អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

FBI សង្ស័យប្រទេសរុស្សីស្ថិតនៅពីក្រោយការលួចបញ្ជីអ្នកចុះឈ្មោះបោះឆ្នោតអាមេរិក

ចុះផ្សាយ​នៅ​ថ្ងៃ៖

កាលពី​សប្តាហ៍​មុន​នេះ​ លោក​ Harry Reid ​បាន​ប្រធាន​ក្រុម​សមាជិក​គណបក្ស​ប្រជាធិបតេ្យ​ប្រចាំ​ព្រឹទ្ធសភា​បាន​ស្នើ​សុំ​ទីភ្នាក់ងារ​ FBI​ ឲ្យ​ដឹកនាំ​ការ​ស៊ើប​អង្កេត​មួយ​ជុំ​វិញ​ការ​ព្យាយាម​របស់​ប្រទេស​រុស្សី​ក្នុង​ចេតនា​រំខាន​ការ​បោះឆ្នោត​ប្រធានាធិបតី​អាមេរិក​ ដែល​នឹង​ប្រព្រឹត្ត​នា​ដើម​ខែ​វិច្ឆិការ​ខាង​មុខ​នេះ។ តាម​រយៈ​របាយការណ៍​មួយ​ ទីភ្នាក់ងារ​ FBI កំពុង​សង្ស័យ​ថា​ ក្រុម​ចោរ​ព័ត៌មាន​វិទ្យា​មាន​ទីតាំង​នៅ​ប្រទេស​រុស្សី​ប្រហែល​ជា​នៅ​ពីក្រោយ​ការ​លួច​បញ្ជី​ទិន្នន័យ​អ្នក​ចុះ​ឈ្មោះ​បោះឆ្នោត​អាមេរិក។​ 

នាយក FBI James Comey
នាយក FBI James Comey REUTERS/Gary Cameron
ផ្សាយពាណិជ្ជកម្ម

នៅ​សល់​តែ​ពីរ​ខែ​ទៀត​ប៉ុណ្ណោះ​ ពោល​គឺ ថ្ងៃ​ទី​ ៨​ ខែ​វិច្ឆិការ​ខាង​មុខ​នេះ​ ​សហរដ្ឋ​អាមេរិក​នឹង​រៀប​ចំ​ការ​បោះឆ្នោត​ប្រធានាធិបតី​។​ កាលពី​សប្តាហ៍​មុន​នេះ​ បើយោង​តាម​ការ​ចុះ​ផ្សាយ​របស់​វេបសាយ៍​ Yahoo News បាន​ឲ្យ​ដឹង​ថា​ ទីភ្នាក់ងារ​ FBI បាន​ប្រកាស​អាសន្ន​ដល់​នាយក​គណៈកម្មាធិការ​ជាតិ​បោះឆ្នោត​នៅ​តាម​បណ្តា​រដ្ឋ​និមួយៗ​ឲ្យ​ប្រុង​ប្រយ័ត្ន​ចំពោះ​ការ​ព្យាយាម​វាយ​លុក​តាម​អ៊ិនធើណេត​ចូល​លួច​យក​ឯកសារ​គ្រប់​គ្រង​បញ្ជី​បោះឆ្នោត​នៅ​តាម​រដ្ឋ​និមួយៗ។

 
បើ​តាម​ការ​ផ្សាយ​របស់​ស្ថានីយ៍​ទូរទស្សន៍​ NBC ដែល​បាន​ដក​ស្រង់​សំដី​មន្រ្តី​ជាន់​ខ្ពស់​ផ្នែក​ចារកម្ម​អាមេរិក​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​រាយការណ៍​ឲ្យ​ដឹង​ថា​ ការ​វាយ​ប្រហារ​ក្នុង​ទ្រង់​ទ្រាយ​បែប​នេះ​ទំនង​ជា​ស្នាដៃ​របស់​ក្រុម​ចារកម្ម​រុស្សី។ មន្រ្តី​រូប​នេះ​ក៏​បាន​បន្ថែម​ថា​ ការ​ប៉ុន​ប៉ង​ចូល​លួច​ឯកសារ​បោះឆ្នោត​នេះ​ គឺ​ជា​រឿង​មួយ​គួរ​ឲ្យ​បារម្ភ​យ៉ាង​ខ្លាំង​ ព្រោះ​វា​អាច​បង្ក​បញ្ហា​ដល់​ដំណើរ​ការ​រៀបចំ​បោះឆ្នោត​ប្រធានាធិបតី​អាមេរិក​។ ប៉ុន្តែ ការ​ដាក់​មន្ទិល​សង្ស័យ​លើ​ប្រទេស​រុស្សី​បែប​នេះ​គ្រាន់​តែ​ជា​សម្មតិកម្ម​ប៉ុណ្ណោះ។

របាយការណ៍​របស់​ទីភ្នាក់ងារ​ FBI​​ ពុំ​បាន​បញ្ជាក់​ថា ការិយាល័យ​រៀបចំ​ការ​បោះឆ្នោត​នៅ​រដ្ឋ​ណា​មួយ​ក្នុង​សហរដ្ឋ​អាមេរិក​ ដែល​រង​ផល​ប៉ះពាល់​ពី​ការ​វាយ​ប្រហារ​ព័ត៌មាន​វិទ្យា​នេះ​ទេ។​ ប៉ុន្តែ វេបសាយ៍​ Yahoo News ​បាន​បង្ហើប​ឲ្យ​ដឹង​ថា​ មាន​រដ្ឋ​ចំនួន​ពីរ​ គឺ​រដ្ឋ​ Illinois និង​រដ្ឋ​ Arizona។ ​សារព័ត៌មាន​ Chicago Times ​​នៅ​ក្នុង​រដ្ឋ​ Illinois បាន​បញ្ជាក់​លំអិត​ឲ្យ​ដឹង​ថា​ ការ​ចូល​លួច​បញ្ជី​គ្រប់​គ្រង​អ្នក​ចុះ​ឈ្មោះ​បោះឆ្នោត​នោះ​ គឺ​ត្រូវ​បាន​ធ្វើ​ឡើង​កាលពី​ខែ​កក្កដា​កន្លង​ទៅ​នេះ​ ក្រោយ​ពី​ដំណើរ​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​ត្រូវ​បាន​បិទ​បញ្ចប់​សព្វ​គ្រប់។ ​ទិន្នន័យ​ផ្ទុក​ព័ត៌មាន​អ្នក​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​រដ្ឋ​ Illinois​ ចំនួន​ ២ សែន​នាក់​ត្រូវ​បាន​លួច​ ដោយ​ឯកសារ​ទាំង​នោះ​ពុំ​ត្រូវ​បាន​លប់​ចោល​ ឬ​ផ្លាស់​ប្តូរ​អ្វី​ទាំង​អស់​នៅ​ក្នុង​ប្រព័ន្ធ​កុំព្យូទ័រ។

ចំណែក​នៅ​រដ្ឋ​ Arizona​ វិញ​ ក្រុម​ចោរ​ព័ត៌មាន​វិទ្យា​បាន​វាយ​ប្រហារ​ប្រព័ន្ធ​ចុះ​ឈ្មោះ​បោះឆ្នោត​ ដោយ​បាន​ដាក់​បញ្ចូល​កម្មវិធី​កុំ​ព្យូទ័រ​មាន​មេរោគ​ ដើម្បី​អាច​ជ្រៀត​ចូល​ក្នុង​ប្រព័ន្ធ​កុំព្យូទ័រ​បាន។​ ដោយសារ​តែ​បញ្ហា​បែប​នេះ​ហើយ​ទើប​​​ការិយាល័យ​រៀបចំ​ការ​បោះឆ្នោត​ប្រចាំ​រដ្ឋ​ Arizona បាន​បិទ​ការ​ទទួល​ចុះ​ឈ្មោះ​បោះឆ្នោត​ចំនួន​ ៨ ថ្ងៃ កាល​ពី​ចុង​ខែ​មិថុនា​កន្លង​ទៅ​នេះ។​ ប៉ុន្តែ ក្រោយ​ពី​បាន​ត្រួត​ពិនិត្យ​ល្អិត​ល្អន់​​ គ្មាន​ទិន្នន័យ​ណា​មួយ​ត្រូវ​បាន​លួច​យក​ទេ។

ក្រោយ​ឧប្បត្តិហេតុ​នេះ​ កាលពី​ដើម​ខែ​សីហា​កន្លង​ទៅ​នេះ​​ លោក​ Jeh Johnson រដ្ឋ​មន្រ្តី​ក្រសួង​មហាផ្ទៃ​អាមេរិក​បាន​ដាក់​បទ​បញ្ជា​ឲ្យ​នាយក​គណៈកម្មាធិការ​រៀបចំ​ការ​បោះឆ្នោត​ប្រចាំ​រដ្ឋ​និមួយៗ​ពង្រឹង​សន្តិសុខ​ប្រព័ន្ធ​គ្រប់​គ្រង​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​របស់​ខ្លួន។ គួរ​រំលឹក​ផង​ដែរថា​ ស្ថានីយ៍​ទូរស្សន៍​ CNN​ ទើប​បាន​រាយការណ៍​ឲ្យ​ដឹង​ថា ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​ក៏​មាន​ក្រុម​ចោរ​ព័ត៌មាន​វិទ្យា​ស្និត​នឹង​ប្រទេស​រុស្សី​បាន​ដឹក​នាំ​ប្រតិបត្តិការ​វាយ​ប្រហារ​វេបសាយ៍​សារព័ត៌មាន​អាមេរិក។​ ក្នុងនោះ​​ការសែត​ The New York Times ក៏​ត្រូវ​បាន​ក្លាយ​ជា​ផ្ទាំង​ស៊ីប​ផង​ដែរ។

បើ​តាម​លោក​ ​David Kennedy ​ទីប្រឹក្សា​ប្រចាំក្រុម​ហ៊ុន​ជំនាញ​សន្តិសុខ​ព័ត៌មាន​វិទ្យា​ TrustedSec បាន​វិភាគ​ឲ្យ​ដឹង​ថា​ ទ្រង់​ទ្រាយ​នៃ​ការ​ប៉ុនប៉ង​ចូល​លួច​ទិន្នន័យ​នេះ​បង្ហាញ​ឲ្យ​ដឹង​ថា​ ក្រុម​ចោរ​គ្រាន់​តែ​កំពុង​ចាប់​ផ្តើម​ជំហានតំបូង​ក្នុង​ការ​​សិក្សា​ស្រាវជ្រាវ​ស្ថានភាព​តែ​ប៉ុណ្ណោះ​។​ ប៉ុន្តែ​ ប្រសិន​បើ​អាជ្ញាធរ​អាមេរិក​ធ្វេស​ប្រហែស​ ការ​វាយ​ប្រហារ​ទ្រង់​ទ្រាយ​ធំ​នឹង​អាច​កើត​ឡើង​នៅ​ថ្ងៃ​ណា​មួយ។ ហើយការ​វាយ​ប្រហារ​ព័ត៌មាន​វិទ្យា​ដោយ​ផ្តោត​គោលដៅ​លើ​ទិន្នន័យ​អ្នក​បោះឆ្នោត​នេះ​ គឺ​ជា​ការ​ផ្ញើរ​សារ​មួយ​ដល់​សហរដ្ឋ​អាមេរិក​ឲ្យ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​កាន់​តែ​ខ្លាំង។ ផ្នែក​ចារកម្ម​អាមេរិក​បាន​សំដែង​ក្តី​បារម្ភ​យ៉ាង​ខ្លាំង​ ដោយ​ខ្លាច​ប្រទេស​រុស្សី​ ឬ​ប្រទេស​មួយ​ផ្សេង​ទៀត​រំខាន​ដល់​ដំណើរ​ការ​រៀបចំ​ការ​បោះឆ្នោត​ប្រធានាធិបតី​អាមេរិក។

សូម​បញ្ជាក់​ថា​ កាលពី​ថ្មីៗ​នេះ​ ក្រុម​ការងារ​ដឹកនាំ​យុទ្ធនាការ​ឃោសនា​របស់​លោកស្រី​ Hillary Clinton ក៏​បាន​ថ្អូញថ្អែរ​ផង​ដែរ​ពី​ការ​ចូល​លួច​ទិន្នន័យ​សារ​ឆ្លើយ​ឆ្លង​តាម​អ៊ីម៊ែល​របស់​គណៈ​កម្មាធិការ​ជាតិ​គណបក្ស​ប្រជាធិបតេ្យ។​ ការ​លួច​ឯកសារ​នេះ​ គឺ​បាន​ប្រព្រឹត្ត​ទៅ​កាលពី​ចុង​ខែ​កក្កដា​កន្លង​ទៅ​នេះ​ ពោល​គឺ ៣ ថ្ងៃ​មុន​ការ​បើក​សមាជ​តែងតាំង​បេក្ខជន​ផ្លូវការ​គណបក្ស​ប្រជាធិបតេយ្យ។​ វេបសាយ៍​ WikiLeaks ​បាន​ផ្សព្វផ្សាយ​ឯកសារ​ផ្ទៃ​ក្នុង​បក្ស​ចំនួន​ ២ ម៉ឺន​ច្បាប់។​ អ្នក​ជំនាញ​សង្ស័យ​ថា​ ក្រុម​ចោរ​ព័ត៌មាន​វិទ្យា​រុស្សី​ជា​អ្នក​ប្រគល់​ឯកសារ​ទាំង​នោះ​ទៅ​ឲ្យ​ WikiLeaks ។

ឯកសារ​ទាំង​នោះ​សុទ្ធ​តែ​ជា​សារ​ឆ្លើយ​ឆ្លង​តាម​អ៊ីម៊ែល​របស់​មន្រ្តី​ជាន់​ខ្ពស់​បក្ស​ប្រជាធិបតេយ្យ​ចំនួន​ ៧ នាក់​ ដែល​មាន​តំណែង​នៅ​ក្នុង​គណៈកម្មាធិការ​ជាតិ​គណបក្ស​ប្រជាធិបតេយ្យ។ សារ​ឆ្លើយ​ឆ្លង​ទាំង​នោះ​ គឺ​មាន​កាល​បរិច្ឆេទ​ចន្លោះ​ពី​ខែ​មករា​ ឆ្នាំ​២០១៥ ដល់​ខែ​ឧសភា​ ឆ្នាំ​២០១៦​។ ខ្លឹមសារ​នៃ​សារ​ទាំង​អស់​នោះ​បាន​បង្ហាញ​ឲ្យ​ដឹង​ថា​ មន្រ្តី​ជាន់​ខ្ពស់​គណបក្ស​ប្រជាធិបតេយ្យ​មាន​ភាព​លំអៀង​កាន់​ជើង​លោកស្រី​ Hillary Clinton។

ហើយ​ពួក​មន្រ្តី​បក្ស​ទាំង​នោះ​ស្វែង​រក​វិធី​សាស្រ្ត​បង្ខូច​ឈ្មោះ​លោក​ Bernie Sanders ដែល​ជា​គូ​ប្រជែងរបស់​​លោកស្រី​​ Hillary Clinton ក្នុង​យុទ្ធនាការ​បោះឆ្នោត​បឋម​ក្នុង​បក្ស​ ដើម្បី​ក្លាយ​ជា​បេក្ខជន​ប្រធានាធិបតី​ផ្លូវការ​តំណាង​ឲ្យ​បក្ស។ គេ​សង្ស័យ​ថា​ ការ​ទម្លាយ​ឯកសារ​សម្ងាត់​បែប​នេះ​ គឺ​ជា​ចេតនា​របស់​រុស្សី​ ក្នុង​ការ​រំខាន​ដំណើរ​ការ​ឃោសនា​បោះឆ្នោត​ប្រធានាធិបតី​អាមេរិក។​ ហើយ​រុស្សី​ទំនង​ជា​ចង់​ជួយ​លោក​ Donald Trump បេក្ខជន​ដ៏​ចម្រូង​ចម្រាស​របស់​គណបក្ស​សាធារណរដ្ឋ។

នៅ​ក្នុង​បទ​សម្ភាសន៍​មួយ​ជាមួយ​នឹង​ទីភ្នាក់​ងាយ​ព័ត៌មាន​ Bloomberg ​កាលពី​ថ្ងៃ​សុក្រ​ ទី​២ កញ្ញា​​កន្លង​ទៅ​នេះ​ លោក​ប្រធានាធិបតី​រុស្សី​ Vladimir Poutine ​បាន​បដិសេធ​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​ពី​សំណាក់​ថ្នាក់​ដឹកនាំ​គណបក្ស​ប្រជាធិបតេយ្យ។ លោក​ Poutine​ យល់​ឃើញ​ថា​ការ​ចោទ​ប្រកាន់​លើ​រុស្សី​បែប​នេះ​ គឺ​ជា​យុទ្ធសាស្រ្ត​ក្នុង​ការ​បង្វែង​បញ្ហា​ដើម្បី​កុំ​ឲ្យ​មតិ​សាធារណៈជន​ចាប់​អារម្មណ៍​លើ​ខ្លឹមសារ​ឯកសារ​ដែល​ក្រុម​ចោរ​ព័ត៌មាន​វិទ្យា​បាន​លួច៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ