អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

បោះឆ្នោត​អាមេរិក៖​លោកស្រី​គ្លីនតុន​ផ្តើម​យុទ្ធនាការ​ដើម្បី​សភា ចំណែក​លោក​ត្រាំ​កំពុង​ព្យាយាម​ស្រោចស្រង់​ប្រជាប្រិយភាព

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​សហរដ្ឋអាមេរិក ការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ថ្មី​នឹង​ចាប់​ផ្តើម​នៅ​ថ្ងៃទី៨ វិច្ឆិកា​ខាង​មុខ។ បន្ទាប់​ពី​វេទិកា​ដេញដោល​គ្នា​យ៉ាង​តឹង​សរសៃ ក ចំនួន ៣ដង​រវាង​បេក្ខនារី​គ្លីនតុន​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ និង​បេក្ខជន​ដូណាល់ ត្រាំ​មក​ពី​គណបក្ស​សាធារណរដ្ឋ​មក បេក្ខជន​ប្រធានាធិបតី​ទាំង​ពីរ​រូប​ក៏​កំពុង​បន្ត​យុទ្ធនាការ​ឃោសនា​យ៉ាង​សកម្ម​នា​ចុង​សប្តាហ៍​នេះ។ នៅ​ថ្ងៃ​សៅរ៍ ទី២២ តុលា លោកស្រី​គ្លីនតុន​បាន​ចុះ​ធ្វើ​យុទ្ធនាការ​នៅ​ក្នុង​រដ្ឋ Ohio ហើយ​លោក​ត្រាំ​នៅ​ក្នុង​រដ្ឋ Pennsylvania។ អ្វី​ជា​ការ​កត់សម្គាល់ លោកស្រី​គ្លីនតុន​បាន​ផ្តើម​យុទ្ធនាការ​ដើម្បី​សភា ចំណែក​លោក​ត្រាំ​កំពុង​ព្យាយាម​ស្រោចស្រង់​ប្រជាប្រិយភាព។

លោក​ដូណាល់ ត្រាំ និង​លោកស្រី​គ្លីនតុន
លោក​ដូណាល់ ត្រាំ និង​លោកស្រី​គ្លីនតុន REUTERS/Carlos Barria
ផ្សាយពាណិជ្ជកម្ម

នៅ​ថ្ងៃ​ទី៨ វិច្ឆិកា​ខាង​មុខ ពលរដ្ឋ​អាមេរិក​ត្រូវ​ចូលរួម​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ថ្មី បោះឆ្នោត​ជ្រើសរើស​តំណាងរាស្រ្ត​ថ្មី​សម្រាប់​អាណត្តិ ២ឆ្នាំ និង​ក៏​ចូលរួម​បោះឆ្នោត​ជ្រើសរើស​សមាជិក​ព្រឹទ្ធសភា​ថ្មី​ចំនួន ១ភាគ៣ សម្រាប់​អាណត្តិ ៦ឆ្នាំ។ ដូច្នេះ​វា​ពិត​ជា​រឿង​សំខាន់​ខ្លាំង​ណាស់​ដែល​បេក្ខជន​នីមួយៗ​មិន​អាច​មើល​រំលង​បាន​ទេ ពោល​មិន​អាច​ខ្វល់​តែ​ពី​រឿង​កៅអី​ប្រធានាធិបតី​នៅ​សេតវិមាន​មួយ​គត់​បាន​ឡើយ។
 
នៅ​ក្នុង​ប្រវត្តិសាស្រ្ត​នយោបាយ​អាមេរិក​នា​ពេល​កន្លង​មក គណបក្ស​មួយ​ដែល​ទទួល​បាន​កៅអី​ប្រធានាធិបតី​នៅ​សេតវិមាន​មិន​ប្រាកដ​ថា​នឹង​ទទួល​បាន​សម្លេង​ភាគច្រើន​នៅ​ក្នុង​សភា ឬ​នៅ​ក្នុង​ព្រឹទ្ធសភា​ទេ ឬ​មួយ​ក៏​ថា ទទួល​បាន​ពី​ដំបូង តែ​ក៏​ស្រាប់​បាត់បង់​ទៅ​វិញ​នា​ការ​បោះឆ្នោត​ពាក់កណ្តាល​អាណត្តិ ឬ​ការ​បោះឆ្នោត​ថ្មី។ ជាក់ស្តែង​នៅ​ក្នុង​ជំនាន់​លោក​ប្រធានាធិបតី​បារ៉ាក់ អូបាម៉ា​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ​សព្វថ្ងៃ គណបក្ស​របស់​លោក​ដែល​ទទួល​បាន​សម្លេង​ភាគ​ច្រើន​ពី​ដំបូង តែ​បាន​បាត់បង់​ទៅ​វិញ​ក្នុង​ពេល​បច្ចុប្បន្ន។
 
នៅ​ក្នុង​ន័យ​នេះ ការ​លំបាក និង​ឧបសគ្គ​មាន​ច្រើន​សម្រាប់​លោក​អូបាម៉ា​ក្នុង​ការ​ធ្វើ​កំណែទម្រង់ និង​ការ​អនុម័ត​ច្បាប់​មួយ​ចំនួន។ អ៊ីចឹង​ហើយ​បាន​ជា​លោកស្រី​គ្លីនតុន​បាន​សម្រេច​ចិត្ត​យក​ឱកាស​យុទ្ធនាការ​រយៈពេល ១៧ថ្ងៃ​ខាង​មុខ​ដើម្បី​ពង្រឹង​ឯកភាព​ផ្ទៃក្នុង​បក្ស​ដោយ​ធ្វើ​យ៉ាង​ណា លើក​ស្ទួយ និង​ជំរុញ​គណបក្ស​ប្រជាធិបតេយ្យ​ឲ្យ​ទទួល​បាន​សម្លេង​ភាគ​ច្រើន​នៅ​ក្នុង​សភា និង​ព្រឹទ្ធសភា។ ការ​ធ្វើ​យ៉ាង​នេះ​ដើម្បី​ប្រយោជន៍​បក្ស​ផង និង​ក៏​ដើម្បី​ប្រយោជន៍​លោកស្រី​គ្លីនតុន​ដែរ ព្រោះ​បើ​លោកស្រី​ជាប់ឆ្នោត ហើយ​គណបក្ស​មាន​សម្លេង​ភាគច្រើន​នៅ​សភា និង​នៅ​ព្រឹទ្ធសភា​ទៀត​នោះ លោកស្រី​ងាយ​នឹង​សម្រេច​លើ​គម្រោង​កំណែទម្រង់​ដែល​បាន​សន្យា​ក្នុង​ពេល​ឃោសនា។
 
លោកស្រី​គ្លីនតុន​ឈប់​តប​នឹង​សម្តី​ដៀមដាម អុជអាល​ពី​គូប្រជែង
 
ការ​ដែល​លោកស្រី​គ្លីនតុន​មាន​បំណង​ឈប់​ឆ្លើយ​តប​នឹង​ពាក្យសម្តី​ដៀមដាម អុជអាល​របស់​លោក​ដូណាល់ ត្រាំ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា មក​ពី​លោកស្រី​មាន​សុទិដ្ឋិនិយម​ឈ្នះ​ការ​បោះឆ្នោត​ខាង​មុខ។ កន្លង​មក លទ្ធផល​ស្ទង់មតិ​សឹង​តែ​​ទាំង​អស់​បាន​ផ្តល់​ឲ្យ​លោកស្រី​គ្លីនតុន​ឈ្នះ​លោក​ដូណាល់ ត្រាំ​ជា​ច្រើន​ពិន្ទុ។ នៅ​ក្នុង​វេទិកា​ដេញដោល​ចំនួន ៣លើក​កន្លង​មក លោកស្រី​គ្លីនតុន​ក៏​មាន​ប្រៀប​ជាង​លោក​ដូណាល់ ត្រាំ។ តែ​ទោះ​ជា​យ៉ាង​នេះ​ក្តី លោកស្រី​គ្លីនតុន​មាន​ការ​ប្រយ័ត្នប្រយែង​ខ្លាំង​ណាស់​លើ​លទ្ធផល​ស្ទង់មតិ។
 
នៅ​ចំពោះ​មុខ​ហ្វូង​អ្នកចូលរួម​ជាង ៨ ០០០នាក់​ក្នុង​រដ្ឋ Pennsylvania នា​ថ្ងៃ​សៅរ៍ ទី២២ តុលា លោកស្រី​គ្លីនតុន​បាន​គូសបញ្ជាក់​ថា មាន​ពលរដ្ឋអាមេរិក​ជាង ២០០លាននាក់​បាន​ចុះ​ឈ្មោះ​បោះឆ្នោត។ គឺ​ជា​ចំនួន​ដ៏​ច្រើន​សម្បើម​មិន​ធ្លាប់​មាន​នៅ​ក្នុង​ប្រវត្តិសាស្រ្ត​អាមេរិក។ ទន្ទឹម​គ្នា​នេះ លោកស្រី​គ្លីនតុន​ក៏​បាន​បញ្ជាក់​ពី​បំណង​ឈប់​ឆ្លើយតប​នឹង​សម្តី​ដៀមដាម អុជអាល​ដែល​លោកស្រី​យល់​ឃើញ​ថា ការ​ឆ្លើយ​តប​រយៈពេល ៤ម៉ោង​កន្លះ​នៅ​ក្នុង​វេទិកា​ដេញដោល​ចំនួន ៣ដង​កន្លង​មក គឺ​គ្រប់គ្រាន់​ដើម្បី​អាច​ឲ្យ​ពលរដ្ឋ​អាមេរិក​វិនិច្ឆ័យ និង​សម្រេចចិត្ត​ជ្រើសរើស​រវាង​លោកស្រី និង​លោក​ដូណាល់ ត្រាំ។
 
លោក​ដូណាល់ ត្រាំ​បន្ត​យុទ្ធនាការ​ស្រោចស្រង់​ប្រជាប្រិយភាព
 
ខុស​ពី​លោកស្រី​គ្លីនតុន លោកដូណាល់ ត្រាំ​កំពុង​បន្ត​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ដូច​ទម្លាប់​សព្វមួយ​ដង និង​ដែល​នៅ​ក្នុង​រយៈពេល ២សប្តាហ៍​ខាង​មុខ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា លោក​​ព្យាយាម​លុបលាង​រឿង​អាស្រូវ និង​ព្យាយាម​ស្រោចស្រង់​ប្រជាប្រិយភាព​ឡើង​វិញ។ លុបលាង​រឿងអាស្រូវ​ទាក់ទង​នឹង​ស្រីញី​ដែល​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ មាន​ស្រ្តី​បន្តបន្ទាប់​គ្នា​បាន​ចេញ​មុខ​សារភាព​ថា រូប​គេ​ត្រូវ​បាន​លោក​ដូណាល់ ត្រាំ​រំលោភបំពាន និង​ប្រើ​ពាក្យ​មិន​សមរម្យ។ គឺ​ជា​រឿង​អាស្រូវ​នៅ​ក្នុង​អតីតកាល​យូរ​ឆ្នាំ តែ​បាន និង​កំពុង​ជះឥទ្ធិពល​អាក្រក់ ព្រម​ទាំង​ធ្វើ​ឲ្យ​ប៉ះពាល់​ខ្លាំង​ដល់​រូបភាព​លោក​ដូណាល់ ត្រាំ​ដែល​ជា​បេក្ខជន​ប្រធានាធិបតី​នៅ​ក្នុង​ប្រទេស​បិតា​ប្រជាធិបតេយ្យ និង​ជា​ប្រទេស​មហាអំណាច​ក្នុង​លោក។
 
នៅ​ក្នុង​យុទ្ធនាការ​នា​ថ្ងៃ​សៅរ៍ ទី២២ តុលា​ក្នុង​រដ្ឋ Ohio មហាសេដ្ឋី​ក្នុង​ជំនួញ​អចលនទ្រព្យ​រូប​នេះ​មិន​បាន​ឆ្លើយ​តប​ត្រង់​នឹង​សម្តី​របស់​លោកស្រី​គ្លីនតុន​ទេ តែ​បាន​បង្ហាញ​ចេញ​នូវ​កម្មវិធី​ដែល​លោក​ត្រូវ​អនុវត្តន៍​ក្នុង​រយៈពេល ១០០ថ្ងៃ​នៃ​ការ​កាន់​តំណែង​ប្រធានាធិបតី ប្រសិន​បើ​លោក​ជាប់​ឆ្នោត។ កម្មវិធី​ទាំង​នោះ​រួម​មាន កម្រិត​ចំនួន​អាណត្តិ​របស់​សមាជិក​សភា និង​ព្រឹទ្ធសភា បង្កើត​ការងារ​ឲ្យ​បាន ២៥លានការងារ​ក្នុង​រយៈពេល ១០ឆ្នាំ បញ្ចុះ​តម្លៃ​ពន្ធ ៣៥% សម្រាប់​គ្រួសារ​អាមេរិកាំង​ដែល​មាន​ជីវភាព​មធ្យម ឬ​មួយ​ក៏​សាងសង់​ជញ្ជាំង​ព្រំដែន​ជាមួយ​ប្រទេស​ម៉ិចស៊ិក​ដើម្បី​ទប់​លំហូរ​ជនអន្តោប្រវេសន៍​​ជា​ដើម។
 
តែ​ទន្ទឹម​គ្នា​នេះ លោក​ដូណាល់ ត្រាំ​មិន​ភ្លេច​និយាយ​រឿងអាស្រូវ​បែកធ្លាយ​កន្លង​មក ហើយ​ក៏​មិន​អាច​ទប់កំហឹង​បាន​ដែរ។ ជាមួយ​នឹង​សម្តី​ថ្លោសៗ​ដូច​ទម្លាប់​សព្វ​មួយ​ដង លោក​ដូណាល់ ត្រាំ​បាន​ចាត់​ទុក​ស្រ្តី​ដែល​ចោទ​លោក​ថា​ជា​ក្រុម​មនុស្ស​ភូតកុហក និង​ព្រមាន​ប្តឹង​ទៅ​តុលាការ​នៅ​ក្រោយ​ការ​បោះឆ្នោត។ ទន្ទឹម​គ្នា​នេះ លោក​ត្រាំ​ក៏​បាន​បញ្ជាក់​ជា​ថ្មី​ម្តង​ទៀត​ពី​ការ​សង្ស័យ​លើ​ការ​បោះឆ្នោត​ដែល​នឹង​អាច​មាន​ការ​កេងបន្លំ និង​គ្មាន​តម្លាភាព៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ