អានតួអត្ថបទ

សង្គមនិយម​វ៉េណេស៊ុយអេឡា ពី​ជីវភាព​រុងរឿង មក​វគ្គ​ប្រើ​កម្លាំ​ងយោធា

នៅពេល​ដែល​វិបត្តិ​នយោបាយ​កាន់តែ​ធ្លាក់​ចុះធ្ងន់ធ្ងរ ហើយ​គណបក្ស​ប្រឆាំង​កំពុង​ស្វះស្វែងរក​ការសម្របសម្រួល​ពី​សហគមន៍​អន្តរជាតិ​ លោក​ប្រធានាធិបតី​វ៉េណេស៊ុយអេឡា​ប្រកាស​បើក​ធ្វើ​សមយុទ្ធ​ទ្រង់ទ្រាយធំ ដើម្បី​ទុក​ជា​ការ​ព្រមាន​ដល់​​អ្វី​ដែល​លោក​ហៅថា​ជា​អន្តរាគមន៍​ពី​ក្រៅប្រទេស មក​ក្នុង​កិច្ចការ​របស់​វេណេស៊ុយអេឡា។ ហេតុ​អ្វី​បានជា​វ៉េណេស៊ុយអេឡា​ ដែល​ធ្លាប់​ជា​ប្រទេស​មាន​បាន​ បែរ​ជា​ត្រូវ​លង់ខ្លួន​ក្នុង​វិបត្តិ​ធ្ងន់ធ្ងរឡើងៗ​យ៉ាង​នេះ ?

បក្ស​ប្រឆាំងនាំគ្នា​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​ប្រធានាធិបតី​វ៉េណេស៊ុយអេឡា នៅ​ទីក្រុង​ការ៉ាកាស
បក្ស​ប្រឆាំងនាំគ្នា​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​ប្រធានាធិបតី​វ៉េណេស៊ុយអេឡា នៅ​ទីក្រុង​ការ៉ាកាស Reuters/路透社
ផ្សាយពាណិជ្ជកម្ម

ក្រោយ​ពី​បាន​បោះឆ្នោត​ច្រាន​ចោល​ក្រិត្យ​របស់​ប្រធានាធិបតី​ចង់​ដាក់​ប្រទេសក្នុង​ភាព​អាសន្ន​សេដ្ឋកិច្ច​ និង​នាំដឹកនាំ​​ធ្វើ​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​ កាលពី​ថ្ងៃពុធ​ ដោយ​បាន​ទទួល​ការ​បង្ក្រាប​យ៉ាង​ខ្លាំង​ពី​អាជ្ញាធរ​ បក្ស​ប្រឆាំងដែល​មាន​សំឡេង​ភាគ​ច្រើន​នៅ​សភា និង​​ប្រធាន​សភា​ជាតិ បាន​បង្កើន​សម្ពាធ​លើ​រដ្ឋាភិបាល​ ដោយ​ងាក​ទៅ​ពឹង​ពាក់​សហគមន៍​អន្តរជាតិ​ តាម​រយៈ​ការ​​ប្រាស្រ័យ​ទាក់ទង​ជាមួយ​ប្រធានាធិបតី​នៃ​បណ្តា​ប្រទេស​ធំៗ និង​ជិត​ខាង​វ៉េណេស៊ុយអេឡា ដូច​ជាអេស្ប៉ាញ ​កូឡុំប៊ី និង​ប៉ាណាម៉ា​ជា​ដើម។

ចំណែក​អង្គការ​​ការពារសិទ្ធិមនុស្ស Human Right Watch និង​អតីត​ប្រធានាធិបតី​កូឡុំប៊ី​បួន​រូប ក៏​បាន​អំពាវនាវ​ឱ្យអង្គការ​រដ្ឋ​​នៅ​អាមេរិក នាំ​គ្នា​បញ្ចេញសំឡេង​​ខ្លាំង​ដាក់​វ៉េណេស៊ុយអេឡា។ ហើយ​នៅ​ទី​បំផុត ក្រោម​សំណើ​របស់​​អង្គការ​សហភាពជាតិ​អាមេរិក​ខាងត្បូង​​ អតីត​ប្រធានាធិបតី​អេស្ប៉ាញ ហ្សាប៉ាតេរ៉ូ បាន​ក្លាយ​ជា​​ដឹកនាំ​គណៈប្រតិភូ​​ជាតំណាង​ប្រមុខ​ដឹកនាំ​ប្រទេស​បរទេស ចូល​ធ្វើ​អន្តរាគមន៍ ដើម្បី​​សម្របសម្រួល​ឱ្យ​ភាគី​បក្សដិបក្ស​ទាំង​ពីរ (គឺ​ប្រធានាធិបតី​ ជា​តំណាង​អំណាច​ប្រតិបត្តិ និង​សភា​ដឹកនាំ​ដោយ​បក្ស​ប្រឆាំង​ ជា​តំណាង​អំណាច​នីតិបត្តិ)​ ចូល​ចរចា​។​

 
បើ​តាម​អតីត​ប្រធានាធិបតី​អេស្ប៉ាញ ​វ៉េណេស៊ុយអេឡា គ្មាន​ជម្រើស​ផ្សេង​ក្រៅ​ពី​ត្រូវ​ចូល​តុ​ ពិភាក្សា​គ្នា​អំពី​បញ្ហា​សង្គម សេដ្ឋកិច្ច ...  ដំណើរការ​ចរចានេះ​អាច​វែង​ឆ្ងាយ​ និង​ស្មុគស្មាញ ភាគី​ទាំងពីរ​មាន​ចេតនា​ផ្តោះ​ប្តូរ​យោបល់​គ្នា​។ ប៉ុន្តែ​​បក្ស​ប្រឆាំង​ដាក់​លក្ខខណ្ឌ​ថា​ដើម្បី​អាច​ជជែក​ជាមួយ​រដ្ឋាភិបាល​កើត​​ដល់ត្រូវ​និយាយ​អំពី​ការ​រៀបចំ​ប្រជាមតិ​ទម្លាក់​លោក​ម៉ាឌុយរ៉ូ ជា​អាទិភាព។ ឯ​លោក​ប្រធានាធិបតី​វិញ​ ឆ្លើយ​តប​ថា​ព្រម​ទាល់​តែ​ការចរចា​ឆ្ពោះ​ទៅ​រក​ការ​បិទ​បញ្ចប់​​ទម្រង់​ជា​រដ្ឋ​ប្រហារ។

សមយុទ្ធ​យោធា ?!

ប៉ុន្តែ​ទន្ទឹម​នឹង​ចរន្ត​ចរចា​ចាប់​ផ្តើម ប្រធានាធិបតី​វ៉េណេស៊ុយអេឡា​បាន​ប្រកាស​ធ្វើ​សមយុទ្ធ​ទ្រង់ទ្រាយ​ធំ ដែលមាន​ទាហាន​និង​យុទ្ធជន​ ជាង​កន្លះ​លាន​នាក់​ចូល​រួម ដើម្បី​ប្រឈម​នឹង​​ការ​គំរាម​កំហែង​មក​ពី​ក្រៅ មិន​មែន​ធ្វើ​ដើម្បី​បំភ័យ​នរណា​ម្នាក់​នៅក្នុង​ប្រទេស​ទេ។ នេះ​ជា​ការ​អះអាង​របស់​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ។

ប៉ុន្តែ​ពាក្យ​នេះ​ គ្រាន់​តែ​ដើម្បី​ដោះសារ​តែ​ប៉ុណ្ណោះ តើ​មាន​ការ​គំរាម​កំហែង​មក​ពី​ក្រៅ​ឯណា​ ក្រៅ​អំពី​អន្តរគមន៍​អន្តរជាតិ​ ដែល​ចង់​សម្របសម្រួល​ឱ្យ​ភាគី​រដ្ឋាភិបាល​និង​សភា​ភ្ជាប់​សំដីគ្នា​ ក្រែង​បាន​បន្ធូរ​បន្ថយ​សម្ពាធ​បាន​ខ្លះ។

ពេល​នេះ​វ៉េណេស៊ុយអេឡា ​កំពុង​ស្ថិត​ក្នុង​ស្ថានការណ៍​អាសន្ន ព្រោះ​​ក្រិត្យ​ដាក់​ប្រទេស​ក្នុង​ស្ថានភាព​ពិសេស និង​បន្ទាន់​សេដ្ឋកិច្ច ដែល​សភា​បាន​បោះឆ្នោត​ច្រាន​ចោល តែ​ត្រូវ​បាន​តុលាការ​ធម្មនុញ្ញ​ឱ្យ​​ឈ្នះ នៅ​ល្ងាច​មិញ ដូច្នេះ​ទើប​រដ្ឋាភិបាល​អាច​ការ​វិល​មក​ប្រើ​កម្លាំង​ទ័ព​ជា​ការណ៍​ធម្មតា។ ប៉ុន្តែ​សម្រាប់​ក្រុម​អ្នក​វិភាគ យក​លេស​ធ្វើ​សមយុទ្ធ​ ក្រោម​ហេតុផល​មាន​ការ​គំរាម​កំហែង​ពី​ក្រៅ គឺ​គ្រាន់​តែ​ទម្រង់​បង្ហាញ​សាច់ដុំ​ ដាក់​បក្ស​ប្រឆាំង​តែ​ប៉ុណ្ណោះ ដែល​ប្រមូល​បាន​ហត្ថលេខី​ ១លាន​៨​សែន សុំ​ធ្វើ​ប្រជាមតិ​ទម្លាក់​​ប្រធានាធិបតី។

ពលរដ្ឋ​វ៉េណេស៊ុយអេឡា ត្រូវ​តម្រង់ជួរ​រាប់​ម៉ោង​ទម្រាំ​អាច​ទិញ​សម្ភារៈ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​បាន​ខ្លះ
ពលរដ្ឋ​វ៉េណេស៊ុយអេឡា ត្រូវ​តម្រង់ជួរ​រាប់​ម៉ោង​ទម្រាំ​អាច​ទិញ​សម្ភារៈ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​បាន​ខ្លះ REUTERS/Carlos Garcia Rawlins

សេដ្ឋកិច្ចបែប​សង្គមនិយម​និង​រំពឹងតែ​លើ​ប្រេងកាត នាំ​មហន្តរាយ​ដល់​ប្រទេស

វ៉េណេស៊ុយអេឡា ជា​ប្រទេស​ធ្លាប់​មាន​បាន និង​កំរិត​ជីវភាព​ប្រជាជន​ នៅ​ក្នុង​ទសវត្សរ៍​ទី ៦០ ប្រដំ​ប្រសង​នឹង​ប្រទេស​លោកខាង​លិច​ផ្សេងៗ​ទៀត ព្រោះ​ជា​ប្រទេស​សម្បូរ​ប្រេងកាត។ ប៉ុន្តែ​ពេល​នេះ​វ៉េណេស៊ុយអេឡា​ធ្លាក់​ខ្លួន​ជា​​ប្រទេស​ក្រីក្រ​ ដ៏​ខ្លាំង​បំផុត​មួយ​នៅ​តំបន់​អាមេរិកឡាទីន និង​នៅ​លើ​ពិភពលោក ដោយ​មាន​ពលរដ្ឋ​ ៧៣%​រស់​នៅ​ក្រោម​បន្ទាត់​នៃ​ភាព​ក្រីក្រ។

ផលិតផល​ក្នុង​ស្រុក​ដាំក្បាល​ចុះជាប់​ជា​ប្រចាំ​តាំង​ពី​ជាង​ពី​ឆ្នាំ​មក​ហើយ។ ឱនភាព​ជាតិ​ មាន​កំរិត​ដល់​ទៅ​ ២៧៥%​នៅ​ឆ្នាំ​២០១៥ និង​ធ្លាក់​ដល់​៧០០%​នៅ​ឆ្នាំ​២០១៦​  ​ពោល​គឺ​ជា​ជើងឯក​ប្រចាំ​ភពផែនដី។ ​ការធ្លាក់​ចុះ​នេះ បណ្តាល​មក​ពី​មូលហេតុ​ពីរ​សំខាន់ៗ ទី​មួយ​គឺ​នយោបាយ​រំពឹង​លើ​​ធនធាន​ប្រេង និង​ទីពីរ​មក​នយោបាយ​បែប​សង្គម​និយម​របស់​វ៉េណេស៊ុយអេឡា។

វ៉េណេស៊ុយអេឡា គឺ​ជា​តំណាង​ប្រទេស​សង្គមនិយម​ដ៏​ធំ​បំផុត​ប្រចាំ​សតវត្សរ៍​ទី ២១​នេះ​។ សេដ្ឋកិច្ច​សង្គម​និយម​ ប្រមូល​ដាក់​ជា​សមូហភាព -រដ្ឋ​គ្រប់​គ្រង​រាល់​គ្រប់​ក្រុមហ៊ុន​សហគ្រាស តូច​ធំ ទីផ្សារ​ហិរញ្ញវត្ថុ​ ទីផ្សារ​ទំនិញ មន្ទីរពេទ្យ​ ... សូម្បី​តែ​អំណាច​តុលាការ​ក៏​ត្រូវ​ស្ថិត​ក្រោម​បង្គាប់​នយោបាយ​ដែរ។ រដ្ឋាភិបាល​ត្រួតពិនិត្យ​គ្រប់​យ៉ាង​ទាំង​អស់ គ្មាន​អ្វី​ជា​របស់​ឯកជន​ទេ និង​ គ្មាន​ទេ​ពាក្យ​ថា​សេរី សេរីភាព​។ រដ្ឋ​ជា​អ្នក​ចែក​ចាយ​ទឹក ភ្លើង ចំណីអាហារ​ សម្ភារៈ​ប្រើប្រាស់ ផលិតផល​កសិកម្ម យ៉ាង​ខ្ជះខ្ជាយ​​។

នយោបាយ​សង្គមនិយម​នេះ​ត្រូវ​បាន​ស្តារ​និងអនុវត្តន៍​ តាំង​ពី​ឆ្នាំ​១៩៩៩​មក ដោយប្រធានាធិបតី​ អ៊ុយហ្កោ ស្ហាវែស។ របប​នយោបាយ​បែប​នេះ បាន​ធ្វើ​ឱ្យ​មាន​អំពើ​ពុក​រលួយ​ស៊ីរ៉ូង​ផ្ទៃក្នុង នៅ​ពេល​ធនធាន​ប្រេង​កាត​​ដែល​ជាដង្ហើម​សេដ្ឋកិច្ច​របស់​ប្រទេស​ ឡើង​ថ្លៃ លុយ​ធ្លាក់​ចូល​ក្នុង​ហោបៅ​ថ្នាក់​ដឹកនាំ (កូនស្រី​ស្ហាវែស គឺ​កំពូល​អ្នក​មាន​បំផុតមួយ​នៅលើ​ពិភពលោក)។ លុយ​ចំណេញ​បាន​មក​ពី​​​ការ​លក់​ប្រេង​ មិន​អាច​ទាំង​សង​បំណុលជាតិ​​គ្រប់​ផង។

នៅ​ពេល​ប្រធានាធិបតី​ ស្ហាវែស ស្លាប់​ទៅ​នៅ​ឆ្នាំ ២០១៣ លោក​នីកូឡា ម៉ាឌុយរ៉ូ បាន​ឡើង​បន្ត​តំណែង និង​បន្តនយោបាយ​សេដ្ឋកិច្ច​បែប​សង្គមនិយម គ្មាន​ចាត់​វិធានការ​អ្វី​ទាំង​អស់ លុះ​តម្លៃ​​ប្រេង​ធ្លាក់​ថ្លៃ សេដ្ឋកិច្ច​ត្រដរ​​ខ្យល់ភ្លាម​​។

ពេល​នេះ ក្រៅ​អំពី​វិបត្តិ​នយោបាយជម្លោះ​រវាង​រដ្ឋាភិបាល​និង​សភាដ៏​តានតឹង ប្រជាពលរដ្ឋវិញ​កំពុង​ត្រដាប​ត្រដួស ខ្វះ​ទឹក​ខ្វះ​ភ្លើង​​ប្រើប្រាស់ មាន​លុយ​ហើយមិន​អាច​ទិញ​សម្ភារៈ​ម្ហូបអាហារ​ចាំបាច់​សម្រាប់​រស់​បាន​ផង ព្រោះ​គ្មាន​របស់​លក់ និង​ដោយ​សារ​ការ​ប្រើ​ប្រព័ន្ធ​ផ្តិត​ក្រយៅដៃ ពលរដ្ឋ​វ៉េណេស៊ុយអេឡា​អាច​វិញ​ចំណី​អាហារបាន​ស្តុក​ទុក​បាន​ត្រឹម​ពីរ​សប្តាហ៍​ប៉ុណ្ណោះ។ តាំង​ពី​ថ្ងៃ​ខែ​មេសា​មក ភាព​អត់​ឃ្លាន បាន​រុញ​ច្រាន​ឱ្យ​មាន​ការ​លួច ប្លន់ បំផ្លិចបំផ្លាញ​គ្រប់​បែប​យ៉ាង​ តាម​ហាង​ទំនិញ តាម​រថយន្ត​ដឹក​ជំទិញ ស្ទើរ​ពេញ​ផ្ទៃ​ប្រទេស៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ