អានតួអត្ថបទ
សហរដ្ឋអាមេរិក

លោក​អូបាម៉ា ​ទ្រាំ​លែង​បាន​ ក្រោយ​ហេតុការណ៍​បាញ់រះ​សម្លាប់​មនុស្ស​ជា​ថ្មី

ហេតុការណ៍​បាញ់​រះ​សម្លាប់​មនុស្ស​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ​ដែល​បាន​កើត​ឡើង​នៅ​ក្នុង​សកល​វិទ្យាល័យ​មួយ ​នៃ​រដ្ឋ​អូរីហ្គុន ​សហរដ្ឋ​អាមេរិក ​បាន​ធ្វើ​ឲ្យ​សហរដ្ឋ​អាមេរិក​តក់​ស្លុត​ជា​ថ្មី​ម្តង​ទៀត។ យ៉ាង​ហោច​ណាស់​ មាន​មនុស្ស​ស្លាប់​ ដោយសារ​គ្រាប់​កាំភ្លើង​ចំនួន​១០ ​នាក់ ​និង​របួស​៧នាក់​ផ្សេង​ទៀត។ លោក​បារ៉ាក់ ​អូបាម៉ា ​បាន​ធ្វើ​សន្និសីទ​កាសែត​ភ្លាមៗ ​ដោយ​លោក​មិន​បាន​លាក់លៀម​នូវ​កំហឹង​របស់​លោក​ ចំពោះ​ហេតុការណ៍​នេះ​ទេ។ អ្វី​ដែល​ធ្វើ​ឲ្យ​លោក ​អត់​ទ្រាំ​មិនបាន ​គឺ​ហេតុការណ៍​បាញ់​រះ​របៀប​នេះ ​បាន​កើត​ឡើង​ជា​រើយៗ ​ប៉ុន្តែ​ច្បាប់ ​ស្តី​ពី​ការ​រិតបន្តឹង​ការ​គ្រប់គ្រង​អាវុធ ​ដែល​ជា​តំណោះស្រាយ​នោះ​ ត្រូវ​បាន​អ្នក​តំណាងរាស្ត្រ​អាមេរិក​មួយ​ចំនួន​ប៉ែង​ជើង​រហូត។

លោក អូបាម៉ា ក្នុងសន្និសីទកាសែត ក្រោយ​ហេតុការណ៍​បាញ់រះ​នៅសកល​វិទ្យាល័យ​ រដ្ឋអូរីហ្គុន ថ្ងៃ​ទី ១ តុលា​ ២០១៥
លោក អូបាម៉ា ក្នុងសន្និសីទកាសែត ក្រោយ​ហេតុការណ៍​បាញ់រះ​នៅសកល​វិទ្យាល័យ​ រដ្ឋអូរីហ្គុន ថ្ងៃ​ទី ១ តុលា​ ២០១៥ REUTERS/Kevin Lamarque
ផ្សាយពាណិជ្ជកម្ម

លោក​បារ៉ាក អូបាម៉ា ​បាន​ថ្លែង ​ដោយ​ទប់​កំហឹង​មិន​បាន ​ជា​ពិសេស​ដោយ​បាន​សង្កត់​ធ្ងន់​ថា ​ វា​ល្មម​ដល់​ពេល​ហើយ ​ ដែល​ប្រជាជន​អាមេរិក​ទាំងអស់ ​ងើប​ឈរ​ឡើង ​ដាក់​គំនៀប​សង្កត់​ ទៅ​លើ​តំណាងរាស្រ្ត​និង ​សមាជិក​ព្រឹទ្ធសភា​អាមេរិក ​ឲ្យ​គាំទ្រ​ការ​បង្កើត​ច្បាប់​ថ្មី​ ស្តី​ពី​ការ​គ្រប់គ្រង​ចរាចរណ៍​អាវុធ។

 
លោក​អូបាម៉ា​ បន្ត​ថា ​ហេតុការណ៍​បាញ់រះ​សម្លាប់​មនុស្ស​របៀប​នេះ ​កើត​ឡើង​សឹងតែ​ជា​ប្រពៃណី​ទៅ​ហើយ​នៅ​អាមេរិក ​ហើយ​រៀងរាល់​លើក​ លោក​និយាយ​ដដែលៗ​ ថា​ត្រូវតែ​ធ្វើ​កំណែ​ទម្រង់​ លើ​ការ​គ្រប់គ្រង​អាវុធ​ ឲ្យ​បាន​តឹងរឹង ​មិនមែន​សេរី​ដូច​បច្ចុប្បន្ន​នេះ​ទេ ​ តែ​ក៏​ជា​រៀងរាល់​លើក​ដែរ ​ ដែល​អ្នក​តំណាង​រាស្ត្រ ​និង​សមាជិក​ព្រឹទ្ធសភា​អាមេរិក ​មិន​ខ្ចី​យក​ភ្នែក​មើល ​ហើយ​ព្យាយាម​ប៉ែង​ជើង​រដ្ឋាភិបាល ​ដោយសារ​តែ​ពួក​គេ​បំរើ​ផល​ប្រយោជន៍​ ឲ្យ​ក្រុមហ៊ុន​ផលិត​អាវុធ។

លោក​បន្ត​ទៀតថា​ ថ្ងៃនេះ ​លោក​សូម​ឲ្យ​ប្រជាជន​អាមេរិក​ទាំងអស់​ ពិចារណា ​ថា​អ្វី​ខ្លះ ​ដែល​គេ​អាច​ធ្វើបាន​ដើម្បី​បញ្ចប់​អំពើ​សោកនាដកម្ម​ទាំង​អស់​នេះ ​ ព្រោះ​មិន​មែន​គ្រាន់​តែ​ធ្វើ​ការ​បន់​ស្រន់ ​សម្រក់​ទឹក​ភ្នែក​ស្តាយ​ជីវិត​មនុស្ស​ដែល​ស្លាប់ ​​វា​គ្រប់​គ្រាន់​នោះ​ទេ។ ប្រជាជន​អាមេរិក​ត្រូវ​ចូលរួម​ជាមួយ​រដ្ឋាភិបាល ​ដើម្បី​ជំរុញ​ការ​ធ្វើ​ច្បាប់​ថ្មី ​ជា​ច្បាប់​គ្រប់គ្រង​អាវុធ ​ជា​ច្បាប់​ដែល​នឹង​អាច​ការពារ​ជីវិត​មនុស្ស ​ការពារ​កូន​ចៅ​ជំនាន់​ក្រោយ ​ឲ្យ​រស់រាន​ក្នុង​សង្គម​មួយ​​ ដែល​គ្មាន​ការ​បាញ់បោះ​ដោយ​សេរី។
 

ជា​ការ​ពិត​ណាស់ ​ក្នុង​ប្រសាសន៍​នេះ ​លោក​អូបាម៉ា ​ចង់​បន្ទោស​ដោយ​ប្រយោល​ទៅ​លើ​អ្នក​តំណាង​រាស្ត្រ​មក​ពី​គណបក្ស​សាធារណរដ្ឋ​ ដែល​តែងតែ​មាន​ទំនោរ​ការពារ​ឧស្សាហកម្ម​ផលិត​អាវុធ។ នៅ​សហរដ្ឋ​អាមេរិក​ ក្នុង​រដ្ឋ​មួយ​ចំនួន​គេ​ទិញ​កាំភ្លើង ​ឲ្យ​កូន​កាន់ ​ដូច​ជា​ទិញ​តុក្តា ​ឲ្យ​ក្មេង​លេង​ដូច្នោះ​ដែរ។ ​នៅ​ក្នុង​អាណត្តិ​ទី​ពីរ​នេះ ​លោក​អូបាម៉ា ​បាន​បរាជ័យ​ម្តង​ជា​ពីរ​ដង ​ធ្វើ​ច្បាប់​គ្រប់គ្រង​អាវុធ ​ដោយសារ​តែ​សភា ​និង​ព្រឹទ្ធសភា ​មិន​គាំទ្រ។ យោង​តាម​របាយការណ៍ ​របស់ Gun Violences Archive ​ក្នុង​ឆ្នាំ​២០១៥​នេះ ​មាន​គ្រោះថ្នាក់​បាញ់ ​រឺ​ក៏​រា​កៃ​អាវុធ​ចំនួន​ ៣៩៥២៤​ករណី ​ដែល​ក្នុង​នោះ​គឺ​មាន​២៦៤​ករណី ​ជា​ករណី​បាញ់រះ​ លើ​មនុស្ស​ជា​ច្រើន​នាក់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ