អានតួអត្ថបទ

អភិបាលរដ្ឋ គ្រីស គ្រីស្ទី ប្រកាស​បេក្ខភាព​ប្រធានាធិបតី​ឆ្នាំ​២០១៦

អភិបាលរដ្ឋ គ្រីស គ្រីស្ទី ជា​បុរស​ដែល​មាន​បុគ្គលិក​លក្ខណៈ​ដ៏​ខ្លាំងក្លា ដែល​គេ​ធ្លាប់​បាន​ចាត់ទុក​ថា​ជា​ផ្នែក​មួយ​នៃ​ក្តី​សង្ឃឹម​នៃ​គណបក្ស​សាធារណរដ្ឋ បាន​ប្រកាស​ពី​បេក្ខភាព​របស់​ខ្លួន​កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ ដើម្បី​ចូល​ប្រឡូក​ក្នុង​ការប្រកួតប្រជែង​ការបោះឆ្នោត​ប្រធានាធិបតី​អាមេរិក​​ឆ្នាំ​២០១៦ បើទោះជា មាន​រឿង​អាស្រូវ​មួយ​ចំនួន​ដែល​ធ្វើ​ឲ្យ​រូបភាព​របស់​លោក​ស្ថិត​ក្នុង​ភាព​អាប់អួរ​យ៉ាង​ណា​ក៏​ដោយ។

លោក Chris Christie ប្រកាស​បេក្ខភាព​ប្រធានាធិបតី​អាមេរិក​ ឆ្នាំ​២០១៦
លោក Chris Christie ប្រកាស​បេក្ខភាព​ប្រធានាធិបតី​អាមេរិក​ ឆ្នាំ​២០១៦ © Reuters
ផ្សាយពាណិជ្ជកម្ម

លោក Chris Christie អភិបាលរដ្ឋ​ញ៉ូជើស៊ី​បាន​ប្រកាស កាលពី​ថ្ងៃ​អង្គារ​តាម​អ៊ីមែល​ទៅ​កាន់​អ្នក​គាំទ្រ របស់​លោក​ថា លោក​នឹង​ឈរ​ឈ្មោះ​ជា​បេក្ខភាព​សម្រាប់​ការបោះឆ្នោត​ប្រធានាធិបតី​អាមេរិក​ឆ្នាំ​២០១៦ នៅមុន​ពេល​ព្រឹត្តិការណ៍​ផ្សាយ​បន្តផ្ទាល់​អំពី​ការប្រកាស​ផ្ទាល់មាត់​ពី​បេក្ខភាព​របស់​លោក​ពី Livingston High School ក្នុង​រដ្ឋ​កំនើត​របស់​លោក។ អភិបាល​រដ្ឋ​រូប​នេះ​មាន​អាយុ​៥៣​ឆ្នាំ មាន​ដើម​កំនើត​ក្នុង​រដ្ឋ ញ៉ូជើស៊ី មាន​ការបណ្តុះបណ្តាល​ខាង​វិស័យ​ច្បាប់។ លោក​ធ្លាប់​ធ្វើ​ជា​រដ្ឋ​អាជ្ញា​នៃ​រដ្ឋ​ញ៉ូជើស៊ី ពី​ឆ្នាំ​២០០២ ដល់​២០០៨ និង​បាន​ជាប់​ឆ្នោត​ធ្វើ​ជា​អភិបាល​រដ្ឋ​ញ៉ូជើស៊ី​ពី​ឆ្នាំ ២០១០​រហូត​មក​ដល់​ពេល​បច្ចុប្បន្ន។

 
កាលពីឆ្នាំ​២០១១ លោក​ធ្លាប់​ត្រូវបាន​គេ​ចាត់ទុក​ថា​ជា ក្តី​សង្ឃឹម​នៃ​គណបក្ស​សាធារណរដ្ឋ ក្នុង​ការឈ្នះ​ឆ្នោត​ប្រធានាធិបតី​ឆ្នាំ​២០១២ តែ​កាលណោះ​លោក​បាន​សម្រេចចិត្ត​មិន​ចូលរួម​ការប្រកួតប្រជែង​ទៅ​វិញ។ ទើបតែ​នៅ​ពេលនេះ​លោក​បាន​ប្រកាស​ថា៖ ឥឡូវ​នេះ​ខ្ញុំ​ត្រៀម​ខ្លួន​ជា​ស្រេច ក្នុង​ការប្រកួត​ប្រជែង ដើម្បី​ប្រជាពលរដ្ឋ​សហរដ្ឋ​អាមេរិក។ ក៏​ប៉ុន្តែ ក្នុង​រយៈពេល​បួន​ឆ្នាំ​ចុង​ក្រោយ​នេះ មាន​ការប្រែប្រួល​ជាច្រើន​លើ​រូបភាព​របស់​លោក ពិសេស​គឺ​រឿង​អាស្រូវ​កាលពី​ខែ​កញ្ញា​ឆ្នាំ​២០១៣ ស្តីពី​ការបិទផ្លូវ​លើ​ស្ពាន George Washington Bridge ត​ភា្ជប់​ជាមួយ​នឹង​ទីក្រុង​ញ៉ូយ៉ក រយៈពេល​ប្រាំ​ថ្ងៃ​តាម​ការបញ្ជា​ពី​រដ្ឋបាល របស់​លោក ដែល​បណ្តាល​ឲ្យ​មាន​ការខឹង​សម្បារ​យ៉ាង​ខ្លាំង​ពី​ពលរដ្ឋ​អ្នកប្រើប្រាស់​ផ្លូវ និង​បញ្ហា​ប្រជែង ខាង​នយោបាយ​នៅ​ខាងក្រោយ​ការបិទ​ផ្លូវ​នោះ។  

រឿងរ៉ាវនេះ​ទំនង​ជា​ហេតុផល​ធំ​មួយ​ដែល​បណ្តាល​ឲ្យ​ការគាំទ្រ​លើ​បេក្ខភាព​របស់​លោក​មិន​សូវ សម​ប្រកប។ ព្រោះ​យោង​តាម​ការស្ទង់​មតិ​ថ្មី​បំផុត​របស់ ABC News / វ៉ាស៊ីនតោន​ប៉ុស្តិ៍​កាលពី​ខែ​មុន មាន​ពលរដ្ឋ​អាមេរិក​ត្រឹម ២២​ភាគរយ​ប៉ុណ្ណោះ គាំទ្រ​លើ​បេក្ខភាព​របស់​លោក ក្នុង​ខណៈពេល​ដែល ៤៨​ភាគរយ​មិន​គាំទ្រ។

បន្ទាប់ពីការប្រកាស​បេក្ខភាព​របស់​លោក​នៅ​ថ្ងៃ​អង្គារ លោក គ្រីស្ទី នឹង​បន្ត​ធ្វើ​យុទ្ធនាការ​ទាក់ទាញ​ការ​គាំទ្រ ក្នុង​រដ្ឋ New Hampshire បន្ត​ទៀត​នៅ​ក្នុង​សប្តាហ៍​នេះ តាម​ការ​ជួបប្រជុំ​និង​ទទួល​ទាន​អាហារ​ពេល​ល្ងាច នៅ​តាម​បណ្តា ក្រុង​ធំៗ​នានា។ បន្ទាប់​មក​លោក​ក៏​នឹង​បង្ហាញ​ខ្លួន​នៅ​ថ្ងៃ​សៅរ៍​ទី ៤ ខែ​កក្កដា ជាថ្ងៃ​ដង្ហែ​ក្បួន​ក្នុង​ក្រុង Wolfeboro នា​ឱកាស​បុណ្យ​ជាតិ​របស់​សហរដ្ឋ​អាមេរិក។
 
ជាសរុប ខាង​គណបក្ស​សាធារណរដ្ឋ​មាន​បេក្ខភាព​ចំនួន​១៤​រូប​និង​ខាង​គណបក្ស​ប្រជាធិបតេយ្យ​របស់​លោក​ប្រធានាធិបតី​ចប់​អាណត្តិ​ឆ្នាំ​២០១៦ បារ៉ាក់ អូបាម៉ា មាន​ចំនួន​៤​រូប​ដែល​ក្នុង​នោះ​មាន​លោកស្រី ហ៊ីឡារី គ្លីនតុន ​អតីត​រដ្ឋមន្រ្តី​ការបរទេស និង​ជា​ភរិយា​របស់​អតីត​ប្រធានាធិបតី​ប៊ីល​ឃ្លីនតុន​ផងដែរ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ