អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

កូឡំប៊ី​បើក​ទំព័រ​សករាជ​សន្តិភាព បន្ទាប់​ពី​ការ​បង្ហូរ​ឈាម​គ្នា​អស់​រយៈពេល ៥២ឆ្នាំ

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ក្នុង​ប្រទេស​កូឡំប៊ី លោក​ប្រធានាធិបតី​ជាន់ម៉ានុយអែល សង់តូស និង​ប្រធាន​ចលនា​ឧទ្ទាម Farc លោក​ទីម៉ូឡេអ៊ុង ជីមឺណេ ទីម៉ូឆេនកូ​បាន​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សន្តិភាព​កម្រាស់ ២៩៧ទំព័រ​ដែល​បាន​ឯកភាព​គ្នា​កាល​ពី​ខែ​សីហា។ គឺ​ជា​កិច្ចព្រមព្រៀង​ដែល​បាន​បិទបញ្ចប់​ជម្លោះ​ប្រដាប់អាវុធ​យ៉ាង​បង្ហូរ​ឈាម​រវាង​ទ័ពរដ្ឋាភិបាល និង​ពួកឧទ្ទាម Farc រយៈពេល ៥២ឆ្នាំ។ នៅ​ក្នុង​ពិធី​ចុះ​ហត្ថលេខា​នោះ គេ​សង្កេត​មាន​វត្តមាន​ចូលរួម​របស់​ប្រមុខរដ្ឋ និង​ប្រមុខ​រដ្ឋាភិបាល​បរទេស​ជា​ច្រើន​រូប រួម​ទាំង​ប្រធាន​ស្ថាប័ន​អន្តរជាតិ​ផ្សេង​ទៀត ពិសេស​លោក​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​បាន គីមូន។

ការ​ចាប់ដៃ​គ្នា​រវាង​លោក​ប្រធានាធិបតី​កូឡុំប៊ី Juan Manuel Santos (រូបកណ្តាលឆ្វេង) និង​​មេឧទ្ទាម​ FARC លោក Timochenko ថ្ងៃទី២៦ កញ្ញា ២០១៦
ការ​ចាប់ដៃ​គ្នា​រវាង​លោក​ប្រធានាធិបតី​កូឡុំប៊ី Juan Manuel Santos (រូបកណ្តាលឆ្វេង) និង​​មេឧទ្ទាម​ FARC លោក Timochenko ថ្ងៃទី២៦ កញ្ញា ២០១៦ Luis ACOSTA / AFP
ផ្សាយពាណិជ្ជកម្ម

នៅ​ទីបំផុត ថ្ងៃ​ដែល​ប្រទេស​កូឡំប៊ី និង​ប្រជាជន​កូឡំប៊ី​បាន​ទន្ទឹង​រង់ចាំ​អស់​រយៈពេល​ជាង​កន្លះ​សតវត្ស​បាន​ឈាន​មក​ដល់​ហើយ។ ថ្ងៃ​នោះ គឺ​ការ​ចុះ​ហត្ថលេខា​ជា​ផ្លូវការ​លើ​កិច្ចព្រមព្រៀង​សន្តិភាព​រវាង​រដ្ឋាភិបាល​ទីក្រុង​បូហ្គោតា និង​ចលនា​ឧទ្ទាម Farc នា​ថ្ងៃទី២៦ កញ្ញា ឆ្នាំ ២០១៦។ ចង់ ឬ​មិន​ចង់​ចាប់​ពី​ពេល​នេះ​ត​ទៅ ថ្ងៃទី២៦ កញ្ញា​នឹង​ក្លាយ​ជា​ថ្ងៃ​ប្រវត្តិសាស្រ្ត​ដែល​ពលរដ្ឋ​កូឡំប៊ី​មិន​អាច​បំភ្លេច​បាន​ទេ ព្រោះ​ជា​ថ្ងៃ​ដែល​កូឡំប៊ី​បាន​បើក​ទំព័រសករាជ​សន្តិភាព និង​បិទ​ទំព័រ​សង្រ្គាម​ហែកហួរ​គ្នា​យ៉ាង​បង្ហូរឈាម​រយៈពេល ៥២ឆ្នាំ។ សង្រ្គាមស៊ីវិល​ជាង​កន្លះ​សតវត្ស​ដែល​បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ជាង ២៦ម៉ឺននាក់ បាត់ខ្លួន ៤៥ ០០០នាក់ និង​មាន​ជនបម្លាស់ទី​គេច​ពី​តំបន់​ជម្លោះ​ជិត ៧លាននាក់។

ក្រៅ​ពី​និមិត្តរូប​ជា​ប្រវត្តិសាស្រ្ត​នៃ​ការ​ចុះ​ហត្ថលេខា​រវាង​លោក​សង់តូស និង​លោក​ទីម៉ូមឆេនកូ​ដែល​ត្រូវ​បាន​គេ​ចាក់​បញ្ជាំង​ផ្ទាល់​តាម​កញ្ចក់​ទូរទស្សន៍​នៅ​ទូទាំង​ប្រទេស ក៏​នៅ​មាន​និមិត្តរូប​ជា​ប្រវត្តិសាស្រ្ត​មួយ​ទៀត​ដែល​មិន​អាច​កំបាំង​ភ្នែក​ពលរដ្ឋ​កូឡំប៊ី​បាន​ទេ នោះ​គឺ ការ​ចាប់​ដៃ​គ្នា​ជា​លើក​ទីមួយ​រវាង​ប្រធានាធិបតី និង​មេឧទ្ទាម Farc ក្នុង​រយៈពេល ៥២ឆ្នាំ​កន្លង​ទៅ។ សូម​ជម្រាប​ជូន​ថា កិច្ចព្រមព្រៀង​សន្តិភាព​កម្រាស់ ២៩៧ទំព័រ​ដែល​បាន​ចុះ​ហត្ថលេខា​ជា​ផ្លូវការ​ដោយ​លោក​ប្រធានាធិបតី​សង់តូស និង​លោក​ប្រធាន​ចលនា​ឧទ្ទាម Farc ទីម៉ូឆេនកូ​ពេល​នេះ គឺ​ជា​ផ្លែផ្កា​បាន​មក​ពី​ការ​ចរចា​រយៈពេល ៤ឆ្នាំ​រវាង​លោក​សង់តូស និង​លោក​ទីម៉ូឆេនកូ។

បន្ទាប់​ពី​ចុះ​ហត្ថលេខា​ជា​ផ្លូវការ​រួច​ហើយ កិច្ចព្រមព្រៀង​សន្តិភាព​នោះ​នឹង​ត្រូវ​ដាក់​ឲ្យ​ពលរដ្ឋ​កូឡំប៊ី​បោះឆ្នោត​ដែល​គ្រោង​រៀបចំ​នៅ​ថ្ងៃទី២ តុលា​ខាង​មុខ។ តែ​បើ​តាម​មើល​ទៅ និង​បើ​យោង​តាម​លទ្ធផល​នៃ​ការ​ស្ទង់មតិ​កន្លង​មក​ឲ្យ​ដឹង​ថា មាន​ពលរដ្ឋ​គូឡំប៊ី​ភាគ​ច្រើន​នឹង​បោះឆ្នោត​គាំទ្រ​កិច្ចព្រមព្រៀង​សន្តិភាព​នោះ។ តាម​ពិត​ទៅ យន្តការ​នៃ​ការ​រៀបចំ​បោះឆ្នោត​ប្រជាមតិ​ស្តីពី​កិច្ចព្រមព្រៀង​នោះ​មិនមែន​ជា​រឿង​ចាំ​បាច់​ទេ តែ​ជា​ការ​ចង់​បាន​របស់​លោក​ប្រធានាធិបតី​សង់តូស​ក្នុង​គោលដៅ​ផ្តល់​ភាព​ស្របច្បាប់​ឲ្យ​កាន់​តែ​ទូលំទូលាយ​បន្ថែម​ទៀត​លើ​កិច្ចព្រមព្រៀង​សន្តិភាព។

ជាមួយ​នឹង​កិច្ចព្រមព្រៀង​សន្តិភាព​នេះ ចលនា​ឧទ្ទាម Farc ត្រូវ​ប្រគល់​អាវុធ​ទាំង​អស់​ទៅ​ឲ្យ​អង្គការសហប្រជាជាតិ​ក្នុង​រយៈពេល ១៨០ថ្ងៃ។ ជាមួយ​នឹង​កិច្ចព្រមព្រៀង​នេះ Farc ដែល​មាន​ពាក្យពេញ​ថា « កម្លាំង​ប្រដាប់អាវុធ​បដិវត្តន៍​កូឡំប៊ី » នឹង​ប្តូរ​លក្ខន្តិក​ពី​ចលនា​ឧទ្ទាម​តស៊ូ​ផ្លូវអាវុធ​បង្ហូរ​ឈាម​លើ​សមរភូមិ​ទៅ​ជា​គណបក្ស​នយោបាយ​មួយ​ដែល​តស៊ូ​លើ​ឆាក​នយោបាយ​ស្រប​ច្បាប់ និង​គ្មាន​ការ​បង្ហូរ​ឈាម។ គួរ​រម្លឹក​ជូន​ឡើង​វិញ​ថា ជម្លោះ​រវាង​រដ្ឋាភិបាល និង​ចលនា​ឧទ្ទាម Frac នៅ​កូឡំប៊ី គឺ​ជា​ជម្លោះ​ដ៏​យូរលង់ និង​រ៉ាំរ៉ៃ​ជាង​គេ​នៅ​ក្នុង​អាមេរិកឡាទីន។ ចលនា​ឧទ្ទាម Farc បាន​ចាប់​កំណើត​ក្នុង​ឆ្នាំ ១៩៦៤ និង​បាន​តស៊ូ​ប្រដាប់​អាវុធ​ប្រឆាំង​នឹង​រដ្ឋាភិបាល​បូហ្គោតា​មក​ដល់​សព្វថ្ងៃ។

តែ​គេ​មិន​ត្រូវ​ភ្លេច​និយាយ​ទេ​ថា​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ចំនួន​យុទ្ធជន​ប្រដាប់អាវុធ​របស់​ចលនា​ឧទ្ទាម​មួយ​នេះ​បាន​បន្ត​ធ្លាក់​ចុះ​ជា​លំដាប់​តាំង​ពី​មាន​សមាជិក ២០ ០០០នាក់​នា​ពេល​ចាប់​កំណើត​មក​នៅ​ប្រមាណ​ជា ៧ ៥០០នាក់​ប៉ុណ្ណោះ​នៅ​ថ្ងៃ​នេះ។ ម្យ៉ាង​ទៀត កិច្ចចរចា​ស្វែង​រក​សន្តិភាព​រវាង​រដ្ឋាភិបាល និង​ចលនា​ឧទ្ទាម Farc ធ្លាប់​បាន​ធ្វើ​ចំនួន ៣ដង តែ​ទទួល​បរាជ័យ​ទាំង​អស់ គឺ​នៅ​ឆ្នាំ ១៩៨៤ ១៩៩១ និង​ឆ្នាំ ១៩៩៩។ នៅ​ពេល​កិច្ចចរចា​ទទួល​បរាជ័យ​ម្តងៗ រដ្ឋាភិបាល​គ្មាន​ជម្រើស​អ្វី​ក្រៅ​ពី​បន្ត​ប្រើ​អាវុធ​ដើម្បី​កម្ទេច​ពួក​ឧទ្ទាម Frac នៅ​លើ​សមរភូមិ​ទេ។ រូប​លោក​សង់តូស​ដែល​ធ្លាប់​កាន់​តំណែង​រដ្ឋមន្រ្តី​ការពារជាតិ​ចន្លោះ​ឆ្នាំ ២០០៦ និង ២០០៩ ក្នុង​ជំនាន់​លោក​ប្រធានាធិបតី​អាល់វ៉ារ៉ូ អ៊ុយរីបេ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ជា​អ្នក​ដែល​មិន​ញញើត​ប្រើ​កម្លាំង​កម្ទេច​ពួក Farc ដោយ​គ្មាន​ត្រាប្រណី។

គឺ​ទើប​តែ​ឡើង​កាន់​តំណែង​ប្រធានាធិបតី​ជាង ៦ឆ្នាំ​កន្លង​ទៅ​ទេ​ដែល​លោក​សង់តូស​បាន​ប្រែ​ខ្លួន​ពី​អ្នកនិយមសង្រ្គាម​មក​ជា​អ្នកនិយមសន្តិភាព​វិញ។ ជាប់​ឆ្នោត​លើក​ទី១ ក្នុង​ឆ្នាំ ២០១០ និង​ជាប់​មួយ​អាណត្តិ​ទៀត​ក្នុង​ឆ្នាំ ២០១៤ លោក​សង់តូស​ដែល​មាន​អាយុ ៦៥ឆ្នាំ​តែង​ប្តេជ្ញាចិត្ត​បញ្ចប់​សង្រ្គាមស៊ីវិល​ដែល​បាន​ធ្វើ​ឲ្យ​កូឡំប៊ី​ហិនហោច​ទាំង​ជីវិត​មនុស្ស និង​សេដ្ឋកិច្ច។ នៅ​ក្នុង​បទសន្ទនា​ជាមួយ AFP នា​ដើម​ខែ​កញ្ញា​ថ្មីៗ​នេះ លោក​សង់តូស​បាន​បញ្ជាក់​ច្បាស់ៗ​ថា ទោះ​បី​ជា​សន្តិភាព​ដែល​រក​បាន​មាន​ត្រឹម ៥០% ក៏​ដោយ ក៏​វា​គ្រាន់​បើ​ជាង​សង្រ្គាម ១០០% ឆ្ងាយ​ណាស់។ បន្ទាប់​ពី​ចលនា​ឧទ្ទាម Farc លោក​សង់តូស​ត្រូវ​បន្ត​កិច្ចចរចា​ជាមួយ​ក្រុម​ឧទ្ទាម​ផ្សេង​ទៀត ដូច​យ៉ាង​ចលនា​កម្លាំងប្រដាប់អាវុធ​រំដោះជាតិ​ដែល​មាន​គ្នា​តិច និង​រចនាសម្ព័ន្ធ​តូច តែ​នៅ​បន្ត​ជា​ដំបៅ​រលួយ​ហៀរ​ខ្ទុះ​ប្រចាំ​ថ្ងៃ​នៅ​ក្នុង​សង្គម​កូឡំប៊ី។

ចប់​ហើយ​ទំព័រ​សង្រ្គាម​បង្ហូរ​ឈាម​ជាង​កន្លះ​សតវត្ស​រវាង​រដ្ឋាភិបាល និង​ចលនា​ឧទ្ទាម Farc តែ​ផ្លូវ​ដែល​ត្រូវ​ដើរ​ឆ្ពោះ​ទៅ​កាន់​សន្តិភាព​នៅ​វែងឆ្ងាយ មាន​ន័យ​ថា ភាគី​ហត្ថលេខី​នីមួយៗ​ត្រូវ​យក​កិច្ចព្រមព្រៀង​សន្តិភាព​ទៅ​អនុវត្តន៍​ជាក់ស្តែង ពោល​មិន​ត្រូវ​បន្ត​ទុក​តែ​នៅ​លើ​ក្រដាស​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ