អានតួអត្ថបទ

សហរដ្ឋ​អាមេរិកសម្ពោធ​សារមន្ទីរជាតិ​​ស្បែក​ខ្មៅចំ​ពេល​មាន​ហិង្សា​សហគមន៍

សារមន្ទីរ​ជាតិ ស្តី​អំពី​ប្រវត្តិសាស្ត្រ​និង​វប្បធម៌អាមេរិក​ស្បែក​ខ្មៅ ដែល​មាន​ទីតាំង​នៅ​ក្នុង​ក្រុង វ៉ាស៊ីនតោន ត្រូវ​បើក​ទ្វារ​ទទួល​សាធារណជន​​ ចាប់​ពី​ថ្ងៃសៅរ៍​ទី​២៤ កញ្ញា នេះត​ទៅ។ គេ​ត្រូវ​ការ​ចំណាយ​ពេល​ដល់​ទៅ​១៣​ឆ្នាំ​ ទម្រាំអាច​បង្កើត​សារមន្ទីរ​បែប​ប្រវត្តិសាស្ត្រឱ្យ​ចេញ​ជា​រូប​រាង​បាន​នៅ​ថ្ងៃ​នេះ​ ចំពេល​ដែល​​ប្រធានាធិបតី​អាមេរិក​ស្បែក​ខ្មៅ​ បារ៉ាក់ អូបាម៉ា ត្រូវ​បញ្ចប់​អាណត្តិ​ ។ តែ​ព្រឹត្តិការណ៍​នេះ បាន​ប្រព្រឹត្ត​ទៅ​ខណៈ​ដែល​សហរដ្ឋ​អាមេរិក​កំពុង​ឆ្លង​កាត់​ចលាចល​ហិង្សា​នៃ​ការ​ទាមទារ​សិទ្ធិ​របស់​ពលរដ្ឋ​ស្បែក​ខ្មៅ​ប្រឆាំង​ការ​បង្ក្រាប​រើស​អើង​របស់​ប៉ូលិស។

សារមន្ទីរ​ជាតិ​ស្តីពី​ប្រវត្តិ​អាមេរិក​ស្បែក​ខ្មៅ
សារមន្ទីរ​ជាតិ​ស្តីពី​ប្រវត្តិ​អាមេរិក​ស្បែក​ខ្មៅ REUTERS/Kevin Lamarque
ផ្សាយពាណិជ្ជកម្ម

លាត​សន្ធឹង​ក្នុង​ផ្ទៃក្រឡា ​៣៧០០០​ម៉ែត្រការ៉េ សារមន្ទីរជាតិមួយ​នេះ សូម​ឧទ្ទិស​​ទាំង​ស្រុង​ដល់​​ប្រវត្តិរបស់​ជនជាតិ​អាមេរិក​ស្បែក​ខ្មៅ តាំង​ពីកាលជាង​១០០​ឆ្នាំ​មុន។​ សារមន្ទីរ​នេះ គឺ​ជា​លទ្ធផល​នៃ​ការ​តស៊ូ​ជាង​មួយ​សតវត្សរ៍​របស់​យុទ្ធជន​ស្បែក​ខ្មៅ​ ដែល​អត់​ទ្រាំ​នឹង​ការ​រើស​អើង​​លែង​បាន ក៏បាន​​បង្កើត​ជាគណៈកម្មការ​ពលរដ្ឋ​ស្បែក​ខ្មៅ​ឡើងនៅ​ឆ្នាំ​១៩១៥ ដើម្បី​ជា​តំណាង​ថា​ពលរដ្ឋ​ស្បែក​ខ្មៅ​ជា​ចំណែក​មួយ​នៃ​ប្រវត្តិសាស្ត្រ​អាមេរិក។ ជា​សរុប សារមន្ទីរ​​មាន​វត្ថុ​​ជាង ៣៤០០០​ ​ ក្នុង​នោះ​ជិត​ពាក់​កណ្តាល​ជា​អំណោយ​សប្បុរសដាក់​តាំង ឆ្លាស់​គ្នា ក្នុង​ប្រធានបទ​​ចំនួន​១២។

ជា​ស្នាដៃ​របស់ស្ថាបត្យករ​ជាតិ​តង់ហ្សានី លោក ដាវីត អាដចាយ៉េ សារមន្ទីរ​ជាតិ​ស្តីអំពី​ប្រវត្តិសាស្ត្រ​និង​វប្បធម៌​អាមេរិក​ស្បែក​ខ្មៅ ​ចែកចេញ​​ជា​ពីរ​ចំណែក​ សម្រាប់​ពន្យល់​អំពី​ដំណើរ​ប្រវត្តិសាស្ត្រ​អាមេរិក ពី​សម័យ​ទាសករ រហូត​ដល់​ថ្ងៃ​បាន​ទទួល​សេរីភាព។

 
ផ្នែក​ក្រោម​ដី ​បី​ជាន់ មាន​តាំង​បង្ហាញ​តាម​លំដាប់​ពេលវេលា អំពី​ប្រវត្តិ​ខ្មៅ​ងងឹត​ ដែលជន​ស្បែក​​ខ្មៅ​ជា​ទាសករ​។ នៅ​ជាន់​លើ​ដីបួន​ជាន់ ឧទ្ទិស​ដល់​វប្បធម៌​និង​សង្គម​របស់​ពលរដ្ឋ​ស្បែក​ខ្មៅ។ សំណង់​ស្ថាបត្យកម្ម​បាន​យក​ពន្លឺ​ថ្ងៃ​ជា​និម្មិតរូប​​នៃ​សេរីភាព​របស់ជន​ស្បែក​ខ្មៅ​ ​ពី​មួយ​ជាន់​ ទៅ​មួយ​ជាន់ កាន់​តែ​មាន​ពន្លឺ​ខ្លាំង​ឡើង។ ហេតុដូច្នេះ​ហើយ​បាន​ជា​គេ​ឃើញ​ ការ​តាំង​ពិព័រណ៍ ​ ជោគជ័យ​របស់​ពលរដ្ឋ​អាមេរិក​ស្បែក​ខ្មៅ ក្នុង​ផ្នែក​កីឡា ឧស្សាហកម្ម តន្រ្តី ភាពយន្ត ព្រមទាំង​រូប​សំណាក​ឥស្សរជន​ល្បីស្ថិត​នៅ​​ជាន់​លើ​បំផុត។

សារមន្ទីរ​ក៏​បានផ្តល់​តម្លៃ​ដល់​ការ​ប្រយុទ្ធ​តស៊ូរបស់​ជន​ស្បែក​ខ្មៅ ដើម្បី​​ទាមទារ​​សិទ្ធិ​ពលរដ្ឋ ដូច​ជា​ការ​តស៊ូ​របស់​គ្រូគង្វៀល​គ្រិស្តសាសនា​ Martin Luther King ចលនា​Black Power។  ដើម្បី​ភ្ជាប់​ជាមួយ​បច្ចុប្បន្នភាព​ សារមន្ទីរ​បាន​បង្ហាញអំពើ​ចលនា​ Black Lives Matter ដែល​ជា​​អ្នក​​បក​អាក្រាត​អំពើ​ហិង្សា​របស់​ប៉ូលិស​មក​លើ​ពលរដ្ឋ​ស្បែក​ខ្មៅ។​

លោកបារ៉ាក់ អូបាម៉ា ​ប្រធានាធិបតី​អាមេរិក​មាន​ស្បែក​ខ្មៅដំបូង​គេ​បង្អស់ ត្រូវ​អញ្ជើញ​មក​ថ្លែង​​សុន្ទរកថា​​​បើក​សម្ពោធ​សារមន្ទីរ​​ នៅ​ថ្ងៃ​សៅរ៍​នេះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ