អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

លោក Donald Trump កំពុង​តែ​បាត់​សម្លេង​គាំទ្រ​ពី​ស្រ្តី​មាន​សិទ្ធិ​បោះឆ្នោត

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​សល់​មិន​ដល់​មួយ​ខែ​ទៀត​ប៉ុណ្ណោះ​ ការ​បោះឆ្នោត​ប្រធានាធិបតី​អាមេរិក​នឹង​មក​ដល់។​ ចាប់​តាំង​ពី​ចាញ់​ការ​ជជែក​ពិភាក្សា​តទល់​គ្នា​លើក​ដំបូង​​ជាមួយ​លោកស្រី​ Hillary Clinton ឥឡូវ​នេះ​ លោក​ Donald Trump កំពុង​តែ​ប្រឈម​នឹង​ឧបសគ្គ​ជា​ហូរហែ​។ ពាក្យ​សំដី​គ្រោត​គ្រាត​មើល​ងាយ​ស្រ្តី​ភេទ​ និង​ចរិត​មើល​ងាយ​បែប​បំពាន​ផ្លូវ​ភេទ​ស្រ្តី​កំពុង​តែ​ធ្វើ​ឲ្យ​ប្រជា​ប្រិយភាព​របស់​លោក​ Trump ​កំពុង​ដាំ​ក្បាល​ចុះ​បណ្តើរៗ​ហើយ។​ តើ​លោក​ Trump ​មាន​សង្ឃឹម​បាន​សំលេង​គាំទ្រ​ពី​មនុស្ស​ស្រី​ដែរ​ឬទេ​ ប្រសិន​បើ​គាត់​មាន​ចរិត​ប្រមាថ​មើល​ងាយ​ស្រ្តី​បែប​នេះ? បច្ចុប្បន្ន​នេះ​ ក្រុម​អ្នក​ជំនាញ​កំពុង​តែ​សិក្សា​គម្លាត​យេនឌ័រ (Gender Gap)​ ដើម្បី​ប៉ាន់​ប្រមាណ​សម្លេង​ឆ្នោត​ពីសំណាក់​ស្រ្តី​ ដែល​បោះឆ្នោត​ជូនបេក្ខជន​តំណាង​ឲ្យ​គណបក្ស​នីមួយៗ។

​លោក Donald Trump និង​លោកស្រី Hillary Clinton
​លោក Donald Trump និង​លោកស្រី Hillary Clinton PHOTO DESK / AFP
ផ្សាយពាណិជ្ជកម្ម

ពី​មួយ​ថ្ងៃ​ទៅ​មួយថ្ងៃ លោក​ Donald Trump បេក្ខជន​ដ៏​ចម្រូងចម្រាស​តំណាង​ឲ្យ​គណបក្ស​សាធារណរដ្ឋ​កំពុង​តែ​បាត់​ការ​គាំទ្រ​ពី​ក្រុម​ស្រ្តី​គ្រប់​អាយុ​អាច​បោះឆ្នោត។ ការ​ស្ទង់​មតិ​ចុង​ក្រោយ​បាន​បង្ហាញ​ឲ្យ​ដឹង​ថា​ លោកស្រី​ Hillary Clinton កំពុង​តែ​ទទួល​បាន​ការ​គាំទ្រ​ចំនួន​ ៤២%​ ពី​អ្នក​បោះឆ្នោត​ទូទៅ​ ខណៈ​ពេល​ដែល​លោក​ Donald Trump ទទួល​បាន​តែ​ ៣៦%​ ប៉ុណ្ណោះ។ ឥឡូវ​នេះ​ គម្លាត​រវាង​បេក្ខជន​ទាំង​ពីរ​មាន​រហូត​ទៅ​ដល់​ ៦​ពិន្ទុ។​ កាល​ពី​ប៉ុន្មាន​សប្តាហ៍​មុន​ គម្លាត​នេះ​មាន​តែ​ ១ ពិន្ទុ​តែ​ប៉ុណ្ណោះ​។ ហើយ​លោក​ Trump ថែម​ទាំង​ដឹក​មុខ​លោក​ស្រី​ Clinton​ ទៀត​ផង។

ប៉ុន្តែ ដើម​ខែ​តុលា​នេះ​ លោក​ Trump កំពុង​តែ​​ជួប​ព្យុះ​ភ្លៀង​ផ្ទួនៗ​គ្នា​នឹក​ស្មាន​មិន​ដល់។​ កាល​ពី​ចុង​សប្តាហ៍​កន្លង​ទៅ​នេះ​ មាន​ការ​បែក​ធ្លាយ​វីដេអូ​មួយ​ ដែល​លោក​ Trump បាន​ប្រើ​ពាក្យ​សំដី​គគ្រោត​គគ្រាត​ប្រមាថ​មើលងាយ​ស្រ្តី​ភេទ។​ សារព័ត៌មាន​ Washington Post​ បាន​ទទួល​វីដេអូ​នេះ​ពី​ប្រភព​អនាមិក​មួយ។ ខ្សែវីដេអូ​នោះ​ត្រូវ​បាន​លួច​ថត​កាល​ពី​ឆ្នាំ​ ២០០៥ ។​ គឺ​ជា​កិច្ច​សន្ទនា​គ្នា​រវាង​ លោក​ Trump​ ជាមួយ​ពិធីករ​វ័យ​ក្មេង​ម្នាក់​ឈ្មោះ​ Billy Bush នៅ​លើ​​រថយន្ត​ក្រុង​ដឹក​ក្រុម​ការងារ​ទៅ​កាន់​ស្ទោឌីយោ​ទូរទស្សន៍​ដើម្បី​ថត​កម្មវិធី ​Access Hollywood។

ក្នុង​កិច្ចសន្ទនា​នោះ​ លោក​ Trump បាន​ប្រើប្រាស់​ពាក្យ​ពេចន៍​ចំអេះ​ចំអាស​ប្រមាថ​មនុស្ស​ស្រី។​ ​ក្នុង​នាម​ខ្លួន​ជា​ពិធីករទូរទស្សន៍​​មាន​បទពិសោធន៍យូរ​ឆ្នាំ​​ លោក​ Trump បាន​ពន្យល់​ពិធីករ​វ័យ​ក្មេង​នោះ​អំពី​របៀប​ប្រើ​ប្រាស់​ឥទ្ធិពល​របស់​ខ្លួន​ ដើម្បី​ចែចង់​​ ឬ​ដេក​ជាមួយមនុស្ស​ស្រី​។​ សំដី​បែប​នេះ​បង្ហាញ​ពី​ចរិត​បំពាន​ផ្លូវ​ភេទ​លើ​មនុស្ស​ស្រី។​ ប្រតិកម្ម​បាន​ធ្លាក់​មក​ជា​បន្ត​បន្ទាប់​ ក្រោយ​ពី​ការ​ផ្សព្វផ្សាយ​វីដេអូ​នេះ។ ​សូម្បី​តែ​ថ្នាក់​ដឹកនាំ​ជាន់​ខ្ពស់​របស់​គណបក្ស​សាធារណរដ្ឋ​មួយ​ចំនួន​ក៏​បាន​សំដែង​ការ​ខក​ចិត្ត​ចំពោះ​អត្ត​ចរិត​ដ៏​ស្មោក​គ្រោករបស់​លោក​ ​Trump ផងដែរ។

ប៉ុន្មាន​ម៉ោង​ក្រោយ​មក​ ​នា​រំលេងអធ្រាត​ថ្ងៃ​សុក្រ លោក​ Trump បាន​សុំ​ទោស​ជា​សាធារណៈ​តាម​កញ្ចក់​ទូរទស្សន៍។​ ហើយ​គាត់​ក៏​បាន​សុំ​ទោស​ម្តង​ទៀត​នា​ថ្ងៃ​សៅរ៍។​ ទង្វើ​នេះ​បង្ហាញ​ពី​កិច្ច​ខិតខំ​ប្រឹង​ប្រែង​ដើម្បី​ស្តារ​ប្រជាប្រិយភាព​របស់​គាត់។ ​ប៉ុន្តែ រឿង​អាស្រូវ​ទាំង​នេះគ្រាន់​តែ​ជា​ផ្នែក​តូច​មួយ​ប៉ុណ្ណោះ​ ក្នុង​ចំណោម​រឿងរ៉ាវ​មួយ​ចំនួន​ផ្សេង​ទៀត។​ កន្លង​មក​​ លោក​ Trump ក៏​ធ្លាប់​មាន​ការ​ប៉ះ​ទង្គិច​ពាក្យ​សំដី​ផងដែរ​ជា​មួយ​នាង​ Megyn Kelly អ្នក​សារព័ត៌មាន​ និង​ជា​ពិធីករ​ប្រចាំ​ស្ថានីយ៍​ទូរទស្សន៍​ Fox News ​ក្នុង​កំឡុង​ពេល​នៃការ​បោះឆ្នោត​បឋម​ក្នុង​បក្ស។

លោក​ Trump ធ្លាប់​បាន​ជេរ​ប្រមាថ​នារី​អ្នក​សារព័ត៌មាន​រូប​នេះ​ឥត​សំចៃមាត់។​ ថ្មីៗ​នេះ​ទៀត​ បេក្ខជន​សាធារណរដ្ឋ​មាត់​ឆៅ​រូប​នេះ​ក៏​បាន​ជេរ​ប្រទេច​ផ្តាស​សារ​ដល់​នាង​ Alicia Machado ដែល​ជាអតីត​បវរកញ្ញា​សកល។​ ជា​ពលរដ្ឋ​អាមេរិក​មាន​ដើម​កំណើត​វេណេហ្សុយ​អេឡា​ នាង​ Alicia Machado ត្រូវ​លោក​ Trump ប្រៀប​ប្រដូច​នឹង​សត្វ​ជ្រូក​ ព្រោះ​នាង​ឡើង​ទំងន់​ពេល​ធ្លាប់​ធ្វើ​ជានារីម៉ូដែលឲ្យ​ទីភ្នាក់​ងារ​​បង្ហាញ​ម៉ូដ​របស់​លោក​ Trump។ ដោយសារ​តែ​នាង​រិះគន់​ខ្លួន​ ហើយនាង​សំដែង​ការ​គាំទ្រ​លោក​ស្រី​ Hillary Clinton លោក​ Trump ក៏​ថែម​ទាំង​ឲ្យ​សាធារណជន​ទៅ​មើល​វីដេអូ​អាស​អាភាស​របស់​នាង​ទៀត​ផង។

ទង្វើ​ដ៏​ស្មោកគ្រោក​មិន​សាក​សម​ជា​អ្នក​ដឹកនាំ​បែប​នេះ​ហើយ​កំពុង​ធ្វើ​ឲ្យ​ប្រជា​ប្រិយ​ភាព​របស់​លោក​ Trump ធ្លាក់​ចុះ​ជា​រៀង​រាល់​ថ្ងៃ។​ បច្ចុប្បន្ន​នេះ​ ក្រុម​អ្នក​ជំនាញ​កំពុង​តែ​សិក្សា​គម្លាត​យេន​ឌ័រ (Gender Gap)​ ដើម្បី​ប៉ាន់​ប្រមាណ​សម្លេង​ឆ្នោត​ពីសំណាក់​ស្រ្តី​ ដែល​បោះឆ្នោត​ជូនបេក្ខជន​តំណាង​ឲ្យ​គណបក្ស​នីមួយៗ។ សូម​បញ្ជាក់​ជូន​ថា​ គម្លាត​យេនឌ័រ​ គឺជា​រង្វាស់​សម្លេង​ឆ្នោត​រវាង​បុរស​ និង​ស្រ្តី​ ដែល​គាំទ្រ​បេក្ខជន​ណា​ម្នាក់។ សម្លេង​គាំទ្រ​ពីស្រ្តី គឺ​ជា​រឿង​សំខាន់​មួយ​មិន​អាចមើល​រំលេង​បាន​ឡើយក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​អាមេរិក។ សំរាប់​ការ​បោះឆ្នោត​ឆ្នាំ​២០១៦​នេះ​ ស្រ្តី​តំណាង​ឲ្យ​ ៥២% ក្នុង​ចំណោម​ពលរដ្ឋ​អាមេរិក​សរុប​មាន​សិទ្ធិ​បោះឆ្នោត។

កាល​ពី​ខែ​មុន​ ស្ថាប័ន​សារព័ត៌មាន​អាមេរិក​ចំនួន ៤​ ផ្សេង​គ្នា​បាន​ដឹកនាំ​ការ​ស្ទង់​មតិ​ក្នុង​ចំណោម​អ្នក​បោះឆ្នោត​ស្រ្តី។ បើ​យោង​តាម​លទ្ធផល​បាន​បង្ហាញ​ឲ្យ​ដឹង​ថា​ មនុស្ស​ស្រី​ចន្លោះ​ពី​ ៦៥% ដល់​ ៧៤%​ មិន​ចូល​ចិត្ត​បុគ្គលិក​លក្ខណៈ​របស់​លោក​ Trump ឡើយ។ ដូច​នេះ​ គម្លាត​យេនឌ័រ​អាច​ធ្វើ​ឲ្យ​លោក​ Donald Trump របូត​ឱកាស​ក្លាយ​ជា​ប្រធានាធិបតី​អាមេរិក​។ គម្លាត​យេនឌ័រ​បាន​ក្លាយ​កម្មវត្ថុ​សិក្សា​ស៊ីជម្រៅ​ជា​លើក​ដំបូង​កាល​ពី​សម័យ​បោះឆ្នោត​ឆ្នាំ​១៩៨០។ កាលនោះ​ លោក​ Ronald Reagan ​មកពី​គណបក្ស​សាធារណរដ្ឋ​បាន​ជាប់​ឆ្នោត​ជា​ប្រធានាធិបតី​អាមេរិក​ ​ដោយ​មាន​សំលេង​គាំទ្រ​ចំនួន​ប្រហែល​ ៤៤ លាន​សម្លេង (ជាង​ ៥០%)។។

បើ​តាម​ការ​រាប់​សន្លឹក​ឆ្នោត​បាន​ឲ្យ​ដឹង​ថា​ ​​លោក​ Ronald Reagan ទទួល​បាន​សម្លេង​ឆ្នោត​ពី​បុរសចំនួន​ ៥៥%​ និង​ពី​​ស្រ្តី​ចំនួន​ ៤៧%។​ ចំណែក​លោក​ Jimmy Carter គូ​ប្រជែងមក​ពី​គណបក្ស​ប្រជាធិបតេយ្យ​ ​ដែល​ពុំ​បានឈ្នះ​ឆ្នោត​នោះ​បាន​ទទួល​ការគាំទ្រ​ចំនួន​ជាង​ ៣៥ លានសម្លេង (៤១%)​។ ជាសរុប​ សំរាប់​លោក​ Jimmy Carter ដែល​ចាញ់​ឆ្នោត​ គឺគម្លាត​យេនឌ័រ​មាន​ចំនួន​ ១៧ ពិន្ទុ​ ដោយ​គាត់​ពុំ​សូវ​បាន​ទទួល​ការ​គាំទ្រ​ពី​ស្រ្តីឡើយ។

សំរាប់​ឆ្នាំ​ ២០១៦ លោក​ ​Larry Sabato អ្នក​ស្រាវជ្រាវ​ប្រចាំ​សាកល​វិទ្យាល័យ​ Virginie បាន​ទស្សន៍​ទាយ​ថា​ សំរាប់​លោក​ Donald Trump ​គម្លាត​យេនឌ័រ​អាច​​កើន​ដល់​ ២៤​ពិន្ទុ​ ដោយសារ​តែ​ស្រ្តី​ភាគ​ច្រើន​នឹង​ងាក​ទៅ​បោះឆ្នោត​គាំទ្រ​លោក​ស្រី​ Hillary Clinton។​ ហើយ​កាលពី​ខែ​សីហា​កន្លង​ទៅ​នេះ​ សាកលវិទ្យាល័យ​ Monmouth នៅ​ក្នុង​រដ្ឋ​ New Jersey បាន​ធ្វើ​ការ​សិក្សា​អង្កេត​មួយ។ លទ្ធផល​បាន​បង្ហាញ​ឲ្យ​ដឹង​ថា​ ឧបសគ្គ​របស់​លោក​ Donald Trump គឺ​បាត់​បង់ការ​គាំទ្រ​ពី​ក្រុម​ស្រ្តី​អាមេរិក​ស្បែក​ស​ ដែល​បាន​រៀនសូត្រ​ខ្ពង់​ខ្ពស់។​​ ជាសរុប​ គេ​រំពឹង​ទុក​ថា​លោកស្រី​ Hillary Clinton នឹង​ទទួល​បាន​សំលេង​គាំទ្រ​ចំនួន​ ៥៧%​ ពី​ស្រ្តីគ្រប់​អាយុ​អាច​បោះឆ្នោត។ ចំណែក​លោក​ Donald Trump នឹង​ទទួល​បាន​សំលេង​គាំទ្រ​តែ​ ២៧%​ ​ប៉ុណ្ណោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ