អានតួអត្ថបទ
គ្រោះមហន្តរាយធម្មជាតិ​

គ្រោះ​មហន្តរាយធម្មជាតិ​​​ជំរុញ​ឲ្យ​​ប្រជាជន​ចំនួន​២៦​លាន​នាក់​​​រស់​នៅ​ក្នុង​ភាព​ក្រីក្រ​ជា​រៀង​រាល់​ឆ្នាំ​

គ្រោះមហន្តរាយ​ធម្មជាតិ បង្កើត​ការ​ខាត​បង់​ទឹកប្រាក់​ចំនួន​៥២០ ០០០​លាន​ដុល្លារ​ក្នុង​១ឆ្នាំ​និង​ជំរុញ​ឲ្យ​ប្រជាជន​​២៦​លាន​នាក់​រស់​នៅ​ក្នុង​ភាព​ក្រីក្រ​បំផុត​-នេះ​បើ​យោង​តាម​របាយការមួយ​របស់​ធនាគារ​ពិភពលោក​ដែល​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ចន្ទ​១៤​វិច្ឆិកា​ម្សិលមិញ។

អគារ​នៃ​​ធនាគារពិភពលោក​នៅ​ទីក្រុង​ Washington សហរដ្ឋអាមេរិក​
អគារ​នៃ​​ធនាគារពិភពលោក​នៅ​ទីក្រុង​ Washington សហរដ្ឋអាមេរិក​ Wikipedia
ផ្សាយពាណិជ្ជកម្ម

 

ការ​វាយ​តម្លៃ​​លើ​ការ​ខាត​បង់​ខាង​លើ​នេះ មាន​កំរិត​ខ្ពស់​ជាង ៦០​% ​លើស​ការ​ប៉ាន់​ស្មាន​របស់​អង្គការ​សហប្រជាជាតិ​ទៅ​ទៀត​ដែល​មាន​​ត្រឹម​តែ​៣០០ ០០០ លាន​ដុល្លារប៉ុណ្ណោះ -នេះ​ជា​ការ​គូស​បញ្ជាក់​របស់​ធនាគារ​ពិភពលោក។ ធនាគារ​ពិភពលោក ​បាន​ពន្យល់​​ថា ខ្លួន​ចង់​គិត​គូរ​​ឲ្យ​បាន​ប្រសើរ​ជាង​មុន​នៅ​លើ​ការ​ខូចខាត​នានា​ដែល​ប្រជាជន​ក្រីក្រ​​ជាង​គេ ជា​អ្នក​ត្រូវ​ទទួល​រងគ្រោះ​មុន​គេ-នេះ​បើ​យោង​តាម​របាយការណ៍​មួយ​របស់​ធនាគារ​ពិភពលោក​ដែល​បាន​ចេញ​ផ្សាយ​នា​ថ្ងៃ​ចន្ទ​ម្សិលមិញ​នៅ​ក្រៅ​​សន្និសីទ​អង្គការ​សហប្រជាជាតិ​​ស្តី​ពី​អាកាស​ធាតុ​ដែល​ប្រព្រឹត្ត​ទៅ​នៅ​ក្រុង Marrakech។

 

របាយការណ៍​ដដែល​បាន​លើក​បញ្ជាក់​ទៀត​ថា “ផល​ប៉ះ​ពាល់​សេដ្ឋកិច្ច​និង​មនុស្ស​ដោយគ្រោះ​មហន្តរាយ​ធម្មជាតិ មាន​កំរិត​ខ្ពស់​ជាង​ការ​ដែល​គេ​បាន​គិតស្មាន​រហូត​មក​ដល់​ពេល​នេះ»។  របាយការណ៍​នេះ បាន​វាយ​តម្លៃ​ដោយ​​ពុំ​ផ្អែក​ទាំង​ស្រុង​តែ​ទៅ​លើ​ការ​ខាត​បង់​សម្ភារៈ​តែ​មួយ​មុខ​គត់​នោះ​ទេ (​ដែល​មាន​ដូច​ជា អាគារ​ផ្ទះ,ផ្លូវ, ល​និង​ល។) ក៏​ប៉ុន្តែ​បូក​រួម​ទាំង​ការ​បាត់បង់ “នៅ​លើ​ផ្នែក​សុខុមាលភាព" របស់​មនុស្ស​ផង​ដែរ​ដូច​ជា​ (បញ្ហា​អសមត្ថភាព​ក្នុង​ការ​ធានា​ក្នុង​ការ​ចំណាយ​លើ​ផ្នែក​សុខភាព, អាហារ, ការ​អប់រំ, លនិងល។) ។

 

បើ​គេ​ពិចារណា​ទៅ​លើ​ "ការ​បាត់​បង់​នៃ​សុខុមាលភាព​នេះ​វិញ " របាយការណ៍​របស់ធនាគារ​ពិភពលោក បាន​ពន្យល់​ប្រាប់​ទៀត​ថា "ប្រជាជន​ដែល​ក្រីក្រ​​ជាង​គេ​បំផុត ចំនួន​២០%​ បាន​ខាត​បង់​សម្ភារៈ​តែ​ចំនួន ១១​%​ប៉ុណ្ណោះ ក៏​ប៉ុន្តែ​នៅ​លើ​ផ្នែក​សុខុមាលភាព​វិញ ពួក​គេ​បាន​បាត់​បង់​​រហូត​ដល់​ទៅ ៤៧​%​ឯណោះ"។

 

យោង​តាម​របាយការណ៍​ធនាគារ​ពិភពលោក​ដែរ :«​ខ្យល់​ព្យុះ​Nargis ដែល​បាន​វាយ​ប្រហារ​នៅ​ក្នុង​ប្រទេស​ភូមា​កាលពី​ឆ្នាំ ២០០៨ បាន​បង្ខំ​​ឲ្យ​ពាក់​កណ្តាល​នៃ​ប្រជាកសិករ​ដ៏​ក្រីក្រជាង​គេ​ ធ្វើ​ការ​លក់​ទ្រព្យ​សកម្ម របស់​ខ្លួន​រួម​ទាំង​ដីធ្លី​ផង​ដែរ​ដើម្បី​សង​បំណុល​គេ​»។

 

ម្យ៉ាងទៀត សម្រាប់​ប្រជាជន​​២៦​លាន​នាក់​ ផល​ប៉ះពាល់​នៃ​គ្រោះ​មហន្តរាយ​ធម្មជាតិ​ទាំង​នេះ បាន​ជម្រុញ​ឲ្យ​ពួក​គេ​កាន់​តែ​ធ្លាក់​ខ្លួន​ក្នុង​​ជីវភាព​​ក្រីក្រ​​ថែម​​មួយ​កំរិត​ទៀត គឺ​ពួក​គេ​ត្រូវ​បង្ខំ​ចិត្ត​រស់​នៅ​ក្រោម​បន្ទាត់​នៃ​ភាព​ក្រីក្រ​ដោយ​មាន​ប្រាក់​ចំណូល​កំណត់​ត្រឹម​តែ​១​ដុល្លា​ប៉ុណ្ណោះ​ក្នុង​មួយ​ថ្ងៃ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ