អានតួអត្ថបទ
កូឡុំប៊ី- អ.ស.ប.

អ.ស.ប ត្រៀម​ខ្លួន​ស្រេច​ ដើម្បី​បន្ត​ឃ្លាំ​មើល​ការ​អនុវត្ត​បទ​ឈប់​បាញ់​នៅ​កូឡុំប៊ី​

អង្គការ​សហប្រជាជាតិ បាន​ប្រកាស​ឲ្យ​ដឹង​ពី​ការ​ត្រៀម​ខ្លួន​​ ដើម្បីបន្ត​ឃ្លាំ​មើល ការ​អនុវត្ត​បទ​ឈប់​បាញ់​​នៅ​​ក្នុង​​ប្រទេស​​កូឡុំប៊ី​ ដែល​បាន​ចុះ​ហត្ថលេខា​​ ដោយ​រដ្ឋាភិបាល​ និង​ក្រុម​ឧទ្ទាម​ហ្វាក​ កាលពី​ថ្ងៃទី ២៩​សីហា​កន្លង​ទៅ ​បើទោះបី​ជា​​​ប្រជាមតិ បាន​​ច្រាន​ចោល​កិច្ច​ព្រមព្រៀង​សន្តិភាព​​ជាមួយ​​ពួក​ឧទ្ទាមហ្វាក​ក៏ដោយក្តី។

ប្រធានាធិបតីកូឡុំប៊ី លោក Juan Manuel Santos ​ថ្លែង​បញ្ជាក់​ពី​កិច្ចព្រមព្រៀង​ប្រវត្តិសាស្ត្រ​ជាមួយ​ក្រុមឧទ្ទាម​ FARC ថ្ងៃ​២៥​សីហា​នៅ​ក្រុង​Bogota.
ប្រធានាធិបតីកូឡុំប៊ី លោក Juan Manuel Santos ​ថ្លែង​បញ្ជាក់​ពី​កិច្ចព្រមព្រៀង​ប្រវត្តិសាស្ត្រ​ជាមួយ​ក្រុមឧទ្ទាម​ FARC ថ្ងៃ​២៥​សីហា​នៅ​ក្រុង​Bogota. REUTERS/John Vizcaino
ផ្សាយពាណិជ្ជកម្ម

លោក Jean Arnault ដែល​ជា​អ្នក​តំណាង​ពិសេស​របស់​អគ្គ​លេខាធិការ​អសប​និង​ជា​មេដឹក​នាំ​បេសកកម្ម​ឃ្លាំ​មើល​ការ​អនុវត្ត​បទ​ឈប់បាញ់​នៅ​កូឡុំប៊ី បាន​ដាក់​ជូន​របាយការណ៍​មួយ​ស្តីពី”​ព្រឹត្តិការណ៍​ថ្មីៗ​នៅ​ប្រទេស​កូឡុំប៊ី" ​ជូន​ដល់​ក្រុម​ប្រឹក្សា​សន្តិសុខ​នៅ​ទីក្រុង​ញូវយក។

ក្នុងរបាយការណ៍នោះ ​​លោក​​បាន​គូស​បញ្ជាក់ដែរ ​​ពី”​សារៈ​សំខាន់​នៅ​លើ​ការ​មូល​មតិ​គ្នា​នៅ​ជុំវិញ​បញ្ហា​បទ​ឈប់បាញ់"។ ​ ម្យ៉ាងទៀតប្រជាជន​កូឡុំប៊ី ក៏​​បាន​សម្តែង​មតិ​យ៉ាងមុតមាំ​របស់​​ខ្លួន​​​ដោយ​​បាន​​ច្រានចោល​មិន​​ឲ្យ​មាន​​​អំពើ​​ហិង្សា​កើត​ឡើង​​​នៅ​​​ក្នុង​​​ប្រទេស​របស់​ខ្លួន​ជា​ថ្មី​​ដែរ"​ នេះ​ជា​ការ​គូស​បញ្ជាក់​បន្ថែម​របស់អ្នក​តំណាង​ពិសេស​របស់​អគ្គ​លេខាធិការ​អសប។

ចំណែក​ឯកអគ្គរដ្ឋទូត​រុស្សី​លោក Vitali Tchourkine ដែល​ជា​ប្រធាន​ក្រុមប្រឹក្សា​សន្តិសុខ​នៅ​អ.ស.ប.​វិញ ក្រោយពី​​រួម​ប្រជុំ​ជា​អសាធារណៈ​រួច​មក បាន​ថ្លែង​បញ្ជាក់​ថា”សមាជិកទាំងអស់​របស់​ក្រុម​ប្រឹក្សា​ បាន​កត់​ត្រា​ទុក​​លទ្ធផល​នៃ​ការ​បោះ​ប្រជាមតិ​កាលពី​ថ្ងៃ​ទី​២​តុលា​នៅ​កូឡុំប៊ី​និង​​សម្តែង​ការ​អបអរសាទរ​ដែរ ​ចំពោះ​រាល់​សេចក្តី​សម្រេចចិត្ត​​របស់​ភាគី​ទាំង​ពីរ​នៅ​ក្នុងការ​គាំពារ​ថែ​​រក្សា​បទ​ឈប់បាញ់​ជាឧបតោ​ភាគី”។ ប្រធាន​ក្រុមប្រឹក្សា​សន្តិសុខ បាន​បន្ត​ប្រាប់​ទៀត​​ថា”​សមាជិក​ក្រុម​ប្រឹក្សា ​បាន​ជម្រុញផងដែរ ​ឲ្យរាល់​គូ​ភាគី​និង​​សកម្មជន​នយោបាយ​កូឡុំប៊ី​ទាំង​អស់ នាំគ្នា​​ខ្នះខ្នែងជូយ​​ការពារ​នា​​រយៈ​ពេល​​​ដំណើរ​ការ​ស្វែងរកដំណោះស្រាយ​ និង​​បន្ត​ការ​គាំទ្រ​របស់ខ្លួន​​​នៅ​ក្នុងកិច្ច​ប្រឹងប្រែង​ទាំង​អស់​នេះដែរ"។

​ក្នុងពេលនេះ​ សមាជិក​​នៃ​ក្រុម​ប្រឹក្សា ​​កំពុងតែ​​រង់ចាំ ​អនុសាសន៍​របស់​លោក ​បាន គីមូន​អគ្គ​លេខាធិការ​​អសប​ នៅ​លើ​ការ​បន្ត​បេស​កកម្ម​​របស់អសប​នៅ​ក្នុង​ប្រទេស​កូឡុំប៊ី។

គួររំលឹកថា លោកប្រធានាធិបតីកូឡុំប៊ី​ Juan Manuel Santos​ និង​ក្រុម​ឧទ្ទាម​កូឡុំប៊ី​ ​បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​សន្តិភាព​មួយ​នៅ​ថ្ងៃ​ទី​២៦​កញ្ញា​ដើម្បី​បិទ​បញ្ចប់​ការប្រឈម​មុខ​អាវុធ​ដាក់​គ្នា​ ដែល​មានរយៈពលេ​៥២​ឆ្នាំមកហើយនៅ​កូឡុំប៊ី។​

សង្រ្គាម​នៅ​កូឡុំប៊ី​រវាងកងទ័ពរដ្ឋាភិបាលនិង​ក្រុម​កម្លាំង​ឧទ្ទាម​នានា​នៅក្នុងប្រទេស​បាន​សម្លាប់​​​ជីវិត​មនុស្ស​ប្រមាណ​ជា ២៦​ម៉ឺន​នាក់ បាត់ខ្លួនជនចំនួន​៤​ម៉ឺន៥០០០​នាក់​និង​ប្រជាជន​ផ្លាស់​ទីលំនៅ​ជិត​៧​លាន​នាក់​នៅ​ក្នុង​ប្រទេស៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ