អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

បោះឆ្នោត​អាមេរិក​ ៖ FBIបង្កើត​ការ​ភ្ញាក់ផ្អើល​ថ្មី ដោយ​ប្រកាសបញ្ចប់​​រឿង​អាស្រូវ​អ៊ីមែលលោកស្រី​គ្លីនតុន

ចុះផ្សាយ​នៅ​ថ្ងៃ៖

យុទ្ធនាការឃោសនា​​បោះឆ្នោត​ប្រធានាធិបតី​អាមេរិក​ បាន​បំផុស​បំផុល​ទៅ​ដោយ​ការ​ទម្លាយ​រឿង​អាស្រូវ​ធំៗ និង​រឿង​ភ្ញាក់ផ្អើល​​ជា​ច្រើន។ ចុង​ក្រោយ​បង្អស់ គឺ​នៅ​ថ្ងៃអាទិត្យ​ម្សិលមិញ ភ្នាក់ងារ​ប៉ូលិស​សហព័ន្ធ​អាមេរិក​FBI​ បាន​បង្កើត​ការ​ភ្ញាក់ផ្អើល​បំផុត​មួយ​ដោយ​បាន​ប្រកាស​ថា​ បិទ​បញ្ចប់​សំណុំ​រឿង​សារ​អ៊ីមែល​របស់​លោកស្រី​គ្លីនតុន កាលនៅ​ជា​រដ្ឋមន្ត្រីការ​បរទេស​។ លោកស្រី​គ្លីនតុន​បេក្ខនារី​ប្រធានាធិបតី ដែល​មាន​ប្រៀប​ខ្លាំង បាន​ធូរ​ស្បើយ​ក្នុង​​ចិត្ត តែ​លោក ដូណាល់ ត្រាំ​ បេក្ខជន​បក្ស​សាធារណរដ្ឋ​ ខឹង​សម្បារ​យ៉ាង​ខ្លាំង។

លោកស្រី Hillary Clinton ធ្វើ​យុទ្ធនាការ​ឃោសនា​នៅ​ Cleveland ក្នុង​រដ្ឋ​Ohio ថ្ងៃទី ៦ វិច្ឆិកា២០១៦
លោកស្រី Hillary Clinton ធ្វើ​យុទ្ធនាការ​ឃោសនា​នៅ​ Cleveland ក្នុង​រដ្ឋ​Ohio ថ្ងៃទី ៦ វិច្ឆិកា២០១៦ REUTERS/Brian Snyder
ផ្សាយពាណិជ្ជកម្ម

គ្មាន​នរណា​នឹក​ស្មាន​ដល់​ថា រឿង​អាស្រូវ​សារអ៊ីមែល​​ដែល​ញាំញី លោកស្រី​ គ្លីនតុន តាំង​ពី​ដើម​យុទ្ធនាការឃោសនា​​បោះឆ្នោត​មក អាច​ត្រូវ​បិទ​បញ្ចប់​ដោយសម្រួល​យ៉ាង​ដូច្នេះ​សោះ។ នៅ​ថ្ងៃ​អាទិត្យ​ម្សិលមិញ ពោល​គឺ​ពីរ​ថ្ងៃ​មុន​ការ​បោះឆ្នោត​ ស្រាប់​តែ​FBI បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ជា​សាធារណៈ​ប្រកាស​រក្សា​ជំហរ​មិន​ប្តឹង​ផ្តល់​ប្រឆាំង​លោកស្រី​គ្លីនតុន​ ក្នុង​សំណុំ​រឿងសារ​​អ៊ីមែល​ កាល​នៅ​ជា​​រដ្ឋមន្ត្រីក្រសួង​ការបរទេស​ឡើយ។

នៅ​ក្នុង​សំបុត្រ​ ដែល​​​FBI ផ្ញើ​ទៅ​ជូន​ប្រធាន​​គណៈកម្មការសភា​ទាំង​៨ ថា​ ការ​ស៊ើប​អង្កេត​ជុំ​វិញ​រឿង​សារ​អ៊ីមែល មិន​បាន​រក​ឃើញ​អ្វី​សម្រាប់​មក​ដាក់​បន្ទុក​ចោទ​ប្រកាន់​លោកស្រី​គ្លីនតុន​ឡើយ​ ដូច្នេះ​បាន​ជា​FBI រក្សា​ជំហរ​មិន​បន្តការ​ស៊ើប​អង្កេត ដូច​អ្វី​ដែល​ភ្នាក់ងារ​ធ្លាប់​បាន​សម្រេច​កាលពី​ខែ​កក្កដា​អញ្ចឹង ! នាយក​FBI បាន​ផ្តល់​អនុសាសន៍​ឱ្យ​តុលាការ​ ឈប់​ធ្វើ​ការ​​ចោទ​ប្រកាន់​​ប្រឆាំង​លោកស្រី​បេក្ខនារី​ប្រធានាធិបតីទៅ។

 

ទម្ងន់​រឿង​អាស្រូវ​សារអ៊ីមែល​លើ​នយោបាយ​របស់​លោកស្រី​គ្លីនតុន

 

កាលពី​ខែ​កក្កដា​មុន និង​បន្ទាប់​ពី​បាន​បើក​អង្កេត​អស់​រយៈ​ពេលមួយ​ឆ្នាំ​ FBI បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​ផ្តល់​អនុសាសន៍​ឱ្យ​ឈប់​ធ្វើ​ការ​ប្តឹង​ផ្តល់​ប្រឆាំង​នឹង​លោកស្រី​គ្លីនតុន​ក្នុង​រឿង​ប្រើសារ​អ៊ីមែល​​ឯកជន ក្នុង​កិច្ចការ​ការទូត​​ កាលលោកស្រី​ជា​រដ្ឋមន្ត្រីក្រសួង​ការបរទេស ដោយ​គ្រាន់​តែ​បន្ទោស​ថា​លោកស្រី ធ្វើការ​ប្រហែស​ជ្រុល ប្រើសារ​ឯកជន​ដែល​គ្មាន​សុវត្ថិភាព ក្នុង​ពេល​បំពេញ​តួនាទី​បំរើ​ជាតិ​ តែ​គ្មាន​ចេតនា​រំលោភ​ច្បាប់​ឡើយ។ រឿង​អាស្រូវ​នេះ ​​បានផ្ទុះ​ឡើង​ជា​ថ្មី​ម្តង​ទៀត បង្ក​បង្កើត​ជា​ប្រតិកម្ម​យ៉ាង​ខ្លាំង កាលពី​ថ្ងៃទី ២៨​តុលា ដោយ​​ភ្នាក់ងារ​បាន​ប្រកាស​បើក​អង្កេត​បន្ថែម​ ព្រោះ​មាន​ឃើញ​សារ​ឯកជន​មួយ​គួរ​ឱ្យស​ង្ស័យ​។

 

FBI បាន​បំផុស​រឿង​អាស្រូវ​សារអ៊ីមែល​លោកស្រីគ្លីនតុន ឱ្យ​ត្រដែត​ឡើង​វិញ ក្នុង​ពេល​កំពុង​ឃោសនា​យ៉ា​ង​ពុះ​កញ្ជ្រោល​ ដោយ​បញ្ជាក់​ថា មាន​តម្រុយ​​មួយ​គួរ​ឱ្យ​សង្ស័យមែន តែ​បន្ទាប់​ពី​បាន​បើក​អង្កេត​ឡើង​វិញ មើល​គ្រប់​សារ​ ទាំង​បែប​ការងារ​និង​បុគ្គលទៅ​ នៅ​តែ​​គ្មាន​ចេញ​ជា​លទ្ធផល​អ្វី​។ អង្កេត​ហើយ​អង្កេត​ទៀត សារ​ចុះ​សារ​ឡើង​ ទើប​សម្រេច​សន្និដ្ឋាន​ជា​ចុងក្រោយ លុប​លាង​ការ​ចោទ​ប្រកាន់​ប្រឆាំង​នឹង​លោកស្រី​គ្លីនតុន ដូច​កាលពី​ខែ​កក្កដា​ដោយ​​​​ត្រូវ​បញ្ឈប់រឿង​អាស្រូវ​អ៊ីមែល​​ត្រឹម​ណេះ។ នាយក​FBI បាន​ពន្យល់​លម្អិត​ថា ភ្នាក់ងារ​បាន​ធ្វើ​ការ​យ៉ាង​ល្អិត​ល្អន់ និង​សស្រាក់សស្រាំ​បំផុត​ ដើម្បី​ដោះស្រាយ​វិបត្តិ​សារអ៊ីមែល​​លោកស្រី​គ្លីនតុន​នេះ។

 

ប៉ុន្តែ​រឿង​បាន​កើត​ឡើង​ទៅ​ហើយ ​! សំណុំ​រឿង​អ៊ីមែល​នេះ​បាន​មក​បំពុល​បរិយាកាស​ឃោសនា​បោះឆ្នោត​​​​របស់​បេក្ខនារី​បក្ស​ប្រជាធិបតេយ្យ​ខ្លាំងណាស់ និង​ថែម​ទាំង​បានគូ​ប្រជែង​លោក ដូណាល់ត្រាំ វាយប្រហារ​​មិន​សំចៃ​មាត់ រហូត​បាន​ឡើង​ប្រជាប្រិយភាព​ប្រកៀកប្រកិត​នឹង​​លោកស្រី គ្លីនតុន​ផង។

 

ទីផ្សារ​ភាគហ៊ុន​មាន​ទំនុក​ចិត្ត​ក្រោយ​ការ​ប្រកាសរបស់​FBI

 

ជា​មួយ​នឹង​ពេល​វេលា​នៅ​សល់​ខ្លី មិន​ដល់​ពីរ​ថ្ងៃ​ផង​ដូច្នេះ គេ​ពិត​ជា​ពិបាក​នឹង​ធ្វើ​ការ​វាយ​តម្លៃ​អំពី​ឥទ្ធិពល​នេះ​ការ​បត់​គំនិត​ដ៏​លឿន​រហ័ស​របស់​FBIណាស់។ ប្រជាពលរដ្ឋ​អាមេរិក​ដែលមាន​សិទ្ធិ​បោះឆ្នោត​មុន​គេ ព្រមទាំង​អ្នក​នៅ​ស្ទាក់ស្ទើរ អាច​នឹង​ស្ទុះស្ទារ​ខ្លាំង​បោះឆ្នោត​ជូន​លោកស្រី​គ្លីនតុន។

 

តែលោក​ដូណាល់ ត្រាំ ដែល​បាន​ឆ្លៀត​យក​ចំណេញ​ពី​រឿង​អាស្រូវ​សារអ៊ីមែល​ សម្រាប់​វាយប្រហារ​គូប្រជែង​តាំង​ពី​ដើម​មក​ បាន​សម្តែង​ការ​ខឹង​សម្បារ​យ៉ាង​ខ្លាំង និង​បន្ត​ចោទ​ប្រកាន់​​ដោយ​ប្រើ​ពាក្យ​ដដែល​ៗ នៅ​ល្ងាច​មិញ​ ក្នុង​ពេល​សម្រុក​ចេញ​ឃោសនា​បង្ហើយ​ថា​ លោកស្រី​គ្លីនតុនត្រូវ​បាន​ការពារ​ដោយ​ប្រព័ន្ធដឹកនាំបន្លំ​បង្កូវ លោកស្រីគ្លីនតុនជា​​មនុស្ស​មាន​ទោស​ គាត់​ដឹង FBI​ក៏​ដឹង មនុស្ស​ណា​ក៏​ដឹង ដូច្នេះ​ប្រជាពលរដ្ឋត្រូវ​តែ​ដាក់ទោស​តាម​រយៈ​សន្លឹក​ឆ្នោត​នៅ​ថ្ងៃ​ទី​៨​វិច្ឆិកា។ ​

 

​ខាង​លោកស្រី​គ្លីនតុន នេះ​ពិត​ជា​ដំណឹងល្អ ដូចដក​បន្លា​ចេញ​ពី​ទ្រូង ! នៅ​ក្នុង​ពេល​ឃោសនា​ចុងក្រោយនៅល្ងាច​មិញ ​ លោកស្រី​មិន​បាន​យក​សេចក្តី​ប្រកាស​របស់​ភ្នាក់ងារ​FBI មក​ព្រលាត់​​ ឬ​បក​ស្រាយ​អ្វី​ទាំង​អស់​ ដែល​នេះ​ចាត់​ទុក​ថា​ជា​ទង្វើ​ដ៏​ប្រពៃ និង​គួរ​គោរព​បំផុត។

 

ប៉ុន្តែ​​ឥទ្ធិពល​នៃ​​សេចក្តីថ្លែងការណ៍​​លុប​លាង​ការ​ចោទ​ប្រកាន់​លោកស្រី​គ្លីនតុន បាន​ធ្វើ​ឱ្យ​ទីផ្សារ​ភាគ​ហ៊ុន​ ទាំង​នៅ​អាមេរិក និង​នៅ​អាស៊ី បាន​ស្ទុះឡើង​ ប្រាក់​ដុល្លារ​ក៏​ឡើង​ថ្លៃ​បន្តិច​វិញ ព្រោះ​គ្រប់​គ្នា​​មាន​ទំនុក​ចិត្ត​ខ្លាំង  សង្ឃឹម​និង​ជឿ​ជាក់​ថា​លោកស្រី គ្លីនតុន បេក្ខនារី​ ដ៏​មាន​ប្រជាប្រិយភាព ពិត​ជា​នឹង​អាច​ឈ្នះ​ឆ្នោត ក្លាយ​ជា​ប្រជាប្រធានាធិបតី​អាមេរិក​ ភេទស្រ្តី​ដំបូង​គេ ក្នុង​ប្រវត្តិសាស្ត្រ​អាមេរិក និង​បន្ត​នយោបាយ​​ពី​រដ្ឋាភិបាល​ចាស់ ផ្ទុយ​ពី​លោក​ដូណាល់ត្រាំ ដែល​ខ្វះ​បទ​ពិសោធន៍​​នយោបាយផង និង​មាន​ជំហរ​មិន​ជាក់លាក់​ផង៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ