អានតួអត្ថបទ

លទ្ធផល​ដ៏​ភ្ញាក់​ផ្អើល​នៃ​ការ​បោះឆ្នោត​ជ្រើសរើស​បេក្ខជន​ប្រធានាធិបតី​អាមេរិក

មហាសេដ្ឋី​ដូណាល់ត្រាំ Dolnald Trump នៃ​បក្ស​សាធារណរដ្ឋ លោក​ស្រី ហ៊ីលឡារី គ្លីនតុន Hillary Clinton នៃ​បក្ស​ប្រជាធិបតេយ្យ ដែលជា​​បេក្ខជន​មាន​ប្រជាប្រិយ​ភាព​លេច​ធ្លោ​ខ្លាំង​ជាង​គេ​នៅ​ក្នុង​បក្ស​នីមួយៗ ស្រាប់​តែ​ត្រូវ​ចាញ់​ឆ្នោត​តាំង​ពី​ថ្ងៃទីមួយ សម្រាប់​លោក​ដូណាល់​ត្រាំ និងយ៉ាង​ប្រផុត​ប្រផើយ​បំផុត​ សម្រាប់​លោកស្រី​គ្លីនតុន។ លទ្ធផល​ដ៏​ភ្ញាក់ផ្អើល​នេះ អាច​បញ្ជាក់​បាន​ថា​​ការ​បោះឆ្នោត​ជ្រើសរើស​បេក្ខជន​ប្រធានាធិបតី​ ទំនង​ជា​មាន​លក្ខណៈ​ស្វិត​ស្វាញ​ខ្លាំង​។

លោក Donald Trumpញញឹម​លែង​សម​ពេល​ទទួល​លទ្ធផល​ចាញ់​ឆ្នោត​នៅ​Iowa
លោក Donald Trumpញញឹម​លែង​សម​ពេល​ទទួល​លទ្ធផល​ចាញ់​ឆ្នោត​នៅ​Iowa © Reuters
ផ្សាយពាណិជ្ជកម្ម

ជា​លទ្ធផល​ជាក់​ស្តែង និង​ជា​ការ​ភ្ញាក់​ផ្អើល​ដ៏​អវិជ្ជមាន​បំផុត សម្រាប់​លោក ដូណាល់​ ដែល​បាន​បាន​ចាញ់​ឆ្នោត​ដល់បី​ពិន្ទុ​ នៅ​ពី​ក្រោយ​គូ​ប្រជែង ថេដ គ្រូស (២៧%)ដោយ​បាន​ទទួល​សំឡេង​ត្រឹម​តែ​ ២៤%។ 

ការ​ភ្ញាក់​ផ្អើល​​​មាន​កាន់​តែ​ខ្លាំង ព្រោះ​​​លោក ដូណាល់​ត្រាំ ត្រូវ​បាន​វ៉ារ​ឈ្នះ ដោយ​​បេក្ខជន​ដែល​មាន​និន្នាការ​នយោបាយ​អភិរក្ស​ជ្រុល​និយម​ជា​ង​ទៅ​ទៀត។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​អ្នក​វិភាគ​យល់​ថា មិន​មែន​ការ​ស្ទង់​មតិ​ខុស ឬ​មក​ពី​គោល​នយោបាយ​ទេ តែ​មក​ពី​លោកថេដ គ្រូស មានវិធី និង​យុទ្ធសាស្ត្រ​ច្រើន​ជាង ប្រមូល​បាន​នូវ​ការ​គាំទ្រ​ពី​សំណាក់​គ្រិស្តសាសនិកជន ប្រូតេស្តង់ អេវង់ហ្សេឡិក ...​ ​​

​នេះ​​ជា​បរាជ័យ​​​​ដំបូង សម្រាប់ការ​បោះឆ្នោត​លើក​ទី​មួយ នៅ​រដ្ឋ​ដំបូង​​គេ​បង្អស់​ ប៉ុន្តែ​​មិន​មែ​ន​មាន​ន័យ​ថា​ចប់​ទេ ! ក្រោយ​ពី​បាន​ទទួល​លទ្ធផល​ភ្លាម លោក ដូណាល់​ត្រាំ បាន​​ថ្លែង​សរសើរ​គូប្រជែង ថេដ គ្រូស និង​បាន​អរគុណ​រដ្ឋ​Iowa ព្រមទាំង​បាន​សន្យា​ថា​អាច​នឹង​វិល​ត្រលប់​មក​ទិញ​កសិដ្ឋាន​នៅ​រដ្ឋ​នេះ​ទៀត​ផង។ បរាជ័យ​ដំបូង​នេះ​​ ​ជា​មេរៀន ប្រាប់​ថា​​​អាចនឹង​​មាន​បរាជ័យ​​ថ្មី​ទៀត នៅចំពោះ​មុខ​​​​បេក្ខជនដដែល ឬ​បេក្ខជន​​ផ្សេង​ទៀត។ ​ ប៉ុន្តែ​មិន​មែន​ជា​ពេលវេលាដែល​​ត្រូវ​ទម្លាក់​ដៃ​ឡើយ ផ្ទុយ​ទៅ​វិញ ដោយ​គ្មាន​បង្អង់​ លោក ដូណាល់​ត្រាំ បាន​បង្កើនយុទ្ធនាការ​ភ្លាម ដើម្បី​យក​ឈ្នះ​នៅ​រដ្ឋ​ផ្សេងៗ​ទៀត។

លោកTed Cruz ថ្លែង​ក្រោយ​ជ័យជំនះ​នៅ​រដ្ឋ​Iowa
លោកTed Cruz ថ្លែង​ក្រោយ​ជ័យជំនះ​នៅ​រដ្ឋ​Iowa REUTERS/Jim Young

តើ​ ថេដ គ្រូស Ted Cruz ជា​នរណា និង​មាន​ប្រវត្តិ​នយោបាយ​យ៉ាង​ដូចម្តេច​ខ្លះ ?

ថេដ គ្រូស គឺ​ជា​គូ​ប្រជែង​របស់​លោក ដូណាល់​ ត្រាំ ដ៏​ចម្បង​បំផុត​នៅ​ក្នុង​បក្ស​សាធារណរដ្ឋ និង​ជា​បុគ្គល​ដែល​បក្ស​ស្អប់​បំផុត​ដែរ។ កើត​នៅ​ឆ្នាំ​១៩៧០ នៅ​ប្រទេស​កាណាដា ​ម្តាយ​ជា​ជនជាតិ​អាមេរិក ឪពុក​គុយបា ធំធាត់​នៅ​រដ្ឋ​តិចសាស់ រៀន​ក្នុង​សាលា​ល្បីៗ​ Princeton Harvard លោក ថេដ គ្រូស ​បានចូល​ធ្វើ​នយោបាយ​ នៅ​ឆ្នាំ​២០០០ ជាមួយ​​លោក George W Bush។ លោក ថេដ គ្រូស ​ទទួល​ការ​គាំទ្រ​ពី​បក្ស Tea Party និងប្រកាន់​នយោបាយ​​​អភិរក្ស​និយម​បំផុត មិន​ខុស​ពី​លោក ដូណាល់​ ត្រាំ​ ប៉ុន្មាន​ទេ ពោល​គឺ​ប្រឆាំង​នឹង​នយោបាយ​អ្នក​មាន ប្រឆាំង​នឹង​ការ​រម្លូត​កូន ព្រមទាំង​សន្យា​រំលាយ​ចោល​ច្បាប់​ធានា​រ៉ាប់​រង់​សុខភាព​របស់​លោក អូបាម៉ា Obamacare ការពារ​គ្រិស្តសាសនិកជន បរិហារ​អន្តោប្រវេសន៍​ខុសច្បាប់​​... ថ្វី​បើ​មាន​ដើម​កំណើត​​គុយបា តែ​ប្រឆាំង​ដាច់​ខាត​ការ​រំកិល​ចូល​គ្នា​រវាង​អាមេរិក​និង​គុយបា តែ​ការពារ​ការកាន់​អាវុធ ! ក្នុង​ឃ្លីប​ឃោសនា​នយោបាយ គេ​ឃើញ​រូប​លោក​ផ្ទាល់​ហាត់​បាញ់​កាំភ្លើង និង​យក​សាច់​ក្រក​មក​ចំអិន​លើ​កាណុង​ ...

ក្រោយ​ពី​បាន​ជោគជ័យ​នៅ​រដ្ឋ​Iowa ភ្លាម លោក ​ថេដ គ្រូស បាន​ថ្លែង​ថា អរគុណ​ព្រះ និង​ចាត់​ទុក​ជោគជ័យ​នេះ​ថា ជា​របស់​អ្នក​អភិរក្សនិយម​​ដ៏​ក្លាហាន និង​វាយប្រហារ​គូប្រជែង​ថា មិន​មែន​ ប្រព័ន្ធ​ឃោសនា​ជា​អ្នក​ជ្រើសរើស​បេក្ខជន​ប្រធានាធិបតី​ទេ។

សូម​បញ្ជាក់​ថា​ នៅ​ក្នុង​បក្ស​សាធារណរដ្ឋ​នេះ ក្រៅ​ពី​លោក​ ដូណាល់ ត្រាំ និង​ថេដ គ្រូស នៅ​បេក្ខជន​ម្នាក់​ទៀត ដើម​កំណើត​អាមេរិក​ឡាទីន កំពុង​ប្រដេញ​ប្រដំ​ប្រសង​គ្នា​ខ្លាំងក្នុង​លំដាប់​ទី​បី​​នោះ​គឺ​លោក Marco Rubio (២៣%) អាយុ​៤៤​ឆ្នាំ ​ដែល​អាច​ធ្វើ​ឱ្យ​ការ​ប្រកួត​ប្រជែង​មាន​លក្ខណៈ​ស្វិត​ស្វាញ​ខ្លាំង​ និង​ធ្វើ​ឱ្យ​ការ​បោះឆ្នោត​នៅ​រដ្ឋ​បន្ទាប់​ក្រឡាប់​ចាក់​ដូច​គ្នា​នឹង​រដ្ឋ​Iowa។

លោក Bernie Sandersបេក្ខជន​បក្ស​ប្រជាធិបតេយ្យ ឡើង​សំឡេង​ស្ទើរ​ស្មើលោកស្រី​គ្លីនតុន នៅ​រដ្ឋ​Iowa
លោក Bernie Sandersបេក្ខជន​បក្ស​ប្រជាធិបតេយ្យ ឡើង​សំឡេង​ស្ទើរ​ស្មើលោកស្រី​គ្លីនតុន នៅ​រដ្ឋ​Iowa REUTER/Carlos Barria

លោកស្រី គ្លីនតុន ឈ្នះ​​លោក​សិនដឺ យ៉ាង​ប្រផុតប្រផើយ

នៅក្នុង​បក្ស​ប្រជាធិបតេយ្យ​វិញ ការ​រាប់​សន្លឹក​ឆ្នោត​៩៩%​ដំបូង​បាន​បង្ហាញ​ថា លោកស្រី គ្លីនតុន​ ជា​អ្នក​ឈ្នះ​យ៉ាងពិត​ប្រាកដ តែ​ជា​ការ​ឈ្នះ​យ៉ាង​ប្រផុត​ប្រផើយ​បំផុត។ ឈ្នះ​តិច​ពេក​រហូត​មិន​អាច​ផ្តល់​លទ្ធផល​​ច្បាស់​លាស់​បានភ្លាមៗ ដោយ​ត្រូវ​រង់ចាំ​​ដល់​ថ្ងៃ​ស្អែក​ទើប​មាន​សេចក្តី​ប្រកាស​ជាផ្លូវការ។

ថ្វី​បើ​លោកស្រី នៅ​តែ​ញញឹម​ស្រស់​ រក្សា​ទឹក​មុខ​រីករាយ សម្តែង​អំណរ និង​អរគុណ​រដ្ឋ​អាយអូវ៉ា អំពី​ជោគជ័យ ប៉ុន្តែ​​លោកស្រីគ្លីនតុន មិន​បាន​ស្រណុក​ចិត្ត​ទេ ! ​អតីតកាល កាលពី​ឆ្នាំ​២០០៨ ដែល​កាល​ណោះ​លោកស្រី​ត្រូវ​បាន​​គូប្រជែង​ដ៏​ក្មេង​បំផុត អូបាម៉ា ផ្តួល​​តាំង​ពី​ថ្ងៃ​ដំបូង ទំនង​បាន​លង​ចិត្ត​លោកស្រីផង។ នៅ​ថ្ងៃនេះ ស្រមោលខ្មៅ​​ហាក់​បន្ត​អន្ទោល​តាម​ប្រាណ​លោកស្រី​ទៀត តែ​ម្តង​នេះ គឺ​ដោយ​បេក្ខជន​ដែល​មាន​វ័យ​ចំណាស់​ជាង​បំផុត គឺ​លោក ប៊ែរនី សិនដឺ Bernie Sanders អាយុ ៧៤​ឆ្នាំ។

លោក ប៊ែរនី​ សិនដឺ អ្នក​ប្រជាធិបតេយ្យបែបសង្គមនិយម ដ៏​ក្រីក្រ​ប្រើ​បៀប​ទៅ​នឹង​ទ្រព្យ​ធន​ដ៏​មហាសាល​របស់​លោកស្រី​គ្លីនតុន​ កាលពី​៩​ខែ​មុន គ្មានប្រាក់ គ្មាន​​មធ្យោបាយ ​ គ្មាន​រចនា​សម្ព័ន្ធ​នយោបាយ​ គ្មាន​នរណា​ស្គាល់សោះ (មាន​ត្រឹម​តែ​១០%) ស្រាប់​តែ​នៅ​ថ្ងៃ​នេះ បាន​ទទួល​សំឡេង​គាំទ្រ​ពី​រដ្ឋ​Iowa ដល់​ទៅ ៤៩,៦% ទល់​នឹង​លោកស្រី​គ្លីនតុន ៤៩,៩%។ ដូច្នេះ​សម្រាប់​លោកប៊ែរនី សិនដឺ នេះ​ជា​ជោគជ័យ​ ដ៏ពិត​​ប្រាកដ ! ជា​ជោគជ័យ​ប្រឆាំង​នឹង​ប្រព័ន្ធឃោសនា ជា​ជោគជ័យ​នៃ​​បដិវត្ត​នយោបាយ។

លោកសិនដឺ​ចាស់មែន តែ​ចេះ​ទាក់ទាញ​ស្រទាប់​យុវវ័យ​បាន​ ​ដែល​ត្រូវ​ការ​អ្វី​ថ្មី ត្រូវ​ការ​ស្រមើ​ស្រមៃ។ នេះ​គឺ​ជា​ចំណុច​ខ្លាំង​របស់​លោក ប៊ែរនី សិនដឺ ដែល​លោកស្រី​គ្លីនតុន មិន​អាច​ធ្វើ​ដូច​បាន។ ជា​មួយ​លទ្ធផល​នៅ​រដ្ឋ​Iowa លោក​សិនដឺ​ កាន់​តែ​អាច​មាន​ជំនឿ​ស៊ុប​នៅ​សប្តាហ៍​ក្រោយ ​នៅ​​រដ្ឋ​ញ៉ូវហាំសឺ ព្រោះ​បើតាមការ​ស្ទង់​មតិ​លោក​ជា​អ្នក​នាំ​មុខស្រាប់​ទៅ​ហើយ។
ដំណើរ​ឆ្ពោះ​ទៅ​​ក្លាយ​ជា​បេក្ខជន​​ប្រធានាធិបតី​​ពិត​ជា​មាន​ការ​លំបាក​ខ្លាំង​ សម្រាប់​លោកស្រី គ្លីនតុន ប៉ុន្តែ​​​អ្នក​វិភាគនៅ​តែ​​សំលឹង​ឃើញ​ថា​លោកស្រី​គ្លីនតុន​នឹង​ក្លាយ​ជា​បេក្ខជន​ប្រធានាធិបតី​ច្រើន​ជាង​លោក សិនដឺ ព្រោះ​លោក​ស្រី​មាន​អ្នក​គាំទ្រធំៗ​ខ្លាំង​​ក្នុង​រង្វង់​បក្ស​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ