អានតួអត្ថបទ

លោកត្រាំ​បរិហារ​ការ​បន្លំ​សន្លឹក​ឆ្នោត​និងការ​បន្លំ​ទៅ​បោះឆ្នោត​ខុសច្បាប់​

ប្រធានាធិបតី​អាមេរិក​ទើប​ជាប់​ឆ្នោត​ថ្មី លោក ដូណាល់ ត្រាំ បាន​ធ្វើ​ការ​បរិហារ​នៅ​ថ្ងៃអាទិត្យ​ម្សិលមិញ ថា មាន​ការ​លួច​បន្លំ​សន្លឹក​ឆ្នោត​ ដ៏​ធ្ងន់ធ្ងរ នៅ​ក្នុង​សម័យ​បោះឆ្នោត​ប្រធានាធិបតី ថ្ងៃទី ៨ វិច្ឆិកា ២០១៦។ លោក ត្រាំ ថែម​ទាំង​បាន​អះអាង ដោយ​គ្មាននាំ​អ្វី​ជា​​ភស្តុតាង​ ​ថា មាន​មនុស្ស​រាប់​លាន​នាក់​បាន​ទៅ​បោះឆ្នោត​​ដោយ​ខុសច្បាប់ ក្នុង​ការបោះឆ្នោត​ដែល​លោក​ជា​ឈ្នះ !

លោក ដូណាល់ ត្រាំ ប្រធានាធិបតី​អាមេរិក​ទើប​ជាប់​ឆ្នោត​ថ្មី បរិហារ​ការ​បន្លំ​សន្លឹក​ឆ្នោត
លោក ដូណាល់ ត្រាំ ប្រធានាធិបតី​អាមេរិក​ទើប​ជាប់​ឆ្នោត​ថ្មី បរិហារ​ការ​បន្លំ​សន្លឹក​ឆ្នោត REUTERS/Carlo Allegri/File Photo
ផ្សាយពាណិជ្ជកម្ម

លោក ដូណាល់ ត្រាំ បាន​ឈ្នះ​ដាច់ ក្លាយ​ជា​ប្រធានាធិបតីអាមេរិក​ទី​៤៥ នៅ​ក្នុង​សម័យ​បោះឆ្នោត​ ​ថ្ងៃទី ៨ វិច្ឆិកា ដែល​ជា​ការ​បោះឆ្នោត​ដោយ​សកល មិន​ផ្ទាល់ ដោយ​យោង​លើ​ចំនួន​ប្រតិភូ​អ្នក​បោះឆ្នោត​តំណាង (២៩០​នាក់​សម្រាប់​លោក ត្រាំ ទល់​នឹង​២៣២​សម្រាប់​លោកស្រី គ្លីនតុន)។ ប៉ុន្តែបើ​គិត​អំពី​ចំនួនសន្លឹក​ឆ្នោត​​ពលរដ្ឋ​​វិញ គឺ​លោកស្រី​ គ្លីនតុន​ ទេ ជា​អ្នក​បាន​ទទួល​ការ​គាំទ្រ​ច្រើន ដោយ​នាំ​មុខលើស​​លោក ត្រាំ ដល់​ទៅ ជាង​២លាន២​សែន​សំឡេង។ 

ប៉ុន្តែ​ពេញ​មួយ​ចុង​សប្តាហ៍​នេះ ក្នុង​បរិបទ​អន្តរកាល ​ដែល​ប្រធានាធិបតី​ថ្មី​មិន​ទាន់​ស្បថ​ចូល​កាន់​តំណែង​ជា​ផ្លូវការ​ផង រឿង​អាស្រូវ​បន្លំ​សន្លឹក​ឆ្នោត​បាន​ផុស​ឡើង​យ៉ាង​ខ្លាំង។ បេក្ខជន​ប្រធានាធិបតី​ឯករាជ្យ​នៃ​បក្ស​បរិស្ថាន​ បាន​ទាមទារ​ឱ្យ​មាន​ការ​រាប់​សន្លឹក​ឆ្នោត​ឡើង​វិញ នៅ​ក្នុង​រដ្ឋ​បី Wisconsin Pennsylvanie Michigan។ ខាង​លោកស្រី​គ្លីនតុន ដ៏​បាន​ប្រកាស​ចូល​រួម​ក្នុង​ការ​រាប់​សន្លឹក​ឆ្នោត​នេះ​ដែរ កាលពី​ថ្ងៃ​សៅរ៍។

ហេតុដូច្នេះ​ហើយ​បាន​ជា​លោក ដូណាល់ ត្រាំ ផ្ទុះ​សំដី ធ្វើ​ការ​បរិហារ​តាម​ប្រព័ន្ធ​Twitter បក​វិញថា មាន​ការ​លួច​បន្លំ​សន្លឹក​ឆ្នោត​ដ៏​ធ្ងន់ធ្ងរ​នៅរដ្ឋ​ Virginia New Hampshire California ដែល​លោកស្រី​គ្លីនតុន​ជា​ឈ្នះ​ ហេតុអ្វី​សារព័ត៌មាន​​មិន​ចុះ​ផ្សាយ​ផង ?! លោក​ឈ្នះ ​មិនមែន​ត្រឹម​មាន​ចំនួន​ប្រតិភូ​ច្រើន​ទេ តែ​សំឡេង​ប្រជាពលរដ្ឋ​គាំទ្រ​លោក​ក៏​ច្រើន​ដែរ ប្រសិន​បើ​គេ​ដក​ចំនួន​អ្នកទៅ​​បោះឆ្នោតដោយ​​ខុស​ច្បាប់​រាប់​លាន​នាក់​ចេញ​​នោះ។

ជា​មួយ​នឹង​ការ​ចោទ​ប្រកាន់ លោក ដូណាល់ ត្រាំ ក៏​ដូច​ជា​ក្រុមប្រឹក្សា​ជំនិតៗ​របស់​លោក មិន​បាន​បញ្ចេញ​អ្វី​ដែល​ជា​ភស្តុតាង​​បញ្ជាក់​អំពី​ភាព​មិន​ប្រក្រតី​ក្នុង​សម័យ​បោះឆ្នោត​ឡើយ។ ក្រុមអ្នក​សង្កេតការណ៍​បោះឆ្នោត មិន​ដែល​លើកឡើង​សោះ​អំពី​ករណី​បន្លំ​សន្លឹក​ឆ្នោត។ សូមបញ្ជាក់​ថា ក្នុង​ពេល​ធ្វើ​យុទ្ធនាការ​ឃោសនា និង​ក្នុង​ពេល​ដែល​ការ​ស្ទង់​មតិ​ផ្តល់​ប្រជាប្រិយភាព​ឱ្យ​លោកស្រី​គ្លីនតុន​ លោក ដូណាល់ ត្រាំ ធ្លាប់​បាន​ព្រមាន​ជា​ញយ​ដង​អំពី​គ្រោះ​មាន​ការ​បន្លំ​ឆ្នោត​ តែ​លោក​លែង​ចេញ​ស្តី​សោះ​អំពី​បញ្ហា​នេះ តាំង​ពី​បាន​ជាប់​ឆ្នោត​ដ៏​គួរ​ឱ្យ​ភ្ញាក់ផ្អើល​មក៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ