អានតួអត្ថបទ

វ៉េណេស៊ុយអេឡា ៖ បក្សប្រឆាំង​ពន្យុះការ​បះបោរ ប្រធានាធិបតី​ច្រាន​ចោល​សំណើ​ធ្វើ​ប្រជាមតិ

វិបត្តិ​នយោបាយ​​នៅ​ប្រទេស​វ៉េណេស៊ុយអេឡា កំពុ​ងធ្លាក់​ដុនដាប​យ៉ាង​ខ្លាំង និង​កំពុង​ឈាន​ដល់​​ជម្លោះ​រវាង​ប្រធានាធិបតី​និង​សភា។ បក្ស​ប្រឆាំងដែល​មាន​សំឡេង​ភាគច្រើន​នៅ​ក្នុង​សភា ​និង​ប្រធានាធិបតី​កំពុងដំឡើង​សំឡេង​​ដាក់​គ្នា​ ដោយម្ខាង​បាន​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ និង​យោធា​ងើប​បះបោរ​ឈប់​ស្តាប់​បង្គាប់ថ្នាក់​ដឹក​នាំ​ប្រទេស ឯ​ខាង​ប្រធានាធិបតី លោក ម៉ាឌូយរ៉ូ បដិសេធ​មិន​ព្រម​រៀប​ចំ​ប្រជាមតិ​ឡើយ ព្រោះ​យល់​ថា​ការ​គម្រោង​គៀង​ទម្លាក់​លោក​ពី​អំណាច។

ប្រធានាធិបតី​វ៉េណេស៊ុយអេឡា លោក Maduro បាន​ចេញ​ក្រឹត្យ​ដាក់​ប្រទេស​ក្នុង​ភាព​បន្ទាន់​សេដ្ឋកិច្ច តែ​ត្រូវ​ច្រាន​ចោល​ដោយ​សភា
ប្រធានាធិបតី​វ៉េណេស៊ុយអេឡា លោក Maduro បាន​ចេញ​ក្រឹត្យ​ដាក់​ប្រទេស​ក្នុង​ភាព​បន្ទាន់​សេដ្ឋកិច្ច តែ​ត្រូវ​ច្រាន​ចោល​ដោយ​សភា REUTERS/Carlos Garcia Rawlins
ផ្សាយពាណិជ្ជកម្ម

វ៉េណេស៊ុយអេឡា បាន​ធ្លាក់​ក្នុង​វិបត្តិ​នយោបាយ​ អស់​ជា​ច្រើន​ខែ​មក​ហើយ តែ​នៅ​ថ្ងៃ​នេះ វិបត្តិ​កាន់​តែ​ធ្ងន់ធ្ងរ​បន្ថែម​ទៀត ដោយ​សភា​បាន​​ច្រាន​ចោល​​ក្រឹត្យ​របស់​ប្រធានាធិបតី។

កាលពី​ថ្ងៃ​សុក្រ ប្រធានាធិបតី​វ៉េណេស៊ុយអេឡា ម៉ាឌុយរ៉ូ បាន​ចេញ​ក្រិត្យ​ដាក់​ប្រទេស​ ក្នុង​ “ស្ថានភាព​ពិសេស​ និង​អាសន្ន​សេដ្ឋកិច្ច” ដើម្បី​ប្រឈម​នឹង​វិបត្តិ​សេដ្ឋកិច្ច​។ ក្រិត្យ​នេះ គ្រាន់​តែ​ការ​បន្ត​ក្រឹត្យ​ចាស់​ ចែង​កាល​ពី​ខែ​កុម្ភៈ​ ដាក់​ប្រទេស​ក្នុង​ភាព​​បន្ទាន់​សេដ្ឋកិច្ច​ប៉ុណ្ណោះ។ ប៉ុន្តែ​សម្រាប់​បក្ស​ប្រឆាំង នេះ​គឺ​ជា​ការ​ស្វែង​រក​អន្តរាគមន៍ និង​ការ​បំពាក់​របប​យោធា​ឱ្យ​ប្រទេស​។ ហេតុដូច្នេះ​ហើយ​បាន​នៅ​ល្ងាច​មិញ សភា ដែល​កាន់​កាប់​ដោយ​បក្ស​ប្រឆាំង បាន​នាំ​គ្នា​បោះឆ្នោត​ច្រាន​ចោល​ក្រឹត្យ​ប្រធានាធិបតី ដោយ​សំអាង​ថា​ក្រឹត្យ​នោះ​មាន​តម្លៃ​ផ្ទុយ​នឹង​រដ្ឋធម្មនុញ្ញ។

 
ជាង​នេះ​ទៀត ប្រមុខ​បក្ស​ប្រឆាំង​ដែល​មិន​មែន​ជា​សមាជិក​សភា​ និង​ជា​អតីត​គូប្រជែង​របស់​លោក​ប្រធានាធិបតី​បាន​ឆ្លៀត​ឱកាស​វឹកវរ​នេះ អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​​ឈប់​ស្តាប់​បង្គាប់​ប្រមុខ​រដ្ឋ និង​ពន្យុះ​ឱ្យ​យោធា​ជ្រើសរើស​រវាង​រដ្ឋធម្មនុញ្ញ និង​ប្រធានាធិបតី។ ដើម្បី​ជា​ការ​ដាក់​សម្ពាធ ក្រុមបក្ស​ប្រឆាំង​បាន​នាំគ្នា​ធ្វើ​បាតុកម្ម​ទ្រង់ទ្រាយ​ធំ​ នៅ​ថ្ងៃពុធ​នេះ ទាមទារ​ឱ្យ​មាន​ការ​រៀប​ចំ​ប្រជាមតិ ប្រឆាំង​ឬ​គាំទ្រ​ប្រធានាធិបតី។ ប៉ុន្តែ​ទោះ​មាន​គំនាប​ខ្លាំង​យ៉ាង​ដូច្នេះ​ក៏​ដោយ ក៏​លោក​ប្រធានាធិបតី ម៉ាឌុយរ៉ូ មិន​ចុះញ៉ម​ឡើយ ដោយ​បាន​ស្រែក​សំឡុត​បដិសេធ​ គម្រោង​ធ្វើ​ប្រជាមតិ​នោះ និង​បាន​ចោទ​ប្រកាន់​បក្ស​ប្រឆាំង​ថា​មាន​កំហុស​ ធ្វើ​បាតុកម្ម​ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​អាជ្ញាធរ។

ក្នុង​ស្ថានភាព​បែប​នេះ អ្នក​ឯកទេស​ព្រួយ​បារម្ភ​អំពី​ហានិភ័យ​ផ្ទុះ​វិបត្តិ​ផ្ទៃក្នុង ខណៈ​ដែល​វិបត្តិ​សេដ្ឋកិច្ច​ធ្លាក់​ដុនដាប ប្រជាពលរដ្ឋ​កំពុង​ជួប​កង្វះ​ខាត​ គ្រឿង​ឧបភោគ​បរិភោគ​និង​សម្ភារៈ​ចាំបាច់​​សម្រាប់រស់ ជា​បណ្តើរៗ​ហើយ។ បើ​តាម​ការ​ស្ទង់​មតិ ពលរដ្ឋ​វ៉េណេស៊ុយអេឡា ៧​នាក់​ក្នុង​ចំណោម​១០​នាក់ មិន​ពេញ​ចិត្ត​នឹង​ចំណាត់ការ​របស់​ប្រធានាធិបតី​ឡើយ៕​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ