អានតួអត្ថបទ
អ៊ីរ៉ាក់

អ៊ីរ៉ាក់៖​ទ័ព​រដ្ឋាភិបាល​កំពុង​រុល​ទៅ​មុខ​ឆ្ពោះ​ទៅ​ដណ្តើម​ទីក្រុង​មូស៊ូល​ពី​កណ្តាប់ដៃ​អង្គការរដ្ឋអ៊ីស្លាម

នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់ ១សប្តាហ៍​ក្រោយ​ការ​ផ្តើម​ប្រតិបត្តិការ​វាយប្រហារ​រំដោះ​ទីក្រុង​មូស៊ូល​ពី​កណ្តាប់ដៃ​អង្គការ​រដ្ឋអ៊ីស្លាម ទ័ពថ្មើរ​ជើង​អ៊ីរ៉ាក់​ដែល​មាន​ការ​គាំទ្រ​ផ្លូវអាកាស​ពី​កម្លាំង​សម្ព័ន្ធមិត្ត​អន្តរជាតិ​ដឹកនាំ​ដោយ​អាមេរិក​កំពុង​ធ្វើ​ដំណើរ​រុល​ទៅ​មុខ​ឆ្ពោះ​ទៅ​កាន់​ទីក្រុង​មូស៊ូល​នា​ថ្ងៃ​អាទិត្យ ទី២៣ តុលា។ ស្ថានការណ៍​វិវត្តន៍​នៅ​មូស៊ូល​កំពុង​ស្ថិត​ក្រោម​ការ​តាម​ដាន​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ពី​អាមេរិក​តាម​រយៈ​ដំណើរ​ទស្សនកិច្ច​របស់​លោក​រដ្ឋមន្រ្តី​ការពារ​អាស្តុន កាទ័រ។

អ៊ីរ៉ាក់៖​ទ័ព​រដ្ឋាភិបាល​កំពុង​រុល​ទៅ​មុខ​ឆ្ពោះ​ទៅ​ដណ្តើម​ទីក្រុង​មូស៊ូល​ពី​កណ្តាប់ដៃ​អង្គការរដ្ឋអ៊ីស្លាម
អ៊ីរ៉ាក់៖​ទ័ព​រដ្ឋាភិបាល​កំពុង​រុល​ទៅ​មុខ​ឆ្ពោះ​ទៅ​ដណ្តើម​ទីក្រុង​មូស៊ូល​ពី​កណ្តាប់ដៃ​អង្គការរដ្ឋអ៊ីស្លាម BULENT KILIC / AFP
ផ្សាយពាណិជ្ជកម្ម

បន្ទាប់​ពី​បាន​បំពេញ​ទស្សនកិច្ច​ក្នុង​ទីក្រុង​បាកដាដ និង​ជួប​សន្ទនា​ជាមួយ​លោក​នាយករដ្ឋមន្រ្តី​អ៊ីរ៉ាក់​ហៃដឺ អាបាឌី ព្រម​ទាំង​មេបញ្ជាការ​អាមេរិកាំង​ក្នុង​កម្លាំងសម្ព័ន្ធមិត្ត​អន្តរជាតិ​ឧត្តមសេនីយ Stephen Townsend មក លោក​រដ្ឋមន្រ្តី​ក្រសួង​ការពារជាតិ​អាមេរិក​អាស្តុន កាទ័រ​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​តំបន់​ស្វ័យយ័ត​គួដឌីស្ថាន​អ៊ីរ៉ាក់​នៅ​ថ្ងៃ​អាទិត្យ ទី២៣ តុលា។ នៅ​ក្នុង​ជំនួប​ជាមួយ​មេដឹកនាំ​គួដឌីស្ថាន​អ៊ីរ៉ាក់​លោក Massoud Barzani លោក​កាទ័រ​បាន​សាទរ​លើ​កិច្ចសហប្រតិបត្តិការ​ពេញ​ទំហឹង​រវាង​ទ័ព​អ៊ីរ៉ាក់ និង​កម្លាំង​ប្រដាប់អាវុធ​គួដឌីស្ថាន​នៅ​ក្នុង​យុទ្ធនាការ​សំដៅ​រំដោះ​ទីក្រុង​មូស៊ូល​ពី​កណ្តាប់ដៃ​អង្គការ​រដ្ឋអ៊ីស្លាម។

វត្តមាន​របស់​ប្រមុខ​ការពារជាតិ​អាមេរិក​ក្នុង​ទឹកដី​ស្វ័យយ័ត​គួដឌីស្ថាន​នៅ​អ៊ីរ៉ាក់​ពេល​នេះ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​ពួក​នេះ​បាន​ប្រកាស​ឲ្យ​ដឹង​ពី​ការ​ដណ្តើម​បាន​ស្រុក​មួយ​ស្ថិត​ចម្ងាយ​ប្រមាណ​ជា ២០គីឡូម៉ែត្រ​ប៉ែក​ខាង​កើត​ទីក្រុង​មូស៊ូល​ពី​ពួក​ជីហាត​អង្គការ​រដ្ឋអ៊ីស្លាម។ តាម​ផែនការ​ដែល​បាន​គ្រោង​ទុក កម្លាំង​ប្រដាប់អាវុធ​គួដឌីស្ថាន​អ៊ីរ៉ាក់​ត្រូវ​បាន​គេ​អនុញ្ញាត​ឲ្យ​ឈប់​ត្រឹម​ខ្សែបន្ទាត់​មាន​ចម្ងាយ ២០គីឡូម៉ែត្រ​ពី​ទីក្រុង​មូស៊ូល​ដោយ​ទុក​ឲ្យ​កម្លាំង​ទ័ព​អ៊ីរ៉ាក់​បន្ត​បេសកម្ម​បញ្ចប់។ លោក​អាស្តុន កាទ័រ​បាន​បញ្ជាក់​ថា កម្លាំងប្រដាប់អាវុធ​គួដឌីស្ថាន​អ៊ីរ៉ាក់​សម្រេច​បាន​គោលដៅ​របស់​ខ្លួន​ដូច​បាន​គ្រោង​ទុក។

សូម​ជម្រាប​ជូន​ថា គឺ​នៅ​ថ្ងៃទី១៧ តុលា​ដែល​ទ័ពអ៊ីរ៉ាក់​ប្រមាណ​ជា ១០ ០០០នាក់​ដោយ​មាន​ការ​គាំទ្រ​ផ្លូវអាកាស​ពី​កម្លាំងសម្ព័ន្ធមិត្ត​អន្តរជាតិ​បាន​ផ្តើម​ការ​វាយប្រហារ​រំដោះ​ទីក្រុង​មូស៊ូល​ពី​កណ្តាប់ដៃ​អង្គការ​រដ្ឋអ៊ីស្លាម។ មេបញ្ជាការ​អាមេរិកាំង​ក្នុង​កម្លាំងសម្ព័ន្ធមិត្ត​អន្តរជាតិ​ឧត្តមសេនីយ Stephen Townsend បាន​បញ្ជាក់​ថា អ្វីៗ​មាន​ដំណើរការ​ទៅ​មុខ​ដូច​ដែល​បាន​ព្រាង​ទុក និង​ថា យុទ្ធនាការ​អាច​នឹង​ជួប​ការ​លំបាក និង​អាច​ប្រើ​ពេល​យូរ​ដល់​ទៅ​ច្រើន​សប្តាហ៍ ឬ​ច្រើន​ខែ​ផង ពិសេស​នៅ​ពេល​ដែល​ប្រតិបត្តិការ​កាន់​តែ​រំកិល​ជិត​ដល់​ទីក្រុង​មូស៊ូល។

ទន្ទឹម​គ្នា​នេះ រូប​មេមេបញ្ជាការ​អាមេរិកាំង​ដដែល​ក៏​បាន​ទទួល​ស្គាល់​ពី​ប្រសិទ្ធិភាព និង​ការ​តស៊ូស្វិតស្វាញ​របស់​ពួក​ជីហាត ទោះ​បី​ជា​ពួក​នេះ​មាន​គ្នា​តែ​ពី ៣ ០០០ ទៅ ៥ ០០០នាក់​ក៏​ដោយ ពិសេស​ការ​ប្រើ​អន្ទាក់​វាយ​ឆ្ទក់​យ៉ាង​សាមញ្ញ​របស់​ពួក​នេះ ដូច​យ៉ាង​ការ​បង្កៃចោល​គ្រាប់ផ្ទុះ​នៅ​តាម​រថយន្ត និង​ការ​ប្រើ​គ្រាប់មីស៊ីល​ប្រឆាំង​រថក្រោះ​ជា​ដើម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ