អានតួអត្ថបទ

តើ​លោក​ ដូណាល់ ត្រាំ​ ជា​នរណា ?

លោក ដូណាល់ ត្រាំ បាន​ក្លាយ​ជា​ប្រធានាធិបតី​អាមេរិក​ទី ៤៥ ដោយ​បាន​យក​ឈ្នះ​លើ​លោកស្រី ហ៊ីលឡារី គ្លីនតុន នៅក្នុង​ការ​បោះឆ្នោត​ថ្ងៃទី ៨​វិច្ឆិកា។ ជា​បេក្ខជន​មក​ពី​បក្ស​សាធារណរដ្ឋ​ លោក ដូណាល់ត្រាំ គឺ​ជា​មហាសេដ្ឋីដ៏​កំពូល​ម្នាក់​របស់​អាមេរិក ជា​អ្នក​ជំនួញ​ធំ ក្នុង​វិស័យ​អចលនទ្រព្យ មុន​នឹង​ចូល​ប្រលូក​នយោបាយ។

លោក ដូណាល់ ត្រាំ និង​ភរិយា
លោក ដូណាល់ ត្រាំ និង​ភរិយា REUTERS/Carlo Allegri
ផ្សាយពាណិជ្ជកម្ម

កើត​នៅ​ថ្ងៃទី ១៤ មិថុនា ឆ្នាំ ១៩៤៦ នៅ​ក្រុង​ញូវយ៉ក ក្នុង​សង្កាត់​ដែល​កាលសម័យ​នោះ​មាន​តែ​ជនជាតិ​ស្បែក​ស​រស់​នៅ។ ដល់​អាយុ​ចូល​សាលា លោក ដូណាល់​ ត្រាំ ទៅ​បាន​ឪពុកម្តាយ​បញ្ជូន​ទៅ​រៀន​នៅ​ក្នុង​សាលា​យោធា ដើម្បី​បំពត់​អត្តចរិករប៉ិលរប៉ូច ចាប់​មិនឈ្នះ។

លោក​​ជា​កូន​ទី​៥​ក្នុង​ត្រកូល​អ្នក​ជំនួញ និង​ជា​គ្រួសារអន្តោប្រវេសន៍ ដោយ​មាន​ឪពុក​ជា​ជនជាតិ​អាល្លឺម៉ង់ ធ្វើ​ដំណើរ​ផ្សងព្រេង​តាម​កប៉ាល់​មក​អាមេរិក និង​ម្តាយ​ជា​ជនជាតិ​អេកូស។ ត្រកូល ត្រាំ​ ​ជា​គ្រួសារ​គំរូរបស់​អាមេរិក តំណាង​​ជោគជ័យ​ ប្រឹង​ប្រែង​​រកស៊ីខ្លាំង និង​បាន​ចូល​រួម​ចំណែក​អភិវឌ្ឍន៍ សង្កាត់​ Jamaica Estates ដោយ​​សាងសង់​ផ្ទះ​យ៉ាង​ច្រើន។ ​​

ក្រោយ​បញ្ចប់​ការសិក្សា​ផ្នែក​ពាណិជ្ជកម្មនៅ​សកលវិទ្យាល័យ Pennsylvanie លោក ដូណាល់ ត្រាំ បាន​ចូល​ធ្វើ​ការ​ក្នុង​ក្រុមហ៊ុន​របស់​ឪពុក​នៅ​ឆ្នាំ​១៩៦៨។ ​នៅ​ឆ្នាំ​១៩៧១ លោក ដូណាល់​ត្រាំ បាន​ទទួល​ជំនួយ​ពី​ឪពុក​ ចំនួន​១​លាន​ដុល្លារ ដើម្បី​ផ្សងព្រេង​ក្នុង​វិស័យ​អចលនទ្រព្យ និង​គ្រប់គ្រង​ក្រុមហ៊ុន​របស់​គ្រួសារ​បន្ត។  ប៉ុន្តែ​ខុសឪពុក ដែល​សង់ផ្ទះ​សម្រាប់​គ្រួសារ​ឋានៈ​មធ្យម ថ្នាក់​កណ្តាល លោក ដូណាល់ ត្រាំ​​ ជ្រើសរើសភាព​ទំនើប​និង​ប្រណិតៗ អាគារ​ខ្ពស់ៗ កាស៊ីណូ សណ្ឋាគារ ... នៅ​សង្កាត់​ម៉ាណាតាន់ កណ្តាល​ទីក្រុង​ញូវយ៉ក ក្នុង​ពេល​ដែល​តម្លៃ​នៅ​ថោក​នៅ​ឡើយ។ ជំនួញ​របស់​លោក​ បាន​ផ្តល់​ផ្លែផ្កា​និង​ជោគជ័យ​ខ្លាំង​ ! នៅ​ឆ្នាំ​១៩៨០ លោក​បាន​ក្លាយ​ជា​អ្នក​ជំនួញ ដែល​មាន​ជោគជ័យ​បំផុត និង​​ក្លាយ​ជា​មហា​សេដ្ឋី មាន​ប្រាក់​ដល់​ទៅ​វាល់​ពាន់​លាន​ដុល្លារ។

នៅ​ឆ្នាំ​១៩៩០ ជីវិត​ឯកជន​របស់​បាន​ផ្ទុះ​ឡើង​យ៉ាង​ផុស​ផុល​ក្នុង​ទំព័រមុខ​របស់​​សារព័ត៌មាន អាមេរិក។ ការ​លែងលះ​លើក​ដំបូង​របស់​លោក បាន​ចំណាយ​ប្រាក់​អស់​រាប់​លាន។ លោក ដូណាល់ ត្រាំ ឆ្លង​កាត់​ការ​ខាត​បង់​ ដល់​ទៅ​បួន​ដង​តែ​អាច​ស្ទុះ​ងើប​ឡើងវិញ រហូត​ឈ្មោះ​លោក​បានក្លាយ​ ម៉ាក ៖ ម៉ាក​ផលិតផល​ប្រណិត ម៉ាកស្រា vodka  ម៉ាក​សាច់​គោ Steaks Trump។ ​ ភាព​ល្បី​ល្បាញ​របស់លោក​​បាន​រីក​កាន់​ធំ ដោយ​លោក​ធ្លាប់​ធ្វើ​ជា​ពិធីករទូរទស្សន៍ ជា​តារា​ដ៏ល្បីល្បាញ ​​ក្នុង​កម្មវិធី The Apprentice ​ដែល​មាន​អ្នក​​តាមដាន​ទស្សនា​ដល់​ទៅ​ជាង​៥០​លាន​នាក់។

លោក​បាន​ចូល​ប្រលូក​ក្នុង​ជីវិត​នយោបាយ​នៅ​ឆ្នាំ​១៩៨០ ក្នុង​នាម​ជា​អ្នក​ប្រជាធិបតេយ្យ បន្ទាប់​មក​បាន​ផ្តាច់​ខ្លួន​មក​ចូល​បក្ស​សាធារណរដ្ឋ​នៅ​ឆ្នាំ​១៩៨៧ ហើយ​ត្រលប់ចូល​​ទៅ​បក្ស​ប្រជាធិបតេយ្យ​វិញ នៅសម័យ​​លោក ចច​ ប៊ូស​ជា​ប្រធានាធិបតី​ ព្រមទាំង​បានសម្តែង​ការ​គាំទ្រ​លោកស្រី​គ្លីនតុន នៅ​ឆ្នាំ​២០០៨​ផង។

លោក​បាន​សាក​ល្បង​ឈរ​ឈ្មោះ​ជា​បេក្ខជន​ប្រធានាធិបតី ម្តង​ជា​ពីរ​ដង (១៩៨៨-២០០០)​មិន​បាន​សម្រេច ​ទើប​នៅ​ឆ្នាំ​២០១២ លោក​បាន​វិល​មកកាន់​បក្ស​សាធារណរដ្ឋ ជាមួយ​នឹង​ការ​គាំទ្រ​ លោក មីតរ៉ូមនី ​ និងបាន​ក្លាយ​ជា​បេក្ខជន​ប្រធានាធិបតីបក្ស​សាធារណរដ្ឋ ដោយ​គ្មាន​នរណា​គិត​ដល់ នៅ​ឆ្នាំ​២០១៥។  នៅ​ថ្ងៃ​ទី៨ វិច្ឆិកា ២០១៦ លោក ​បានបង្ក​ការ​ភ្ញាក់ផ្អើល ដោយ​បាន​​ជាប់ឆ្នោត​ក្លាយ​​ជា​ប្រធានាធិបតីអាមេរិក​ទី​៤៥​៕​ 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ