អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ហេតុអ្វីកូឡុំប៊ី​បដិសេធ​កិច្ចព្រមព្រៀង​សន្តិភាព​ជាមួយ​ពួក​ឧទ្ទាមFarc ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

គួរ​ឱ្យ​ភ្ញាក់​ផ្អើល​បំផុត សម្រាប់​កូឡុំប៊ីខ្លួនឯង និង​សម្រាប់​ពិភពលោក​ទាំង​មូល នៅ​ពេល​ឃើញសំឡេង​​ប្រជាពលរដ្ឋ​ភាគ​ច្រើន​ច្រាន​ចោល​​កិច្ចព្រមព្រៀង​សន្តិភាព​ ជាមួយ​ពួក​ឧទ្ទាមFarc តាម​រយៈ​លទ្ធផល​ឆ្នោត​ប្រជាមតិនៅ​ថ្ងៃ​អាទិត្យ​ម្សិលមិញ។ កិច្ចព្រមព្រៀង​សន្តិភាព​​ចុះ​ហត្ថលេខា​កាលពី​ថ្ងៃទី ២៦ កញ្ញា ត្រូវ​មក​បិទ​បញ្ចប់​សង្គ្រាម​ប្រដាប់​អាវុធ​នឹង​បង្ហូរ​ឈាម អូស​បន្លាយ​តាំង​ពី​៥២​ឆ្នាំមក ប៉ុន្តែ​ហេតុអ្វី​បាន​ពលរដ្ឋ​កូឡុំប៊ី​បែរ​មិន​ស្រវា​អោប​សន្តិភាព​យ៉ាង​ដូច្នេះ​ទៅ​វិញ ?!

ក្រុម​អ្នក​គាំទ្រ​កិច្ចព្រមព្រៀង​សន្តិភាព​កំពុង​ខក​ចិត្ត​ពេល​ឃើញ​លទ្ធផល​ប្រជាមតិ​ថ្ងៃទី ២ តុលា ២០១៦
ក្រុម​អ្នក​គាំទ្រ​កិច្ចព្រមព្រៀង​សន្តិភាព​កំពុង​ខក​ចិត្ត​ពេល​ឃើញ​លទ្ធផល​ប្រជាមតិ​ថ្ងៃទី ២ តុលា ២០១៦ REUTERS/John Vizcaino
ផ្សាយពាណិជ្ជកម្ម

គ្មាន​នរណា​នឹកស្មាន​ដល់​ទេ ! ការ​ស្ទង់​មតិ​ចុងក្រោយ​ក៏​បាន​បង្ហាញ​មាន​ពលរដ្ឋ​ដល់​ទៅ​ប្រមាណពីរភាគបី​ ត្រៀម​ទទួល​កិច្ចព្រមព្រៀង​សន្តិភាព​ តែ​នៅ​ទីបំផុត បើ​តាម​លទ្ធផល ​ជា​ផ្លូវការ សំឡេង​បដិសេធ ឆ្លើយ​ “ទេ” នឹង​កិច្ចព្រមព្រៀង​មាន​ដល់​ទៅ ៥០,២១% ទល់​នឹង​សំឡេង​គាំទ្រ ៤៩,៧៨% ពោល​គឺ​ឈ្នះ​ចាញ់​គ្នា​តែ​ប្រមាណ​៦​ម៉ឺន​សំឡេង​តែ​ប៉ុណ្ណោះ។

ប្រធានាធិបតី​កូឡុំប៊ី លោក សិនតូស ដែល​ជាភាគី​ហត្ថលេខី​ម្នាក់​នៃ​កិច្ចព្រមព្រៀង​ក៏​បាន​ប្រកាស​ទទួល​ស្គាល់ហើយ​ដែរ​ ថា​ក្រុម​ប្រឆាំង​​ ជាឈ្នះ​នៅក្នុង​ប្រជាមតិ​ម្សិលមិញ។ ប្រឈម​មុខ​នឹង​លទ្ធផល​នេះ សហគមន៍​អន្តរជាតិ ជាពិសេស​ន័រវែស​ដែល​ជា​ប្រទេស​​​ជំហរ​សន្តិភាព​កូឡុំប៊ី បាន​សម្តែង​ការ​ខក​ចិត្ត​យ៉ាង​ខ្លាំង និង​អំពាវនាវ​ឱ្យ​គ្រប់​គ្នា​ជួយ​សង្គ្រោះ​​កិច្ចព្រមព្រៀង​សន្តិភាព។

ហេតុអ្វី​ ពលរដ្ឋ​កូឡុំប៊ី ច្រាន​ចោលកិច្ចព្រមព្រៀង​សន្តិភាព ​ ដែល​គេ​​ទន្ទឹង​រង់ចាំ​តាំងពី​យូរ ?

បើ​គិត​មួយ​ភ្លែត​ភ្លាម គេ​យល់​ថា​ពលរដ្ឋ​កូឡុំប៊ី ទំនង​ជា​មិន​ជ្រួត​ជ្រាប​ អំពី​ខ្លឹមសារ​នៃ​កិច្ចព្រមព្រៀង​ ទើបនាំ​គ្នា​​​ច្រាន​ចោល។​ ម្យ៉ាងទៀត ដោយ​មក​ពី​​​ខាង​ប្រឆាំង​​ធ្វើ​ការ​ឃោសនា​ខ្លាំង ឯ​ខាង​អ្នក​គាំទ្រ​ដឹកនាំ​ដោយ​ប្រធានាធិបតី​ សិនតូស ប្រហែស​ជ្រុល​ ជឿជាក់​ពេក​ថា​គ្មាន​នរណា​បដិសេធ​​សន្តិភាព​។ តែ​បើ​គេ​វិភាគ​ឱ្យ​ល្អិត​ល្អន់​ទៅអាច​​មាន​មូលហេតុ​ច្រើន ដែល​សំឡេង​បដិសេធ​​កិច្ចព្រមព្រៀង បាន​ទទួល​ជោគជ័យ ៖

គ្មានការ​កាត់​ទោស ៖ បើ​តាម​តួលេខ​អាជ្ញាធរ​កូឡុំប៊ី សង្គ្រាម​បង្ហូរ​ឈាម​ជាមួយ​ពួក​ឧទ្ទាម​ហ្វាក បាន​បង្ក​ឱ្យ​ពលរដ្ឋ​កូឡុំប៊ី​ជាង​២៦០០០០​នាក់​បាត់​បង់​ជីវិត ៤៥០០០​នាក់​បាត់​ខ្លួន និង​ជិត​៧លាន​នាក់​ត្រូវ​បង្ខំ​ចិត្ត​ធ្វើ​ភៀស​ខ្លួន​ ឬ​ធ្វើ​បំល្លាស់ទី។ បើ​គិត​អំពី​ចំនួន​ជនរងគ្រោះ​នេះ ពួក​ហ្វាក​បាន​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ធ្ងន់ធ្ងរ តែបែរ​ជា​បាន​រួច​ខ្លួន​ដោយ​គ្មាន​ឆ្លងកាត់​ការ​កាត់ទោស​អ្វីទេ ! ​

ខ្លាច​លទ្ធិ​កុម្មុយនិស្ត ៖ នៅ​ក្នុង​កិច្ចព្រមព្រៀង​សន្តិភាព ពួក​ធ្លាប់​ជា​ឧទ្ទាម​ប្រដាប់​អាវុធ ដៃ​ប្រលាក់​ឈាម​នេះ នឹង​ក្លាយទៅសមាជិក​សភា ឈរឈ្មោះ​ឱ្យ​គេ​បោះឆ្នោត​សភា និង​ប្រធានាធិបតី។ ក្រុម​ឧទ្ទាម​ប្រដាប់​អាវុធ​បដិវត្ត​ហ្វាក​ នឹង​ក្លាយ​ទៅ​បក្ស​នយោបាយ​មួយ​ ដែលជា​​បក្ស​កុម្មុយនិស្តបែប​ម៉ាកនិយម ស្និទ្ធ​នឹង​គុយបា វេណេស៊ុយអេឡា និង​ដែល​ប្រជាពលរដ្ឋ​កូឡុំប៊ី​មិន​ចង់​បាន​ មិន​ចង់​ជួប​ឡើយ។

ប្រឆាំង​នឹង​ប្រធានាធិបតី​អប្រជាប្រិយភាព ៖ នៃ​ការ​ច្រាន​ចោល​កិច្ចព្រមព្រៀង​នេះ មិន​មែន​មក​ពី​ពលរដ្ឋ​កូឡុំប៊ី ច្រាន​ចោល​សន្តិភាព​ទេ ! តែ​ជា​ការ​បដិសេធ​ប្រឆាំង​នឹង​ប្រធានាធិបតី​ ហ័នម៉ាណុយអែល សិនតូស។ ថ្វីបើ​លោក​ប្រមុខ​រដ្ឋ​បាន​សម្រេច​ជោគជ័យ​ជូន​ប្រទេស​ ដោយ​បាន​ចុះ​ហត្ថលេខា​ នៅ​ថ្ងៃទី ២៦ កញ្ញា ២០១៦ លើ​កិច្ចព្រមព្រៀង​សន្តិភាព​ជា​ប្រវត្តិសាស្ត្រ​ ជាមួយ​ពួក​ឧទ្ទាម​ហ្វាក បិទ​បញ្ចប់​សង្គ្រាម​បង្ហូរ​ឈាម​ជាង​កន្លះ​សតវត្សរ៍​មែន ប៉ុន្តែ​រូប​លោក​ផ្ទាល់​ជា​ប្រធានាធិបតី​មាន​ប្រជាប្រិយភាព​ត្រឹម​២០%​នៅ​ឆ្នាំ​នេះ។ ពលរដ្ឋ​​កូឡុំប៊ី​ចង់​​បន្ត​​​ផ្សះផ្សា​ជាតិ​ ចង់​បាន​សន្តិភាព​ពិតៗ តែ​មិន​អាច​បណ្តោយ​ឱ្យ​ប្រទេស​ធ្លាក់​ក្នុង​កណ្តាប់​ដៃ​ពួក​ចោរ​ព្រៃ​ឧទ្ទាម និង​មនុស្ស​ក្អេងក្អាង​ដូច​លោក​សិនតូស​បាន​ឡើយ។

អវត្តមាន​ពេល​បោះឆ្នោត ៖ ​អត្រា​អ្នក​អវត្តមាន​មិន​ទៅ​បោះឆ្នោត​ច្រើន​ពេក។ នៅ​ក្នុង​ការ​បោះឆ្នោត​ប្រជាមតិ​ម្សិលមិញ​នេះ  អត្រា​អ្នក​ចូល​រួម​មាន​ត្រឹម​តែ ៣៧%​ប៉ុណ្ណោះ។ អាជ្ញាធរ​បាន​អះអាង ដោយសារ​​តែ​ព្យុះ​ភ្លៀង​ខ្លាំង​ពេក​ទើប​រំខាន​ខ្លាំង​ដល់​ការ​ធ្វើដំណើរ​ទៅ​បោះឆ្នោត។ ប៉ុន្តែ​ អវត្តមាន​មិន​ទៅ​បោះឆ្នោត​បាន​ក្លាយ​ជា​ប្រពៃណី​កូឡុំប៊ីទៅ​ហើយ។ តាំង​ពី​ឆ្នាំ​១៩៥៨​មក អត្រា​អ្នក​ចូល​រួម​បោះឆ្នោត​មាន​ត្រឹម​តែ​ពី ៣៣ទៅ ៥៨,៤៧% ប៉ុណ្ណោះ មិន​ដែល​ឡើង​ច្រើន​ហួស​ពី​នេះ​ឡើយ​។

 

កិច្ចព្រមព្រៀង​ផុយស្រួយ និង​ស្ថានភាព​លែង​​ជាក់លាក់ ?
ប្រជាមតិ​កាលពី​ថ្ងៃ​អាទិត្យ​ មិនមែន​ជា​ដំណើរការ​ដ៏​ចាំ​បាច់ កំហិត​​ដោយ​ច្បាប់ ឬក្នុង​​កិច្ចព្រមព្រៀង​អ្វីណា​ទេ ! ប៉ុន្តែ​លោកប្រធានាធិបតី​​សិនតូស ចង់បង្ហាញ​ថា កិច្ចព្រមព្រៀង​សន្តិភាព ដែល​បាន​ទទួល​ការ​ស្វាគមន៍​ពី​សហគមន៍​អន្តរជាតិ​ទាំង​មូល ​មាន​​ភាព​ស្រប​ច្បាប់​​ខ្លាំង​ ទូលំទូលាយ ដែល​ពលរដ្ឋ​កូឡុំប៊ី​ចង់​បាន។ ប៉ុន្តែ​ជា​មួយ​លទ្ធផល​​ ថា “ទេ” គឺ​ដូច​ជា​ការ​វាយ​សំពង​លើ​សិនតូសខ្លួន​ឯង​វិញ និង​ដូច​ជា​កាំបិត​ចិត​ដង​ឯង ​កាន់​តែ​បាត់​បង់​ភាព​ជាមេ​ដឹកនាំស្រប​ច្បាប់ ក្នុង​ខណៈ​ដែល​​​ប្រជាប្រិយភាព​ទាប​ស្រាប់ផង។

ថ្វីបើ​កិច្ចព្រមព្រៀង​ អាច​មិន​រង​ការ​បោះពាល់​ពី​លទ្ធផល​អវិជ្ជមាន​មែន តែ​​​ភាព​មិន​ជាក់លាក់​កំពុង​លង​ប្រទេស​។ ព្រោះ​លោកប្រធានាធិបតី​ធ្លាប់​បាន​គំរាម​ថា ​ គ្មាន​ដំណោះស្រាយ​ស្រគួរ​ទេ ហើយ​ប្រសិន​បើ​ ពលរដ្ឋ​កូឡុំប៊ី​មិន​ព្រមទទួល​យក​កិច្ច​ព្រមព្រៀង នោះ​ពួក​ហ្វាក នឹង​ត្រលប់​ទៅ​កាន់​អាវុធ​វិញ​ ព្រមទាំង​មិន​ចរចា​គ្នា​ឡើង​វិញ​ជា​ថ្មី​ឡើយ។

ប៉ុន្តែ នៅ​ថ្ងៃ​នេះ ​លោក​ប្រធានាធិបតី​ សិនតូស ដែល​កំពុង​ស្ថិត​ក្នុង​ជំហរ​មិន​សូវ​នឹង គ្រាន់​តែ​បាន​ដឹង​លទ្ធផល​​​​ចាញ់ភ្លាម បាន​ប្រកាស​សន្យា​ថា មិន​បាន​ទម្លាក់​ដៃ​ចុះ​ញ៉ម​ឡើយ និង​បន្ត​ខិត​ខំ​​ស្វែងរក​សន្តិភាព​ទៀត។ បើ​តាម​ប្រសាសន៍​លោក សិនតូស បទ​ឈប់​បាញ់​​ទ្វេ​ភាគី ជា​ស្ថាពរ ចាប់ពី​ថ្ងៃទី ២៩ សីហា​មក នឹង​នៅ​តែ​មាន​តម្លៃ​និង​សុពលភាព​រហូត។ ជាង​នេះ​ទៅ​ទៀត លោក​បាន​ប្រកាស​កោះ​ហៅ​ គ្រប់​ភាគី​នយោបាយ​ ជា​ពិសេស​បក្សនយោបាយ​ដែល​ប្រឆាំង​កិច្ចព្រមព្រៀង ដើម្បី​ស្តាប់​យោបល់​ពួក​គេ និង​បើក​វេទិកា​ពិភាក្សា​គ្នា​ ថា​តើ​រដ្ឋាភិបាល​​ត្រូវ​ដើរ​ចេញ​តាម​ច្រក​ណា។ ក្រុម​បក្ស​ប្រឆាំង​ដែល​ដឹកនាំ​ឱ្យ​អតីត​ប្រធានាធិបតី លោក អ៊ុយរីបេ ធ្លាប់​បាន​ទាមទារ​ ឱ្យ​មាន​ការ​ចរចា​ឡើង​វិញ​ជាមួយ​ហ្វាក។ បក្ស​ប្រឆាំង​ដែល​កំពុង​ស្រកួត​ដៃ​ទាញ​ចំណេញ ដោយ​បាន​បង្ហោះ​សារ​បង្រួម​បង្រួម​ជាតិ កុំ​ឱ្យ​ប្រទេស​​វិល​ត្រលប់ទៅ​រក​​សង្គ្រាម​វិញ​ ដោយ​បាន​ស្នើ​សុំ​បង្កើត​កិច្ចព្រមព្រៀង​ជាតិ​ធំ​មួយ។

អ្វីៗ​ត្រូវ​​រំពឹង​លើ​ពួក​ហ្វាក​ ? ​លោក ទីម៉ូឆេនកូ មេ​ដឹកនាំ​ចលនា​ហ្វាក ដែល​បាន​សម្តែង​ការ​សោកស្តាយ​ពី​ទីក្រុង​ឡាហាវ៉ាន​ ប្រទេស​គុយបា ​ចំពោះ​លទ្ធផល​ប្រជាមតិ ម្សិលមិញ ក៏​បាន​បញ្ជាក់​ជំហរ​​ជា​ថ្មី​ម្តង​ទៀត គាំទ្រ​សន្តិភាព ដោយ​​​សុំ​ប្រើ​ត្រឹម​ពាក្យ​សំដី​ជា​អាវុធ ដើម្បី​ស្ថាបនា​អនាគត៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ