អានតួអត្ថបទ

កូឡុំប៊ី ដំណើរ​ឆ្ពោះ​ទៅ​រក​សន្តិភាព​ទាំង​ស្រុង

ជម្លោះ​ប្រដាប់​ដ៏​ចំណាស់​ជាង​កន្លះ​សតវត្សរ៍​នៅ​កូឡុំប៊ី​ទំនង​ជាង​នឹង​អាច​បិទ​បញ្ចប់​ទាំង​ស្រុង​ ក្នុង​ពេល​ឆាប់ៗ​នេះ​ហើយ ! ពួក​ឧទ្ទាម​ប្រដាប់​អាវុធ​មួយ​ក្រុម​ទៀត ឈ្មោះ​ថា យោធា​រំដោះជាតិ ELN និង​ រដ្ឋាភិបាល​កូឡុំប៊ី បាន​ប្រកាស​រក​ការ​ព្រមព្រៀង​គ្នា នៅ​ថ្ងៃ​ចន្ទ​ទី ១០​តុលា នេះ ថា​នឹង​ផ្តើម​ចរចា​រក​សន្តិភាព​ចាប់​ពីចុង​ខែ​​ តុលា​ទៅ។ បន្ទាប់​ពី​បាន​ក្លាយ​ជា​ជ័យលាភី​រង្វាន់​ណូបែល​សន្តិភាព កាលពី​ថ្ងៃ​សុក្រ ចំពោះ​ស្នាដៃ​ប្រឹង​ប្រែង​រក​សន្តិភាពជាមួយ​ពួក​ឧទ្ទាម​ហ្វាក តែ​​ដែល​ច្រានចោល​ប្រជាមតិ​ សេចក្តី​ប្រកាស​ព្រមព្រៀង​ចរចា​សន្តិភាព​ជាមួយ​ពួក​ ELN គឺ​ជា​ថ្នាំ​ប៉ូវ​លើក​ទឹក​ចិត្ត​ដល់​ប្រធានាធិបតី​កូឡុំប៊ី​ ហ័នម៉ានុយអែល សិនតូស Juan Manuel Santos ​យ៉ាង​ខ្លាំង។

ពួក​ឧទ្ទាម​យោធា​រំដោះជាតិ​ (ELN) ដើរ​ល្បាត។ រូបថត​ឆ្នាំ​២០០០
ពួក​ឧទ្ទាម​យោធា​រំដោះជាតិ​ (ELN) ដើរ​ល្បាត។ រូបថត​ឆ្នាំ​២០០០ AFP PHOTO STR
ផ្សាយពាណិជ្ជកម្ម

ក្រោយ​ពី​បាន​សាកល្បង​ស្វែង​រក​ការ​ចរចា​គ្នា​ដោយ​ស្ងាត់ៗអស់​រយៈ​ពេល​ជិត​បី​ឆ្នាំ ​ ពួក​ឧទ្ទាម​យោធា​​រំដោះជាតិ និង​​រដ្ឋាភិបាល​កូឡុំប៊ី​ បាន​ប្រកាសព្រមព្រៀង​ពី ​ប្រទេស​​វេណេស៊ុយអេឡា នៅ​ថ្ងៃ​នេះ ថា​នឹង​ចាប់​បើក​កិច្ចចរចា​សន្តិភាព ជា​សាធារណៈ ចាប់​ពី​ថ្ងៃ​ទី ២៧ តុលា ឆ្នាំ​២០១៦​នេះទៅ នៅ​ក្រុង គីតូ ប្រទេស​អេក្វាទ័រ។

នៅ​ក្នុង​ជំនួបប្រជុំ​លើក​ដំបូង ភាគី​ទាំង​ពីរ​បាន​ព្រម​ព្រៀង​គ្នា​ថា សង្គម​កូឡុំប៊ី​ក៏​មាន​ចំណែក​មក​ចូល​រួម​​ក្នុង​ដំណើរការស្វែង​រក​សន្តិភាព ជាមួយ​ក្រុម​ឧទ្ទាម​ទី​ពីរ​របស់​ប្រទេស។

សេចក្តី​ប្រកាស​នេះ ធ្លាក់​មក​ចំពេល​ល្អ​ណាស់ សម្រាប់​លោកប្រធានាធិបតី​ ហ័នម៉ានុយអែល សិនតូស។ ​៨​ថ្ងៃ​ក្រោយលទ្ធផល​ដ៏​ភ្ញាក់ផ្អើល​បំផុតនៃ​​ប្រជាមតិច្រាន​ចោល​កិច្ចព្រមព្រៀង​សន្តិភាព​ជាមួយ​ពួក​ឧទ្ទាម​ហ្វាក កងកម្លាំង​ប្រដាប់​អាំវុធ​បដិវត្តកូឡុំប៊ី​ លោក សិនតូស អាច​ញញឹម​ចេញ​វិញ​ជា​ថ្មី។

ដោយ​គ្មាន​បង្អង់ លោកប្រធានាធិបតី បាន​បញ្ចេញ​ប្រតិកម្មភាព​អបអរ និង​រំពឹង​ថា​កូឡុំប៊ី នឹង​បាន​ស្គាល់​សន្តិភាព​ពេញ​លេញ​ជូន​ប្រទេស។ ពេញ​លេញ ព្រោះ យោធា​​រំដោះ​ជាតិ និង​ពួក​ហ្វាក​ គឺ​ជា​ក្រុម​ឧទ្ទាម​ចំបង​របស់​កូឡុំប៊ី។ ​កកើត​ឡើង​តាំង​ពី​ឆ្នាំ​១៩៦០ តាម​គំរូ​បដិវត្ត​នៅ​គុយបា ក្រុមឧទ្ទាម​យោធា​រំដោះ​ជាតិ មាន​យុទ្ធជន​កាន់​អាវុធ​ប្រមាណ​១៥០០​នាក់ (ហ្វាក​៥៧៦៥​នាក់) នា​ពេល​បច្ចុប្បន្ន​នេះ។

បើ​តាម​អត្ថបទ​ព្រមព្រៀង​បង្ហាញ​នៅ​ថ្ងៃ​ចន្ទ​ម្សិលមិញ ចំណុច​គ្រឹះ​ជា​មូលដ្ឋាន​នៃគ្រប់​រាល់​​ការ​ចរចា​ នា​​ថ្ងៃ​មុខ គឺ  ក្រុម​ឧទ្ទាម​យោធា​រំដោះជាតិ សន្យា​ផ្តើម​ដំណើរការ​ដោះលែង​ចំណាប់​ខ្មាំង ឱ្យ​បាន​មុន​ថ្ងៃ​ទី ២៧ តុលា។ ចំណាប់​ខ្មាំង​ម្នាក់ ត្រូវ​បាន​ដោះលែង ប្រគល់​ដល់​ដៃ​​ក្រុមកាកបាទ​ក្រហមនៅ​តាម​បណ្តោយ​ព្រំដែន​វេណេស៊ុយអេឡា​​ហើយ តាំង​ពី​​មុន​សេចក្តី​ប្រកាស​ព្រមព្រៀងចូល​ចរចា​​ទៅ​ទៀត។​ បើ​តាម​ប៉ាន់​ស្មាន​ជា​ផ្លូវការ នេះ​គឺ​ជា​ចំណាប់​ថ្នូរ​ទី​បី ដែល​ពួក​ឧទ្ទាម​យោធារំដោះ​ជាតិ​កូឡុំប៊ី បាន​ដោះលែង​ ក្នុង​រយៈ​ពេល​​តែ​ពីរ​សប្តាហ៍នេះ ហើយ​ទំនង​ជា​នៅ​មាន​​មនុស្ស​ម្នាក់​ទៀត ជាប់​ជា​ចំណាប់​ខ្មាំង​នៅ​ឡើយ។

ក្រុម​ឧទ្ទាម​ហ្វាក ក៏​មិន​បង្អង់​នឹង​បញ្ចេញ​ប្រតិកម្ម​ដែរ ! ប្រមុខ​ដឹកនាំចរចារបស់​ចលនា​ប្រដាប់​អាវុធ​បដិវត្ត​កូឡុំប៊ី បានសម្តែង​ការ​​ស្វាគមន៍​​សេចក្តី​ប្រកាស​ដែល​ជា​ដំណឹង​ដ៏​ល្អ​បំផុត​សម្រាប់​ប្រទេស៕​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ