ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 30/07 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 29/07 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 29/07 12h00 GMT
America

លោកអូបាម៉ា ផ្តើម​ទស្សនកិច្ច​ជា​ប្រវត្តិសាស្ត្រ​នៅ​គុយបា

media  
ការ​មក​ដល់​ក្រុង​ឡាហាវ៉ាន របស់​លោក​អូបាម៉ា និង​គ្រួសារ REUTERS/Enrique De La Osa

ទស្សនកិច្ច​ជា​ផ្លូវការ​របស់​លោក​អូបាម៉ា នៅ​ប្រទេស​គុយបា​ បាន​ចាប់​ផ្តើម​ហើយ​នៅ​ថ្ងៃ​នេះ ! តាំ​ងពី​ម្សិលមិញ​មក ពលរដ្ឋ​គុយបា បាន​ឃើញ​ដោយ​ជាក់​ស្តែង​វត្តមាន​លោក​អូបាម៉ា និង​គ្រួសារ លើ​ទឹក​ដី​ដែន​កោះ ដែល​គ្មាន​នរណា​នឹង​ស្មាន​ដល់​សោះ កាលពី​ឆ្នាំ​មុន ! ក្នុង​ថ្ងៃ​ទី​ពីរ​នៃ​ទស្សនកិច្ច​ជា​ប្រវត្តិសាស្ត្រ​នេះ លោក​អូបាម៉ា ត្រូវ​ជួប​ពិភាក្សា​ជាមួយ​សមភាគី​គុយបា នៅ​ទីក្រុង​ឡាហាវ៉ាន មុន​នឹង​ធ្វើ​សន្និសីទកាសែត​រួម​គ្នា។

លោក អូបាម៉ា និង​គ្រួសារ បាន​អញ្ជើញ​ទៅ​ដល់​ក្រុង​ឡាហាវ៉ានហើយ ! គ្រាន់​តែ​យន្តហោះ​ចុះ​ចត​ភ្លាម ភាព​រាំង​ស្ងួត​បី​សប្តាហ៍​បាន​ប្រែក្លាយ​ជា​ភ្លៀង​ ចាប់​ធ្លាក់ស្វាគមន៍លោកប្រធានាធិបតី ដូច​ទឹកប្រោះព្រំ នេះ​បើ​តាម​ជំនឿ​របស់​ពលរដ្ឋ​គុយបា។

ដោយ​មិន​បង្អង់ ​លោក​អូបាម៉ាវិញ ​បាន​ផ្ញើ​សារ​តាម​ប្រព័ន្ធ​សង្គម Twitter ​ថា ​Que bola Cuba ? គុយបា សុខសប្បាយ​ទេ ?
 
ដំណើរ​មក​ដល់​របស់​លោក​អូបាម៉ា ត្រូវ​បាន​ចាក់​ផ្សាយ​បន្ត​តាម​កញ្ចក់​ទូរទស្សន៍។ នៅ​តាម​​ដង​ផ្លូវ​ គេ​សង្កេត​ឃើញ​ពលរដ្ឋ​គុយបាគ្រប់​រូប ចោល​ភ្នែក​សំឡឹង​តែកញ្ចក់​ទូរទស្សន៍​តាមផ្ទះ ឬ​តាម​ភោជ្ជនីដ្ឋាន ដើម្បី​​តាម​ដាន​ដំណើរ​មក​ដល់​របស់​ប្រធានាធិបតី​អាមេរិក ព្រមទាំង​សម្រែក​ស្វាគមន៍​ពី​គ្រប់​ទិសទី។ ទោះបី​មេឃ​ភ្លៀង មាន​បិទ​ផ្លូវ​ ក៏​អ្នកទេសចរ​និង​ពលរដ្ឋ​គុយបា ​ប្រឹង​រុល​ចូល​ក្រុង​ ក្រែង​បាន​ឃើញ​មុខ​លោក​អូបាម៉ា ដោយ​ផ្ទាល់​ភ្នែក។
 
ប៉ុន្តែ​អ្វី​ជា​ការ​កត់​សម្គាល់​និង​ចម្លែក​បន្តិច​នោះ គឺ​លោក​អូបាម៉ា ហាក់​ដូច​ហេងហាង​ក្នុង​ចិត្ត​​បន្តិច​ នៅ​ពេលបានឃើញ​ត្រឹម​រដ្ឋមន្ត្រី​ការបរទេស អញ្ជើញ​ទៅ​ទទួល​ស្វាគមន៍​លោក នៅ​ព្រលាន​យន្តហោះ។
 

លោកអូបាម៉ា និង​គ្រូួសារ​​ដើរ​ទស្សនា​ក្រុង​ឡាហាវ៉ាន ថ្ងៃអាទិត្យ​ទី ២០ មីនា ២០១៦ REUTERS/Carlos Barria

"បញ្ហា​សិទ្ធិមនុស្សនឹង​ត្រូវ​លើក​មក​ពិភាក្សា​ដោយផ្ទាល់"
 
លោក​ បារ៉ាក់ អូបាម៉ា និង​ រ៉ាអូល កាស្ត្រូ ត្រូវ​ជួប​ពិភាក្សា​គ្នា​នៅ​វេលា​ម៉ោង ១០ព្រឹក ម៉ោង​នៅ​គុយបា បន្ទាប់​មក​ទាំង​ពីរ​នាក់​នឹង​អញ្ជើញ​ទៅ​ដាក់​ផ្កា នៅ​ទី​សក្ការៈ​​វីរបុរស​ជាតិ ជា​តំណាង​បិតា​បដិវត្ត​គុយបា។
 
បន្ទាប់​មក​ទើប​មាន​ការធ្វើ​គារវកិច្ច​​និង​ថត​រូប​ជា​អនុស្សាវរីយ៍ នៅ​វិមាន​បដិវត្ត តំណាង​អំណាច​ដ៏​ខ្លាំង​ក្លា​របស់​គុយបានិង​ដែល​ត្រូវ​ផ្តិត​បញ្ចូល​ក្នុង​ទំព័រ​ប្រវត្តិសាស្ត្រ​ ដោយ​ប្រាកដ។ ប្រមុខ​រដ្ឋ​ទាំងពីរ​ត្រូវជួប​​ពិភាក្សា​ គ្នា​រយៈ​ពេល​ពីរ​ម៉ោង មុន​ចេញ​ធ្វើ​សន្និសីទកាសែត​រួម។​ ប៉ុន្តែ​ការ​​បើក​ឱ្យ​អ្នក​កាសែត​សួរ​ឆ្លើយ គ្មានចែង​ក្នុង​ពិធីការ​គុយបា ដូច​ដែល​ខាង​អាមេរិក​ចង់​បាន​ឡើយ។
 
សូម​បញ្ជាក់​ថា​ ថ្វី​បើ​ដំណើរ​ទស្សនកិច្ច​របស់​លោក​អូបាម៉ា នៅ​គុយបា ជា​ព្រឹត្តិការណ៍​ដំបូង​ មិន​ធ្លាប់​មាន​មែន ប៉ុន្តែ​ជំនួប​រវាង​ អូបាម៉ា និង​កាស្ត្រូ បាន​ប្រព្រឹត្ត​ទៅ​ចំនួនពីរ​​ដង​រួច​មក​ហើយ។  ម្តង​នៅ​ក្នុង​ជំនួប​កំពូល​អាមេរិក​នៅ​ប្រទេស​ប៉ាណាម៉ា កាលពី​ខែ​មេសា ២០១៥ និង​នៅ​ក្នុង​សន្និសីទ​អង្គការ​សហប្រជាជាតិ កាលពី​ខែ​កញ្ញា។ នៅ​លើក​ទី​បី និង​នៅ​លើ​ទឹកដី​គុយបាផ្ទាល់​តែ​ម្តង​នេះ លោក​អូបាម៉ា បាន​សន្យា​នឹង​លើក​​យក​ប្រធាន​សិទ្ធិមនុស្ស ដ៏​រសើប​បំផុត​មក​និយាយ​គ្នា។ ក្នុង​នាម​ជា​ជ័យ​លាភី​រង្វាន់​ណូបែល​សន្តិភាព លោក​អូបាម៉ា ចង់ឱ្យ​របប​កុម្មុយនិស្ត​គុយបា គិត​គូ​រ និង​ផ្តល់​សារៈ​សំខាន់​ដល់​បញ្ហា​សិទ្ធិមនុស្ស។ ក្រៅ​អំពី​ត្រូវ​ជួប​ជាមួយ​ក្រុមប្រឆាំង​នៅ​ថ្ងៃអង្គារ​ស្អែក នៅ​ថ្ងៃ​នេះ លោក​អូបាម៉ា​ទំនង​ជា​ត្រូវ​ជជែក​ដោយ​ផ្ទាល់​តែ​ម្តង​ជាមួយ​លោក​រាអ៊ូលកាស្ត្រូ។
 
ប៉ុន្តែ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​ និង​សិទ្ធិ​ធ្វើ​បាតុកម្ម​ ទំនង​ជាមិនមែនធ្វើ​សម្រាប់​គុយបាទេ ពេល​នេះ ! ​ម្សិលមិញ មាន​ការ​​ចាប់​ខ្លួន​ក្រុម​អ្នក​បះបោរ​ អ្នក​សាសនា ជា​ច្រើន​សិប​អ្នក ដែល​មាន​ទម្លាប់​​ប្រមូល​ផ្តុំ​​ជួប​ជុំ​គ្នា ជា​រៀង​រាល់​ថ្ងៃ​អាទិត្យ ជួន​តិច​ជួន​ច្រើន។ ប៉ូលិស​គុយបា មិន​បាន​ពន្យល់​អំពី​ប្រតិបត្តិការ​ចាប់​ខ្លួន​​​នេះ ដែល​​ជា​ទូទៅ ត្រូវ​ដោះលែង​នៅ​ពីរ​បី​ម៉ោងក្រោយ។

ទស្សនកិច្ច​ជា​និម្មិតរូប​ច្រើន​ជាង​ ​រំពឹងឃើញការ​​​ប្តូរ​ផ្លាស់​នៅ​គុយបា

ប្រសាសន៍​លោក​អូបាម៉ា ពី​ស្ថានទូត​អាមេរិក​ប្រចាំ​ក្រុង​ឡាហាវ៉ាន ប្រទេស​គុយបា ថ្ងៃទី ២០ មីនា ២០១៦ 21/03/2016
“គួរ​ឱ្យ​អស្ចារ្យ​ណាស់ ដែលបាន​មក​ដល់​ទីនេះ ! កាលពី​ឆ្នាំ​១៩២៨ ​ប្រធានាធិបតី​ Calvin Coolridge​ ជិះកប៉ាល​មក​ប្រើពេល​បី​ថ្ងៃ ថ្ងៃ​នេះ​ខ្ញុំ​ប្រើ​ពេល​បី​ម៉ោង។ ជា​លើក​ទីមួយ​ហើយ​ដែល​យន្តហោះ Airforce One​ ចុះ​ចត​លើ​ទឹក​ដី​គុយបា អញ្ចឹង​ទើប​គេ​ហៅ​ថា​ទស្សនកិច្ច​ជា​ប្រវត្តិសាស្ត្រ ហើយ​ជា​ឱកាស​ពិសេស​សម្រាប់បាន​ជួប​ដោយ​​​ផ្ទាល់​ជាមួយ​ពលរដ្ឋ​គុយបា តែ​ក៏​ពេល​វេលា​ត្រូវ​ស្ថាបនា​កិច្ចព្រមព្រៀង​ថ្មី កិច្ចសន្យា​ថ្មី និយាយជា​រួម គឺ​ស្ថាបនា​ទំនាក់ទំនង​រវាង​ពលរដ្ឋ​ទាំង​ពីរ​ប្រទេស​អាមេរិក-គុយបា ! នេះ​ហើយ​ជា​ទស្សនវិស័យ​របស់​ខ្ញុំ​ដែល​ចង់​ឃើញ​អនាគត​​ប្រសើរ​ជាង​អតីតកាល”។
ស្តាប់

គ្រប់​អ្នក​វិភាគ និង​អ្នក​តាមដាន​នយោបាយ​គ្រប់​ជាន់​ថ្នាក់ សុទ្ធ​តែ​គិត​ដូច​ៗ​គ្នា​ ថា​ដំណើរ​ទស្សនកិច្ច​របស់​លោក​អូបាម៉ា នៅ​ពេល​នេះ គ្មាន​ឥទ្ធិពល​អ្វី​ភ្លាមភ្លែត លើ​នយោបាយ​គុយបា​ទេ ! សេតវិមាន​​ផ្ទាល់​ក៏​គិត​ដូច្នោះ​ដែរ។ ឧបសគ្គ​នៅ​មាន​ច្រើន​ខ្លាំង​ណាស់ សម្រាប់​​អតីត​គូសត្រូវ​នឹង​គ្នារាប់​ទសវត្សរ៍ ​ទំនាក់ទំនង​ជា​”ធម្មតា”​ ដូច​គេ​ដូច​ឯង​បាន ត្រូវ​ការ​ប្រើពេល​វេលា​យូរ​ទៀតណាស់។
 
កាលពី​មួយ​ឆ្នាំ​មុន គ្មាន​នរណា​ទាំង​ហ៊ាន​គិត​ផង ថា​ប្រធានាធិបតី​អាមេរិក​អាច​នឹង​ធ្វើ​ដំណើរ​មក​ជាន់​ទឹក​ដី​គុយបា ចូល​ជជែក​ជា​មួយ​ប្រមុខដឹកនាំ​របប​កាស្ត្រូ ក្នុង​វិមាន​បដិវត្តនោះ ! ដូច្នេះ​​កម្មវត្ថុ​ចំបង​ពេលនេះ គឺ​គ្រាន់​តែ​ជា​ការ​ពង្រឹង​​ទំនាក់ទំនង​រវាង​សហរដ្ឋ​អាមេរិក​និង​គុយបា ដែលទើប​សុខចិត្ត​ភ្ជាប់ចំណង​ទូត​នឹង​គ្នា​ឡើង​វិញ បាន​ជិត​មួយ​ឆ្នាំ។
 
លើ​ផ្នែក​សេដ្ឋកិច្ច​វិញក៏​ដូចគ្នា​ ! លោកអូបាម៉ាចង់​ពលរដ្ឋ​ទាំង​ពីរ​ទាញចំណេញ​ទំនាក់ទំនង​ជា​ធម្មតា​ឡើង​វិញ​រវាង​អាមេរិក​និង​គុយបា ដោយ​តាម​គម្រោង​លោក​នឹង​ចូល​រួម​ក្នុង​កម្មវិធី​តុមូល រវាង​ប្រមុខរដ្ឋ​អាមេរិក​និងសហគ្រិន​អាមេរិក​គុយបា។ ទំនង​ជា​នឹង​អាច​មាន​ការ​ប្រកាស​​ផ្សេងៗ​ ការ​បើក​ទីផ្សារ​ថ្មីៗ ប៉ុន្តែ​សូម្បី​តែ​​ក្រុមហ៊ុន​អយស្ម័យយាន​​អាមេរិក ដែល​អម​ដំណើរ​មក​ជា​លោក​អូបាម៉ា​ដែរ​នោះ ក៏​អះអាង​ថា​មិន​​រង់ចាំ​លទ្ធផល​អ្វីទាំង​អស់ ! គ្មាន​អ្វី​សម្រេច​ជាក់លាក់​ទេ !​ សំខាន់​គឺ​បាន​មក​ដល់​​គុយបា បាន​ឃើញ​ជាក់ស្តែង​នឹង​ភ្នែក​គឺ​គ្រប់គ្រាន់​ណាស់​ទៅ​ហើយ សម្រាប់​​ពេល​នេះ៕

 

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ