អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

លោកស្រី​ Hillary Clinton កំពុង​ស្វែង​រក​សម្លេង​ឆ្នោត​ពី​ក្រុម​យុវជន

ចុះផ្សាយ​នៅ​ថ្ងៃ៖

ក្រោយ​ពី​ទទួល​ជោគ​ជ័យ​យក​ឈ្នះ​លោក​ Donald Trump នា​វេទិការ​ពិភាក្សា​តទល់​គ្នា​កាល​ពី​សប្តាហ៍​មុន​ ឥឡូវ​នេះ​ លោកស្រី​ Hillary Clinton កំពុង​តែ​សកម្ម​ចុះ​ទៅ​ជួប​ក្រុម​យុវជន​។​ បើ​តាម​ការ​ស្ទង់​មតិ​នានា​ លោកស្រី​ហាក់​ពុំ​សូវទទួល​បាន​​ប្រជាប្រិយភាព​ខ្លាំង​ក្លា​ឡើយ​ពី​សំណាក់​ពលរដ្ឋ​អាមេរិក​ក្រោម​អាយុ​ ៣០ ឆ្នាំ។ បើ​តាម​អ្នក​ជំនាញ​បាន​ឲ្យ​ដឹង​ថា​ ប្រសិន​បើ​គ្មាន​ការ​គាំទ្រ​ពី​ក្រុម​យុវជន​ទេ លោកស្រី​ Hillary Clinton អាច​ចាញ់​ឆ្នោត​នៅ​តាម​បណ្តា​រដ្ឋ​សំខាន់ៗ​មួយ​ចំនួន។​ ដើម្បី​ទទួល​បាន​សម្លេង​គាំទ្រ​ពី​ក្រុម​អ្នក​បោះឆ្នោត​វ័យ​ក្មេង​ទាំង​នោះ​ លោក​ Bernie Sanders ត្រូវ​បាន​អញ្ជើញ​ឲ្យ​មក​ជួយ​ឃោសនា។

បេក្ខនារី​ប្រធានាធិបតី Hillary Clinton បក្ស​ប្រជាធិបតេយ្យ
បេក្ខនារី​ប្រធានាធិបតី Hillary Clinton បក្ស​ប្រជាធិបតេយ្យ REUTERS/Lucas Jackson
ផ្សាយពាណិជ្ជកម្ម

អតីត​គូបដិបក្ខ​ គឺ​លោក​ស្រី​ Hillary Clinton និង​លោក​ Bernie Sanders​ ចុះ​ឃោសនា​ជាមួយ​គ្នា។​ ចាប់​តាំង​ពី​ទទួល​បាន​ការ​តែង​តាំង​ជា​បេក្ខនារី​ផ្លូវ​ការ​តំណាង​ឲ្យ​បក្ស​ នេះ​ជា​លើក​ទី​ពីរ​ហើយ​ ដែល​លោកស្រី​ Hillary Clinton បាន​ចេញ​មុខ​ជា​សាធារណៈ​ជាមួយ​លោក​ Bernie Sanders។​ កាលពី​សប្តាហ៍​មុន​ អ្នក​ទាំង​ពីរ​បាន​ថ្លែងសារ​នយោបាយ​ទៅ​កាន់​ក្រុម​អ្នក​គាំទ្រ​វ័យ​ក្មេង​ចំនួន​ ១ ២០០នាក់​នា​សាកលវិទ្យាល័យ​រដ្ឋ​ New Hampshire។​

បរិយាកាស​នៃ​ជំនួប​នេះ​ហាក់​ដូច​ជា​អាប់​អួ​បន្តិច។​ ម៉្យាង​ដោយសារ​តែ​ក្រុម​យុវជន​ពុំ​សូវ​ចូល​ចិត្ត​លោកស្រី​ Hillary Clinton។ ពួក​គេ​តែង​បន្ទោស​ថា​លោកស្រី​មិន​ចាប់​អារម្មណ៍​បញ្ហា​យុវជន។​ សំរាប់​ពួក​គេ​ ​លោកស្រី​គ្រាន់​តែ​ជា​និមិត្ត​រូប​តំណាង​ផល​ប្រយោធន៍​បក្ស​តែ​ប៉ុណ្ណោះ។ ហើយ​លោកស្រី​ក៏​មិន​អាច​ផ្លាស់​ប្តូរ​អ្វី​ឲ្យ​បាន​ដុំ​កំភួន​ឡើយ។ ​ក្នុង​អារម្មណ៍​ក្រុម​យុវជន​ លោក​ Bernie Sanders គឺ​ជា​និមិត្ត​រូប​នៃ​ការ​តស៊ូ​មតិ​ ដែល​ហ៊ានរិះគន់​គម្លាត​រវាង​អ្នក​មាន​ និង​អ្នក​ក្រ​ក្នុង​សង្គម​អាមេរិក។​ ហើយ​លោក​ក៏​ជា​អ្នក​ហ៊ាន​ចេញ​មុខ​រិះគន់​ធនាគារ​ និង​ផ្សារ​ហ៊ុន​ក្នុង​សង្កាត់​ Wall Street ដែល​ចំណេញ​ប្រាក់​កប់​ក្តោង​រាប់​រយ​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ។

 
ម៉្យាង​ទៀត​​ បរិយាស​កាស​អាប់​អួ​នេះ​ក៏​ដោយសារ​តែ​ចំហាយ​ប្រជែង​គ្នា​ក្នុង​បក្ស​កាលពីការ​បោះឆ្នោត​បឋម​រវាង​លោកស្រី​ Hillary Clinton និង​លោក​ Bernie Sanders ហាក់​ពុំ​ទាន់​សាប​រលាបអស់។ ប៉ុន្តែ​ ចង់​មិន​ចង់​ អ្នក​ទាំង​ពីរ​ត្រូវ​បង្ខំ​ចិត្ត​ញញឹម​ញញែម​ទៅ​កាន់​អ្នក​គាំទ្រ។​ បើ​ទោះបី​ជា​ទស្សនៈ​នយោបាយ​របស់​អ្នក​ទាំង​ពីរ​ផ្ទុយ​គ្នា​ ​ប៉ុន្តែ​ អ្នក​ទាំង​ពីរ​មាន​គោលដៅ​រួម​គ្នា​មួយ។​ នោះ​គឺ យក​ឈ្នះ​គូបដិបក្ខ​មកពី​គណបក្ស​សាធារណរដ្ឋ​ឈ្មោះ​ Donald Trump ឲ្យ​ខាន​តែ​បាន​នា​ថ្ងៃ​បោះឆ្នោត​ គឺ​ថ្ងៃ​ទី​ ៨​ វិច្ឆិកា​ខាង​មុខ​នេះ។

បើ​ទោះបី​ជា​កម្មវិធី​​នយោបាយ​មិន​ដូច​គ្នា​ ១០០%​ យ៉ាង​ហោច​ណាស់​ក៏​លោក​ Bernie Sanders​ សុខ​ចិត្ត​គាំទ្រ​កម្មវិធី​អប់រំ​ថ្នាក់​ឧត្តម​សិក្សា​របស់​លោកស្រី​ Hillary Clinton។ កម្មវិធី​នោះ​ គឺ​ផ្តល់​ការ​សិក្សា​ឥត​គិត​ថ្លៃ​សំរាប់​សាកលវិទ្យាល័យ​រដ្ឋ។​ បើ​តាម​តួលេខ ៨០%​ នៃ​និសិត្ស​ដែល​ចេញ​ពីគ្រួសារ​ក្រីក្រ​អាច​ទទួល​បាន​ការ​លើក​លែង​ពិសេស​នេះ។ សំរាប់​យុវជន​អាមេរិក​ ថ្លៃ​សិក្សា​គឺ ជា​ប្រធាន​បទ​សំខាន់។ ឧទាហរណ៍​នៅ​សាកលវិទ្យាល័យរដ្ឋ​ New Hampshire​ និសិត្ស​អាមេរិក​ម្នាក់ៗ​ត្រូវ​ចំណាយ​ប្រាក់​ ២៨ ០០០​ ដុល្លារ​ក្នុង​មួយ​ឆ្នាំ​សំរាប់​បង់​ថ្លៃ​សិក្សា។

កាលពីខែកញ្ញា​ ​ក្រុមហ៊ុន​ Quinnipiac បាន​ធ្វើ​ការ​ស្ទង់​មតិ​មួយ​ក្នុង​ចំណោម​យុវជន​អាមេរិក​ដែល​មាន​អាយុ​ចន្លោះ​ពី​ ១៨ ទៅ ៣៤ ឆ្នាំ ដើម្បី​ចង់​ដឹង​ពី​បំណង​បោះឆ្នោត​គាំទ្រ​បេក្ខជន​មួយ​ណា។ ​លទ្ធផល​នៃ​ការ​ស្ទង់​មតិ​នោះ​បាន​ឲ្យ​ដឹង​ថា​ លោកស្រី​ Hillary Clinton ទទួល​បាន​ការ​គាំទ្រ​ចំនួន​ ៣១%​ ខណៈ​ដែល​លោក​ Donald Trump ទទួល​បាន​សម្លេង​ ២៦%។ ទន្ទឹម​គ្នា​នេះ​ ទំនោរ​នៃ​សម្លេង​ឆ្នោត​កំពុង​តែងាក​ទៅ​រក​បេក្ខជន​ពីរ​នាក់​ផ្សេង​ទៀត​មក​ពី​គណបក្ស​តូចៗ​ ដែល​គេ​មិន​សូវ​ស្គាល់​ឈ្មោះ​។​ នោះ​គឺ គណបក្ស​សេរីនិយម​ជ្រុល ​ដែល​ជា​ចរន្ត​នយោបាយ​មួយ​គាំទ្រ​សេរីភាព​បុគ្គល​ពេញ​ទំហឹង​ ហើយ​ការ​ដឹកនាំ​ប្រទេស​ពុំ​ចាំបាច់​មាន​រដ្ឋាភិបាល​ ឬ​ក្រសួង​មន្ទីរ​ឡើយ។​ បេក្ខជន​ប្រធានាធិបតី​តំណាង​ឲ្យ​គណបក្ស​នេះ​ គឺ​លោក ​Gary Johnson ​ទំនង​ទទួល​បាន​ការ​គាំទ្រ​ពី​យុវជន​ចំនួន​២៩%។ នេះ​ក៏​ព្រោះ​តែ​លោក​ Gary Johnson ​ជា​អ្នក​គាំទ្រ​អាពាហ៍​ពិពាហ៍​មនុស្ស​ស្រលាញ់​ភេទ​ដូច​គ្នា​ និង​គាំទ្រ​ការ​បង្កើត​ច្បាប់​អនុញ្ញាត​ការ​ប្រើ​ប្រាស់​កញ្ឆា​ដោយ​ស្រប​ច្បាប់។

ចំណែក​ឯលោកស្រី​ Jill Stein បេក្ខនារី​ប្រធានាធិបតី​តំណាង​ឲ្យ​គណបក្ស​បៃតង​ (ក្រុម​អ្នក​បរិស្ថាន​និយម​) ក៏​ទទួល​ការ​គាំទ្រ​ចំនួន​ ១៥% ​ពី​ក្រុម​យុវជន។ ​ប៉ុន្តែ​ នេះ​គ្រាន់​តែ​ជា​លទ្ធផល​នៃ​ស្ទាប​ស្ទង់​មតិ​តែ​ប៉ុណ្ណោះ។​ ចំណែក​ការ​ស្ទង់​មតិ​មួយ​ទៀត​របស់​ស្ថានីយ៍​ទូរទស្សន៍​ CBS និង​សារព័ត៌មាន​ New York Times បាន​បង្ហាញ​ឲ្យ​ដឹង​ថា​ យុវជន​​ចំនួន​ ២១%​ បាន​អះអាង​ថា​ ពួក​គេ​នឹង​នៅ​ផ្ទះ​មិន​ចេញ​ទៅ​បោះឆ្នោត​ ឬ​ពួក​គេ​នឹង​បោះឆ្នោត​ជូន​បេក្ខជន​ផ្សេង​ទៀត​ក្រៅ​ពី​លោកស្រី​ Clinton និ​ង​លោក​ Trump។ ដូច​នេះ​ កិច្ច​ការ​បន្ទាន់​របស់​លោកស្រី​ Clinton គឺ​ត្រូវ​ប្រមែ​ប្រមូល​សម្លេង​ឆ្នោត​ពី​ក្រុម​យុវជន​ទាំង​នោះ។ ហេតុ​ដូច​នេះ​ហើយ​បាន​ជា​លោកស្រី​អំពាវ​នាវ​ឲ្យ​ពួក​គេ​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​ និង​ចលនា​គ្នា​ដើម្បី​បំរើ​ការ​ស្ម័គ្រ​ចិត្ត​ជាមួយ​ក្រុម​ការងារ​ឃោសនា​របស់​លោកស្រី។

សូម​បញ្ជាក់​ផង​ដែរ​ កាល​ពី​ឆ្នាំ​ ២០០៨ ​ពីរ​ភាគ​បី​នៃ​ពលរដ្ឋ​អាមេរិក​ក្រោម​អាយុ​ ៣០ ឆ្នាំ​បាន​បោះឆ្នោត​ជូន​លោក​ បារ៉ាក់ អូបាម៉ា។ ហើយ​សំរាប់​ឆ្នាំ​ ២០១៦​ នេះ​ បើ​តាម​ការ​ស្ទង់​មតិ​ យុវជន​តែ​​ជាង​មួយ​ភាគបី​ប៉ុណ្ណោះ​គ្រោង​បោះឆ្នោត​ជូន​លោកស្រី​ Hillary Clinton។ ហើយ​កាលពី​ឆ្នាំ​ ២០១២​ មាន​យុវជន​អាមេរិក​ក្រោម​អាយុ​ ៣០ ឆ្នាំ​ចំនួន​ ២០ លាន​នាក់​បាន​ចេញ​ទៅ​បោះ​ឆ្នោត។​ បើ​តាម​តួលេខ​ជំរឿន​អាមេរិក​ ចំនួន​នេះ​ស្មើ​នឹង​ ៤៥%​ ប៉ុណ្ណោះ​នៃចំនួន​ពលរដ្ឋ​សរុប​ ដែល​ស្ថិត​ក្នុង​ចន្លោះអាយុ​នេះ។

អ្វី​ដែល​គណបក្ស​ប្រជាធិបតេយ្យ​ព្រួយ​បារម្ភ​បំផុត​នោះ​ គឺ​ខ្លាច​យុវជន​មិន​ចេញ​ទៅ​បោះឆ្នោត។​ កាលពី​ឆ្នាំ​២០១២​ ៧៥% នៃ​ក្រុម​មនុស្ស​វ័យ​ចំណាស់​អាយុ​លើស​ ៦៥ ឆ្នាំ​បាន​ចេញ​ទៅ​បោះឆ្នោត។​ ហើយ​ភាគ​ច្រើន​បំផុត​នៃ​អ្នក​ទាំង​នោះសុទ្ធសឹង​តែ​ជា​អ្នក​អភិរក្ស​និយម​គាំទ្រ​គណបក្ស​សាធារណរដ្ឋ។ ​នេះ​ហើយ​ជា​គ្រោះ​ថា្នក់​ដែល​លោកស្រី​ Hillary Clinton ​មិន​អាច​មើល​រំលង​បាន​ឡើយ។ បើ​តាម​អ្នក​ជំនាញ​ ​ ប្រសិន​បើ​គ្មាន​ការ​គាំទ្រ​ពី​ក្រុម​យុវជន​ទេ​ លោកស្រី​ Hillary Clinton អាច​ចាញ់​ឆ្នោត​នៅ​រដ្ឋ​យុទ្ធសាស្រ្តសំខាន់ៗ។ ​មាន​អាទិដូចជា​ រដ្ឋ​ Carolina ខាង​ជើង​, រដ្ឋ​ Florida និង​រដ្ឋ​ Ohio​ ជាដើម។ សំរាប់​ពួក​យុវជន​ លោក​ ​ Bernie Sanders​ នៅ​តែ​មាន​ប្រជា​ប្រិយ​ភាព​ដដែល។​ កាលពី​បោះឆ្នោត​បឋម​ក្នុង​បក្ស​ នៅ​តាម​រដ្ឋ​មួយ​ចំនួន​ លោក​ទទួល​បាន​សម្លេង​រហូត​ទៅ​ ៨០%​ ឯណោះ​ពីក្រុម​យុវជន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ