អានតួអត្ថបទ

ហ្សីកា ៖ ការ​ស្វែង​រក​ថ្នាំ​វ៉ាក់សាំង​មាន​ពន្លឺ​ព្រាលៗ

ក្នុង​ពេល​ដែល​ប្រេស៊ីល ប្រកាស​អំពី​កំណើន​ទារក​កើត​មក​ក្បាល​តូច​ខុស​ប្រក្រតីកើន​ឡើង​ដល់​ទៅ​១០% ការ​ស្រាវជ្រាវ​រក​ថ្នាំ​ការពារ​ជំងឺ​ហ្ស៊ីកា បាន​បោះជំហាន​ទៅ​មុខ​គួរ​ឱ្យកត់​សម្គាល់។ មន្ទីរពិសោធន៍​អាមេរិក​បាន​ប្រកាស​នៅល្ងាច​ថ្ងៃពុធ​ម្សិលមិញ​ថា ការ​ធ្វើ​តេស្ត​សាកល្បង​ លើ​សត្វ​កណ្តុរ​ផ្តល់​លទ្ធផល​គួរ​ឱ្យ​ទី​ពេញ​ចិត្ត​ ព្រម​ទាំង​ចង់​ធ្វើ​ការ​សាក​ល្បង​លើ​មនុស្ស នៅ​ដំណាច់​ឆ្នាំ​២០១៦​នេះ។

មន្ទីរ​ពិសោធន៍​អាមេរិក​ប្រកាស​សាកល្បង​វ៉ាក់សាំង​ប្រឆាំង​ហ្ស៊ីកា បាន​លទ្ធផល​ល្អ
មន្ទីរ​ពិសោធន៍​អាមេរិក​ប្រកាស​សាកល្បង​វ៉ាក់សាំង​ប្រឆាំង​ហ្ស៊ីកា បាន​លទ្ធផល​ល្អ Photo/Unicef
ផ្សាយពាណិជ្ជកម្ម

វ៉ាក់សាំង​ដែល​មន្ទីរ​ពិសោធន៍អាមេរិក​កំពុង​សាកល្បង​នេះ ជា​ថ្នាំ​ ដែល​មិន​ទៅ​វាយប្រហារ​វីរ៉ុស​មាន​ជីវិត​ទេ តែ​ទៅ​លើ​ចំណែក​DNA របស់​វីរ៉ុសហ្ស៊ីកា និង​អាច​រក្សា​ទុក​​បាន​ជា​យូរ​ម៉ោង ក្នុង​សីតុណ្ហភាព​ធម្មតា។

មាន​យ៉ាង​ហោច​ណាស់​​ក្រុមហ៊ុន​ឱសថ​​ និង​មជ្ឈមណ្ឌល​ស្រាវជ្រាវវេជ្ជសាស្ត្រ​ចំនួន​១៥ បាន​និង​កំពុង​ប្រជែង​គ្នា​សិក្សា​ស្រាវជ្រាវ​រក​ថ្នាំ​ការពារ​ប្រឆាំង​នឹង​វីរ៉ុស​ហ្ស៊ីកា។ នៅ​បារាំង វិទ្យាស្ថាន​​ប៉ាស្ទ័រ ដែលធ្លាប់​​រក​ឃើញ​មុខ​គេ​ថ្នាំ​ការពារ​​ជំងឺ​គ្រុន​ឈាម ក៏​បាន​ផ្តើម​កម្មវិធី​រក​វ៉ាក់សាំង​ប្រឆាំង​ហ្ស៊ីកា​ហើយ។ ឥណ្ឌា​ ក៏​រៀប​ចំ​ធ្វើ​តេស្ត​សាកល្បង​​ប្រសិទ្ធិភាព​ថ្នាំ​វ៉ាក់សាំង​​លើ​សត្វ​ដែរ។ ​នេះ​បើ​តាម​​អង្គការ​សុខភាពពិភពលោក ដែល​បាន​បញ្ជាក់​ទៀតថា​ បើ​ទោះ​បី​ជា​មាន​គម្រោង​ច្រើន និង​សកម្មភាព​លឿន​យ៉ាង​ណា​ក្តី ក៏​​គេ​ត្រូវ​រង់​ចាំ​យ៉ាង​ហោច​ណាស់​១៨​ខែ​ទៀត ទើប​អាច​មាន​ថ្នាំ​វ៉ាក់សាំង​ប្រឆាំង​ហ្ស៊ីកា អាច​ធ្វើ​តេស្ត​សាកល្បង​កំរិត​ពិភពលោក​បាន។

ហ្ស៊ីកា វីរ៉ុស​រក​ឃើញ​ជា​លើក​ដំបូង​នៅ​ឆ្នាំ​ ១៩៤៧ បាន​ចេញ​រាត​ត្បាត​ជា​ថ្មី នៅ​ឆ្នាំ​២០១៥​ ដោយ​ផ្តើម​ដំបូង​នៅ​ប្រទេស​ប្រេស៊ីល។ វីរ៉ុស​នេះ​ត្រូវ​ជាប់​សង្ស័យ​ថា​ជា​ភ្នាក់ងារ​បង្ក​ឱ្យ​ទារក​ក្នុង​ផ្ទៃ​ស្លាប់ ឬ​កើត​មក​មាន​ការ​លូត​លាស់​មិន​ប្រក្រតី ក្បាល​តូច​ខ្លាំង​ខុស​ពី​ធម្មតា។

រហូត​មក​ទល់​ពេល​នេះ ប្រេស៊ីល​ បាន​រង​គ្រោះ​ជាង​គេ ដោយ​រាប់​ឃើញ​មាន​ករណី​ឆ្លង​ហ្ស៊ីកា​ដល់​ទៅ ១លាន​នាក់​កន្លះ​ គិត​ចាប់​ពី​ឆ្នាំ​២០១៥​មក។ អគ្គ​នាយក​អង្គការសុខភាព​ពិភពលោក និង​អ្នក​ជំនាញ​ជា​ច្រើន​រូប​ទៀត ត្រូវ​អញ្ជើញ​ទៅ​​ប្រេស៊ីល​នៅ​សប្តាហ៍​ក្រោយ រយៈ​ពេល​៤៨​ម៉ោង ដើម្បី​វាយ​តម្លៃ​ស្ថានការណ៍​រាត​ត្បាត​ក្នុង​ប្រទេសនេះ។

កាលពី​ដើម​ខែ​ អង្គការ​សុខភាព​ពិភពលោក បាន​អះអាង​ពិត​ជាអាច​មាន​ទំនាក់ទំនង​ខ្លាំង​រវាង​វីរ៉ុស​ហ្ស៊ីកា និង​ការកើន​​ឡើងខ្លាំង​នៃ​​ចំនួន​​ទារក​កើត​មក​ក្បាល​តូច​ជ្រុល នៅ​ប្រេស៊ីល។ ​របាយការណ៍​ម្សិលមិញ​ បានមក​ពង្រឹង​សម្មតិកម្ម​នេះ ដោយ​​បង្ហាញ​ថា ទារក​កើត​មក​មាន​ជំងឺ​ក្បាល​តូច បាន​កើន​ឡើង​ដល់​ទៅ​១០% បើ​ប្រៀប​ទៅ​នឹង​សប្តាហ៍​មុន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ