ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 28/05 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 28/05 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 28/05 12h00 GMT
America

សហរដ្ឋ​អាមេរិកផ្តើម​បោះឆ្នោត​ជ្រើសរើស​​បេក្ខជន​ប្រជាប្រធានាធិបតី

media លោកស្រី Hillary Clintonបេក្ខជន​ប្រធានាធិបតី​បក្ស​ប្រជាធិបតេយ្យ REUTERS/Brian Snyder

តើ​នរណា​ជា​បេក្ខជន​ប្រធានាធិបតី របស់​បក្ស​សាធារណរដ្ឋ ? និង​របស់​បក្ស​ប្រជាធិបតេយ្យ ? ដូច​ជា​រៀង​រាល់​បួន​ឆ្នាំ​ម្តង !​ ពលរដ្ឋ​អាមេរិក​នៅ​រដ្ឋ Iowa​ជា​អ្នក​បើក​ឆាក​បោះឆ្នោត​​ជ្រើសរើស​បេក្ខជន​ប្រធានាធិបតី​មុន​គេ ដែល​ផ្តើម​ធ្វើ​នៅ​ថ្ងៃ​ចន្ទ​នេះ។ លោកស្រី​ ហ៊ីលឡារី គ្លីនតុន សង្ឃឹម​ថា​នឹង​អាច​ទទួលជោគជ័យ​ក្លាយ​ជា​​បេក្ខនារីប្រធានាធិបតី​របស់​​បក្ស​ប្រជាធិបតេយ្យ​ ឯ​ចំណែក​បក្ស​សាធារណរដ្ឋ​វិញ លោក​ដូណសល់​ត្រាំ កំពុង​ចង់​បញ្ជាក់​ថា​​​ជោគជ័យរបស់​លោក​មិនមែន​មាន​ត្រឹម​ក្នុង​ប្រព័ន្ធ​ឃោសនា​​ឡើយ។

រដូវ​​បោះឆ្នោត​បាន​ចាប់​ផ្តើម​ហើយ នៅ​សហរដ្ឋ​អាមេរិក ! បក្ស​សាធារណរដ្ឋ និង​ប្រជាធិបតេយ្យ​បាន​បើក​​​ការិយាល័យ​បោះឆ្នោត​ រៀង​ខ្លួន ចំនួន ១៦៨១ នៅ​រដ្ឋ​ Iowa នៅ​ថ្ងៃ​ចន្ទ​នេះ ក្រោម​សន្ធឹក​នៃ​ការព្យាករ​​ធ្លាក់​ទឹកកក​យ៉ាង​ខ្លាំង។

ការ​បោះឆ្នោត​នេះ បាន​ទទួល​ការ​តាមដានខ្លាំង ជា​ពិសេ​ស​សម្រាប់​គណបក្ស​ប្រជាធិបតេយ្យ​ ​ ព្រោះ​តាម​ចំណាំ តាំង​ពី​ឆ្នាំ ១៩៧៦​មក អ្នក​ដែល​ឈ្នះ​ឆ្នោត​នៅ​រដ្ឋIowa នឹង​សឹង​បានក្លាយ​ទៅ​ជា​ប្រធានាធិបតី​​សហរដ្ឋ​អាមេរិកទាំង​អស់ លើក​លែង​តែ​ពីរ​ករណី​គត់។ កាលពី​ឆ្នាំ​២០០៨ ​លោក​អូបាម៉ា បាន​មក​បំបែក​ក្តី​ស្រមៃ​របស់​លោកស្រី​គ្លីនតុន។

 
​នៅ​ឆ្នាំ​នេះ ថ្វីបើ​លោកស្រីគ្លីនតុន និង​លោក ដូណាល់​ត្រាំ សុទ្ធ​តែ​បាន​​ទទួល​ការ​គាំទ្រ​នាំ​មុខគេ​ នៅ​ក្នុង​បក្ស​រៀង​ខ្លួនមែន ប៉ុន្តែ​គម្លាត​ជាមួយ​គូ​ប្រជែង​មាន​តិច​តួច​ណាស់។​​ ការ​ស្ទង់​មតិ បង្ហាញ​ថា​​លោកស្រី គ្លីនតុន​ បាន​ទទួល​ការ​គាំទ្រ​ ៤៨% ទល់នឹង៤២%​សម្រាប់​លោក ប៊ែរនី សេនដឺ Bernie Senders ដែល​ចេះ​ទាក់ទាញ​ក្មេង​ ដោយ​ចង់​ធ្វើ​បដិវត្ត​នយោបាយ​ វាយប្រហារ​​ក្រុម​មហាសេដ្ឋី។
 
ចំណែក​ខាង​បក្ស​សាធារណរដ្ឋ​វិញ លោក​ដូណាល់ត្រាំ Donald Trump មាន​ប្រជាប្រិយភាព (២៨%) បាន​វោហា​ខ្លាំង តែ​អាច​នឹង​ត្រូវ​គូ​ប្រជែងលោក Ted Cruz (២៣%) ដេញ​តាម​ទាន់ ព្រោះលោក​​បាន​ទទួល​ការ​គាំទ្រ​ខ្លាំង​ពី​សំណាក់​ចលនា​គ្រិស្តសាសនា​​ដ៏​មាន​ឥទ្ធិពល​នៅ​រដ្ឋIowa។
 
បន្ទាប់​ពី​រដ្ឋ​Iowa បេក្ខជន​ទាំង​អស់​ ត្រូវ​បន្ត​ដំណើរទៅ​កាន់​រដ្ឋ​ញ៉ូវហាំស្ហឺ ដើម្បី​ប្រឈម​នឹង​ការ​បោះឆ្នោត​នៅ​ថ្ងៃទី​៩​កុម្ភៈ និង​រដ្ឋ​ជាប​ន្ត​បន្ទាប់ទៀត រហូត​ដល់​ខែ​មិថុនា​ ទើប​កំណត់​បាន​បេក្ខជន​ប្រធានាធិបតី​របស់​បក្ស​សាធារណរដ្ឋ​និង​ប្រជាធិបតេយ្យ​បាន យក​ទៅ​ប្រកួត​ប្រជែង​គ្នា​នៅ​ក្នុង​សម័យ​បោះឆ្នោត​ប្រធានាធិបតី ខែ​វិច្ឆិកា ២០១៦៕

 

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ