អានតួអត្ថបទ

ព្យុះ​សង្ឃរា Matthew ដ៏​កំណាច​បោកបក់​គំរាម​គុយបា និង​ហៃទី

ព្យុះ​សង្ឃរា​ដ៏​កំណាច​ Matthew ដែល​បានផ្តើម​​បង្ក​ភាព​ខូច​ខាត​និង​រងគ្រោះ​នៅ​ហៃទី​ កំពុង​បន្ត​ដំណើរ​បោក​បក់​ទៅ​កាន់​បណ្តា​ប្រទេស​នៅ​តំបន់​ការ៉ាអ៊ីប និង​ភាគ​ខាង​កើត​ប្រទេស​គុយបា នៅ​ថ្ងៃ​នេះ។ គេ​សង្ស័យ​ថា អាច​​នឹង​មាន​ការ​ខូច​ខាតជា​សម្ភារៈ​​យ៉ាង​ដំណំ ព្រមទាំង​ការ​ជម្លៀស​ប្រជាជនដល់​ទៅ​​រាប់​ពាន់​នាក់។

បុរសហៃទី​ម្នាក់ រត់កាត់​​ភ្លៀង​ដែល​ធ្លាក់​កាន់​តែ​ខ្លាំង ពេល​ព្យុះ​ Matthews កាន់​តែ​ខិត​មក​ដល់
បុរសហៃទី​ម្នាក់ រត់កាត់​​ភ្លៀង​ដែល​ធ្លាក់​កាន់​តែ​ខ្លាំង ពេល​ព្យុះ​ Matthews កាន់​តែ​ខិត​មក​ដល់ REUTERS/Andres Martinez Casares
ផ្សាយពាណិជ្ជកម្ម

មាន​ស្លាប់​បុរស​ម្នាក់​ ដោយ​លិច​ទូក​កាលពី​ថ្ងៃ​សុក្រ នៅ​ភាគ​ខាង​ត្បូង​ប្រទេស​ហៃទី ! មនុស្ស​ម្នាក់​ទៀត​បាន​បាត់​ខ្លួន នៅ​ថ្ងៃ​ចន្ទ ហើយ​ក្បាល​ព្យុះ​សង្ឃរា Matthew ​បាន​រំកិលបន្តិច​ម្តងៗ ក្នុង​ល្បឿន​១៣​គីឡូម៉ែត្រ​ក្នុង​មួយម៉ោង ​មក​កាន់​តែ​កៀក​រដ្ឋ​ធានី​ហើយ និង​បន្ត​ដំណើរ​ទៅ​កាន់​ឆ្នេរ​ខាង​កើត​គុយបា។

បើ​តាម​ការ​ព្យាករ ព្យុះ​សង្ឃរា​ Matthew ដែល​​កម្លាំងខ្យល់គួច​បោក​បក់​ក្នុងល្បឿន​​ ២២០ គីឡូម៉ែត្រ​ក្នុង​ម៉ោង និង​កំណាច​ខ្លាំង​លំដាប់​ទី​៤ ក្នុង​កំរិត​ខ្លាំង​សរុប​៥។ ខេត្ត​ភាគ​ខាង​កើត​របស់​គុយបា និង​បាហាម៉ា បាន​ប្រកាស​អាសន្ន​ព្យុះ​សង្ឃរា កោះហៃទីដែល​ក្រីក្រ​ជាង​គេ​បំផុត​ប្រចាំ​តំបន់ បាន​ដំឡើង​កំរិត​អាសន្ន​ពី​លឿង​ទៅ​ក្រហម។ ពលរដ្ឋ​ជាង​ពីរ​ពាន់​ត្រូវ​បាន​ជម្លៀសចេញ​តាំង​ពី​ល្ងាច​មិញ។ កម្ពស់​ទឹក​សមុទ្ទ​អាច​នឹង​ឡើង​ពី​ពីរ​ទៅ​បី​ម៉ែត្រ តំបន់​ខ្លះ​ទឹក​សមុទ្ទ និង​ទឹក​ស្ទឹង​ទន្លេ​បាន​មក​ជួប​គ្នា​​ផ្តើម​ជន់​លិច​លើ​ផ្លូវ​ជា​បណ្តើរៗ។ ប្រតិបត្តិការ​ជម្លៀស​កំពុង​បន្ត​ធ្វើ​ទៀត នៅ​ទូទាំង​ប្រទេស។ តុល្យការ​នៃ​ជនរងគ្រោះ និង​ការ​ខូច​ខាត​នៅ​មិន​ទាន់​អាច​កំណត់​បាន​នៅ​ឡើយ​ទេ​ នាពេល​នេះ តែ​បើ​តាម​អភិបាល​ក្រុង មាន​ពលរដ្ឋ​ប្រមាណ​១០​ម៉ឺន​នាក់​កំពុង​ប្រឈម​នឹង​គ្រោះថ្នាក់។

នៅ​កោះ​គុយបា​វិញ ​ប្រឈម​នឹង​​​គ្រោះ​ទឹក​ជំនន់អាជ្ញាធរ​អាមេរិក​បានជម្លៀ​ស​បុគ្គលិក​និង​គ្រួសារ​​​យោធា ចេញ​ពី​មូលដា្ឋន​ និង​ពី​ពន្ធនាគារ​ហ្គ័នតាណាម៉ូ។ ចំណែក​អ្នក​ទោស​សង្គ្រាម​និង​ភេរវកម្ម​ចំនួន​៦១​នាក់ ត្រូវ​បាន​ដាក់​ឃុំ​ក្នុង​កន្លែង​ដែល​ធន់​ខ្លាំង​ព្យុះកំណាចហើយ។
Matthew មាន​កម្លាំង​ខ្លាំង​ជាង​ព្យុះ​សាន់ដេ ដល់​ទៅ​ពីរ​ដង​។ នេះ​បើ​តាម​សេចក្តី​ថ្លែងការណ៍របស់​លោក ​រ៉ាអ៊ូល កាស្ត្រូ ប្រធានាធិបតី​គុយបា ដែល​បាន​ត្រៀម​លក្ខណៈ​និង​ជម្លៀស​ប្រជាពលរដ្ឋ​ជាង​៣១​ម៉ឺន​នាក់​ហើយ។ កាលពី​ឆ្នាំ២០១២ សាន់ដេ បានបង្កការ​ខូច​ខាត​សម្បើម​ណាស់ តាំងពី​គុយបា ដល់​ឆ្នេរ​ឦសាន​អាមេរិក៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ