អានតួអត្ថបទ
សហភាពអឺរ៉ុប-គុយបា

សហភាព​អ៊ឺរ៉ុប​​និង​​គុយបា​​ចុះ​​កិច្ច​ព្រមព្រៀង​​​មួយ​​ដើម្បី​​រៀប​ចំ​​ទំនាក់​​ទំនង​​​ជា​​​ប្រក្រតី​​រវាង​​គ្នា​​ឡើង​​វិញ​​

សហភាព​អឺរ៉ុប​​និង​​ប្រទេស​គុយបា កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​​នយោបាយ​និង​សហប្រតិបត្តិការ​​​នៅ​ទីក្រុង​ព្រុចសែល។ គឺ​ជា​លើក​តំបូង​បង្អស់​ដែល​​ប្លុក​​អឺរ៉ុប​​និង​​គុយបា ​បាន​ចុះ​ហត្ថលេខា​​រួម​គ្នា​​ដើម្បី​រៀបចំ​ទំនាក់​ទំនង​ប្រក្រតី​​ជាមួយ​​គ្នា​ឡើង​វិញ។ ការ​​ចុះ​កិច្ច​ព្រមព្រៀង​ ត្រូវ​បាន​ធ្វើ​ឡើងតែ​​២​​សប្តាហ៍​ប៉ុណ្ណោះ​​​បន្ទាប់ពី​​មរណៈភាព​របស់​អតីត​ប្រធានាធិបតី​គុយបា​លោក Fidel Castro ​។

ប្រមុខការទូត​សហភាព​អឺរ៉ុប​​និង​ជា​អនុ​ប្រធាន​នៃ​ស្នងការអឺរ៉ុប​លោកស្រី​ Federica Mogherini​ ថ្លែង​នៅ​ក្នុង​សន្និសីទសាព័ត៌មាន​​មួួយ​​​នៅ​ក្រុង​ Havana នៅ​ថ្ងៃ​ទី​២៤​មីនា​២០១៥​​
ប្រមុខការទូត​សហភាព​អឺរ៉ុប​​និង​ជា​អនុ​ប្រធាន​នៃ​ស្នងការអឺរ៉ុប​លោកស្រី​ Federica Mogherini​ ថ្លែង​នៅ​ក្នុង​សន្និសីទសាព័ត៌មាន​​មួួយ​​​នៅ​ក្រុង​ Havana នៅ​ថ្ងៃ​ទី​២៤​មីនា​២០១៥​​ AFP PHOTO/STR
ផ្សាយពាណិជ្ជកម្ម

កិច្ច​ព្រមព្រៀង​រវាង​សហភាព​អឺរ៉ុប​និង​គុយបា ត្រូវ​បាន​ចុះ​ហត្ថលេខា​ដោយ​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​គុយបា​និង​ប្រមុខ​ការទូត​សហភាព​អឺរ៉ុប​លោកស្រី Federica Moghrini នៅ​សម័យ​ប្រជុំ​របស់​បណ្តា​រដ្ឋមន្ត្រី​ការបរទេស​ទាំង​២៨​ប្រទេស​របស់​សហភាព​អឺរ៉ុប។

រហូតមកទល់ពេល​នេះ គុយបា គឺ​ជា​ប្រទេស​អាមេរិក​ឡាទីន​តែ​មួយ​គត់​ដែល​ពុំ​បាន​ចុះ​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​អន្តរជាតិ​ជាមួយ​សហភាព​អឺរ៉ុប។

ម្យ៉ាងទៀត​ការ​ចុះ​ហត្ថលេខា​នេះ ក៏​ជា​ការ​ចាប់​បើក​ទំព័រ​ប្រវត្តិសាស្ត្រ​ជា​ផ្លូវការ​ថ្មី​មួយ​ដែរ​នៅ​ក្នុង​ទំនាក់​ទំនង​ទ្វេ​ភាគី​អឺរ៉ុប​-​គុយបា។

ការ​រៀប​ចំ​ទំនាក់​ទំនង​ជា​ប្រក្រតី​រវាង​សហភាព​អឺរ៉ុប​និង​គុយបា​ ត្រូវ​បាន​ប្រពឹ្រត្ត​ទៅ​បន្ទាប់​ពីសហរដ្ឋ​អាមេរិក​ក្រោម​ការ​ដឹកនាំ​របស់​លោក​ប្រធានាធិបតី អូបាម៉ា បាន​ងាក​ទៅ​ចាប់​ដៃ​ជា​មួយ​ទីក្រុង​ឡាហាវ៉ាន​វិញ​ដែល​បាន​​បិទ​បញ្ចប់​ផង​ដែរ​កាលពី​ខែ​កក្កដា​ឆ្នាំ​២០១៥​ ​ការ​ផ្តាច់​ទំនាក់​ទំនង​រវាង​សហរដ្ឋអាមេរិក-គុយបា​តាំងពី ៦០​ឆ្នាំ​កន្លង​មក។ ហើយ​ក្រោយ​មក​ទៀត លោក​អូបាម៉ា បាន​អញ្ជើញ​ទៅ​បំពេញ​ទស្សនៈកិច្ច​ជា​ប្រវត្តិសាស្រ្ត​នៅ​គុយបា​កាលពី​ខែ​មីនា​២០១៦​កន្លង​ទៅ​នេះ។

គួររំលឹកថា ប្រមុខ​ការទូត​សហភាព​អឺរ៉ុប ធ្លាប់​បាន​ជូន​ដំណឹង​ដែរ​កាលពី​ចុង​ខែ​កញ្ញា​មុន​ថា លោកស្រី​នឹង​ដាក់​សំណើ​របស់​លោកស្រី​ជូន​ដល់​ប្រទេស​អឺរ៉ុប​ទាំង​២៨ ​ដើម្បី​លុប​ចោល​អត្ថបទ​មួយ​ចុះ​នៅ​​ឆ្នាំ​១៩៩៦​ដែល​ទាម​ទារ​ឲ្យ​គុយបា​​គោរព​សិទ្ធមនុស្ស​ឲ្យ​បាន​ល្អ​ត្រឹមត្រូវ​មុន​នឹង​អាច​រៀបចំ​ទំនាក់​ទំនង​ជា​ធម្មតា​ឡើង​វិញ​ជាមួយ​សហភាពអឺរ៉ុប។  អត្ថបទ​នេះ ត្រូវ​បាន​ប្រមុខ​ការទូត​សហភាព​អឺរ៉ុប វាយ​តម្លៃ​ថា​ជា​ចំណុច​ខ្លាំង​បំផុត​មួយ​នៅ​ក្នុង​ការ​ខ្វែង​គំនិត​គ្នា​រវាង​ទីក្រុង​ព្រុចសែល​និង​ទីក្រុង​ឡាហាវ៉ាន។

សូមបញ្ជាក់ថា កិច្ច​ព្រមព្រៀង​​នយោបាយ​និង​ពាណិជ្ចកម្ម​នេះ​ដែល​នឹង​ក្លាយ​​ទៅ​ជា​ក្របខ័ណ្ឌ​ច្បាប់​ថ្មី​នៃ​​ទំនាក់​ទំនង​​រវាង​សហភាព​អឺរ៉ុប​និង​ប្រទេស​គុយបា។ យោង​តាម​ទីក្រុង​ព្រុចសែល គេ​ត្រូវ​​រង់ចាំ​ការ​យល់​ព្រមព្រៀង​ពី​សំណាក់​សភា​អឺរ៉ុប​និង​សភា​ជាតិ​ក៏​ព្រម​ទាំង​សភា​តំបន់​នៃ​ប្រទេស​អឺរ៉ុប​ទាំង​២៨​សិន មុន​នឹង​អាច​អនុវត្ត​កិច្ច​ព្រមព្រៀង​ខាង​លើ​នេះឲ្យ​​បាន​ពេ​ញ​លេញ​ដែរ៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ