អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ក្រុមហ៊ុន​ Apple ​បដិសេធ​មិន​ឧបត្ថម្ភ​ថវិកា​ដល់​លោក​ ដូណាល់ ត្រាំ​

ចុះផ្សាយ​នៅ​ថ្ងៃ៖

បើ​យោង​តាម​អត្ថបទ​ចុះផ្សាយ​របស់​វេបសាយ៍​​អាមេរិក​ Politico បាន​ឲ្យ​ដឹង​ថា​ ក្រុមហ៊ុន​ Apple នឹង​​មិន​ផ្តល់​ថវិកា និង​ជំនួយ​សម្ភារៈ​ដល់​យុទ្ធនាការ​ឃោសនា​ស្វែង​រក​សម្លេង​ឆ្នោត​របស់​លោក​ ដូណាល់​ ត្រាំ​ ឡើយ។​ ហើយ​ខុស​ពី​ទម្លាប់​ធម្មតា​ ​ក្រុមហ៊ុន​នេះ​ក៏​នឹង​មិន​ជួយ​ជ្រោម​ជ្រែង​ដល់​សមាជ​តែងតាំង​បេក្ខជន​ប្រធានាធិបតី​របស់​គណបក្ស​សាធារណរដ្ឋ​ឡើយ។ នៅ​សហរដ្ឋ​អាមេរិក​ ក្រុមហ៊ុន​បច្ចេកវិទ្យា​តែង​ផ្តល់​ប្រាក់​ឧបត្ថម្ភ​ឃោសនា​បោះឆ្នោត​ដល់​គណបក្ស​និមួយៗ។ ប៉ុន្តែ សំរាប់​ឆ្នាំ​នេះ​ លក្ខណៈ​ពិសេស​បែប​ជ្រុល​និយម​ និង​រើស​អើង​ពូជាសាសន៍​របស់​លោក​ Donald Trump ធ្វើ​ឲ្យ​ក្រុមហ៊ុន​មួយ​ចំនួន​ធំមិន​ចង់​យក​ខ្លួន​ទៅ​ពាក់​ព័ន្ធ​ជាមួយ។

ប្រធាន​អគ្គនាយក​​ក្រុមហ៊ុន​ Apple​ លោក​ Tim Cook​
ប្រធាន​អគ្គនាយក​​ក្រុមហ៊ុន​ Apple​ លោក​ Tim Cook​ REUTERS/Carlo Allegri
ផ្សាយពាណិជ្ជកម្ម

ជាទូទៅ​ ​ ក្រុមហ៊ុន​ផ្នែក​បច្ចេកវិទ្យា​ព័ត៌មាន​អាមេរិក​តែង​បង្ហាញ​ជំហរ​អព្យាក្រិត្យ​ក្នុង​រឿង​នយោបាយ ដោយ​ឧបត្ថម្ភ​ស្មើៗ​គ្នា​ដល់​គណបក្ស​ធំៗ​ទាំងពីរ​ ពោលគឺ គណបក្ស​ប្រជាធិបតេយ្យ​ និង​គណបក្ស​សាធារណរដ្ឋ។ ក្រុមហ៊ុន​ទាំង​នោះ​តែង​ពន្យល់​ពី​ការ​បរិច្ចាក​ថវិកា​ដល់​គណបក្ស​នយោបាយ​ ដោយ​ពួក​គេ​អះអាង​ថា គឺ​ដើម្បី​បង្ហាញ​ពី​ឆន្ទៈ​ក្នុង​ដំណើរ​ការ​លទ្ធិប្រជាធិបតេយ្យ។​ ហើយ​នេះ​ក៏​ជា​ឱកាស​សំរាប់​ក្រុមហ៊ុន​ទាំង​នោះ​អាច​ពង្រឹង​ទំនាក់​ទំនង​ជាមួយ​អ្នក​ទទួល​ខុស​ត្រូវ​នយោបាយ​។

 
ប៉ុន្តែ​ សំរាប់​ការ​បោះឆ្នោត​ប្រធានាធិបតី​ឆ្នាំ​ ២០១៦ នេះ​ ក្រុមហ៊ុន​ Apple បាន​សំរេច​ចិត្ត​កាត់​ផ្តាច់​ចេញ​ពី​ប្រពៃណី​ឧបត្ថម្ភ​នយោបាយ​នេះ។​ បើយោង​តាម​សារព័ត៌មាន​ The New York Times មូលហេតុ​ចម្បង​ គឺ​ដោយសារ​តែ​ជំហរ​នយោបាយ​បែប​រើសអើង​ពូជសាសន៍​ និង​សាសនា ព្រម​ទាំង​ទស្សនៈ​បែប​ជ្រុល​និយម​របស់​លោក​ Donald Trump ដែល​បាន​និយាយ​កន្លង​មក​ចំពោះ​ស្រ្តី​ភេទ​ ជន​អន្តោប្រវេសន៍​ និង​ជនពិការ។

កាលពី​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ប្រធានាធិបតី​ឆ្នាំ​ ២០០៨ ​គណបក្ស​និមួយៗ​បាន​ទទួល​​ប្រាក់​ឧបត្ថម្ភ​ចំនួន​ ១៤ ម៉ឺន​ដុល្លារ​, កុំព្យូទ័រ​ MacBook និង​សម្ភារៈ​បច្ចេកទេស​ផ្សេងៗ​ទៀត​ពី​ក្រុម​ហ៊ុន​ Apple។ ហើយ​កាលពី​ឆ្នាំ​ ២០១២ ក្រុមហ៊ុន​សញ្ញា​ផ្លែ​ប៉ោម​នេះ​​បាន​ឲ្យ​គណបក្ស​ទាំងពីរ​ខ្ចី​សម្ភារៈ​បច្ចេកវិទ្យា​​របស់​ខ្លួន​យក​ទៅ​ប្រើប្រាស់​ក្នុង​កំឡុង​ពេល​ឃោសនា។​ មក​ដល់​ពេល​នេះ​ ក្រុមហ៊ុន​ Apple បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ចំពោះ​ព័ត៌មាន​នេះ​។ ហើយ​ក្រុមហ៊ុន​ក៏​មិន​ទាន់​បញ្ជាក់​ជា​ផ្លូវការ​ដែរ​អំពី​របៀប​ឧបត្ថម្ភ​ដល់​ការ​ឃោសនា​របស់​លោកស្រី​ Hillary Clinton មក​ពីគណបក្ស​ប្រជាធិបតេយ្យ។

ក្រៅ​ពី​ការ​ឃោសនា​ស្វែង​រក​សម្លេង​ឆ្នោត​ ​ក្រុមហ៊ុន​ Apple ​ក៏​មិន​ផ្តល់​ជំនួយ​អ្វី​ទាំង​អស់​សំរាប់​​សមាជ​តែងតាំង​បេក្ខជន​ប្រធានាធិបតី​ប្រចាំ​បក្ស​។ គួរ​រំលឹកថា​ គណបក្ស​សាធារណរដ្ឋ​នឹង​រៀបចំ​សមាជ​តែងតាំង​បេក្ខជន​ប្រធានាធិបតី​ផ្លូវការ​តំណាង​ឲ្យ​បក្ស​របស់​ខ្លួន ​ចន្លោះ​ពី​ថ្ងៃ​ទី​ ១៨ ដល់​ថ្ងៃ​ទី​២១​ ​ខែ​កក្កដាក្នុង​ទីក្រុង​ Cleveland រដ្ឋ​ Ohio​។ ​បេក្ខជន​ដ៏​ចម្រូង​ចម្រាស់​ គឺ​មហាសេដ្ឋី​ Donald Trump ទំនង​ជា​នឹង​ទទួល​បាន​ការ​តែង​តាំង​នេះ​ ដោយសារ​មាន​ប្រតិភូ​ក្នុង​ដៃ​ច្រើន​ជាង​គេ។

បើ​តាមការ​ប៉ាន់​ស្មាន​ សមាជ​របស់​គណបក្ស​សាធារណរដ្ឋ​ឆ្នាំនេះ​ត្រូវការថវិកា​ចំនួន​ ៦០ លាន​​ដុល្លារ។​ ទាក់​ទង​នឹង​ការ​ឧបត្ថម្ភ​សមាជ​សំរាប់​​គណបក្ស​ទាំង​ពីរ​ ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ជាន់​ខ្ពស់​ផ្សេងៗ​ទៀត​បាន​ប្រកាស​ចូលរួម​ជួយ​តាម​ទម្រង់​ខុសៗ​គ្នា​។​ តួយ៉ាង​ដូចជា​ក្រុមហ៊ុន​ Google និង​ Facebook​ បាន​យល់​ព្រម​ឧបត្ថម្ភ​ស្មើៗ​គ្នា​ដល់​សមាជ​តែងតាំង​នៃ​គណបក្ស​ទាំង​ពីរ។ ក្រុមហ៊ុន​ Google បាន​ប្រកាស​ជួយ​ផ្សាយ​បន្ត​ផ្ទាល់​កម្មវិធី​សមាជ​​តាម​រយៈ​បណ្តាញ​សង្គម​​វីដេអូ​ Youtube។​ ចំណែក​ក្រុមហ៊ុន​ Facebook វិញ​ក៏​យល់​ព្រម​ជួយ​ឧបត្ថម្ភ​ថវិកា​ និង​សម្ភារៈ​ផង​ដែរ​ ជាពិសេស​គឺ ផ្សាយ​បន្ត​ផ្ទាល់​តាម​រយៈ​បណ្តាញ​សង្គម​របស់​ខ្លួន។

ប៉ុន្តែ ក៏​មាន​ក្រុមហ៊ុន​ធំៗ​ផ្សេងទៀត​បដិសេធ​ឧបត្ថម្ភ​ផងដែរ​។​ មាន​ជាអាទិ​​ក្រុមហ៊ុន​ Microsoft ដែល​បដិសេធ​មិន​ផ្តល់​​ប្រាក់​កាក់​​អ្វី​ឡើយ​ ​ដោយ​គ្រាន់​តែ​អនុញ្ញាតិ​ឲ្យ​គណបក្ស​សារណរដ្ឋ​ប្រើប្រាស់​បច្ចេកវិទ្យា​មួយ​ចំនួន​តូច​ប៉ុណ្ណោះ​របស់​ខ្លួន។ ​ផ្ទុយ​ទៅ​វិញ​ គណបក្ស​ប្រជាធិបតេយ្យ​ទទួល​បាន​បច្ចេកវិទ្យា​ដូចគ្នា​ ប៉ុន្តែ​ក្រោម​ទម្រង់​ជា​ថវិកា។ ចំណែក​ក្រុមហ៊ុន​កុំព្យូទ័រ​ដ៏​ធំ​មួយ​ ​គឺ​Hewlett Packard ដែល​ហៅ​កាត់​ថា​ HP វិញ​ ក្រុមហ៊ុន​នេះ​ធ្លាប់​ជា​ម្ចាស់​ឧបត្ថម្ភ​ដ៏​ធំជាង​គេ​ដល់​គណបក្ស​សាធារណរដ្ឋ​ នាកំឡុង​ពេល​ឃោសនា​ឆ្នាំ​២០១២។​ ប៉ុន្តែ សំរាប់​ឆ្នាំ​នេះ​ ក្រោយ​ពីមាន​សម្ពាភ​ពីសំណាក់​ក្រុម​អ្នក​តស៊ូ​មតិ​នៅ​លើ​វេបសាយ៍​ ColorofChange.org ​ក្រុមហ៊ុន​នេះ​ក៏​បាន​សុខ​ចិត្ត​ឈប់​ឧបត្ថម្ភ​ដល់​យុទ្ធនាការ​របស់​គណបក្ស​សាធារណរដ្ឋ។

បើ​យោង​តាម​ទិន្ន័យ​ប្រមូល​បាន​ដោយ​ក្រុមហ៊ុន​ Crowdpac ហើយ​ផ្សព្វផ្សាយ​បន្ត​ដោយ​ស្ថានីយ៍​​ទូរទស្សន៍​ CNN ​បាន​ឲ្យ​ដឹង​ថា​ មាន​តែ​ចៅកែ​ក្រុមហ៊ុន​ចំនួន​តែ​ ៥២ នាក់​ប៉ុណ្ណោះ​ ដែល​បាន​បរិច្ចាក​ប្រាក់​ឧបត្ថម្ភ​ដល់​យុទ្ធនាការ​របស់​លោក​ Donald Trump។​ ហើយ​ប្រាក់​ប្រមូល​បាន​នេះ​ គឺ​មាន​ចំនួន​តែ ២១ ០០០ ដុល្លារ​ប៉ុណ្ណោះ។ បើ​ប្រៀបធៀប​ជាមួយ​បេក្ខជន​ផ្សេងទៀត​ យើង​ឃើញ​លោក​ Bernie Sanders បាន​ទទួល​ប្រាក់​ឧបត្ថម្ភ​ចំនួន​ ៦ ​លាន​ដុល្លារ​ពី​សប្បុរស​ជន​ចំនួន​ ៣៣ ០០០ នាក់។​ ហើយ​លោកស្រី​ Hillary Clinton បាន​ប្រាក់​ចំនួន​ ២,៦ លាន​ដុល្លារ​ពី​អ្នក​គាំទ្រ​ចំនួន​ ២ ពាន់​នាក់។

បើ​និយាយ​ពី​និន្នាការ​នយោបាយ​វិញ​ ជាទូទៅ​ ឧស្សាហកម្ម​បច្ចេកវិទ្យា​ផែ្នក​ព័ត៌មាន​វិទ្យា​នៅ​សហរដ្ឋ​អាមេរិក​មាន​ទំនោរសេរីនិយម​​ ពោល​គឺ​ ពួក​គេ​តែង​មាន​ទំលាប់​ការពារ​គំនិត​នយោបាយ​របស់​គណបក្ស​ប្រជាធិតេយ្យ។​ ចាប់​តាំងពី​លោក​ Donald Trump​ ប្រឡូក​ខ្លួន​ក្នុង​ឆាកនយោបាយ​មក​ ការ​បែង​ចែក​បក្ស​ពួក​ក្នុង​ចំណោម​ថៅកែ​ក្រុមហ៊ុន​បច្ចេកវិទ្យា​​ចាប់​ផ្តើម​លេច​ចេញ​រូបរាង​។ កាលពីដើម​ខែ​មិនា​កន្លង​ទៅ​នេះ​ ថៅកែ​ក្រុមហ៊ុន​ធំៗ​នៅ​សង្កាត់​ព័ត៌មាន​វិទ្យា​ Silicon Valley បាន​បើក​វេទិកា​ជជែក​ពិភាក្សា​គ្នា​មួយ​ ដើម្បី​រិះរក​វិធី​សាស្រ្ត​ប្រឆាំង​យុទ្ធនាការ​របស់​លោក​ Donald Trump​។​ ប្រធាន​ក្រុមហ៊ុន​ធំៗ​ទាំង​នោះ​មាន​ដូចជា​ លោក​ Larry Page សហស្ថាបនិក​ក្រុមហ៊ុន​ Google, លោក​ Elon Musk ប្រធាន​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គសនី​ Tesla, លោក​ Tim Cook ប្រធាន​ក្រុមហ៊ុន​ Apple និង​ប្រធាន​ក្រុមហ៊ុន​ធំៗ​ដ៏ទៃ​ទៀត។

ជា​សរុប​ ក្រុមហ៊ុន​បច្ចេកវិទ្យា​អាមេរិក​សំឡឹង​មើល​មក​កាន់​លោក Donald Trump​​ ក្នុង​ផ្លូវ​អវិជ្ជមាន។ ហើយលោក Trump​​ ខ្លួន​ឯង​ផ្ទាល់​ក៏​ពុំ​ចូលចិត្ត​ក្រុមហ៊ុន​ទាំង​នោះ​ឡើយ។​ លោក​ Trump ធ្លាប់​ទាំង​បាន​ស្តីបន្ទោស​ក្រុមហ៊ុន​ Apple ថា​មិន​ស្នេហា​ជាតិ​ ដោយ​សុខចិត្ត​ផលិត​ iPhone, iPad​ ជាដើម​នៅ​ប្រទេស​ចិន​ជាជាង​នៅ​លើ​ទឹកដី​សហរដ្ឋ​អាមេរិក។​ ហើយ​កាលពី​ខែ​កុម្ភៈ​កន្លង​ទៅ​នេះ លោក​ Trump ក៏​បាន​អំពាវ​នាវ​ឲ្យ​ធ្វើ​ពហិការ​​ឈប់​ប្រើប្រាស់​ទូរស័ព្ទ​ដៃ​ iPhone បន្ទាប់​ពីក្រុមហ៊ុន​ Apple ​បដិសេធ​មិន​ដោះ​លេខកូដ​សម្ងាត់​ទូរស័ព្ទ​របស់​ភេរវជន​ម្នាក់​តាម​ការ​ស្នើ​សុំ​របស់​ FBI៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ