង​មូល​ រញ្ជួល​ចិត្ត គឺ​ដោយសារ​វា​ជា​ឃាតកម្ម​ ដែល​មាន​លក្ខណៈ​ប្រកាន់​ពូជ​សាសន៍ ​យ៉ាង​ច្បាស់​តែ​ម្តង។ ឃាតករ ដែល​នគរបាល​ទើប​ចាប់​បាន ​កាល​ពី​ថ្ងៃព្រហស្បតិ៍ ទី១៨ មិថុនា ​គឺ​ឈ្មោះ ​Dylann Roof ​អាយុ​២១​ឆ្នាំ ជា​ជនជាតិ​ស្បែក​ស ​សក់​ពណ៌​ទង់ដែង។ ការ​ឈាន​ទៅ​ដល់​ការ​ចាប់​ខ្លួន ​បាន​ភ្លាម​នេះ ​គឺ​ដោយសារ​ តែ​មាន​រូបភាព​ពី កាម៉េរ៉ា​សុវត្ថិភាព​នៅ​ខាង​មុខ​កន្លែង​កើត​ហេតុ ​នឹង​មាន​រូបថត ​ដែល​គេ​អាច​ស្គាល់​លេខ​ឡាន ​របស់​ឃាតករ​ដៃ​ឆៅ​រូប​នេះ។ មួយ​វិញ​ទៀត​នោះ​ ​គឺ​ថា​ឃាតករ​នេះ ​មិន​បាន​រត់​គេច​ខ្លួន​ទៅ​ណា​ទេ ​គឺ​ព្រម​ឲ្យ​នគរបាល​ចាប់​តាម​សម្រួល ​ថែម​ទាំង​ញញឹម​ពេប​មាត់​​ ដោយ​ក្តី​ពេញ​ចិត្ត​ទៀត​ផង។

Dylann Roof  ឈ្លក់​វង្វេង​នឹង​គំនិត​ដែល​ចាត់​ទុក​ថា​មាន​តែ​មនុស្ស​ស្បែក​ស​ ដែល​ខ្លាំង​លើស​គេ៖
បើ​តាម​ការ​សន្និដ្ឋាន​ជា​ផ្លូវការ ​គឺ​ថា​យុវជន​ចិត្ត​ស្លុយ​នេះ ​បាន​ឈ្លក់​វង្វេង​ នឹង​គំនិត​ដែល​ថា ​មាន​តែ​ជន​ជាតិ​​ស្បែក​ស​ទេ ​ដែល​ខ្លាំង​និង​មាន​អំណាច​លើស​មនុស្ស​ដែល​មាន​ស្បែក​ពណ៌​ផ្សេងៗ​ទៀត។ មាន​រូបមួយ​លើ ​​Facebook របស់​ឃាតករ ​ដែល​ក្នុង​រូប​នេះ ​គេ​ឃើញ​យុវជន​នេះ ​ពាក់​អាវ​មួយ​ ដែល​មាន​រូប​ទង់ជាតិ​ពីរ ​ទីមួយ​គឺ​ទង់​របស់​អតីត​អាហ្វ្រិក​ខាង​ត្បួង ​កាល​ពី​ជំនាន់​ដែល​ពួក​ស្បែក​ស ​ត្រួតត្រា​លើ​ពួក​ស្បែក​ខ្មៅ ហើយ​មួយ​ទៀត ​គឺ​ទង់​របស់​អតីត​រដ្ឋ​រ៉ូដេស៊ី ​ដែល​ឥឡូវ​ក្លាយ​ជា​ប្រទេស​ហ្ស៊ីមបាវ៉េ។ ​ប្រទេស​នេះ ​កាល​ពី​មុន​គឺ​ពួក​អាណានិគម​ស្បែក​ស ​ជា​អ្នក​បង្កើត ​និង​ត្រួតត្រា ​ដោយ​បាន​មើលងាយ​ និង​ធ្វើបាប​លើ​​មនុស្ស​ស្បែក​ខ្មៅ។ តាម​រយៈ​រូប​នេះ ​គេ​អាច​សន្និដ្ឋាន​បាន​ថា ​យុវជន​ Dylann Roof ​នេះ ​បាន​ចិញ្ចឹម​ចិត្ត ​ស្អប់​ខ្ពើម​ជន​ជាតិ​ស្បែក​ខ្មៅ ​ហើយ​ចង់​ឃើញ​ពួក​ស្បែក​ស ​ត្រួតត្រា​លើ​ពួក​ស្បែក​ខ្មៅ ​ដូច​កាល​ពី​អតីតកាល។

គេ​នៅ​មិន​ទាន់​បាន​ការ​បំភ្លឺ​ណា​មួយ ​ពី​ឪពុក​ម្តាយ​របស់​ឃាតករ​នេះ​ទេ ​ប៉ុន្តែ​បើ​តាម​ការ​បរិយាយ​របស់​បុរស​ម្នាក់ ​ដែល​ត្រូវ​ជា​ឪពុកមា​របស់​ ឃាតករ ​គឺ​បាន​បង្ហាញ​ថា ​យុវជន​នេះ ​ជា​មនុស្ស​មិន​ចេះ​មាត់​ក​ ច្រើន​ទេ។ គាត់​ថា​ គាត់​មិន​ដែល​បាន​ឮ​ថា ​ក្មួយ​គាត់​និយាយ​អ្វី ​ដែល​បង្ហាញ​ថា​វា​ស្អប់ ​ជនជាតិ​ស្បែក​ខ្មៅ​ឡើយ ​គ្រាន់​តែ ​គាត់​សង្កេត​ឃើញ​ថា ​ក្មួយ​គាត់​ជា​មនុស្ស ​មាន​មោទនភាព ​ថា​ខ្លួន​គេ ​ជា​ជនជាតិ​អាមេរិក​ស្បែក​ស ​នៅ​ភាគ​ខាង​ត្បួង​ប្រទេស។ គាត់​បន្ថែម​ថា ​កន្លង​មក​ ក្មួយ​គាត់ ​មិន​ដែល​មាន​មិត្តភ័ក្ត​ ទេ ​ហើយ​មិន​ដែល​ចេញ​ទៅ​ណា​ទេ ​គឺ ​ចូលចិត្ត​សំងំ​នៅ​តែ​ម្នាក់​ឯង​ក្នុង​បន្ទប់។ ដោយឡែក ​មាន​យុវជន​ម្នាក់​ទៀត ដែល​រៀន​នៅ​សាលា​ជា​មួយ​គ្នា ​នឹង​ឃាតករ​នេះ​ដែរ ​បាន​ប្រាប់​នគរបាល​ថា ​យុវជន​ Dylann Roof ​នេះ បាន​ប្រើ​ប្រាស់​ថ្នាំ​ញៀន​ជា​រឿយៗ ​ដូច​ជា​ប្រភេទ​ថ្នាំ​Xanax ​ជាដើម ​ហើយ​ធ្លាប់​ត្រូវបាន​ប៉ូលីស​ ចាប់​បាន​ទៀត​ផង។

រូបថត របស់ Dylann Roof នៅលើ​ទំព័រ​Facebook ដែលមាន​ពាក់អាវ មាន ​​រូប​ទង់​ជាតិ​ អតីត​អាហ្វ្រិក​ខាង​ត្បូូង​ និង​អតីតរដ្ឋ​រ៉ូដាស៊ី ដែលជា​និមិត្ត​រូប នៃការស្អប់ខ្ពើម​មនុស្ស​ស្បែក​ខ្មៅ​
រូបថត របស់ Dylann Roof នៅលើ​ទំព័រ​Facebook ដែលមាន​ពាក់អាវ មាន ​​រូប​ទង់​ជាតិ​ អតីត​អាហ្វ្រិក​ខាង​ត្បូូង​ និង​អតីតរដ្ឋ​រ៉ូដាស៊ី ដែលជា​និមិត្ត​រូប នៃការស្អប់ខ្ពើម​មនុស្ស​ស្បែក​ខ្មៅ​ Facebook

វិហារកាតូលិក​Mother Emmanuelle៖ ​និមិត្ត​រូប​នៃ​ការ​តស៊ូ​ទាមទារ​សិទ្ធិ​របស់​ជនជាតិ​អាមេរិក​ស្បែក​ខ្មៅ៖
នៅ​យប់​ថ្ងៃ​ព្រហស្បតិ៍​ ឃាតករ​បាន​ចូល​ទៅ​ខាង​ក្នុង​វិហារ  ​ម៉ោង​ប្រហែល​ជា​៩យប់​ ក្នុង​ពេល​ដែល​មាន​មនុស្ស​មួយ​ក្រុម​​ កំពុង​ប្រជុំ​គ្នា​សិក្សា​អំពី​គម្ពីរ​សាសនា​គ្រិស្ត។ យុវជន​នេះ បាន​បន្លំ​ថា​ សូម​ចូល​រួម​រៀន​ជាមួយ​នឹង​គេ​ដែរ។ ប្រហែល​ជា​ជិត​មួយ​ម៉ោង​ក្រោយ​មក​ បាន​ឃាតករ​ដក​កាំភ្លើង​ បាញ់​សម្លាប់​មនុស្ស​នៅ​ក្បែរ​នោះ។ មុន​នឹង​បាញ់ ​ឃាតករ​បាន​ស្រែក​ថា៖ ​“យើង​ត្រូវ​តែ​សម្លាប់​អ្នក​ឯង​ទាំង​អស់​គ្នា ដោយសារ​តែ​ពួក​អ្នក​ឯង ​បាន​រំលោភ​បំពាន​លើ​មនុស្ស​ស្រី​គ្នា​យើង ​ហើយ​បាន​មក​ដណ្តើម​យក​ទឹកដី​របស់​យើង”។

ក្នុង​ចំណោម​ជន​រងគ្រោះ​ មាន​មនុស្ស​ស្រី ​៦នាក់ ​និង​ប្រុស​៣នាក់ ​ហើយ​ក្នុង​នោះ​ គឺ​មាន​លោក​សង្ឃ​កាតូលិក​ ដែល​ជា​អ្នក​គ្រប់គ្រង់​វិហារ​នោះ​ផង​ដែរ។ វិហារ​កាតូលិក Mother Emmanuelle នេះ ​មិនមែន​ជា វិហារ​សាមញ្ញ​ទេ​ គឺ​ឃាតករ​បាន​ជ្រើសរើស​យក​វិហារ​នេះ ​ក៏​ដោយសារ​វិហារ​នេះ ​មាន​ប្រវត្តិ​សំខាន់​ណាស់ ​ក្នុង​ការ​តស៊ូ​រើ​បំរាស់​ទាមទារ​សិទ្ធិ​របស់​ជនជាតិ​ស្បែក​ខ្មៅ ​ដែល​ត្រូវ​បាន​ជនជាតិ​ស្បែកស​ យក​មក​ធ្វើ​ជា​ទាសករ។ កាល​ពី​អតីតកាល ​វិហារ​នេះ​ហើយ ​ដែល​ជា​កន្លែង​ជួប​ប្រជុំ​គ្នា របស់​សហគមន៍​ជន​ជាតិ​ស្បែក​ខ្មៅ ​ដើម្បី​តស៊ូ ​ប្រឆាំង​នឹង​ការ​ជិះជាន់​ធ្វើបាប​ របស់​ពួក​ស្បែក​ស។

មិនត្រឹម​តែ​ប៉ុណ្ណោះ ​ឃាតករ​នេះ ​ចង់​ឲ្យ​គេ​ឯង​ដឹងឮ​អំពី​ស្នាដៃ​របស់​ខ្លួន​ទៀត​ផង​ ព្រោះ​សាក្សី​ម្នាក់​ដែល​រួច​ជីវិត​បាន ​និយាយ​ថា ​ឃាតុករ​មិន​បាន​បាញ់​គាត់​ទេ ​ហើយ​ឃាតករ​និយាយ​ទៅ​កាន់​គាត់​ថា៖ ​“យើង​មិន​សម្លាប់​ឯង​ទេ ​ព្រោះ​យើង​ចង់​ឲ្យ​ឯង​ នៅ​រស់​ដើម្បី ​យក​រឿង​នេះ​ទៅ​ប្រាប់​គេ​ឯង​ ឲ្យ​ដឹង​ឮ”។ ដូច្នេះ​ យើង​ឃើញ​​ថា ​ឃាតករ​នេះ ​គឺ​ពោរពេញ​ដោយ​ការ​តាំង​ចិត្ត​ និង​មាន​ចេតនា​សម្លាប់​មនុស្ស​ស្រេច​ទៅ​ហើយ។

ការ​ប្រកាន់​ពូជសាសន៍​ ជា​គ្រោះថ្នាក់​ដល់​លទ្ធិ​ប្រជាធិបតេយ្យ ​និង​សុខសន្តិភាព​សង្គម៖
ហេតុការណ៏​នេះ ​បាន​ធ្វើ​ឲ្យ​ទំព័រ​ប្រវត្តិសាស្ត្រ ​ដ៏​ខ្មៅ​ងងឹត ​របស់​សហរដ្ឋ​អាមេរិក ​លេច​រូបរាង្គ​ឡើង​វិញ ​ព្រោះ​ថ្វីត្បិត​មាន​ការ​ទទួល​ស្គាល់​ជា​ផ្លូវការ​ក៏​ដោយ​ ថា​មនុស្ស​ស្បែក​ស រឺ​ស្បែក​ខ្មៅ​មាន​សិទ្ធិ​ស្មើរ​គ្នា​ ប៉ុន្តែ​ធាតុ​ពិត ​ក្នុង​សង្គម​អាមេរិក ​មនុស្ស​នៅ​តែ​រើសអើង​ស្អប់​ខ្ពើម​គ្នា​ដដែល។
 
ប្រតិកម្ម​ របស់​លោក អូបាម៉ា គឺ​គ្មាន​អ្វី​ ក្រៅ​ពី​ការ​សោក​ស្តាយ ​ព្រមទាំង​ខ្លោច​ផ្សា ​ដែល​ឃាតកម្ម​ដ៏​សាហាវ​នេះ បាន​កើតឡើង​ នៅ​ក្នុង​វិហារ​កាតូលិក ​ដែល​ជា​ទី​កន្លែង​ដែល​មនុស្សម្នា​មក​រក​សេចក្តី​ស្ងប់ ​និង​សន្តិភាព ​ក្នុង​ផ្លូវ​ចិត្ត។ លោក អូបាម៉ា​ បាន​បញ្ជាក់​ផង​ដែរ​ថា​ ឃាតកម្ម​បែប​នេះ ​វា​ប្រៀប​បាន​ដូច​ជា​កញ្ចក់ ​ដែល​ឆ្លុះ​បញ្ចាំង​ពី ​វិបត្តិ​សង្គម ​ជំងឺ​រើសអើង​ពូជសាសន៍​ ស្អប់ខ្ពើម​គ្នា​ទៅ​វិញ​ទៅ​មក។ លោក​ថា​ ការ​ប្រកាន់​ពូជសាសន៍ ​វា​គឺ​ជា​គ្រោះថ្នាក់​​ធំណាស់ ​សម្រាប់​លទ្ធិ​ប្រជាធិបតេយ្យ ​និង​សុខ​សន្តិភាព​ របស់​សង្គម។

នៅ​អាមេរិក ​គេ​ទិញ​កាំភ្លើង​ប្រើ ​ងាយ​ដូច​ទិញ​នំ៖
ចំណុច​មួយ​ទៀត ​ដែល​យើង​មិន​ត្រូវ​ភ្លេច​ទេ​ថា ​ក្រៅ​ពី​វិបត្តិ​ប្រកាន់​ពូជសាសន៍​នេះ​  អាមេរិក​នៅ​មានជំងឺ​មួយ​ទៀត ​ដែល​ព្យាបាល​មិនជា​តែម្តង​ គឺ​ការ​ប្រើប្រាស់​អាវុធ​ជាតិ​ផ្ទុះ ​ដែល​មាន​លក្ខណៈ​សេរី​ ជ្រុល​ហួស​ហេតុ​ពេក។ កាំភ្លើង ​ដែល​ឃាតករ​ Dylann Roof​ បាន​យក​ទៅ​សម្លាប់​មនុស្ស​នេះ​ គឺ​ជា​កាដូ​ថ្ងៃ​កំណើត ​ដែល​ឪពុក​គេ​ទិញ​ឲ្យ។ យើង​ឃើញ​ថា​ គេ​ទិញ​កាំភ្លើង ​ជា​កាដូ​ឲ្យ​កូន ​ធ្វើ​មើល​តែ​ ទិញ​ខោអាវ ​អញ្ចឹង។ តាំង​ពី​ដើម​មក ​នៅ​អាមេរិក ​នរណា​ក៏​អាច​ទិញ​កាំភ្លើង​ប្រើ​បាន​ដែរ។ វា​ជា​មតរតក​ដែល​សល់​តាំងពី​ជំនាន់​កកើត ​សហរដ្ឋ​អាមេរិក​ដំបូង ​ដែល​ពួក​ខូវប៊យ​ វេសធើន ​ជិះសិះ​ដេញ​បាញ់​សម្លាប់​គ្នា ​ដូច​ដែល​យើង​ធ្លាប់​ឃើញ​ ​ក្នុង​ខ្សែ​ភាយន្ត​ហូលីវូដ។

មក​ដល់​សម័យ​នេះ​ រដ្ឋ​ភាគ​ច្រើន ​នៅ​អាមេរិក ​នៅ​មិន​ទាន់​ហាមឃាត់​ ការ​ប្រើប្រាស់​អាវុធ​ដោយ​សេរី​ទេ។ ហើយ​ក៏​មិនមែន​ជា​លើក​ទីមួយ​ដែរ ​ដែល​មាន​មនុស្ស​យក​កាំភ្លើង ​ទៅបាញ់​រះ​សម្លាប់​មនុស្ស​ដោយ​ងាយៗ​បែប​នេះ។ គ្មាន​ប្រធានាធិបតី​អាមេរិក​ណា ​ធ្វើ​រឿង​នេះ​ចេញ​ទេ ​ព្រោះថា​ក្រុម​មនុស្ស​អភិរក្ស​និយម ដែល​មាន​អំណាច​ខ្លាំង ​តែងតែ​ប៉ែងជើង​ជានិច្ច។ មួយ​វិញ​ទៀត​នោះ ​វា​ជា​បញ្ហា​ជំនួញ​សុទ្ធសាធ ព្រោះ​ទីផ្សារ​អាវុធ​នៅ​អាមេរិក​ គេ​រក​លុយ​បាន​កាក់កប​ណាស់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ