អានតួអត្ថបទ

អ្នកការទូត​៥១​នាក់ ចង់​ឱ្យ​អាមេរិក​វាយ​រដ្ឋាភិបាល​ស៊ីរី

បទ​ឈប់​បាញ់​ចាស់ បទ​ឈប់​បាញ់​​ថ្មី ​ នៅ​​ស៊ីរី គ្មាន​អ្នក​គោរព​ទៀត​ទេ ! ពីរបី​ម៉ោង​ក្រោយ​ការ​ប្រកាស​របស់​ម៉ូស្គូ ការ​វាយប្រហារ​ផ្លូវអាកាស​បាន​ផ្តើម​ឡើង​វិញ​ យន្តហោះ​​រដ្ឋាភិបាល​ក្រុង​ដាម៉ាស​បាន​ចេញ​ធ្វើ​ប្រតិបត្តិការ​ទម្លាក់​គ្រាប់​បែក​លើ​ទីតាំង​របស់​ពួក​ឧទ្ទាម នៅតំបន់​​អាឡិប។ យន្តហោះ​រុស្ស៊ី​ក៏​ទំនង​ជាបាន​ដឹកនាំ​ការ​បាញ់​ប្រហារ​ពី​លើ​អាកាស​លើ​ភាគ​ខាង​ត្បូង​ស៊ីរី ប្រឆាំង​នឹងពួក​ឧទ្ទាម​គាំទ្រ​ដោយ​សហរដ្ឋ​អាមេរិក។ ក្នុង​ខណៈនោះ នៅ​វ៉ាស៊ីនតោន មាន​អ្នកការទូត​អាមេរិក​ជា​ច្រើន​ បាន​ផ្តាច់​ខ្លួន​ធ្វើ​ការ​រិះគន់​យុទ្ធសាស្ត្រ​អាមេរិក​ នៅ​ស៊ីរី និង​បាន​សំណូមពរ​ឱ្យ​មាន​ការ​វាយប្រហារ​លើ​របប​លោក​ អាសាដ​​តែ​ម្តង​ ដើម្បី​បិទ​បញ្ចប់​សង្រ្គាម​ដ៏​រ៉ាំរ៉ៃ​នៅស៊ីរី។

តំបន់​អាឡិប​កាន់កាប់​ដោយ​ពួក​ឧទ្ទាម ស្ថិត​ក្រោម​ការ​វាយប្រហារ​ពី​សំណាក់​កម្លាំង​រដ្ឋាភិបាល​ក្រុង​ដាម៉ាស
តំបន់​អាឡិប​កាន់កាប់​ដោយ​ពួក​ឧទ្ទាម ស្ថិត​ក្រោម​ការ​វាយប្រហារ​ពី​សំណាក់​កម្លាំង​រដ្ឋាភិបាល​ក្រុង​ដាម៉ាស REUTERS/Abdalrhman Ismail
ផ្សាយពាណិជ្ជកម្ម

អ្នកការទូត​អាមេរិក​៥១​នាក់ ដែល​មាន​ទំនួល​ខុ​សត្រូវ​លើ​សំណុំ​រឿង​យុទ្ធសាស្ត្រ​អាមេរិក​​នៅ​ស៊ីរី បាន​នាំ​គ្នា​ចុះ​ហត្ថលេខា​លើ​លិខិត​មួយ​រិះគន់​ជំហរអាមេរិក​នៅស៊ីរី និងបាន​អំពាវនាវ​ឱ្យ​អាមេរិក ធ្វើ​ការ​វាយប្រហារ​លើ​របប​លោកក្រុង​ដាម៉ាស​តែ​ម្តង។

ប្រសិន​បើ​​​យោធាអាមេរិក​វាយប្រហារ​សំដៅ​លើរដ្ឋាភិបាល​​លោក​បាស្ហារ អាល់អាសាដ មែន នោះ​ពិតជា​ការ​ប្តូរ​ផ្លាស់នយោបាយ​ដ៏​សំខាន់​បំផុត ព្រោះ​ពេល​នេះ​រដ្ឋបាល​អូបាម៉ា ផ្តុំ​ប្រតិបត្តិការ​ផ្លូវអាកាស ក្នុង​ក្របខ័ណ្ឌ​សម្ព័ន្ធ​អន្តរជាតិ​ ​តែ​លើ​​ទីតាំង​របស់​ពួក​អង្គការ​រដ្ឋ​អ៊ីស្លាម​នៅ​ស៊ីរី​ ប៉ុណ្ណោះ។

លោក ចន​ឃែរី ប្រមុខ​ការទូត​អាមេរិក​ដែល​កំពុង​ស្ថិត​នៅ​ប្រទេស​ដាណឺម៉ាក សុំ​មិន​ធ្វើ​អត្ថាធិប្បាយ​អ្វី​ទាំង​អស់ ដោយ​គ្រាន់​តែ​ព្រលយ​​ថា​​សំណើ​ប្តូរ​យុទ្ធសាស្ត្រ​នេះ ថា​ជា​ឯកសារ​ដ៏​សំខាន់។ ​លោក​នឹង​ពិភាក្សា​ជាមួយ​ម្ចាស់​លិខិត​ពេល​ត្រលប់​ចូល​ប្រទេស​វិញ។ តែ​ជំហរ​សេតវិមាន គឺ​ ប្រឆាំង​​ជានិច្ច​នឹង​​​ការ​ប្រើ​កម្លាំង​យោធា ឱ្យ​ចូល​​ជ្រៅទៅ​​ក្នុង​ប្រទេស​ស៊ីរី។

សូម​បញ្ជាក់​ថា អ្នកការទូត​អាមេរិក​ហ៊ាន​ធ្វើ​សំណើ​នេះ​ឡើង​ ដោយ​សំអាង​ថា​បទ​ឈប់​បាញ់​​ដាក់​ឱ្យ​ដំណើរ​ការ​តាំង​ពីចុង​ខែ​កុម្ភៈ​ឆ្នាំ​២០១៦ មក គ្មាននរ​ណា​គោរព។ យុទ្ធសាស្ត្រ​អាមេរិក​រយៈ​ពេល​៥​ឆ្នាំ​កន្ល​ងមក​នេះ គ្មាន​លទ្ធផល​ របប​ក្រុង​ដាម៉ាស​របស់​លោក បាស្ហារ អាល់អាសាដ កាន់​តែជំហរ​រឹងមាំ​​ ដោយ​មាន​ជំនួយ​ពី​កងទ័ព​អាកាស​រុស្ស៊ី ឯ​សមត្ថភាព​របស់​​ពួក​អង្គការ​រដ្ឋ​អ៊ីស្លាមគ្មាន​បាន​ប៉ះពាល់​ថមថយ​ទេ។ ជាក់​ស្តែង​នៅ​ថ្ងៃ​នេះ កង​កម្លាំង​យោធា​រុស្ស៊ី ទំនង​ជា​បាន​បើក​ប្រតិបត្តិការ​នៅ​ភាគ​ខាង​ត្បូង​ប្រទេស​ស៊ីរី ប្រឆាំង​នឹង​ក្រុម​ប្រឆាំង​រដ្ឋាភិបាល​ តែ​គាំទ្រ​ដោយ​អាមេរិក។ កង​ទ័ព​រដ្ឋាភិបាល​ក្រុង​ដាម៉ាស ក៏​បាន​ចេញ​​ទម្លាក់​គ្រាប់​បែក​លើ​ទីតាំង​របស់​ពួក​ឧទ្ទាម​ដែរ នៅ​ថ្ងៃ​នេះ នៅ​តំបន់​ក្រុង​អាឡិប៕​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ