អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

​​លោក ដូណាល់ ត្រាំ និង​នយោបាយ​តំបន់​​ដើម​បូព៌ា

ចុះផ្សាយ​នៅ​ថ្ងៃ៖

ជ័យ​ជំនះ​របស់​លោក​ដូណាល់ ត្រាំ ពិត​ណាស់​ថា​បាន​ធ្វើ​ឱ្យ​ពិភពលោក​ទាំង​មូល​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង។ លោក​ដូណាល់ ត្រាំ ខ្លួន​ឯង​ក៏​ទំនង​ជា​ភ្ញាក់ផ្អើល​មិន​តិច​ដែរ​ ប្រសិន​បើ​លោក​ចង់​ដឹកនាំ​ប្រទេស​ឱ្យ​បាន​ល្អ​ និង​បើ​យោល​ទៅ​​លើ​ភាព​ស្មុគស្មាញ​នៃ​ទំនាញ​កម្លាំង​ក្នុង​តំបន់​ដើម​បូព៌ា។ ពិភពលោក​អ្នក​អ៊ីស្លាម​មិន​បាន​បង្អង់​នឹង​បញ្ចេញ​ប្រតិកម្ម​ទេ​នៅ​ពេល​ឃើញ​លោក​ដូណាល់ ត្រាំ បាន​ក្លាយ​ជា​ប្រធានាធិបតីទី​៤៥​របស់​​អាមេរិក។ ​តើ​តំបន់​ដើម​បូព៌ា មាន​ទស្សនៈ​និង​ជំហរ​យ៉ាង​ណា​ នៅ​ពេល​បាន​ស្គាល់​មុខ​ប្រធានាធិបតី ដែល​ត្រូវ​មក​បន្ត​តំណែង​ពី​លោក​អូបាម៉ា ?

លោក Donald Trump ប្រធានាធិបតី​អាមេរិក​ទើប​ជាប់​ឆ្នោត​ថ្មី
លោក Donald Trump ប្រធានាធិបតី​អាមេរិក​ទើប​ជាប់​ឆ្នោត​ថ្មី REUTERS/Jonathan Ernst/File Photo
ផ្សាយពាណិជ្ជកម្ម

ខុស​ពី​លោក​ហ្ស័កប៊ូស ដែល​ជា​អ្នក​សារធារណរដ្ឋ​ដូច​គ្នា លោកប្រធានាធិបតី​អាមេរិក​ទើប​ជាប់​ឆ្នោត​ថ្មី ដូណាល់ ត្រាំ គ្មាន​មនោគមវិជ្ជា​នយោបាយ​​អ្វី​ពិសេស​សម្រាប់​តំបន់​ដើម​បូព៌ា​ឡើយ។ លោក មិន​មែន​ជា​អ្នក​អភិរក្ស​បែប​ថ្មី ដែល​ចង់​សាបព្រោះ​លទ្ធិប្រជាធិបតេយ្យ​លើ​ថ្នាល​ក្រហេងក្រហូង​ផ្តាច់ការ​និយម​នៅ​ពិភព​អារ៉ាប​ឡើយ ​ទស្សនៈ​វិស័យ ឬ​រចនា​សម្ព័ន្ធ​ចង​មេត្រីភាព​ជាមួយ​ក្រុម​នេះ ឬ​ក្រុម​នោះ​ក៏​គ្មាន​ដែរ … មាន​តែ​ម្យ៉ាង​គឺ​ភាសា​បែប​ជ្រុល​និយម​ប្រឆាំង​នឹង​អ៊ីស្លាមយ៉ាង​ចំៗ​។ តែ​មិន​បាន​បង្អាក់​ចិត្ត​អ្នក​ដឹកនាំ​អ៊ីស្លាម ឱ្យ​ថ្លែង​សារអបអរ​ជ័យ​ជំនះ​របស់​លោក​ដូណាល់​ត្រាំ​ឡើយ។

 

ភាព​តាន​តឹង​រវាង​បេក្ខជន​បក្ស​សាធារណរដ្ឋ​ លោក ដូណាល់ ត្រាំ និង​សហគមន៍​អ្នក​កាន់​សាសនា​អ៊ីស្លាម​មិន​មែន​ជា​រឿង​ថ្មី​ថ្មោង​ឡើយ។ ពេល​នេះ​លោក​បាន​ជាប់​ឆ្នោត​ក្លាយ​ជា​អនាគត​ប្រធានាធិបតី​អាមេរិក​ថ្មី ! អ្នក​ដែល​ធ្លាប់​តាំង​ជំហរ​នយោបាយ​ជាតិ​និយម​ ចង់​ហាម​ឃាត់​អ្នក​កាន់​សាសនា​អ៊ីស្លាម​មិន​ឱ្យ​ចូល​ជាន់​ទឹក​ដី​អាមេរិក ក៏​បាន​បន្ទន់​ឥរិយាបថ​ ប្រកាស​ត្រូវ​រ៉ូវ​ជាមួយ​គ្រប់​ប្រទេស​ដែលមាន​ឆន្ទៈ​រាប់​អាន​អាមេរិក ក្នុង​សុន្ទរកថា​ដំបូង​របស់​ខ្លួន។

ថ្នាក់​ដឹកនាំ​ប្រទេស​នៅ​តំបន់​ដើម​បូព៌ា​ក៏​បាន​អំពាវនាវ​ដូច​គ្នា​ឱ្យ​ប្រធានាធិបតី​ជា​កំពូល​មហាសេដ្ឋី​ម្នាក់​នេះ​ជួយ​ដោះស្រាយ​វិបត្តិ​នៅ​ក្នុង​តំបន់ ដែល​លោក​បាន​និយាយ​តិច​តួច​បំផុត​ក្នុង​ពេល​ឃោសនា។ ប្រធានាធិបតី​តួកគី​ សង្ឃឹម​ជា​ស្រេច​ថា​រដ្ឋបាល​អាមេរិក​ថ្មី​នឹង​ធ្វើ​បញ្ជូនគូប្រជែង​នយោបាយ​ជា​​សត្រូវមក​ឱ្យ​តួកគី​កាត់​ទោស។ ឯ​ប្រធានាធិបតី​អេហ្ស៊ីប​ ញញឹម​សង្ឃឹម​ទុក​ថា​នឹង​ការ​គាំទ្រ​ពី​រដ្ឋាភិបាល​ត្រាំ ក្នុង​ការ​កម្ចាត់​ពួក​ភាតរអ៊ីស្លាម។​

អ្នក​ដែល​មាន​អំណរ​ខ្លាំង​ជាង​គេ​ម្នាក់​ទៀត ប្រចាំ​តំបន់ គឺ​អ៊ីស្រាអែល ! អ៊ីស្រាអែល ដែល​មាន​ទំនាក់​ទំនង​ត្រជាក់​ល្ហឹម​ជាមួយ​រដ្ឋបាល​លោក​អូបាម៉ា បាន​ចាត់​ទុក​លោក ដូណាល់ ត្រាំ ជា​មិត្ត​ដ៏​ស្មោះស្ម័គ្រ​បំផុត និង​រង់ចាំ​យ៉ាង​អន្ទះ​សារ​ធ្វើការ​ជាមួយ​រដ្ឋាភិបាល​អាមេរិក​ថ្មី ដើម្បីសន្តិសុខ​ ស្ថិរភាព និង​សន្តិភាព​ក្នុង​តំបន់ ជា​ពិសេស​ការ​ផ្ទេរ​ស្ថានទូត​អាមេរិក​ពី​ក្រុង​ទែលអាវីវ ទៅ​ក្រុង​ហ្សេរ៉ុយសាឡិម។ ក្រុង​ហ្សេរ៉ុយសាឡិម​ដែល​គ្មាន​ប្រទេស​ណា​មួយ​តាំង​ទូត​សោះ​ឡើយ​ ព្រោះ​ជា​ដែន​ដី​កំពុង​ជាប់​ជម្លោះ។ ដូច្នេះ​​តើ​ឃ្លា​នេះ​មាន​អត្ថន័យ​យ៉ាង​ដូច​ម្តេច​ក្នុង​ជម្លោះ​អ៊ីស្រាអែល​-ប៉ាឡេស្ទីន ?!

អ្នក​ខ្លះ​បាន​កាត់​យល់​ថា​ ពេលវេលា​នៃ​កា​រយក​លេស​ច្រាន​ចោល​គំនិត​ចង់ប​ង្កើត​រដ្ឋ​​ប៉ាឡេស្ទីន​រស់​ទន្ទឹម​គ្នា​ បាន​មក​ដល់​ហើយ​ ! ព្រោះ​លោក​ដូណាល់ ត្រាំ ធ្លាប់​បាន​ចាត់​ទុកការ​ធ្វើ​អាណានិគមនកិច្ច​សាង​សង់​លំនៅ​ដ្ឋានរបស់​អ៊ីស្រាអែល លើ​ទឹក​ដី​ប៉ាឡេស្ទីន​រស់​នៅ​មិន​មែន​ជា​កា​រខុស​ច្បាប់​ទេ។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​ប៉ាឡេស្ទីន អត់​មិន​ព្រួយ​បារម្ភ​មិន​បាន តែ​យ៉ាង​ណា​ក៏​ដោយ​ ក៏​ប៉ាឡេស្ទីន នៅ​តែ​រក្សា​ជំហរ​ ដដែល​ត្រៀម​ធ្វើ​ការ​ជាមួយ​រដ្ឋាភិបាល​អាមេរិក​ថ្មី ដូច​សម័យ​ជាមួយ​អូបាម៉ា។ ជម្លោះ​អ៊ីស្រាអែល​-ប៉ាឡេស្ទីន បាន​អូស​បន្លាយ​រាប់​សិប​ឆ្នាំ ការ​ចរចា​ត្រូវ​បរាជ័យ​មិន​ដឹង​ជា​ប៉ុន្មាន​លើក​ប៉ុន្មាន​សា​ហើយ តែ​តើ​នរណា​អាចទាយ​អនាគត​បាន​ត្រូវ​១០០%​ លោក ដូណាល់ ត្រាំ​ ថ្វី​បើ​បាន​សម្តែង​ភក្តីភាព​ឥតងាករេ ការពារ​អ៊ីស្រាអែលមែន តែ​ក៏​បាន​បង្ហាញ​ចេតនា​ល្បង​ល្បែង​ចរចា​​ស្វែង​សន្តិភាព​ឱ្យ​អ៊ីស្រាអែល​និង​ប៉ាឡេស្ទីន​នេះ​ហើយ​ទេ​តើ !

សំណុំ​រឿង​ដែល​ធំ និងក្តៅ​គគុក​មួយ​ទៀត​ ការ​សើរើ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់។ កិច្ចព្រមព្រៀង​ដែល​លោក ដូណាល់ ត្រាំ មិន​ព្រម​បញ្ឈប់ការ​បង្អាប់​បន្តុះ​ឡើយ ក្រោម​ក្រសែ​ភ្នែក​ធូរ​ស្បើយ​របស់​ក្រុម​ប្រទេស​នៅ​តំបន់​ឈូង​សមុទ្ទ។ ​ចំពោះការ​​ប្រយុទ្ធ​ប្រឆាំង​នឹង​ពួក​អង្គការ​រដ្ឋ​អ៊ីស្លាម ជោគជ័យ​របស់​លោក ដូណាល់ ត្រាំ ដែល​ចូល​ចិត្ត​លោកពូទីន គឺ​ជា​ដំណឹង​ដ៏​ល្អ​សម្រាប់​ប្រទេស​ស៊ីរី។ ទូរទស្សន៍​ជាតិ​នេះ ​បាន​ធ្វើ​ការ​​ផ្សាយបន្ត​ផ្ទាល់​​សុន្ទរកថា​ដំបូង​​របស់​លោក​ដូណាល់ ត្រាំ យ៉ាង​ចម្លែកខុស​ទម្លាប់​តែ​ម្តង។ តើ​នឹង​មាន​ការ​ផ្សះផ្សា​ជាមួយ​របប​លោក អាសាដ និង​ភាព​ជា​ដៃគូ​ជាមួយ​ប្រមុខ​រដ្ឋ​រុស្ស៊ី​ លោក ពូទីន​ ក្នុង​នាម​ប្រយុទ្ធ​ប្រឆាំង​នឹង​ពួក​អង្គការ​រដ្ឋ​អ៊ីស្លាមឬ ?

គេ​មាន​អារម្មណ៍ បរិបទ​ជាក់​ស្តែង​នឹង​ជំរុញ​ឱ្យ​រដ្ឋបាល​អាមេរិក​ថ្មី ដើរ​តាម​គន្លង​រដ្ឋបាល​ចាស់ ដោយ​ទុក​ដៃ​រុស្ស៊ី​ឱ្យ​ទំនេរ​នៅ​ក្នុង​ប្រតិបត្តិការ​នៅ​ក្រុង​អាឡិប ប្រទេស​ស៊ីរី ព្រោះ​អាមេរិក​ត្រូវ​ផ្តុំ​កម្លាំង​នៅក្រុងមូស៊ូល​ប្រទេស​​អ៊ីរ៉ាក់។ ប៉ុន្តែ​គេ​មិន​អាច​​អារកាត់​អ្វី​ក្នុង​សំណុំ​រឿងនយោបាយ​របស់​សេតវិមាន​នៅ​​ដើម​បូព៌ាទេ​ ព្រោះ​​អាមេរិក​​គិត​ប្រយោជន៍​ជាតិ​ខ្លួន​ឯង​ណាស់ អាមេរិក​ពិត​ជា​ត្រូវ​ថ្លឹង​ថ្លែង​អំពី​គុណសម្បត្តិ​និង​គុណវិបត្តិ​ សម្រាប់​អនាគត​ខ្លី មធ្យម​និង​យូរអង្វែង​។ គេ​ក៏​អាច​ស្រមៃថា​អ្នក​ជំនួញ​ក៏​អាចដឹកនាំ​ប្រទេស​បាន​​​ល្អ​។ គ្រាន់តែ​ថា​វិបត្តិ​នៅ​តំបន់​ដើមបូព៌ា ពុះកញ្ជ្រោល​ខ្លាំង​ណាស់ ហើយ​ពេល​វេលា​កាន់​តែ​ខោចខ្លាំង !​​​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ