អានតួអត្ថបទ
វិទ្យាសាស្រ្ត-អវកាស

NASA ​រកឃើញ​ភព​ថ្មី​ប្រហាក់​ប្រហែល​នឹង​ភព​ផែន​ដី នៅ​ក្នុង​ប្រព័ន្ធ​ព្រះអាទិត្យ​មួយ​ទៀត

វិទ្យាស្ថាន​ស្រាវជ្រាវ​អវកាស ​NASA ​របស់​អាមេរិក ​ ទើបតែ​បាន​បញ្ចេញ​តួលេខ​ថ្មី ​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ ​កាល​ពី​ថ្ងៃ​ទី ​២៣​ កក្កដា ​ដោយ​បាន​បង្ហាញ​ប្រាប់ ​ពី​របក​គំហើញ​ នូវ​ភព​ថ្មី​មួយ​ទៀត ​​ដែល​មាន​ទ្រង់ទ្រាយ ​នឹង​លក្ខណៈ​សម្បត្តិ​ប្រហាក់​ប្រហែល ​នឹង​ភព​ផែនដី​យើង​ដែរ។ ភពដែល ​ត្រូវ​បាន​គេ​ដាក់​ឈ្មោះ​ថា Kepler-452b​ គឺ​ស្ថិត​នៅ​ក្នុង​ប្រព័ន្ធ​ព្រះអាទិត្យ ​មួយ​ផ្សេង​ទៀត​ពី​ ប្រព័ន្ធ​ព្រះអាទិត្យ​របស់​ភព​ផែនដី។ ទោះបី​ជា​របក​គំហើញ​នេះ ​បាន​ធ្វើឲ្យ​មាន​ការ​ត្រេកអរ ​ទូទាំង​ពិភព​វិទ្យាសាស្ត្រ ​ក៏​គេ​នៅ​មិន​ទាន់​អាច​ស្មាន​បាន​ទេ ​ថា​វា​អាច​មាន​ជីវិត​រស់នៅ ​នៅ​លើ​ភព​នោះ។

រូបភាព​​បង្ហាញ ប្រៀប​ធៀប​​រវាង ភព​ផែនដី​ (ខាង​ឆ្វេង) និង​ភព Kepler-452b​ (ខាងស្តាំ)
រូបភាព​​បង្ហាញ ប្រៀប​ធៀប​​រវាង ភព​ផែនដី​ (ខាង​ឆ្វេង) និង​ភព Kepler-452b​ (ខាងស្តាំ) REUTERS/NASA/Ames/JPL-Caltech/T. Pyle
ផ្សាយពាណិជ្ជកម្ម

ជា​ថ្មី​ម្តងទៀត ​ការ​ស្រាវជ្រាវ​អាវកាស ​បាន​បន្ត​ធ្វើ ​ឲ្យ​មនុស្សជាតិ​គ្រាប់​គ្នា ​យល់​ដឹង​កាន់តែ​ច្បាស់​ ថា ​លំហរ​​​អាកាស​ដ៏​ធំ​ល្វឹងល្វើយ​ អាច​មាន​ភព ​និង​ផ្កាយ​ជាច្រើន​ផ្សេង​ទៀត​ ដែល​មាន​សណ្ឋាន​ស្រដៀង​នឹង​ភព​ផែនដី​យើង​ដែរ។ ជាក់ស្តែង​ ភព​ថ្មី​មួយ ​ដែល​ត្រូវ​បាន​គេ​ដាក់​ឈ្មោះ​ថា​ Kepler​-452b​  ​ត្រូវ​បាន​វិទ្យាស្ថាន ​NASA​ ប្រកាស​ឲ្យ​ដឹង​នៅ​ថ្ងៃ​ ព្រហស្បតិ៍ ទី​២៣​កក្កដា​ ដោយ​យោង​តាម​តួលេខ​ ភព​នេះ ​មាន​ភិនភាគ ​និង​លក្ខណៈ​ដូច​ច្រើន ​ទៅ​នឹង​ភព​ផែនដី ​យើង។

“ភពផែនដី ផ្សេងមួយទៀត”

វិទ្យាស្ថាន​ស្រាវជ្រាវ​អវកាស ​NASA ​បាន​ប្រើ​ពាក្យ​ថា ​“ភព​ផែនដី​មួយទៀត” ​ដើម្បី​ទាក់ទាញ​អារម្មណ៍​របស់ ​សាធារណ​ជន។ ភព​នេះ​គឺ​ជា​ភព​ដែល​ភាសា​បច្ចេកទេស​ហៅ​ថា ​Exo-planètes ​ពោល​គឺ​ភព​ខាងក្រៅ។ គឺ​វា​ស្ថិត​នៅ​ក្រៅ​ប្រព័ន្ធ​ព្រះ​អាទិត្យ​ របស់​ភព​ផែនដី​យើង។ យោង​តាម​ទិន្នន័យ ​ដែល​ថត​ដោយ ​ផ្កាយ​រណប​ពិសេស​ឈ្មោះ Kepler​របស់ NASA​ បាន​បង្ហាញ​ថា ​ភព​ឈ្មោះ Kepler​-452b ​នេះ​ ស្ថិត​នៅ​ក្នុង​ប្រព័ន្ធ​ព្រះអាទិត្យ​មួយ​ទៀត។ ស្ថិត​នៅ​ក្នុង​ ​គឺ​មាន​ន័យថា​វា ​រណប ​និង​វិល​ជុំវិញ​ព្រះអាទិត្យ​មួយ​ទៀត​ ​ដូច​ភព​ផែនដី​យើង ​ដែល​វិល​ជុំវិញ​ព្រះ​អាទិត្យ​ដែរ។

 

យើង​ហៅ​ថា​ព្រះអាទិត្យ ​តែ​តាម​ពិត ​ព្រះអាទិត្យ​ គឺ​ជា​ផ្កាយ​មួយ​ក្នុង​ចំណោម​ផ្កាយ​ជាច្រើន ​ដែល​មាន​ទំហំ​ធំ​មហិមា ​និង​មាន​ចំហេះ​ពុះ​កញ្ជ្រោល ​បញ្ចេញ​ជា​ពន្លឺ ​និង​កំដៅ។ ដូច្នេះ ​ផ្កាយ​ប្រភេទ​នេះ ​មិនមែន​ មាន​តែ​ព្រះអាទិត្យ​យើង​មួយ​ទេ ​គឺ​វា​អាច​មាន​ច្រើន​រាប់​មិន​អស់។ ដូច្នេះ​ព្រះ​អាទិត្យ​ មិនមែន​មាន​តែមួយ​ទេ ​គឺ​វា​អាច​មាន​ច្រើន​ ហើយ​ភព​ដែល​រណប ​នឹង​ព្រះអាទិត្យ​ទាំង​នោះ ​ក៏​មាន​ច្រើន​ដែរ។

 

ជាក់ស្តែង ​ភពថ្មី​ដែល​គេ​ទើប​រកឃើញ​នេះ ​គឺ​រណប​នឹង​ផ្កាយ​ដ៏ធំ​មួយ ​ដែល​ជា​ប្រភេទ​ផ្កាយ​ស្រដៀង​គ្នា ​និង​ព្រះអាទិត្យ​យើង​ដែរ។ ភពថ្មី​ ឈ្មោះ Kepler​-452b ​នេះ​​ស្ថិត​នៅ​ចម្ងាយ ​១៤០០​ឆ្នាំ​ពន្លឺ​ ពី​ភពផែនដី ហើយ​ចម្ងាយ​រវាងភពថ្មី​នេះ និង​​ផ្កាយរបស់​វា ​ប្រហែល​ជា​ ៥% ឆ្ងាយ​ជាង ចម្ងាយ​​ រវាង​ភព​ផែនដី ​និង​ព្រះអាទិត្យ។ ដូច្នេះ​តួលេខ​នេះ ​បាន​ធ្វើ​ឲ្យ​អ្នក​វិទ្យាសាស្រ្ត​ អាច​សន្និដ្ឋាន​បាន​ថា ​ភព​ថ្មី​នេះ ​ស្ថិត​ក្នុង​តំបន់​មួយ ​ដែល​វា​មិន​ក្តៅ​ពេក ​និង​មិន​ត្រជាក់​ពេក ​ដូច​ភព​ផែនដី​យើង។ សីតុណ្ហភាព​មិន​ក្តៅ​ពេក ​មិន​ត្រជាក់​ពេក ​អាច​មាន​ន័យ​ថា ​នៅ​លើ​នោះ​ អាច​មាន​ទឹក​រាវ ​ដែល​ជា​ប្រភព​នៃ​ជីវិត។ ភព​ថ្មី​នេះ ​បើ​តាម​ការ​សន្មត់ ​ គឺ​វា​វិល​ជុំវិញ​ព្រះអាទិត្យ​របស់​វា ​ក្នុង​រយៈពេល ៣៨៥​ថ្ងៃ។ ឃើញ​ថា​លក្ខណៈ​ទាំងអស់​នេះ ​គឺ ​វា​ប្រហាក់​ប្រហែល​​នឹង​ផែនដី​យើងដែរ។

 

មិនមែនជាលើកទីមួយទេ ដែលគេរកឃើញភពថ្មីប្រភេទនេះ៖

ភពក្រៅ ​រឺ ​Exo-planètes ​នេះ​ ត្រូវ​បាន​គេ​រក​ឃើញ ​ជា​ច្រើន​មក​ហើយ។ ភព​ក្រៅ​ទីមួយ​ដែល​គេ​រកឃើញ​ដំបូង​គឺ ​នៅ​ឆ្នាំ​១៩៩៥ ​ប៉ុន្តែ​ជា​ប្រភេទ​ភព​ ដែល​មាន​ទំហំ​ធំ​មហិមា ​ពោល​គឺ​ធំ​ជាង​ភព​ផែនដី​យើង​រាប់ពាន់​ដង​ឯណោះ។ ភព​នេះ ​ ត្រូវ​បាន​រក​ឃើញ​តាម​រយៈ​វិធីសាស្រ្ត​មួយ​ ដែល​គេ​ហៅ​ថា ​វិធីសាស្ត្រ​វិភាគ​ល្បឿន​ កម្មរស្មី​ពណ៌ ​ដែល​បាន​ស្រាវជ្រាវ​ឡើង​ដោយ ​អ្នក​វិទ្យាសាស្រ្ត​ពីរ​រូប ​នៅ​វិទ្យាស្ថាន​អាវកាស​ហ្សឺណែវ ​គឺ​លោក​ Michel Mayor ​និង ​លោក​Didier Queloz។

 

ក្រោយ​មក​ទៀត​ថ្មីៗ​នេះ ​នៅ​ឆ្នាំ​២០១៤ ​ វិទ្យាស្ថាន​ NASA ​របស់​អាមេរិក ​បាន​រក​ឃើញ​ភព​ក្រៅ​មួយ​ទៀត ​តាម​រយៈ​ការ​ថត​របស់​ប្រព័ន្ធ​ផ្កាយ​រណប​អាវកាស ​Kepler។ ភព​នោះ​មាន​ត្រូវ​គេ​ដាក់​ឈ្មោះ​ឲ្យ​ថា ​Kepler 186F ​ដែល​ស្ថិត​នៅ​ចំងាយ​ប្រមាណ​ជា​ ៥០០​ឆ្នាំ​ពន្លឺ ​ពី​ភព​ផែនដី​យើង។ ភព​នេះ ​ក៏មាន​លក្ខណៈ​ប្រហាក់​ប្រហែល​ច្រើន​នឹង​ភព​ផែនដី​យើង​ដែរ ​ពោល​គឺ​វា​វិល​រណប ​និង​ផ្កាយ​ដ៏​ធំ​មួយ ​ដែល​ស្រដៀង​គ្នា​នឹង​ព្រះអាទិត្យ​យើង​ដែរ។ តាម​រយៈ​ទិន្នន័យ​វិភាគ​ គេ​សន្មត់​ថា ​ភព​នេះ ​មាន​វិល​ជុំវិញ​ព្រះអាទិត្យ​របស់​វា ​ក្នុង​រយៈ​ពេល ​១៣០​ថ្ងៃ ​ហើយ​វា​ស្ថិត​ក្នុង​តំបន់​មួយ ​ដែល​មាន​សីតុណ្ហភាព​ត្រជាក់​ជាង​គេ ​ក្នុង​បវិវេណ​តំបន់​ដែល​អាច​មាន​សីតុណ្ហភាព​សមប្រកប​នឹង​ជីវិត​រស់នៅ​ របស់​ប្រព័ន្ធ​ព្រះអាទិត្យ​នោះ។

 

បើ​សរុប​តាម​តួលេខ​របស់ ​NASA​ ភព​ក្រៅ​ដែល​មាន​លក្ខណៈ​ប្រហាក់​ប្រហែល​នេះ ​ មាន​ចំនួន​ ១០៣០​ ហើយ ដែល​គេ​បាន​រក​ឃើញ ​និង​កត់ត្រា​ទុក ​គ្រាន់តែ​ថា ​មាន​ភព​តែ​មួយ​ចំនួន​តូច​ប៉ុណ្ណោះ ​ដែល​ជា​កម្មវត្ថុ​នៃ​ការ​ស្រាវជ្រាវ ​ ព្រោះ​ថា​តួលេខ ​ដែល​យើង​បាន​មក​នេះ ​គឺ​ជា​លទ្ធផល​ នៃ​ការ​ស្រាវជ្រាវ​ អង្កេត​ការណ៍ ​និង​វិភាគ​ ជា​ច្រើន​ឆ្នាំ ​មុន​នឹង​គេ​អាច​សន្មត់​វា​បាន។

 

គំនូស​ប្រៀបធៀប​រវាង តំបន់​ដែល​អាច​មាន​ជីវិតរស់នៅបាន (ពណ៌បៃតង)​ ​នៃប្រព័ន្ធ​ព្រះអាទិត្យ Kepler-22  និងប្រព័ន្ធព្រះអាទិត្យ​ នៃភពផែនដីយើង
គំនូស​ប្រៀបធៀប​រវាង តំបន់​ដែល​អាច​មាន​ជីវិតរស់នៅបាន (ពណ៌បៃតង)​ ​នៃប្រព័ន្ធ​ព្រះអាទិត្យ Kepler-22 និងប្រព័ន្ធព្រះអាទិត្យ​ នៃភពផែនដីយើង Nasa

តើ​វា​អាច​ទៅ​រួច​ទេ​ថា ​នៅ​លើ​ភព​នោះ ​មាន​ជីវិត​រស់នៅ?

នេះ​ជា​សំណូរ ​របស់​អ្នក​វិទ្យាសាស្រ្ត​គ្រប់​គ្នា ​ដែល​គេ​គ្រប់គ្នា​ចង់​ដឹង​ចម្លើយ។ លោក Jon Jenkins​ ប្រធាន​ក្រុម​វិភាគ​ទិន្ន័យ​របស់ ​NASA ​បាន​បញ្ជាក់​ថា ​អ្វី​ដែល​ពិសេស ​គឺ​ភពKepler​-452b ​នេះ ​មាន​អាយុ ​៦ពាន់​លាន​ឆ្នាំ ​ដែល​វា​មាន​វ័យ​ចំណាស់​ជាង​ភព​ផែនដី​យើង។ ពោល​គឺ​មាន​ន័យ​ថា ​ភព​នេះ​ បាន​ស្ថិត​នៅ​ក្នុង​បរិវេណ​តំបន់ ​ដែល​​អាច​មាន​ជីវិត​រស់​នៅ ​យូរ​ជាង​ភព​ផែនដី​យើង​ទៅ​ទៀត។ ដូច្នេះ​មាន​ន័យ​ថា ​នេះ​ជា​ឱកាស​ដ៏​វិសេស​វិសាល​ណាស់​ បើ​សិន​ជា​គេ​អាច​រក​ឃើញ​ធាតុ​ផ្សំ​ផ្សេងៗ ​ដែល​មាន​តួនាទី​ទ្រទ្រង់​ជីវិត ​នៅ​លើ​ភព​នេះ។

 

ប៉ុន្តែ​លោក ​បាន​បញ្ជាក់​ថា ​យោង​តាម​ទិន្នន័យ ​ត្រឹម​ប៉ុណ្ណេះ ​គេ​នៅ​មិន​ទាន់​អាច​សន្និដ្ឋាន​បាន​ទេ​ថា ​វា​អាច​មាន​ជីវិត​រស់នៅ​រឺ​អត់ ​នៅ​លើ​នោះ។ ត្រឹម​ទិន្នន័យ​របស់​ផ្កាយ​រណប ​Kepler ​ធ្វើ​ឲ្យ​គេ ​មិន​អាច​ស្មាន​ដឹង​ពី ​ទំហំ ​និង​ធាតុ​ផ្សំ​របស់​ភព​នេះ​បាន​ទេ។ អ្វី​មួយ​ទៀត​ ដែល​សំខាន់​ គឺ​គេ​ត្រូវការ​ដឹង​ជា​ចាំ​បាច់​ ថា​នៅ​ជុំវិញ​ភព​នោះ មាន​បរិយាកាស​រឺ​អត់។ ដូច​ផែនដី​យើង ​នៅ​ក្នុង​លំហ​ជុំវិញ ​គឺ​វា​មាន​បរិយាកាស ​ដែល​ផ្សំ​ឡើង​ដោយ​ឧស្ម័ន​ផ្សេងៗ ដូច​ជា​អុកស៊ីសែន ​និង ​ឧស្ម័ន​កាបូនិក​ជា​ដើម​ ដែល​ជីវិត​ទាំងពួង​ត្រូវការ​ ដើម្បី​រស់។

 

វិទ្យាសាស្ត្រ​កាន់តែ​ជឿនលឿន ​រឿង​ប្រឌិត​នៅ​ក្នុង​កុន ​ក្លាយ​ជា​ការពិត៖

ដ៏រាបណា ​គេ​មិនទាន់​មាន​ទិន្ន័យ​ ​ជុំវិញ​ ទំហំ ​ធាតុផ្សំ ​និង​បរិយាកាស ​របស់​ភព​និមួយៗ ​គេ​មិន​ទាន់​អាច​សន្និដ្ឋាន ​បាន​ទេ​ថា ​វា​អាច​មាន​ជីវិត​រស់នៅ​រឺ​អត់។ ប៉ុន្តែ​លោក​បញ្ជាក់​ថា ​២០ឆ្នាំ​ចុងក្រោយ ​ការ​ស្រាវជ្រាវ​លំហ​អាកាស ​មាន​ការ​រីក​ចម្រើន​ខ្លាំង​ណាស់។ ដូច្នេះ​វា​មិន​មែន​ជា​រឿង​ប្រឌិត​ដូច​ក្នុង​កុន​ទេ។ ​គឺ​គេ​នឹង​ស្រាវជ្រាវ​រក​លទ្ធផល​ថា ​ភពថ្មី​នេះ ​អាច​មាន​ជីវិត​រស់នៅ​រឺ​អត់ ​តាម​រយៈ​ ការ​ផលិត​ជា​ឧបករណ៍​វិទ្យាសាស្រ្ត​ថ្មីៗ ​ឲ្យ​កាន់តែ​មាន​សមត្ថភាព​ខ្ពស់​ជាង​នេះ​ទៀត។

 

ទាក់ទិន​នឹង​ឧបករណ៍​វិទ្យាសាស្ត្រ​នេះ​ដែរ ​ទី​ភ្នាក់ងារ​អាវកាស​របស់​អឺរ៉ុប ​នឹង​បាញ់​បង្ហោះ​តេឡេស្កុប​ថ្មី​មួយ​ ​ដែល​មាន​ឈ្មោះ​ថា​ Plato ​នៅ​ឆ្នាំ​២០២៤។ តេឡេស្កុប​នេះ ​នឹង​មាន​សមត្ថភាព​ពិសេស ​ថត​យក​ទិន្នន័យ​របស់​ភព​ក្រៅ​មួយ ​ដែល​អាច​មាន​ជីវិត​រស់នៅ ​ តាម​រយៈ​ការ​វិភាគ​ ទៅ​លើ​ទំហំ ​ធាតុផ្សំ​របស់​ភព​នោះ ​ព្រមទាំង​បរិយាកាស​ជុំវិញ​វា ​ហើយ​តេឡេស្កុប​នោះ ​អាច​នឹង​ថត​រូបភាព ​បាន​ទៀត​ផង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ