អានតួអត្ថបទ
អាមេរិក-អ.ស.ប.

អ.ស.ប.៖​លោក​អាន់តូនីញ៉ូ ហ្គូទែរ៉េស​ស្បថ​ចូល​កាន់​តំណែងថ្មី​ជា​អគ្គលេខាធិការ​អ.ស.ប

នៅ​ថ្ងៃ​ចន្ទ ទី១២ ធ្នូ​នេះ ៖លោក​អាន់តូនីញ៉ូ ហ្គូទែរ៉េស​ស្បថ​ចូលកាន់​តំណែង​ថ្មី​ជា​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​ជំនួស​កន្លែង​លោក​បាន គីមូន។ ការ​ស្បថ​ចូលកាន់​តំណែង​ត្រូវ​ធ្វើ​ឡើង​នៅ​មុខ​អ្នកតំណាង​ទាំង ១៩៣ប្រទេស​ជា​សមាជិក​អ.ស.ប. តែ​លោក​ហ្គូទែរ៉េស​នឹង​ត្រូវ​ចូល​កាន់​តំណែង​ជា​ផ្លូវការ​ចាប់​ពី​ថ្ងៃទី១ មករា ឆ្នាំ ២០១៧។

លោក​អាន់តូនីញ៉ូ ហ្គូទែរ៉េស​ស្បថ​ចូល​កាន់​តំណែងថ្មី​ជា​អគ្គលេខាធិការ​អ.ស.ប
លោក​អាន់តូនីញ៉ូ ហ្គូទែរ៉េស​ស្បថ​ចូល​កាន់​តំណែងថ្មី​ជា​អគ្គលេខាធិការ​អ.ស.ប DON EMMERT / AFP
ផ្សាយពាណិជ្ជកម្ម

មាន​អាយុ ៦៧ឆ្នាំ លោក​ហ្គូទែររ៉េស​ដែល​ជា​អតីត​នាយករដ្ឋមន្ត្រី​ព័រទុយហ្កាល់​ពី​ឆ្នាំ១៩៩៥ ដល់​ឆ្នាំ២០០២​នឹង​ក្លាយ​ជា​អគ្គលេខាធិការ​ទី៩ របស់​អង្គការ​សហប្រជាជាតិ បន្ទាប់​ពី​លោក​បាន គីមូន។ ក្រៅ​ពី​ជា​អតីត​ថ្នាក់ដឹកនាំ​ក្នុង​ប្រទេស​កំណើត លោក​ហ្គូទែរ៉េស​ក៏​ធ្លាប់​​កាន់​តំណែង​ប្រធាន​ឧត្តមស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​​ជនភៀសខ្លួន​រយៈពេល​១០ឆ្នាំ​ដែរ។ គឺ​បទពិសោធន៍​នៅ​ក្នុង​ស្ថាប័ន​អង្គការសហប្រជាជាតិ​មួយ​នេះ​ហើយ​ដែល​បាន​ធ្វើ​ឲ្យ​លោក​ក្លាយ​ជា​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ។

តែ​មាន​ការងារ​ជា​ច្រើន​ដែល​ពិភពលោក​កំពុង​រង់ចាំ​លោក​ហ្គូទែររ៉េស។ គ្រប់​គ្នា​ចង់​ដឹង​ថា តើ​អតីត​នាយករដ្ឋមន្រ្តី​ព័រទុយហ្កាល់​រូប​នេះ​អាច​នឹង​ធ្វើ​អ្វី​លើស និង​គ្រាន់​បើ​ជាង​លោក​បាន គីមូន​ដែល​បាន​កាន់​តំណែង​កំពូល​មួយ​នេះ​រយៈពេល​ពីរ​អាណត្តិ​ចំនួន ១០ឆ្នាំ ពិសេស​ស្វែង​រក​សន្តិភាព​សម្រាប់​ពិភពលោក។ សូម​ជម្រាប​ជូន​ថា​ក្នុង​រយៈពេល ១០ឆ្នាំ​នៃ​ការ​កាន់​តំណែង​របស់​លោក​បាន គីមូន កិច្ចខិតខំ​ប្រឹងប្រែង​ក្នុង​ការ​រក្សា ឬ​ស្វែង​រក​សន្តិភាព និង​សន្តិសុខ​របស់​អង្គការ​សហប្រជាជាតិ​ហាក់​ត្រូវ​បាន​ក្រុមប្រឹក្សាសន្តិសុខ​យក​ជើង​រាទឹក​គ្រប់​ពេល ពិសេស​ពី​សមាជិក​អចិន្រ្តៃយ៍​ទាំង ៥ប្រទេស​ដែល​មាន​សិទ្ធិ​វ៉េតូ។

កិច្ចការ​នៅ​ចំពោះ​មុខ និង​បន្ទាន់​របស់​លោក​ហ្គូទែររ៉េស គឺ​បិទបញ្ចប់​អំពើ​ហិង្សា​បង្ហូរឈាម​នៅ​ក្នុង​ប្រទេស​ស៊ីរី។ ទន្ទឹម​គ្នា​នេះ ក៏​នៅ​មាន​វិបត្តិ​ដ៏​ចម្រូងចម្រាស និង​ស្មុគស្មាញ​ជា​ច្រើន​ទៀត​ក្នុង​លោក​ដែល​បាន​ធ្វើ​ឲ្យ​ប្រទេស​សមាជិក​ពិបាក​និយាយ​ចុះ​សម្រុង​គ្នា។ ម្យ៉ាង​ទៀត លោក​អគ្គលេខាធិការ​ថ្មី​ក៏​ត្រូវ​ព្យាយាម​សម្របសម្រួល និង​អូសទាញ​មហាអំណាច​គូប្រជែង​ពីរ គឺ​អាមេរិក និង​រុស្ស៊ី​ឲ្យ​ធ្វើ​ការ​រួម​គ្នា​ដើម្បី​ប្រយោជន៍​ពិភពលោក។ តែ​យ៉ាង​ណា​ក៏​ដោយ លោក​ហ្គូទែររ៉េស​ត្រូវ​រង់ចាំ​ជំហរ​របស់​លោក​ប្រធានាធិបតី​អាមេរិក​ទើប​ជាប់​ឆ្នោត​ថ្មី​ដូណាល់ ត្រាំ​ដែល​នឹង​ត្រូវ​ចូល​កាន់​តំណែង​នៅ​ថ្ងៃទី២០ មករា ពោល​ក្រោយ​លោក​​ហ្គូទែររ៉េស​ចំនួន ៣សប្តាហ៍។

គួរ​បញ្ជាក់​ជូន​ថា អាមេរិក​ជា​ប្រទេស​ដែល​បាន​ផ្តល់​វិភាគទាន​ឲ្យ​អង្គការ​សហប្រជាជាតិ​ច្រើន​ជាង​គេ តែ​លោក​ដូណាល់ ត្រាំ​ធ្លាប់​បាន​ព្រមាន​ជា​លក្ខណៈ​ទូទៅ​ថា អាមេរិក​មិន​គួរ​ជា​អ្នក​ដែល​ត្រូវ​ចំណាយ​ច្រើន​ជាង​គេ​សម្រាប់​ស្ថាប័ន​អន្តរជាតិ​នោះ​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ