អានតួអត្ថបទ

លោក អូបាម៉ា ព្រមាន​លោក ត្រាំ ស្តីពី​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ភេរវនិយម ដោយ​មិន​បញ្ចេញ​ឈ្មោះ

ម្សិលមិញ នា​ឱកាស​អញ្ជើញ​ទៅ​មូលដ្ឋាន​ទ័ព Tampa នៅ​រដ្ឋ​Floride លោក​បារ៉ាក់ អូបាម៉ា បាន​បង្ហាញ​តុល្យការ​ការងារ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ភេរវនិយម​របស់​អាមេរិក។ លោកប្រធានាធិបតី​ផុត​អាណត្តិ​បាន​ការពារ​ស្នាដៃ​ និង​យុទ្ធសាស្ត្រ​របស់​លោក ដោយ​ឆ្លៀត​ព្រមាន​ដល់​មេដឹកនាំ​អាមេរិក​ណា​ដែល​បាន​សន្យា​កម្ចាត់​ពួក​ភេរវនិយដោយ​មិន​ចំណាយ​ពេល។ ជា​ពាក្យ​ព្រមាន​ដែល​សំដៅ​យ៉ាង​ច្បាស់​ទៅ​លើ​សំដី​របស់​លោក​ដូណាល់ ត្រាំ កាល​ពេល​ឃោសនា​។

លោក អូបាម៉ា ធ្វើ​តុល្យការ​ការងារ​ប្រឆាំង​ភេរវនិយម​ ពី​មូលដ្ឋាន​ទ័ព​Tampa ថ្ងៃទី ៦ ធ្នូ ២០១៦
លោក អូបាម៉ា ធ្វើ​តុល្យការ​ការងារ​ប្រឆាំង​ភេរវនិយម​ ពី​មូលដ្ឋាន​ទ័ព​Tampa ថ្ងៃទី ៦ ធ្នូ ២០១៦ REUTERS/Kevin Lamarque
ផ្សាយពាណិជ្ជកម្ម

លោកបារ៉ាក់ អូបាម៉ា មាន​មោទនភាព​នឹង​ការងារ​ដែល​លោក​បាន​ធ្វើ ! លោក​ទទួល​ខុស​ត្រូវ​ទាំង​ស្រុងចំពោះ​យុទ្ធសាស្ត្រ​ដែល​លោក​បាន​ប្រើ ដូច​ជា ការ​ដក​កងទ័ព​អាមេរិក​ចេញ​ពី​អ៊ីរ៉ាក់ ពី​អាហ្វហ្កានីស្ថាន ប្រើ​ការ​​ទូត​មាន​ប្រសិទ្ធិភាព​ជាង​ប្រើ​កម្លាំង​ទ័ព រក​ឃើញ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ជាមួយ​អ៊ីរ៉ង់ ការ​ប្រើ​ប្រាស់​យន្តហោះ​ដ្រូន លែង​ប្រើ​វិធី​ធ្វើ​ទណ្ឌកម្ម​នៅ​ក្នុង​មន្ទីរ​ឃុំឃាំង និង​គោរព​ច្បាប់​សង្គ្រាម។ នៅ​ក្នុង​ពេល​លើក​បង្ហាញ​ពី​តុល្យការ​ការងារ​នេះ លោក​មិន​បាន​បញ្ចេញ​សូម្បី​តែ​មួយ​ម៉ាត់ ឈ្មោះ​លោក ដូណាល់ ត្រាំ តែ​គ្រប់​ខ្លឹមសារ​សុទ្ធ​តែ​មាន​ន័យ​ព្រមានអនាគត​ប្រធានាធិបតីអាមេរិក​ដែល​នឹង​ត្រូវ​មក​បន្ត​តំណែង​ពី​លោកទាំង​អស់។

លោក អូបាម៉ា បាន​វាយប្រហារ​មួយ​ចំណុចម្តងៗ ខ្ទាស់​គ្រប់​សំដី​ដេល​លោក​ដូណាល់ ត្រាំ បាន​ស្រែក​នៅ​ពេល​ឃោសនា មាន​ជាអាទិ៍ ពាក្យ​សន្យា​ធ្វើ​បញ្ជី​ឈ្មោះ​ជន​អ៊ីស្លាម បិទទ្វារ​មិន​ទទួល​ជនភៀសខ្លួន​ស៊ីរី ​ស្តារ​ឡើង​វិញ​ឱ្យ​មានការ​ធ្វើ​ទារុណកម្ម​នៅក្នុង​ពន្ធនាគារ និង​មួរ​ខ្ចៅ​បណ្តឹង​​ផ្នែកសារព័ត៌មាន និង​ប្រកាស​ថា​​ការ​ឡើង​កម្តៅ​នៃ​ភពផែនដី​ជា​ពាក្យ​ភូតភរ។ លោក​បាន​ពន្យល់​ថា “ពួកភេរវជន​មិន​អាច​បំផ្លាញ​សហរដ្ឋ​អាមេរិក​បាន​ឡើយ តែ​យើង​អាច​កម្ចាយ​ខ្លួន​ឯងនៅ​ផ្ទៃ​ក្នុង​ប្រទេស ​​ប្រសិន​បើ​យើង​មិន​គោរព​តម្លៃ​របស់​យើង"។

​លោកប្រធានាធិបតីបាន​បន្ថែម​ទៀត​ថា “ក្នុង​សង្គ្រាម​ប្រឆាំង​នឹង​ភេរវនិយម​ យើង​ត្រូវ​ការពារ​សេរីភាព​របស់​ជន​ស៊ីវិល។ ពួក​ភេរវជន​ចង់​ឱ្យ​ឃើញ​ប្រឆាំ​ងគ្នា។ ដូច្នេះ​បើ​អាមេរិក​​ចេញ​មុខ​ធ្វើ​សង្គ្រាម​ប្រឆាំង​អ៊ីស្លាម នោះ​អាមេរិក​មិន​ត្រឹម​តែ​ខាង​បង់​ច្រើន​ទេ តែ​គឺ​យើង​ភ្លេច​ទាំង​ស្រុង​គោលការណ៍​គ្រឹះ​ដែល​យើងសន្យាការពារ។"  ក្នុងនាម​ជា​អគ្គមេបញ្ជាការ​ប្រទេស លោកអូបាម៉ា បាន​រំលឹក​ថា​ "អាមេរិក​មិន​មែន​ជា​ប្រទេស​សាកល្បង​សាសនា​ ដើម្បីជា​វិថី​នៃ​សេរីភាព និង​មិន​មែន​ជា​ប្រទេស​ដែល​មាន​ប្រជាពលរដ្ឋ​នេះ​ត្រូវ​បាន​ទទួល​ការ​គោរព​ជាង​ពលរដ្ឋ​នោះ មាន​កាន់​អត្តសញ្ញាណប័ន​​ពិសេស ឬ​ត្រូវ​ធ្វើ​បទ​បង្ហាញ​ថា​មិនមែន​ជា​សត្រូវ​ផ្ទៃ​ក្នុងទេ។ អាមេរិក​គឺ​ជាជាតិ​មួយ​ដែល​តស៊ូ​ប្រឆាំង​នឹង​ការរើសអើង ប្រឆាំង​នឹង​ការ​ប្រើ​អំណាច។ ពលរដ្ឋ​អាច​បញ្ចេញ​មតិ​ប្រឆាំងនឹង​អាជ្ញាធរ អាច​រិះគន់​ប្រធានាធិបតី​ដោយ​គ្មាន​ផលវិបាក ! នេះ​ហើយ​ភាព​ខុស​គ្នា​រវាង​អាមេរិកនឹង​ពួក​ផ្តាច់ការ និង​ភេរវជន។”

ប៉ុន្តែ​ គេមិន​ដឹង​ថា​តើ​លោក ដូណាល់ ត្រាំ នៅ​មុន​កញ្ចក់​ទូរទស្សន៍​ស្តាប់​ពាក្យ​វាយប្រហារ​​របស់​លោក​អូបាម៉ា ដែរឬអត់​ទេ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ