អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

លោក​ Donald Trump ​ រុះរើ​ក្រុម​ការងារ​ឃោសនា​ ខណៈ​លោកស្រី​ Hillary Clinton​ កំពុង​រៀបចំ​​ក្រុម​បន្ត​វេន​ដឹកនាំ​ប្រទេស​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ជា​ការ​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ កាលពី​សប្តាហ៍​មុន​នេះ​ លោក​ Donald Trump បាន​ប្រកាស​ផ្លាស់​ប្តូរ​ក្បាល​ម៉ាស៊ីន​ដឹកនាំ​យុទ្ធនាការ​ឃោសនា​របស់​ខ្លួន។​ ក្រុម​ការងារ​ថ្មី​នេះ​នឹង​ជួយ​លោក​ Trump ឲ្យ​ទទួល​បាន​សម្លេង​គាំទ្រ​ច្រើន​ជាង​មុន​ ខណៈ​ពេល​ដែល​លទ្ធផល​នៃ​ការ​ស្ទង់​មតិ​បង្ហាញ​ការ​ដាំក្បាល​ចុះ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។ ​ទន្ទឹម​គ្នា​នេះ​ផងដែរ​ លោកស្រី​ Hillary Clinton កំពុង​រៀបចំ​ក្រុមការងារ​ពិសេស​មួយ​ ដើម្បី​បន្តវេន​ដឹកនាំ​ប្រទេស​ពី​លោក​ ប៉ារ៉ាក់ អូបាម៉ា​ ក្នុង​ករណី​ដែល​លោកស្រី​ឈ្នះ​ឆ្នោត។

លោកស្រី  Hillary Clinton  និង​ លោក Donald Trump
លោកស្រី Hillary Clinton និង​ លោក Donald Trump DR
ផ្សាយពាណិជ្ជកម្ម

លោក​ Donald Trump បាន​សំរេច​ចិត្ត​រុះរើ​ក្រុម​ការងារ​ដឹកនាំ​យុទ្ធនាការ​បោះឆ្នោត​ហើយ​ កាលពី​សប្តាហ៍​មុន​នេះ។ ការ​ផ្លាស់​ប្តូរ​យុទ្ធសាស្រ្ត​ថ្មី​នេះ​ គឺ​ដោយសារ​តែ​លោក​ Paul Manafort ប្រធាន​ក្រុម​ការងារ​ឃោសនា​កំពុង​តែ​ជាប់​ពាក់​ព័ន្ធ​នឹង​រឿង​អាស្រូវ​មួយ។ ​រឿង​រ៉ាវ​នេះ​បាន​ផ្ទុះ​ឡើង​ ក្រោយ​ស្ថាប័ន​ប្រឆាំង​អំពើរ​ពុក​រលួយ​នៅ​ប្រទេស​អ៊ុយ​ក្រែន​សង្ស័យ​ថា​ លោក​ Paul Manafort បាន​ទទួល​ប្រាក់​ចំនួន​ ១២,៧ លាន​ដុល្លារ​ពី​សំណាក់​មេដឹកនាំ​អ៊ុយ​ក្រែន​ ដែល​មាន​ទំនោរ​ទៅ​រក​ប្រទេស​រុស្សី ​ហើយ​ដែល​មិន​ចង់​ឲ្យ​អ៊ុយ​ក្រែន​ចូល​ជា​សមាជិក​សភាព​អឺរ៉ុប​។ មេដឹកនាំ​អ៊ុយ​ក្រែន​បាន​ជ្រើសរើស​លោក​ Paul Manafort ជា​ទីប្រឹក្សា​ចន្លោះ​ពី​ឆ្នាំ​ ២០០៧ ដល់​ ២០១២។ ​អ្វី​ដែល​គេ​សង្ស័យ​ថា​ជា​អំពើរ​ពុក​រលួយ​នោះ​ គឺ​ទឹកប្រាក់​ទាំង​នោះ​ត្រូវ​បាន​ទូរទាត់​ក្រោម​រូបភាព​ជា​លុយ​សុទ្ធ​ ហើយ​ការ​ចំណាយ​ចំពោះ​សេវាកម្ម​របស់លោក​ Paul Manafort គឺ​ គ្មាន​ដាន​បញ្ជីផ្ទេរ​ច្បាស់​លាស់​ឡើយ​។

 

ម៉្យាងទៀត​ ការ​ផ្លាស់​ប្តូរ​នេះ​ក៏​ដោយសារ​តែ​លោក​ Donald Trump ​ប្រឈម​នឹង​រលក​នៃ​ការ​រិះគន់​ពី​គ្រប់​មជ្ឈដ្ឋាន​ចំពោះ​ពាក្យ​សំដី​អសុរស​ រើស​អើង​ពូជសាសន៍​ និង​គ្មាន​ការ​ពិចារណា​របស់​បេក្ខជន​រូប​នេះ​ ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​នេះ។​ ជាពិសេស​ អ្វី​ដែល​ព្រួយ​បារម្ភ​នោះ​ គឺ​ការ​ធ្លាក់​ពិន្ទុ​ក្នុង​ការ​ស្ទង់​មតិ​ ដែល​ធ្វើ​ឲ្យ​គន្លាត​កាន់​តែ​ឃ្លាត​ឆ្ងាយ​គ្នា​ពី​គូប្រជែង​គឺ លោកស្រី ​Hillary Clinton​។ លទ្ធផល​នៃ​ការ​ស្ទង់​មតិ​ ដែល​បាន​ផ្សព្វផ្សាយ​នៅ​លើ​វេបសាយ៍​ Real Clear Politics ​បាន​ឲ្យ​ដឹង​ថា​ លោក​ Donald Trump ទទួល​បាន​សម្លេង​គាំទ្រ​ចំនួន​ ៤១,២%​ ពី​ពលរដ្ឋ​អាមេរិក​ ខណៈ​ដែល​លោកស្រី​ Hillary Clinton ទទួល​បាន​ចំនួន​ ៤៧,២%។

នេះ​ជា​លើក​ទីពីរ​ហើយ​ ក្នុង​រយៈ​ពេល​តែ​ពីរ​ខែ​ប៉ុណ្ណោះ​ ដែល​លោក​ Trump ផ្លាស់​ប្តូរ​ក្រុម​ការងារ​ដឹកនាំ​ការ​ឃោសនា​បោះឆ្នោត។​ ប្រធាន​ក្រុម​ការងារ​ថ្មី​នេះ​គឺ​ លោកស្រី​ Kellyanne Conway ដែល​ជា​អ្នក​មាន​អាជីព​ផ្នែក​ស្ទង់​មតិ​ប្រចាំ​គណបក្ស​សាធារណរដ្ឋ​ ហើយ​ក៏​ជា​មនុស្ស​ម្នាក់​ដែល​មាន​ឈ្មោះ​បោះសម្លេង​ និង​ជាទី​គួរ​ឲ្យ​គោរព។ ហើយ​សំរាប់​ប្រវត្តិសាស្រ្ត​បោះឆ្នោត​អាមេរិក​ ​លោកស្រី​ Kellyanne Conway គឺ​ជា​ស្រ្តី​តំបូង​គេ​បង្អស់​ ដែល​ទទួល​តំណែង​ជា​ប្រធាន​ដឹកនាំ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​តំណាង​ឲ្យ​គណបក្ស​មួយ។ លោក​ Donald Trump ក៏​បាន​តែងតាំង​មនុស្ស​សំខាន់​ម្នាក់​ទៀត​ជា​អគ្គលេខាធិការ​ក្រុម​ការងារ​ឃោសនា​នេះ​។ ​មនុស្ស​ម្នាក់​នោះ​ ​គឺ​លោក​ Steve Bannon ប្រធាន​វេបសាយ៍​ព័ត៌មាន​ ​Breitbart News តំណាង​ឲ្យ​ចលនា​មហា​អភិរក្សនិយម​នៅ​ក្នុង​ជួរ​គណបក្ស​សាធារណរដ្ឋ។

ស្រប​ពេល​គ្នា​នេះ​ផងដែរ​ លោកស្រី​ Hillary Clinton​ កំពុង​តែ​រៀបចំ​ក្រុមបន្ត​វេន​ពី​លោក​ អូបាម៉ា។ នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ផ្សព្វផ្សាយ​កាលពី​ដើម​សប្តាហ៍​មុន​ លោកស្រី​ Hillary Clinton បាន​អះអាង​ថា​កំពុង​រៀបចំ​សមាសភាព​ក្រុម​ការងារ​បន្ត​វេន​ដឹកនាំ​ប្រទេស​ ក្នុង​ករណី​ដែល​លោកស្រី​ឈ្នះ​ឆ្នោត​ប្រធានាធិបតី​អាមេរិក​ នាខែ​វិច្ឆិការ​ខាង​មុខ​នេះ។

ការរៀបចំ​ក្រុម​ការងារ​ទទួល​អំណាច​ដឹកនាំ​ប្រទេស​ គឺ​ជា​ប្រពៃណី​នៅ​ក្នុង​ដំណើរ​ការ​បោះឆ្នោត​នៅ​សហរដ្ឋ​អាមេរិក។​ បេក្ខជន​ប្រធានាធិបតី​តំណាង​គណបក្ស​និមួយៗ​មាន​សិទ្ធិ​រៀបចំ​សមាសភាព​សមាជិក​រដ្ឋាភិបាល​ស្រមោល​របស់​ខ្លួន​ ដើម្បី​ទទួល​ការ​ផ្ទេរ​អំណាច​នៅ​តាម​មន្ទីរ​ក្រសួង​នានា​ក្នុង​រយៈ​ពេល​អន្តរកាល​ ពោល​គឺ ចន្លោះ​ពី​ការ​ប្រកាស​លទ្ធផល​បោះឆ្នោត​នា​ខែ​វិច្ឆិការ​រហូត​ដល់​ការ​ផ្ទេរ​តំណែង​ប្រធានាធិបតី​ផ្លូវការ​នា​ខែ​មករា​។ ​ដូចនេះ​ រយៈពេល​អន្តរកាល​នេះ​មាន​តែ​ប៉ុន្មាន​សប្តាហ៍​ប៉ុណ្ណោះ។

ចាប់​តាំង​ពី​ឆ្នាំ​ ២០១០​ មក​ម្ល៉េះ​ រដ្ឋាភិបាល​សហព័ន្ធ​អាមេរិក​បាន​បង្កើត​កញ្ចប់​ថវិការ​ពិសេស​មួយ​សំរាប់​ឧបត្ថម្ភ​ដល់​ក្រុម​ការងារ​របស់​បេក្ខជន​តំណាង​ឲ្យ​គណបក្ស​និមួយៗ។​ ចាប់​ពី​ខែ​វិចិ្ឆការ​នៃ​ឆ្នាំ​បោះឆ្នោត​ប្រធានាធិបតី​ ក្រុម​ការងារ​នោះ​មាន​ការិយាល័យ​ធ្វើការ​រៀងៗ​ខ្លួន​នៅ​រដ្ឋធានី​វ៉ាស៊ីងតោន​។​ ហើយ​ រចនា​សម្ព័ន្ធ​របស់​ក្រុម​ការងារ​បន្ត​វេន​ដឹកនាំ​ប្រទេស​នោះ​ គឺ​ត្រូវ​បង្កើត​ក្រោម​ទំរង់​លក្ខន្តិកៈ​ជា​អង្គការ​ ឬ​សមាគម​ ដែល​មាន​គោលដៅ​មិន​រក​ប្រាក់កំរៃ។​

សំរាប់​ភាគី​គណបក្ស​ប្រជាធិបតេយ្យ​របស់​លោកស្រី​ Hillary Clinton អ្នក​ទទួល​ខុស​ត្រូវ​ដឹកនាំ​ក្រុម​ការងារ​បន្ត​វេន​នេះ​ គឺ​មាន​មនុស្ស​ពីរ​រូប​សំខាន់ៗ។ ​ទីមួយ​ គឺ​លោក​ Tom Donilon អតីតៈ​ទីប្រឹក្សា​សន្តិសុខ​ជាតិ​របស់​លោក​ប្រធានាធិបតី​ បារ៉ាក់ អូបាម៉ា។​ ហើយ​ទីពីរ​ គឺ​លោកស្រី​ Neera Tanden មនុស្ស​ជំនិត​ម្នាក់​របស់​លោកស្រី​ Hillary Clinton ហើយ​ក៏​មាន​តួនាទី​ជា​ប្រធានា​មជ្ឈមណ្ឌល​ពិចារណា​ដើម្បី​ការ​អភិវឌ្ឈន៍​អាមេរិក​ (Center for American Progress)។ មជ្ឈមណ្ឌល​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ស្ថាប័ន​សំខាន់​មួយ​ ដែល​ប្រៀប​ដូច​ជា​ឃ្លាំង​គំនិត​ក្នុង​ការ​ផ្តល់​អនុសាសន៍​ផ្សេង​ៗ​ដល់​គណបក្ស​ប្រជាធិបតេយ្យ​។

ចំណែក​ភាគី​គណបក្ស​សាធារណរដ្ឋ​របស់​លោក​ Donald Trump ​វិញ​ រហូត​មក​ដល់​ពេល​នេះ​ គេនៅ​ពុំ​ទាន់​ទទួល​បាន​ព័ត៌មាន​ក្បោះក្បាយ​ជុំវិញ​សមាសភាព​ក្រុម​បន្ត​វេន​ដឹកនាំ​ប្រទេស​នេះ​ឡើយ។​ ប៉ុន្តែ កាលពី​ខែ​ឧសភា​កន្លង​​ទៅ​នេះ​ លោក​ Donald Trump បាន​តែងតាំង​លោក​ Christ Christie អតីតៈ​អភិបាល​រដ្ឋ​ New Jersey គឺ ជា​ប្រធាន​ក្រុមការងារ​ពិសេស​នេះ។

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ