អានតួអត្ថបទ
អាមេរិក-កូវ៉ែត

កម្លាំង​សម្ព័ន្ធមិត្ត​រួមគ្នា​ពង្រឹង​វិធានការ​ប្រឆាំង​នឹង​ប្រភព​ហិរញ្ញវត្ថុ​របស់​អង្គការ​រដ្ឋអ៊ីស្លាម

នៅ​ថ្ងៃ​ចន្ទ ទី២៤ តុលា​ដើម​សប្តាហ៍​ក្រោយ អ្នកតំណាង​ឲ្យ​៣៥ប្រទេស​ស្ថិត​ក្នុង​ក្រុម​ប្រឆាំង​នឹង​ហិរញ្ញវត្ថុ​របស់​អង្គការ​រដ្ឋអ៊ីស្លាម​គ្រោង​បើក​កិច្ចប្រជុំ​នៅ​ក្នុង​ទីក្រុង​កូវ៉ែត ប្រទេស​កូវ៉ែត។ ក្រុម​ប្រឆាំង​នឹង​ហិរញ្ញវត្ថុ​របស់​អង្គការ​រដ្ឋអ៊ីស្លាម​ដឹកនាំ​ដោយ​អាមេរិក អ៊ីតាលី និង​ប្រទេស​អារ៉ាប៊ីសាអូឌីត ហើយ​កម្មវត្ថុ​នៃ​កិច្ចប្រជុំ​ពេល​នេះ គឺ​សំដៅ​ចែកចាយ​ព័ត៌មាន​បន្ថែម និង​បន្ត​ធ្វើ​ការ​រួម​គ្នា​ដើម្បី​ស្វែង​រក​វិធានការ​ទប់ស្កាត់​លើ​ប្រភពហិរញ្ញវត្ថុ​របស់​អង្គការ​ភេរវនិយម។

ក្រុម​យុទ្ធជន​អង្គការ​រដ្ឋអ៊ីស្លាម
ក្រុម​យុទ្ធជន​អង្គការ​រដ្ឋអ៊ីស្លាម REUTERS/Khalil Ashawi
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​នឹង​ប្រភព​ហិរញ្ញវត្ថុ​របស់​អង្គការ​រដ្ឋអ៊ីស្លាម​ត្រូវ​បាន​លោក​អនុរដ្ឋមន្រ្តី​ក្រសួង​សេដ្ឋកិច្ច​អាមេរិក Adam Szubin ប្រាប់​ឲ្យ​ដឹង​ថា ជាមួយ​នឹង​កិច្ចសហប្រតិបត្តិការ​របស់​រដ្ឋាភិបាល​នៃ​ប្រទេស​អ៊ីរ៉ាក់ អាមេរិក​បាន​ទប់ស្កាត់​ប្រភព​ចំណូល​ជា​ច្រើន​របស់​អង្គការ​រដ្ឋអ៊ីស្លាម ពិសេស​បិទខ្ទប់​មិន​ឲ្យ​អង្គការ​ភេរវនិយម​មួយ​នេះ​អាច​ប្រើប្រាស់​ប្រព័ន្ធ​ធនាគារ​អន្តរជាតិ​បាន។ តែ​ដើម្បី​ឲ្យ​កាន់​តែ​មាន​ប្រសិទ្ធិភាព​ខ្ពស់ គេ​ត្រូវ​ការ​ឲ្យ​មាន​កិច្ចសហប្រតិបត្តិការ​ជា​លក្ខណៈ​អន្តរជាតិ។ អ៊ីចឹង​ហើយ​បាន​ជា​អាមេរិក អ៊ីតាលី និង​ប្រទេស​អារ៉ាប៊ីសាអូឌីត​ដែល​ជា​សហប្រធាន​ក្នុង​ក្រុម​៣៥ប្រទេស​ប្រឆាំង​នឹង​ហិរញ្ញវត្ថុ​របស់​អង្គការ​រដ្ឋអ៊ីស្លាម​កោះ​ឲ្យ​មាន​កិច្ចប្រជុំ​នៅ​ក្នុង​ទីក្រុង​កូវ៉ែត ប្រទេស​កូវ៉ែត​នា​ថ្ងៃ​ចន្ទ ទី២៤ តុលា​ដើម​សប្តាហ៍​ក្រោយ។

នៅ​ក្នុង​កិច្ចសហប្រតិបត្តិការ​ជា​លក្ខណៈ​អន្តរជាតិ លោក Adam Szubin បាន​ចង្អុល​ចំ​ប្រទេស​មួយ​ចំនួន ដូច​យ៉ាង​អំពាវនាវ​ឲ្យ​ប្រទេស​កូវ៉ែត និង​កាតា​រឹតបន្តឹង​បន្ថែម​ទៀត​លើ​ច្បាប់​ប្រឆាំង​នឹង​ការ​លាងលុយ​កខ្វក់ ក៏​ដូច​ជា​ច្បាប់​ប្រឆាំង​នឹង​ប្រភព​ហិរញ្ញវត្ថុ​របស់​អង្គការ​ភេរវនិយម។ យោង​តាម​មន្រ្តីជាន់ខ្ពស់​អាមេរិកាំង​រូប​នេះ​ដដែល កូវ៉ែត និង​កាតា​នៅ​ខ្វះ​ឆន្ទៈ​នយោបាយ​ចាំ​បាច់ និង​លទ្ធភាព​ក្នុង​ការ​អនុវត្ត​ច្បាប់​ទាំង​នេះ។ ក្រៅ​ពី​កូវ៉ែត និង​កាតា លោក Adam Szubin ក៏​បាន​ទាមទារ​ឲ្យ​មាន​កិច្ចខិតខំ​ប្រឹងប្រែង​បន្ថែម​ទៀត​ពី​ប្រទេស​តួកគី និង​ប៉ាគីស្ថាន។ ប៉ាគីស្ថាន​ដែល​លោក Adam Szubin យល់​ឃើញ​ថា ក្រសួង​ស៊ើបការណ៍​សម្ងាត់​បាន​បិទភ្នែក និង​អនុគ្រោះ​លើ​បណ្តាញ​ភេរវនិយម​មួយ​ចំនួន។

យ៉ាង​ណា​ក៏​ដោយ មន្រ្តីជាន់ខ្ពស់​អាមេរិកាំង​រូប​នេះ​បាន​ព្រមាន​ទុក​ជា​មុន​ថា អាមេរិក​មិន​ញញើត​នឹង​ចាត់​វិធានការ​តែ​ម្នាក់​ឯង​ទេ បើ​ចាំ​បាច់ ដើម្បី​ប្រឆាំង​រាល់​ប្រភព​ហិរញ្ញវត្ថុ​របស់​អង្គការ​រដ្ឋអ៊ីស្លាម។ លោក Adam Szubin បាន​ទម្លាយ​ឲ្យ​ដឹង​ពី​ផលវិបាក​ដែល​អង្គការ​រដ្ឋអ៊ីស្លាម​កំពុង​ជួប​ប្រទះ​នៅ​ពេល​ដែល​ប្រភព​ហិរញ្ញវត្ថុ​របស់​ពួក​វា​ត្រូវ​បាន​បិទខ្ទប់ រួម​មាន ការ​ជ្រើសរើស​យុទ្ធជន​ថ្មី​បាន​ធ្លាក់​ចុះ និង​កំណើន​យុទ្ធជន​រត់ចោរ​ជួរ​ដោយ​អង្គការ​ខ្វះ​ថវិកា​បើក​ប្រាក់ខែ​ឲ្យ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ