អានតួអត្ថបទ

​ចាប់​ខ្លួន​អង់គ្លេស​ម្នាក់ដែល​ប៉ង​ធ្វើ​ឃាតលោក​ដូណាល់ត្រាំ

​យុវជន​​​អង់គ្លេស ​អាយុ​១៩​ឆ្នាំ ម្នាក់​ត្រូវ​តុលាការ​អាមេរិក​ចោទ​ប្រកាន់​ជា​ផ្លូវការ​ពីបទ​ប៉ុនប៉ង​ធ្វើ​ឃាត​សម្លាប់​លោក ដូណាល់ ត្រាំ ពេល​កំពុង​ធ្វើ​មិទ្ទិញ​ នៅ​ក្រុង​Las Vegas កាលពី​ថ្ងៃទី ១៨​មិថុនា។ លោក ដូណាល់​ត្រាំ បេក្ខជន​ប្រធានាធិបតី​អាមេរិក​បក្ស​សាធារណរដ្ឋ ​ល្បី​និង​មាន​ទម្លាប់​ប្រើ​សម្តី​បែប​ជ្រុល​និយម និង​​​ធ្វើ​យុទ្ធនាការ​ដ៏ចម្រូង​ចម្រាស​​ តាន​តឹង​ខ្លាំង។

ប៉ូលិស​ចាប់ Michael Steven Sandford អាយុ​១៩​ឆ្នាំដែល​​ប៉ង​ធ្វើ​ឃាត​លោក​ដូណាល់ត្រាំ
ប៉ូលិស​ចាប់ Michael Steven Sandford អាយុ​១៩​ឆ្នាំដែល​​ប៉ង​ធ្វើ​ឃាត​លោក​ដូណាល់ត្រាំ REUTERS/David Becker
ផ្សាយពាណិជ្ជកម្ម

បញ្ជូនភ្លាម​​ចូល​​ពន្ធនាគារ Michael Sandford គ្មាន​សិទ្ធិសុំ​​នៅ​​ក្រៅ​ឃុំ​​​ទេ ព្រោះ​តុលាការ​អាមេរិក​ចាត់​ទុក​យុវជន​នេះ ជា​មនុស្ស​ដ៏​គ្រោះ​ថ្នាក់ និងអាច​​មាន​បំណង​រត់​គេច​។ នេះ​បើ​តាម​ការ​អះអាង​របស់​ការិយាល័យ​រដ្ឋ​អាជ្ញា។ ក្រោយ​ពី​បាន​ធ្វើ​ការ​ចោទ​ប្រកាន់​ជា​ផ្លូវ​ការ នៅ​ថ្ងៃចន្ទម្សិលមិញ​ សវនាការដំបូង​នឹង​ត្រូវ​ចាប់​ផ្តើម​នៅ​ថ្ងៃទី ៥​  កក្កដា​​ខាង​មុខ។ Michael Sandford អាច​នឹង​ត្រូវ​តុលាការ​កាត់​ទោស​ឱ្យ​ជាប់​ពន្ធនាគារ​ជាង​​១០​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​២៥ម៉ឺន​ដុល្លារ ពី​បទ​ធ្វើ​សកម្មភាព​ហិង្សា​ក្នុង​ធ្លា​ឯកជន។

សិនហ្វ័ត បាន​ប៉ុនប៉ង​សម្លាប់​លោក ដូណាល់​ ត្រាំ នៅ​ថ្ងៃទី ១៨​មិថុនា ក្នុង​ពេល​ដែល​បេក្ខជន​ប្រធានាធិបតី​បក្ស​សាធារណរដ្ឋ ធ្វើ​មិទ្ទិញ​ឃោសនា​នយោបាយ​​នៅ​ក្រុងLas Vegas ដោយ​បាន​​​ស្ទុះ​ទៅ​កញ្ឆក់​កាំភ្លើង​ពីចង្កេះ​​ភ្នាក់ងារ​អង្គរក្សម្នាក់ ដើម្បី​យក​មក​បាញ់​សម្លាប់​លោក ដូណាល់​ត្រាំ។

មាន​អាយុ​១៩​ឆ្នាំ Michael Sandford  បាន​មក​រស់​នៅ​សហរដ្ឋ​អាមេរិក​តាំង​ពី​មួយ​ឆ្នាំ​កន្លះមុន​ និង​មក​តាំង​ទី​នៅ​Las Vegas ក្នុង​ចេតនា​តែ​មួយគត់​គឺ​ដើម្បី​ធ្វើ​ឃាត​លោក​ដូណាល់ត្រាំ។ នេះ​បើ​តាម​​បណ្តឹង​របស់​រដ្ឋាភិបាល​អាមេរិក ​ដោយ​មាន​ប្រភព​ភ្នាក់ងារ​ចារកិច្ច​ ការពារ​ប្រធានាធិបតី​និង​បេក្ខជន​ប្រធានាធិបតី​អាមេរិក​ជា​សំអាង។

ក្រោយ​ពេល​ចាប់​ខ្លួន​បាន​ភ្លាម យុវជន​អង់គ្លេស​បាន​រៀប​រាប់​ប្រាប់​ក្រុម​អ្នក​អង្កេត​ថា បាន​ទៅ​ហាត់​រៀន​បាញ់​កាំភ្លើង​ និង​បាន​ទិញ​សំបុត្រ​​​សម្រាប់​ចូល​រួម​ក្នុង​មិទ្ទិញ​ មួយ​ទៀត របស់​លោក​ដូណាល់ត្រាំ​ នៅ​រដ្ឋ​អារីហ្សូនា​រួច​ហើយ ក្នុង​ករណី​មិន​អាច​សម្រេច​ផែនការ​នៅLas Vegas។ ដោយ​បាន​តាំង​ចិត្ត​រៀប​ផែនការ​តាំង​ពី​មួយ​ឆ្នាំ​មក​ហើយ និង​ដឹង​ច្បាស់​ថា​អាច​ត្រូវ​ស្លាប់ដោយ​គ្រាប់​កាំភ្លើង​ប៉ូលិស តែ​Michael Standford បាន​អះអាង​នឹង​សាកល្បងធ្វើ​ឃាត​លោក ដូណាល់​ត្រាំ​ជា​ថ្មី ប្រសិន​បើ​មាន​សេរីភាព​​ពេល​នេះ។

​នេះ​មិន​មែន​ជា​លើក​ទីមួយទេ ដែល​យុទ្ធនាការ​ឃោសនារបស់​លោក​ដូណាល់ត្រាំ​​ បាន​ជួប​ហេតុការណ៍​ហិង្សាដូច្នេះ។ កាលពី​ខែ​មីនា និស្សិត​ម្នាក់​អាយុ​២២​ឆ្នាំ​ក៏​បាន​សាកល្បង​លោត​ទៅ​សង្គប់​លើ​លោក​ដូណាល់​ត្រាំ​ដែរ​ មុន​នឹង​ត្រូវ​​ភ្នាក់ងារ​ចារកិច្ចចាប់​ខ្លួន​បាន។ មិទ្ទិញ​របស់​លោក​ដូណាល់​ត្រាំ​ តែង​ជួប​ភាព​វឹកវរ​ហិង្សា​ជាញយដង ព្រោះ​បេក្ខជន​ប្រធានាធិបតី​រូប​នេះ ជាប់​ឈ្មោះ​ថា​បាន​ញុះញង់​ដោយ​មានភាព​តានតឹង តាម​រយៈ​ពាក្យ​សម្តី​ហិង្សា ប្រកាន់​ពូជសាសន៍​ និង​បែប​ជ្រុល​និយម​ខ្លាំង ប្រឆាំង​នឹង​ជនជាតិ​ម៉ិចស៊ិក​ឬ​អ៊ីស្លាម (...)៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ