អានតួអត្ថបទ

ជំងឺ​អេដស៍ ៖ បាន​ទទួល​ថ្នាំ​ពន្យារ​ជីវិត​កាន់​តែ​ឆាប់ ប្រសិទ្ធិភាព​​ការពារ​ជីវិត​កាន់តែ​ខ្ពស់

អ្នក​ស្រាវជ្រាវ​វិទ្យាសាស្ត្រ ដែល​កំពុង​ជួប​ជុំ​នៅ​គ្នា​នៅ​ប្រទេស​កាណាដា ក្នុង​សន្និសីទ​ស្តីពី​ជំងឺ​ស៊ីដា ពី​ថ្ងៃ​អាទិត្យ​ទី ១៩ ដល់​ ថ្ងៃពុធ​ទី ២២​កក្កដា បាន​អំពាវនាវ​ឱ្យប្តូរ​វិធី​សាស្ត្រ​ព្យាបាល​​​ជំងឺ​ស៊ីដា ដោយ​ត្រូវ​​​ផ្តល់​​ថ្នាំ​ពន្យារ​ជីវិត​ភ្លាម ​ដល់​គ្រប់​បុគ្គល​​មាន​​ឆ្លង​មេរោគ​អេដស៍។ ពោល​គឺ​នៅ​ពេល​រក​ឃើញ​មានការ​ឆ្លង​មេរោគ​ភ្លាម គ្រូពេទ្យ​ត្រូវ​ផ្តល់​ថ្នាំពន្យារ​ជីវិត​ភ្លាម ដោយ​​​មិន​ត្រូវបង្អែរ​បង្អង់​ ​រង់​ចាំ​រហូត​ដល់​អ្នក​ផ្ទុក​មេរោគ​ធ្លាក់​ខ្លួន​ឈឺ​ទេ ទើប​បាន​ទទួល​ថ្នាំ​ឡើយ។

សន្និសីទ​ស្តី​ពី​ជំងឺ​អេសដ៍​ អំពាវនាវ​ឱ្យ​ផ្តល់​ថ្នាំ​ពន្យារ​ជីវិត​ភ្លាម​ពេល​រក​ឃើញ​មាន​ផ្ទុក​វីរ៉ុស
សន្និសីទ​ស្តី​ពី​ជំងឺ​អេសដ៍​ អំពាវនាវ​ឱ្យ​ផ្តល់​ថ្នាំ​ពន្យារ​ជីវិត​ភ្លាម​ពេល​រក​ឃើញ​មាន​ផ្ទុក​វីរ៉ុស © IAS
ផ្សាយពាណិជ្ជកម្ម

 

កាលពី​ជិត​២០​ឆ្នាំ​មុន ក្នុង​សន្និសីទ​ឆ្នាំ​១៩៩៦ ក្រុម​អ្នកស្រាវជ្រាវ​បាន​កត់ត្រា​ដំណាក់កាល​ដ៏​សំខាន់​មួយ​នៃ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ស៊ីដា ឬ​អេដស៍ ព្រោះ​​បាន​ប្រកាស​រក​ឃើញ​​លទ្ធផល​ដ៏​គាប់​ប្រសើរ នៃ​ការ​ព្យាបាល​ជំងឺ​ ដោយ​ប្រើ​ថ្នាំ​ពន្យារ​ជីវិត​បី​ប្រភេទ​បញ្ចូល​គ្នា។ ចាប់​ពេល​នោះ​​មក អ្នក​មាន​ផ្ទុក​មេរោគ​អេដស៍​អាច​បន្ត​ជីវិត​រស់​​រាន​ដូច​មនុស្ស​ធម្មតា​បាន​​​ មិន​មើល​ប្រឈម​នឹង​ការ​ស្លាប់​ភ្លាម​ទាំង​ស្រុង ប្រសិន​បើ​បាន​ទទួល​ថ្នាំ។

នៅ​ថ្ងៃនេះ​ក្រុមអ្នក​ស្រាវជ្រាវ​អាច​បង្ហាញ​មោទនភាព​ថ្មី កត់​ត្រា​ក្នុង​ប្រវត្តិសាស្ត្រ​វេជ្ជសាស្ត្រ​បានបន្ថែម​មួយ​រឿង​ទៀត ! ប្រកាស​ថា "​កាន់​តែ​ឆាប់​បាន​ទទួល​ថ្នាំ​ពន្យារ​ជីវិត អង់ទីរ៉េត្រូវេរ៉ូ អ្នក​មាន​ផ្ទុក​មេរោគ​អេដស៍​ឬ​ស៊ីដា កាន់​តែ​មាន​សំណាង​ទ្វេ​ដង​ អាច​រស់​បាន​យូរ និង​មាន​សុខភាព​ល្អ !” នេះ​ជា​អនុសាសន៍​ដែល​ក្រុម​អ្នក​វិទ្យាសាស្ត្រ​បាន​ចុះ​ហត្ថលេខា នា​ឱកាស​បើក​សន្និសីទ​អន្តរជាតិ​របស់​សហគមន៍​អន្តរជាតិ​ស្តី​ពី​ជំងឺ​ស៊ីដា​លើក​ទី៨ នៅ​ទីក្រុង​វានកូវឺ ប្រទេសកាណាដា។​

​បើ​តាម​ការ​ស្រាវជ្រាវ​​ថ្មីៗចុង​ក្រោយ​បាន​បង្ហាញថា ផ្តល់​ថ្នាំ​ពន្យារ​ជីវិត​នៅ​ពេល​រក​ឃើញ​មាន​ផ្ទុក​មេរោគ​ស៊ីដា​ភ្លាម អាច​ការពារ​កុំ​ឱ្យ​វីវ៉ុស​ស៊ីដា​ឆ្លង​ទៅ​ដៃគូ ឬ​មនុស្ស​ទី​បី ហើយ​​ការ​ផ្តល់​ថ្នាំ​ជា​កិច្ចបង្ការ​​ អាច​ការពារ​ប្រកប​ដោយ​ប្រសិទ្ធិភាព​បុគ្គល​ប្រឈម​នឹង​គ្រោះថ្នាក់​ឆ្លង​វីរ៉ុស​។ យុទ្ធនាការ​ព្យាបាល​សាកល្បង​អន្តរជាតិ ទើប​បិទ​បញ្ចប់​កាលពី​ខែ​ឧសភា អាច​ពង្រឹង​សម្មតិកម្ម​ខាង​លើ​បាន ព្រោះ​ថា អ្នក​​​ដែល​បាន​ទទួល​ថ្នាំ​ពន្យារ​ជីវិត​តាំង​ពីដំបូង​ភ្លាម​ ជាង​ពាក់​កណ្តាល​ (៥៣%) ឆ្លង​ផុត​ពី​គ្រោះ​មរណៈ ឬ​គ្រោះ​កើត​ជំងឺ​ឆ្លៀត​ឱកាស​ផ្សេង​ទៀត។

ក្រុម​អ្នក​ស្រាវជ្រាវ​បាន​ធានា​អះអាង​ពី​វេទិកា​សន្និសីទ​ថា ជាមួយ​នឹង​ការ​រក​ឃើញ​ថ្មី​នេះ គេ​នឹង​អាច​​កាត់​បន្ថយ​ការ​ចម្លង​មេរោគ​ស៊ីដា​បាន​៩៥% ប៉ុន្តែ​ចាំ​បាច់​ត្រូវ​ឱ្យ​អ្នក​ទទួល​ត្រូវ​នយោបាយ​យល់​ព្រម​បញ្ចេញ​សកម្មភាព​ស្រប​តាម​អនុសាសន៍​លើក​នេះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ