អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ក្រុមហ៊ុន​បច្ចេកវិទ្យា​ជាន់​ខ្ពស់​អាមេរិក​ព្រួត​ដៃគ្នា​ប្រឆាំង​លោក​ Donald Trump​

ចុះផ្សាយ​នៅ​ថ្ងៃ៖

 Silicon Valley ​គឺ​ជា​ទីក្រុង​បច្ចេកវិទ្យា​ដ៏តូច​មួយ​នៅ​រដ្ឋ​កាលីហ្វ័រញ៉ា។ ​ក្រុមហ៊ុន​ឯកជន​អាមេរិក​ជំនាញ​ផែ្នក​បច្ចេក​វិទ្យា​ជាន់​ខ្ពស់​ និង​ព័ត៌មានវិទ្យា​ស្ទើរតែ​ទាំងអស់​តែង​ប្រមូល​ផ្តុំ​គ្នា​បង្កើត​ទីស្នាក់​ការ​កណ្តាល​របស់​ខ្លួន​នៅ​ទីក្រុង​នេះ។ ​ចាប់​តាំង​ពី​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ប្រធានាធិបតី​អាមេរិក​បាន​ចាប់​ផ្តើម​ ក្រុមហ៊ុន​ឯកជន​ទាំងនោះ​បាន​ចេញ​មុខ​រិះគន់​ឥត​សំចៃ​លើ​លោក​ Donald Trump។ ហើយ​ពួក​គេ​បាន​បង្ហាញ​ជំហរ​គាំទ្រ​លោកស្រី​ Hillary Clinton។​ លើសពីនេះ​ ក្រុមហ៊ុន​ទាំង​នោះ​បាន​ចំណាយ​ប្រាក់​ចំនួន​រាប់រយ​លាន​ដុល្លារ​ ដើម្បី​ជួយ​ជ្រោម​ជ្រែង​ដល់​ការ​ឃោសនា​ស្វែងរក​សម្លេង​ឆ្នោត​ឲ្យ​លោកស្រី​ Hillary Clinton 

រូបផែនទីពិភពលោក
រូបផែនទីពិភពលោក RFI/Khmer
ផ្សាយពាណិជ្ជកម្ម

 

កាលពី​ប៉ុន្មាន​ខែ​មុន​ សហ​ស្ថាបនិក​ក្រុមហ៊ុន​ល្បី​ៗ​បាន​ចេញ​លិខិត​ចំហ​រួម​គ្នា​មួយ​ដើម្បី​បង្ហាញ​​ពីក្តី​ព្រួយ​បារម្ភ​របស់​ពួក​គេ​ចំពោះ​បេ   ក្ខភាព​របស់​លោក​ Donald Trump។​ ហើយ​ពួក​គេ​ក៏​បាន​ព្រមាន​ពី​គ្រោះថ្នាក់​ជា​យថាហេតុ​ណា​មួយ​សំរាប់​វិស័យ​បច្ចេក​វិទ្យា​ និង​ការ​បង្កើត​ថ្មី​ ក្នុង​ករណី​ដែល​លោក​ Trump ​ឡើង​កាន់​អំណាច​ជា​ប្រធានាធិបតី​អាមេរិក។​ ​ក្នុង​ចំណោម​អ្នក​ចុះ​ហត្ថលេខា​លើ​លិខិត​ចំហ​នោះ​ ក្នុង​នោះ​មាន​មនុស្ស​ល្បីៗ​មួយ​ចំនួន​ដូចជា​​៖ លោក​ Steve Wozniak (សហ​ស្ថាបនិកក្រុមហ៊ុន​ Apple), លោក​ Evan Williams (ប្រធាន​ក្រុមហ៊ុន Twitter), លោក​ Jimmy Wales (សហ​ស្ថាបនិក​វេបសាយ៍​ Wikipedia) និង​លោក​ Pierre Omidyar (ស្ថាបនិក​ក្រុមហ៊ុន eBay)។

សូម​បញ្ជាក់​ថា​ ក្នុង​យុទ្ធនាការ​ឃោសនា​កន្លង​មក​ លោក​ Donald Trump​ តែង​ថ្លែង​សារ​នយោបាយ​ប្រឆាំង​ជន​អន្តោរ​ប្រវេសន៍​ និង​ចង់​បិទ​មួយ​ផ្នែក​នៃ​លំហូរទាក់​ទង​តាម​អ៊ិន​ធ័រណេត។ លើស​ពីនេះ​ លោក​ Trump​ ធ្លាប់​បាន​រិះគន់​ក្រុមហ៊ុន​ Apple ថា​មិន​មាន​មនសិការ​ជាតិ​និយម​គ្រប់​គ្រាន់​ ដោយ​ផលិត​មុខ​ទំនិញ​របស់​ខ្លួន​នៅ​ប្រទេស​ចិន​ជាដើម។​ យោងតាម​ការ​វិភាគ​របស់​លោក​ Geoffrey Skelley សាស្រ្តាចារ្យ​ប្រចាំ​សាកលវិទ្យាល័យ​ Virginia បាន​ឲ្យ​ដឹង​ថា​ ទស្សនៈ​របស់​លោក​ Trump បង្ហាញ​ពី​ភាព​ផ្ទុយ​គ្នា​ទាំងស្រុង​ប្រឆាំង​នឹង​ចក្ខុ​វិស័យ​របស់​ក្រុមហ៊ុន​បច្ចេក​វិទ្យា​នៅ​ Silicon Valley។

ជាទូទៅ​ ក្រុម​អ្នក​បច្ចេកវិទ្យា​មាន​ជំនឿ​លើ​ជន​អន្តោរ​ប្រវេសន៍​ ដែល​ពួក​គេ​គិត​ថា​អាច​នាំ​ប្រយោធន៍​ និង​ទេពកោសល្យ​ថ្មីៗ​សំរាប់​សហរដ្ឋ​អាមេរិក។ ​ហើយ​ម៉្យាង​ទៀត​ ក្រុមហ៊ុន​ទាំងនោះ​ភ័យ​ខ្លាច​លោក​ Trump បង្ក​សង្រ្គាម​ពាណិជ្ជកម្ម​​ជាមួយ​ប្រទេស​ដ៏ទៃ​ ដែល​អាច​ក្លាយ​ជា​បច្ច័យ​អាក្រក់​ដល់​ការ​រីក​លូតលាស់​វិស័យ​បច្ចេកវិទ្យា​ និង​ការ​បង្កើត​ថ្មី។

ដូចគ្នា​នេះ​ផង​ដែរ​ លោកស្រី​ Melinda Jackson សាស្រ្តាចារ្យ​វិទ្យាសាស្រ្ត​នយោបាយ​ប្រចាំ​សាកលវិទ្យាល័យ​ San José បាន​យល់​ឃើញ​ថា​ ទស្សនៈ​នយោបាយ​របស់​លោក​ Trump គឺ​ជា​ឆ្អឹង​ទទឹង-ក​​សំរាប់​វិស័យ​បច្ចេកវិទ្យា​ជាន់​ខ្ពស់​អាមេរិក។​ ខណៈដែល​បណ្តា​ក្រុមហ៊ុន​នៅ​ Silicon Valley​ កំពុង​រិះរក​គំនិត​ច្នៃ​ប្រឌិត​បច្ចេកវិទ្យា​ថ្មីៗ​សំរាប់​ថ្ងៃ​អនាគត​ ផ្ទុយ​ទៅវិញ​ លោក​ Trump ​មាន​គំរោង​ចង់​ទប់​ស្កាត់​មិន​ឲ្យ​វិស័យ​នេះរីក​លូត​លាស់។ ខណៈ​ក្រុមហ៊ុន​ Google មាន​មហិច្ឆតា​ចង់​ដាក់​ព័ត៌មាន​ទាំ​ងអស់​នៅ​លើ​ពិភព​លោក​ឲ្យ​អាច​ស្វែង​រក​បាន​នៅ​តាម​អ៊ិន​ធ័រណេត​ ហើយ​ក្រុម​ Facebook ស្រមៃ​ចង់​ឲ្យ​គ្រប់​ទីកន្លែង​ទាំង​អស់​នៅ​លើ​ភព​ផែនដី​អាច​ភ្ជាប់​អ៊ិនធ័រណេត​បាន​ទាំងអស់​គ្នា​ ផ្ទុយ​ទៅវិញ​ លោក​ Trump មាន​គំរោង​សង់​ជញ្ជាំង​តាម​បណ្តោយ​ព្រំដែន​ម៉ិចស៊ិក​ ដើម្បី​ទប់​ស្កាត់​មិន​ឲ្យ​ជន​អន្តោរ​ប្រវេសន៍​ខុស​ច្បាប់​ចូល​ទឹកដី​អាមេរិក។

កន្លង​មក​ លោក​ Mark Zuckerberg ស្ថាបនិក​បណ្តាញសង្គម​ Facebook បាន​សរសេរ​សារ​មួយ​នៅ​លើ​ទំព័ររបស់​ខ្លួន​ ដោយ​បាន​និយាយ​រិះគន់​ដោយ​ប្រយោល​សំដៅ​លើ​លោក​ Trump។​ ខ្លឹមសារ​នៃ​ការ​ទិតៀន​នោះ​ គឺ​អំពាវ​នាវ​ឲ្យ​អ្នក​បង្កើត​កម្មវិធី​បណ្តាញ​អ៊ិនធ័រណេត​ និង​វិស្វករ​ព័ត៌មាន​វិទ្យា​ទាំង​អស់​ជ្រើស​រើស​យក​សេចក្តី​សង្ឃឹម​ ជាជាង​ការ​ភ័យ​ខ្លាច​ ហើយ​ត្រូវ​ចេះជួយ​គ្នា​បង្កើត​ស្ពាន​ភ្ជាប់​គ្នា​ទៅ​វិញ​ទៅ​មក ​ជាជាង​បង្កើត​ជញ្ជាំង​កាត់​ផ្តាច់​គ្នា។ ទន្ទឹម​គ្នា​នោះ​ផង​ដែរ​ សហស្ថានិក​ Facebook ម្នាក់​ទៀត​ គឺ​លោក​ Dustin Moskovitz បាន​សន្យា​បរិច្ចាក​ថវិកា​ចំនួន​ ២០ លាន​ដុល្លារ​ជូន​លោកស្រី​ Hillary Clinton និង​គណបក្ស​ប្រជាធិបតេយ្យ​។

ចំណែក​ក្រុមហ៊ុន​ Apple វិញ​ធ្លាប់​បាន​បដិសេធ​ឧបត្ថម្ភ​ជា​ថវិការ​ ឬ​សម្ភារៈ​ដល់​សមាជ​តែងតាំង​របស់​គណបក្ស​សាធារណរដ្ឋ​កាលពី​ខែ​កក្កដា​កន្លង​ទៅ​នេះ។​ ក្រុមហ៊ុន​ស្លាក​សញ្ញា​ផ្លែ​ប៉ោម​នេះ​មិន​ពេញ​ចិត្ត​ចំពោះ​ពាក្យ​សំដី​រើស​អើង​ប្រកាន់​ពូជសាសន៍​ និងពាក្យ​អសុរស​ចំពោះ​មនុស្ស​ស្រី​របស់​លោក​ Trump។ លើស​ពីនេះ​ លោក​ Tim Cook ប្រធាន​ក្រុមហ៊ុន​ Apple និង​ភរិយា​លោក​ Steve Jobs​ បាន​រួម​គ្នា​រៀបចំ​កម្មវិធី​រៃ​អង្គាស​ថវិការ​ជួយ​ជ្រោម​ជ្រែង​ការ​ឃោសនា​របស់​លោកស្រី​ Hillary Clinton។

ក្រៅពីនោះ​ យើង​ក៏​ឃើញ​មាន​ឥស្សរជន​ល្បីឈ្មោះ​ផ្សេង​ទៀត​ ដែល​ចេញ​មុខ​ប្រឆាំង​នឹង​លោក​ Donald Trump។​ តួយ៉ាង​លោក​ Reid Hoffman សហ​ស្ថាបនិក​បណ្តាញ​សង្គម​ LinkedIn បាន​សន្យា​បរិច្ចាក​ថវិកា​ចំនួន ៥ លាន​ដុល្លារ​ដល់​សមាគម​អតីតៈ​យុទ្ធជន​អាមេរិក​ ប្រសិន​បើ​​លោក​ Trump ហ៊ាន​បញ្ចេញ​ឯកសារ​ប្រកាស​ប្រាក់​ចំណូល​ប្រចាំ​ឆ្នាំ​របស់​ខ្លួន​ជា​សាធារណៈ។​ ចំណែក​លោក​ Jeff Bezos ម្ចាស់​ក្រុមហ៊ុន​ Amazone ក៏​ធ្លាប់​ឆ្លើយ​ឆ្លង​ពាក្យ​សំដី​ដាក់​គ្នា​ជាមួយ​លោក​ Trump ផង​ដែរ។​ លោក​ Trump បាន​រិះគន់​ម្ចាស់​ក្រុម​ហ៊ុន​ Amazone ដែល​ជា​ម្ចាស់​សារព័ត៌មាន​ Washington Post ដែរ​ផង​នោះ​ថា​បាន​យក​សារព័ត៌មាន​នេះ​ជា​ឧបករណ៍​វាយ​ប្រហារ​ខ្លួន​ ហើយ​លំអៀង​ទៅ​រក​លោកស្រី​ Hillary Clinton។

ហើយ​លោក​ Trump ក៏​ថែម​ទាំងចោទ​ថា​ម្ចាស់​ក្រុមហ៊ុន​ Amazone ធ្វើ​បែប​នេះ​ គឺដើម្បី​អែប​អប​​​ពួក​អ្នក​កាន់​អំណាច​នៅ​រដ្ឋធានី​វ៉ាស៊ីងតោន​ ដើម្បី​ទទួល​បាន​ការ​អនុគ្រោះ​មិន​បង់ពន្ធ​ប្រាក់​ចំណេញ​ក្រុមហ៊ុន​ជូន​រដ្ឋ។ សង្គ្រាម​ពាក្យ​សំដី​នេះ​បាន​ធ្វើ​ឲ្យ​ម្ចាស់​ក្រុមហ៊ុន​លក់​ទំនិញ​អនឡាញ​ Amazone មិន​សប្បាយ​ចិត្តឡើយ។​ ជា​ការ​ឆ្លើយ​តបបែប​កំប្លែង​ផង​ និង​ខឹង​ច្រឡោត​​ផង​ លោក​ Jeff Bezos បាន​ព្រលយ​ពាក្យ​ថា​ចង់​ដាក់​លោក​ Trump ឲ្យ​នៅ​ឆ្ងាយ​ពី​គេ​ឯង​ ដើម្បី​កុំ​ឲ្យ​រំខាន​អ្នក​ដទៃ។ ប្រធាន​ក្រុមហ៊ុន​ Amazone នេះ​ក៏មាន​ក្រុមហ៊ុន​មួយ​ទៀត​ គឺ​ក្រុមហ៊ុន​ Blue Origin ដែល​ផ្តល់​សេវាកម្ម​ផែ្នក​ដឹក​ជញ្ជូន​តាម​យាន​អវកាស​។ លោក​ Jeff Bezos ចង់​ចាប់​បញ្ជូន​លោក​ Trump ទៅ​កាន់​ទីអវកាស​ ដោយ​លោក​សន្យា​ថា​នឹង​កក់​កន្លែង​ពិសេស​មួយ​ជូន​លោក​ Trump ​នៅ​លើ​យាន​ចម្លង​របស់​ខ្លួន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ