អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

មនុស្ស​ជំនិត​នឹង​លោក​ ដូណាល់​ ត្រាំ​ កំពុង​បំបែក​បំបាក់​គ្នា​ជុំវិញ​បេក្ខភាព​របស់​លោក​ Mitt Romney

ចុះផ្សាយ​នៅ​ថ្ងៃ៖

បច្ចុប្បន្ន​នេះ​ សមាជិក​រដ្ឋាភិបាល​របស់​លោក​ប្រធានាធិបតី​ជាប់ឆ្នោត​ថ្មី​ ដូណាល់​ ត្រាំ កំពុង​លេច​រូបរាង​ជាបណ្តើរៗ​ហើយ។​ សប្តាហ៍​កន្លង​ទៅ​នេះ​ លោក ដូណាល៉ ត្រាំ​ ក៏​បាន​តែងតាំង​ស្រ្តី​ពីរ​រូប​អោយ​កាន់​កាប់​តំណែង​ខ្ពស់​ផងដែរ។ ម្នាក់​ជា​ស្រ្តី​វ័យ​ក្មេង​ជនជាតិ​អាមេរិក​ដើម​កំណើត​ឥណ្ឌា​ទទួល​មុខ​ងារ​ជា​ឯកអគ្គរដ្ឋ​ទូត​អាមេរិក​ប្រចាំ​អង្គការ​សហ​ប្រជាជាតិ។​ ម្នាក់​ទៀត​ជា​ស្រ្តី​អ្នក​ជំនួយ​ និង​មហាសេដ្ឋី​ទទួល​មុខងារ​ជា​រដ្ឋមន្រ្តី​ក្រសួង​អប់រំ។ ប៉ុន្តែ ភាព​ស្រពិច​ស្រពិល​នៅ​តែ​បន្ត​មាន​ជុំវិញ​ការ​តែងតាំង​រដ្ឋ​មន្រ្តី​ការ​បរទេស​អាមេរិក។​ រវាង​បេក្ខភាព​លោក​ Rudy Giuliani​ និង​លោក​ Mitt Romney តើ​នរណា​គេ​នរណា​គេ​នឹង​ក្លាយ​ជា​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​អាមេរិក?​

លោក ដូណាល់ ត្រាំ ទទួល​ជួប​លោកMitt Romney នៅ​ Bedminster រដ្ឋ New-Jerseyថ្ងៃទី​១៩​វិច្ឆិកា ២០១៦
លោក ដូណាល់ ត្រាំ ទទួល​ជួប​លោកMitt Romney នៅ​ Bedminster រដ្ឋ New-Jerseyថ្ងៃទី​១៩​វិច្ឆិកា ២០១៦ REUTERS/Mike Segar
ផ្សាយពាណិជ្ជកម្ម

ភាព​ប្រទាញ​ប្រទង់​គ្នា​កំពុង​តែ​បន្ត​មាន​ជុំវិញ​តំណែង​រដ្ឋ​មន្រ្តី​ការ​បរទេស​អាមេរិក។ លោក​ John Kerry រដ្ឋ​មន្រ្តី​ការបរទេស​អាមេរិក​បច្ចុប្បន្ន​​នឹង​បញ្ចប់​អាណត្តិ​ការងារ​ ក្រោយ​ពី​លោក​ប្រធានាធិបតី​ បារ៉ាក់ អូបាម៉ា​ នឹង​បញ្ចប់​តំណែង​ប្រធានាធិបតី​រយៈពេល ២ អាណត្តិ។​ នៅ​ក្នុង​ពិធីការ​រដ្ឋបាល​អាមេរិក​ រដ្ឋមន្រ្តីការ​បរទេស​​ គឺ​ជា​ឥសរ្សជន​សំខាន់​ទី​ ៣ បន្ទាប់​ពី​ប្រធានាធិបតី​ និង​អនុ​ប្រធានាធិបតី។​ តំណែង​នេះ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ មាន​លក្ខណៈ​យុទ្ធសាស្រ្ត​​សំរាប់​នយោបាយ​ការ​បរទេស​អាមេរិក​ជុំវិញ​ពិភពលោក។​ ហើ​យ​ក្រសួង​ការបរទេស​អាមេរិក​ គឺ​ជា​ស្ថាប័ន​កំពូល​មួយ​ ដែល​មាន​បុគ្គលិក​សរុប​ចំនួន ៧ ពាន់​នាក់​។ ​ស្ថាប័ននេះ​មាន​បណ្តាញ​ស្ថានទូត និង​ស្ថាន​កុងស៊ុល​ធំ​ជាង​គេ​បំផុត​ក្នុង​ពិភពលោក។​

បច្ចុប្បន្ន​នេះ​ បើ​ទោះបី​ជា​សមាសភាព​សមាជិក​រដ្ឋាភិបាល​របស់​លោក​ ដូណាល់​ ត្រាំ កំពុង​លេច​ចេញ​រូប​រាងខ្លះៗ​ហើយ​ក៏ដោយ​ ប៉ុន្តែ​ អត្តសញ្ញាណ​ ប្រមុខ​ការទូត​អាមេរិក​នៅ​ពុំទាន់​ដឹង​នៅ​ឡើយ​ទេ។ កាលពី​ថ្ងៃ​ព្រហស្បត្តិ៍​សប្តាហ៍​មុន​ សារព័ត៌មាន​ New York Times បានផ្សព្វផ្សាយ​អត្ថបទ​មួយ​ជុំ​វិញ​ការ​តែងតាំង​មុខ​តំណែង​កំពូល​នេះ។​ សារព័ត៌មាន​នេះ​បាន​​ដក​ស្រង់​ប្រភព​អនាមិក​ពី​ក្រុម​ការងារ​ផ្ទេរ​អំណាចរបស់​លោក​ ដូណាល់ ត្រាំ ​។​ ​ខ្លឹមសារ​អត្ថបទ​របស់​សារព័ត៌មាន​នេះ​បាន​អោយ​ដឹង​ថា​ មនុស្ស​ជំនិត​ជុំវិញ​លោក​ ដូណាល់ ត្រាំ កំពុង​តែ​ខ្វែង​គំនិត​គ្នា​រវាង​បេក្ខភាព​របស់​លោក​ Rudolph Giuliani និង​លោក​ ​ Mitt Romney។

លោក Rudolph Giuliani​ ឬ​មាន​ឈ្មោះ​ហៅកាត់​ថា​ Rudy Giuliani​ មាន​អាយុ​ ៧២ ឆ្នាំ។ គាត់​ជា​អ្នកនយោបាយ​ក្នុង​ជួរ​គណបក្ស​សាធារណរដ្ឋ​ ដែល​បាន​​ចេញ​មុខ​តំបូង​គេ​បង្អស់​សំដែង​ការ​គាំទ្រ​លោក​ ដូណាល់ ត្រាំ។​ លោក​ Giuliani​ ធ្លាប់​បាន​កាន់​កាប់​តំណែង​ជា​រដ្ឋ​អាជ្ញា​អម​តុលាការ​ក្រុង​ញ៉ូវយក​។ ហើយ​គាត់​មាន​ឈ្មោះ​បោះសំលេង​នៅ​ពេល​កាន់​កាប់​តំណែង​ជា​ចៅហ្វាយ​ក្រុង​ញ៉ូវយក​ ចន្លោះ​ពីឆ្នាំ​១៩៩៤ ដល់​ឆ្នាំ​២០០១។ គាត់​បាន​ប្រាប់​ពី​បំណង​ចង់​បាន​មុខ​តំណែង​ប្រមុខ​ការទូត​នេះ​តាំង​ដើម​តំបូង​នៃ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ម្ល៉េះ។​ ប៉ុន្តែ​ គាត់​ពុំ​មាន​បទពិសោធន៍​ក្នុង​កិច្ចការ​នយោបាយ​ការ​បរទេស​ឡើយ។ បើ​ទោះបីជា​យ៉ាងណា​ គាត់​ត្រូវ​បាន​គេ​គិត​ថា ​ជាមនុស្ស​មាន​គោលជំហរ​តឹងរឹង​និយម​ការពារ​ប្រយោធន៍​អាមេរិកដាច់​ខាត។ គំនិត​នេះ​ គឺ​វា​​ស្រប​គ្នា​បេះបិទ​ទៅនឹង​គំនិត​នយោបាយ​របស់​ក្រុម​អ្នក​ស្និទ​ស្នាលនឹង​លោក​ ដូណាល់ ត្រាំ។​

ចំណែក​លោក​ Mitt Romney ​វិញ លោក​ជា​មហាសេដ្ឋី​ប្រកប​មុខ​ជំនួញ​នៅ​រដ្ឋ​ Utah។ ហើយ​គាត់​បាន​ប្រឡូក​ចូល​ក្នុង​ឆាក​នយោបាយ ដោយ​បាន​ជាប់​ឆ្នោត​កា្លយ​ជា​អភិបាល​រដ្ឋ​ Massachusetts ចន្លោះ​ពីឆ្នាំ​២០០៣ ដល់​២០០៧។​ គាត់​ក៏​ធ្លាប់​ជា​អតីតៈ​បេក្ខជន​ប្រធានាធិបតី​ឆ្នាំ ២០១២ តំណាងអោយ​គណបក្ស​សាធារណរដ្ឋ។ ប៉ុន្តែ​ លោក​​បាន​ទទួល​បរាជ័យ​ចាញ់​លោក​ បារ៉ាក់ អូបាម៉ា។​ មាន​អាយុ​ ៦៩ ឆ្នាំ​ លោក​ Romney ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ ជា​អ្នក​សាធារណរដ្ឋ​និយម​ដែល​មាន​គំនិត​នយោបាយរមទម​ពុំ​តឹង​រឹង​ជ្រុល​និយម។​ គេ​ប្រៀប​ប្រដូច​ស្ទីល​នយោបាយ​គាត់​ទៅ​នឹង​លោក​ John Kerry រដ្ឋ​មន្រ្តី​ការ​បរទេស​បច្ចុប្បន្ន។ ប៉ុន្តែ មនុស្ស​ជំនិត​ជុំវិញ​លោក​ ដូណាល់​ ត្រាំ​ មិន​ចូលចិត្ត​លោក​ Mitt Romney ឡើយ។​ ព្រោះ​ក្នុង​កំឡុង​ពេល​ឃោសនា​បោះឆ្នោត​បឋម​ក្នុង​បក្ស​​ លោក​ Mitt Romney បាន​ចេញ​មុខ​ជា​ផ្លូវ​ការ​ប្រឆាំង​នឹង​លោក​ ដូណាល់​ ត្រាំ។​ ហើយ​គាត់ថែម​ទាំង​បាន​ចាត់​ទុក​លោក​ ត្រាំ ថា​ជា​ជន​កុហក​និយាយ​បោកប្រាស់។

ថ្វីបើ​​លោក​ Romney ពុំ​មាន​បទពិសោធន៍​ក្នុង​​កិច្ចការ​ នយោបាយ​ការ​បរទេស​ក៏ដោយ​ ប៉ុន្តែ​ លោក​ ដូណាល់ ត្រាំ​ ចាត់​ទុក​លោក​ Romney ជាមនុស្ស​គន្លឹះ​មិន​អាច​រំលង​បាន​ឡើយ។​ តាមពិត​ទៅ​ នេះ​ក៏ដោយសារ​តែ​ លោក​ ដូណាល់ ត្រាំ​ កំពុង​ព្យាយាម​ផ្សះផ្សារ​អ្នក​គាំទ្រ​គណបក្ស​សាធារណរដ្ឋ​។ លោក​ Romney អាច​ដើរតួនារី​​សំរួប​សំរួល​ជាមួយ​គណបក្ស​សាធារណរដ្ឋ​។ គាត់​ជាមនុស្ស​មាន​ឥទ្ធិពល​អាច​រំងាប់​ចិត្ត​អ្នក​សាធារណរដ្ឋ​កណ្តាល​និយម​ ដែលកំពុង​តែភ័យ​ព្រួយ​ចំពោះ​នយោបាយ​ការបរទេស​ដ៏​ស្រពិល​ស្រពិល​របស់​រដ្ឋាភិបាល​លោក​ ដូណាល់​ ត្រាំ។​ ​ម៉្យាង​ទៀត​ វត្តមាន​លោក​ Romney ជា​រដ្ឋ​មន្រ្តី​ការបរទេស​អាមេរិក​ក៏​អាច​ធានា​ដល់​បណ្តា​ប្រទេស​សម្ព័ន្ធ​មិត្ត​ទាំងឡាយ​ ដែល​កំពុង​តែ​តាមដាន​ចក្ខុ​វិស័យ​នយោបាយ​ការបរទេស​របស់​រដ្ឋាភិបាល​អាមរិក​ថ្មី។

បេក្ខភាព​របស់​លោក​ Mitt Romney ក៏​ចោទជាចំណោទ​បញ្ហា​ផងដែរ​ ជុំវិញ​ខ្សែបន្ទាត់​ទំនាក់​ទំនង​ រវាង​សហរដ្ឋ​អាមេរិក​ជាមួយ​ប្រទេស​រុស្សី។ លោក​ ដូណាល់​ ត្រាំ​ ​ចង់​អោយ​សហរដ្ឋ​អាមេរិក​មាន​ទំនាក់​ទំនង​ល្អូក​ល្អឹន​ជាមួយ​ប្រទេស​រុស្សី ក្នុង​ការ​ដោះស្រាយ​បញ្ហា​អន្តរជាតិ​សំខាន់ៗ។ កាលពីឆ្នាំ​២០១២ លោក​ Mitt Romney​ ធ្លាប់​បាន​ប្រកាស​ក្តែងៗ​ហើយ​ថា​ រុស្សី​ជា​សត្រូវ​ទីមួយនៃ​ភូមិសាស្រ្ត​នយោបាយ​អាមេរិក។ នេះ​ហើយ​ជា​ចំនុច​ដែល​ខ្វែង​យោបល់​គ្នារវាង​លោក​ ត្រាំ និង​លោក​ Romney។ ចាប់​តាំង​ពី​ថ្ងៃ​ពុធ​សប្តាហ៍​មុន​ ក្រុម​អ្នក​គាំទ្រ​លោក​ ដូណាល់​ ត្រាំ ​បាន​បញ្ចេញ​ប្រតិកម្ម​ប្រឆាំង​នឹង​លោក​ Mitt Romney។ ពួក​គេ​បាន​សំដែង​ការ​​មិន​ពេញ​ចិត្ត​ចំពោះ​ទង្វើ​កន្លង​មក​ដែល​លោក​ Romney បានប្រឆាំង​នឹង​លោក​ ដូណាល់ ត្រាំ។

តាម​រយៈ​ស្ថានីយ៍​ទូរទស្សន៍​ Fox News លោក​ Newt Ginrich បាន​យល់​ឃើញ​ថា​ មិន​ខ្វះទេ​អ្នក​មាន​សមត្ថភាព​ និង​មាន​គំនិត​នយោបាយ​ការបរទេស​ស្រប​គ្នានឹង​លោក​ ដូណាល់​ ត្រាំ។​ ​មនុស្ស​ ២០ នាក់​ផ្សេងទៀត​ក្នុង​ចំណោម​អ្នក​គាំទ្រក៏​សាកសម​ក្លាយជា​រដ្ឋ​មន្រ្តី​ការ​បរទេស​អាមេរិក​ផងដែរ។​ សូម​បញ្ជាក់​ថា​ Newt Ginrich ជា​អ្នក​នយោបាយ​ជើង​ចាស់​ម្នាក់​របស់​គណបក្ស​សាធារណរដ្ឋ។​ គាត់​ត្រូវ​បាន​គេ​ដឹងថា​ ជា​អ្នក​ប្រកាន់​គោល​ជំហរ​អភិរក្ស​និយម​ដ៏​តឹងរឹង​។ ហើយ​គាត់​ក៏​អាច​ក្លាយ​ជា​រដ្ឋ​មន្រ្តី​ការ​បរទេស​អាមេរិក​ថ្មី​ផងដែរ។ ចំណែកមនុស្ស​ជំនិត​ម្នាក់​ទៀត​ គឺ​លោក​ Mike Huckabee អតីតៈ​អភិបាលរដ្ឋ​ Arkansas ​​ក៏​មិន​សប្បាយ​ចិត្ត​ឡើយ​ចំពោះ​បេក្ខភាព​នេះ។​ គាត់​បាន​លើក​អំណះអំណាង​ថា​ បេក្ខភាព​លោក​ Mitt Romney​ គឺ​ប្រៀប​ដូច​ជា​ការ​មើល​ងាយ​ ឬ​ជេរ​ប្រទេច​ផ្តាសារ ដល់​អ្នក​បោះឆ្នោត​អោយ​លោក​ ដូណាល់ ត្រាំ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ