អានតួអត្ថបទ
សហរដ្ឋអាមេរិក-UNESCO

ខាន​បង់​វិភាគទាន​៤ឆ្នាំ ​តែ​អាមេរិក​ចង់​ធ្វើ​ជា​សមាជិក​ក្រុម​ប្រឹក្សា​ប្រតិបត្តិ​UNESCO ​បន្ត​ទៀត

លោក​ ចន ឃែរី ​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក ​កំពុង​មាន​វត្តមាន​ នៅ​រដ្ឋធានី​ប៉ារីស ​ប្រទេស​បារាំង​ ដែល​មាន​ទី​ស្នាក់ការ​កណ្តាល ​របស់​អង្គការ ​UNESCO ​ដើម្បី​ស្វែងរក​ការ​គាំទ្រ ​ឲ្យ​សហរដ្ឋ​អាមេរិក​​ បាន​ជាប់​ឆ្នោត​ ជា​សមាជិក​ក្រុម​ប្រឹក្សា​ប្រតិប​ត្តិ​ របស់​អង្គការ​នេះ ​ បន្ត​ទៀត។ ដោយ​ឡែក​ អស់​រយៈ​ពេល ​៤ឆ្នាំ​មក​ហើយ ​ដែល​សហរដ្ឋ​អាមេរិក​ បាន​បិទ​បញ្ឈប់ ​លែង​ផ្តល់​ប្រាក់​វិភាគទាន​ ដល់​អង្គការ​យូនេស្កូ ​ដែល​ធ្វើ​ឲ្យ ​ប្រទេស​មហា​អំណាច​នេះ​​បាត់បង់​សិទ្ធិ​បោះឆ្នោត ​ក្នុង​ក្រប​ខ័ណ្ឌ​ មហា​សន្និសីទ​ប្រចាំ​ឆ្នាំ​របស់ ​អង្គការ​នេះ។

លោក​ចន ឃែរី នៅទីស្នាក់ការ​អង្គការ UNESCO ក្រុុង​ប៉ារីស ថ្ងៃទី ១៨ តុលា ២០១៥ កំពុង​សំណូម​ពរ ឲ្យគេ​បោះឆ្នោត គាំ​ទ្រអាមេរិក​ធ្វើជា​ សមាជិក​ក្រុម​ប្រឹក្សា​ប្រតិបត្តិ របស់​ UNESCO បន្តទៀត
លោក​ចន ឃែរី នៅទីស្នាក់ការ​អង្គការ UNESCO ក្រុុង​ប៉ារីស ថ្ងៃទី ១៨ តុលា ២០១៥ កំពុង​សំណូម​ពរ ឲ្យគេ​បោះឆ្នោត គាំ​ទ្រអាមេរិក​ធ្វើជា​ សមាជិក​ក្រុម​ប្រឹក្សា​ប្រតិបត្តិ របស់​ UNESCO បន្តទៀត REUTERS/Jacky Naegelen
ផ្សាយពាណិជ្ជកម្ម

ឆ្លៀត​ឱកាស ​បំពេញ​ទស្សនកិច្ច​នៅ​ទ្វីប​អឺរ៉ុប ​លោក​ចន ឃែរី ​បាន​មក​កាន់​ ទី​ស្នាក់ការ​កណ្តាល ​របស់​អង្គការ​ UNESCO ​ដើម្បី​បង្ហាញ​ពី​ឆន្ទៈ​ របស់​រដ្ឋាភិបាល​អាមេរិក ​ក្នុង​ការ​បន្ត​តំណែង​​ជា​សមាជិក​ក្រុម​ប្រឹក្សា​ប្រតិបត្តិ​ របស់​អង្គការ​អន្តរជាតិ​កំពូល​មួយ​នេះ ​ថ្វី​បើ​អាមេរិក ​ខកខាន​ លែង​បង់​ប្រាក់​វិភាគទាន​អស់ ​៤ឆ្នាំ​មក​ហើយ។

 
គួរ​រំលឹក​ថា ​កាល​ពី​ឆ្នាំ​២០១១ ​អង្គការ​ UNESCO ​បាន​ទទួល​ប៉ាឡេស្ទីន ​ជា​សមាជិក​របស់​ខ្លួន ​ ដែល​ការ​នេះ ​ បាន​ធ្វើ​ឲ្យ​​អាមេរិក ​និង​អ៊ីស្រាអែល ​ខឹង​យ៉ាង​ខ្លាំង។​ ដើម្បី​សំដែង ​ពី​ការ​កើត​ទុក្ខ​មិន​សុខ​ចិត្ត​របស់​ខ្លួន ​ ប្រទេស​ទាំង​ពីរ​នេះ ​ បាន​សម្រេច ​លែង​ផ្តល់​ប្រាក់​វិភាគទាន​ប្រចាំ​ឆ្នាំ​ ទៅ​ឲ្យ​អង្គការ​នេះ ​តាំង​ពី ​ពេល​នោះ​មក។ បន្ទាប់​មកទៀត ​យោង​តាម​បទ​បញ្ជាផ្ទៃ​ក្នុង​របស់​អង្គការ​ UNESCO ​សហរដ្ឋអាមេរិក​ ​និង​អ៊ីស្រាអែល​ បាន​បាត់​បងសិទ្ធិ​បោះឆ្នោត​ក្នុង​ក្របខណ្ឌ​មហា​សន្និសីទ​ប្រចាំ​ឆ្នាំ ​ដោយសារ​តែ​មិន​បាន​បំពេញ​ករណីយកិច្ច​បង់​ប្រាក់​វិភាគទាន​ ដូច​សមាជិក​ដទៃ​ទៀត។ ក៏ប៉ុន្តែ សហរដ្ឋ​អាមេរិក​ នៅ​តែ​បន្ត​ធ្វើ​ជា​សមាជិក​ ក្រុម​ប្រឹក្សា​ប្រតិបត្តិ​របស់ ​UNESCO ​ដដែល។

លោក​ ចន ឃែរី​ បាន​អះអាង​ថា ​ លោក​ជឿជាក់​ថា ​ ការ​ទុក​ឲ្យ​អាមេរិក​ នៅតែ​ជា​សមាជិក​ក្រុម​ប្រឹក្សា​ប្រតិបត្តិ​របស់​ UNESCO ​គឺ​ជា​រឿង​មួយ ​មាន​សារៈសំខាន់​ និង​ផ្តល់​អត្ថ​ប្រយោជន៍​ទាំង​សង​ខាង។ កម្មវិធី​នយោបាយ​ និង​ទិសដៅ​របស់​អង្គការ​ UNESCO​ ត្រូវការ​ជា​ចាំបាច់ ​នូវ​ការ​ចូលរួម​ ពី​សំណាក់​សហរដ្ឋ​អាមេរិក។ កន្លង​មក ​សហរដ្ឋ​អាមេរិក​ តែង​តែ​គាំទ្រ​ជានិច្ច ​នូវ​រាល់​ផែនការ ​ក៏​ដូច​ជា​សេចក្តី​សម្រេចចិត្ត​របស់​អង្គការ ​UNESCO ​ឧទាហរណ៍ ​ការ​ផ្តល់​អាទិភាព​ដល់ ​ការ​អប់រំ ​ដើម្បី​ជា​មធ្យោបាយ​ ទប់​ស្កាត់ ​រាល់​ការ​ផុង​ខ្លួន​ ជឿ​ស្លុង​តាម​ជំនឿ​សាសនា​ បែប​ជ្រុល​និយម ​ ព្រម​ទាំង​ការ​កាត់​បន្ថយ​ ភាព​ក្រីក្រ​ជាដើម។ ថ្លែង​នៅ​ចំពោះ​មុខ​លោកស្រី ​អ៊ីរីណា ប៊ូកូវ៉ា ​ អគ្គនាយិការ​អង្គការ​ UNESCO ​លោក​ចន ឃែរី ​បាន​បន្ត​ថា ​អាមេរិក​ត្រូវការ​ UNESCO ​ហើយ ​UNESCO ​ក៏​ត្រូវ​ការ​អាមេរិក។

លោក ចន ឃែរី​ ក៏​បាន​ឆ្លៀត​បញ្ជាក់​ដែរ​ថា ​លោក​ទទួល​ស្គាល់ ​ពី​កង្វះខាត​ផ្នែក​ថវិកា​ ដែល​កន្លង​មក​ សហរដ្ឋ​អាមេរិក​​បាន​ខកខាន ​មិន​បាន​ផ្តល់​វិភាគទាន​ មក​ឲ្យ​អង្គការ UNESCO។ ប៉ុន្តែ​នេះ ​មិនមែន​ជា​ការ​សម្រេចចិត្ត​ របស់​រដ្ឋាភិបាល ​អាមេរិក​ទេ ​តែ​ជា​ការ​សម្រេច​ចិត្ត​របស់​រដ្ឋសភា​អាមេរិក។ លោក ​បាន​ធានា​ថា ​នឹង​ខិតខំ​ ជាមួយ​នឹង​លោក ​បារ៉ាក់ អូបាម៉ា ​ក្នុង​ការ​និយាយ​បញ្ចុះបញ្ចូល ​តំណាង​រាស្ត្រ​អាមេរិក​ ឲ្យ​យល់​ព្រម​ ចាត់​ខ្ទង់​ចំណាយ​មួយ​ផ្នែក ​យក​មក​សង​ប្រាក់​វិភាគទាន ​ដែល​អាមេរិក​ខកខាន ​មិន​បាន​បង់​ឲ្យ ​UNESCO ​បួន​ឆ្នាំ​មក​នេះ ​ហើយ​និង​ចាប់ផ្តើម​បង់​ជូន ​UNESCO ​ជា​ថ្មី​ឡើង​វិញ ​សម្រាប់​ឆ្នាំ​បន្ត​បន្ទាប់​ទៅ​មុខ​ទៀត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ