អានតួអត្ថបទ

ស្តេច​ប្រេង​ជា​មិត្ត​របស់​ពូទីនលោក Rex Tillerson ក្លាយ​ជា​​រដ្ឋមន្ត្រី​ការបរទេសអាមេរិក

គេ​បាន​ស្គាល់​មុខ​រដ្ឋមន្ត្រី​សំខាន់ៗនៃ​​រដ្ឋាបាល​អាមេរិក​របស់​លោក​ត្រាំ​ហើយ ! នៅទីបំផុត ដូច​ពាក្យ​ចចាមអារាម​មែន លោក​ប្រធានាធិបតី​ទើប​ជាប់​ឆ្នោត​ទើប​បាន​អារ​កាត់​សេចក្តី​នៅ​ថ្ងៃអង្គារ​នេះ តែង​តាំង​លោក Rex Tillerson កំពូល​មហាសេដ្ឋី​ជា​ថៅកែ​ក្រុមហ៊ុនប្រេង​ ExxonMobil ឱ្យ​ធ្វើ​​រដ្ឋមន្ត្រីក្រសួងការបរទេស​​អាមេរិក។ គ្រាន់​តែ​បាន​ស្គាល់​អនាគត​ប្រមុខ​ការទូត​អាមេរិក​ថ្មី​ភ្លាម ពាក្យ​រិះគន់​ក៏​ចាប់​សាយភាយ​ដែរ ព្រោះ​ Rex Tillerson ជាអ្នក​ជំនួញ​ធំ ជា​មិត្ត​ជំនិត​របស់​លោក​ពូទីន។តើ​លោក Rex Tillerson មាន​ប្រវត្តិរូប​សង្ខេប​យ៉ាង​ណា ?

អគ្គនាយក​ក្រុមហ៊ុន ExxonMobil លោក Rex W. Tillerson អនាគត​រដ្ឋមន្ត្រី​ការបរទេស​របស់​លោក​ត្រាំ
អគ្គនាយក​ក្រុមហ៊ុន ExxonMobil លោក Rex W. Tillerson អនាគត​រដ្ឋមន្ត្រី​ការបរទេស​របស់​លោក​ត្រាំ REUTERS/Mike Stone/File Photo
ផ្សាយពាណិជ្ជកម្ម

មាន​កំណើត​នៅ​រដ្ឋ​តិចសាស់ អាយុ​៦៤​ឆ្នាំ លោក Rex Tillerson នឹង​ក្លាយ​ជា​ប្រមុខ​ការទូត​អាមេរិកបន្ត​ពី​លោក​ចន ឃែរី។ គ្មាន​បទពិសោធន៍​នយោបាយ ក្នុង​វិស័យ​សាធារណៈ​មែន ប៉ុន្តែ​លោក​ជា​អ្នក​ជំនួញដ៏ធំ ជា​អគ្គនាយក​ក្រុមហ៊ុន​យក្ស​អាមេរិក ផ្នែក​​ប្រេង​និងឧស្ម័ន ExxonMobil ​ ចរចា​រកស៊ីជាមួយ​ស្ទើរ​គ្រប់​ប្រទេសលើ​ពិភពលោក​តាំង​ពី​៤០​ឆ្នាំ​។

ពី​វេណេស៊ុយអេឡា ដល់​យ៉េមែន កាត់​ទៅ​គួដឌីស្ថានឆ្លង​ដល់​​​រុស្ស៊ី ​​លោក Rex Tillerson បាន​ចង​ស្ពាន​មេត្រី​ពាណិជ្ជកម្ម​ យ៉ាង​រឹង​មាំ​ ដែល​អាច​ជា​ប្រយោជន៍​ខ្លាំង​នៅ​ពេល​បំពេញ​តួនាទី​ជា​ប្រមុខ​ការទូត។ នេះ​បើ​តាម​ការ​គិត​របស់​ប្រធានាធិបតី​ ដូណាល់ ត្រាំ ដែល​បាន​លើក​សរសេរ​លោក Rex Tillerson ថា​ជា​អ្នកចរចា​ពាណិជ្ជកម្ម​ កំរិត​ពិភពលោក។

 

កាន់​តែ​ពេញ​ចិត្ត​លោក ត្រាំ​ ខ្លាំង​ទៀត មក​ពី​លោក ជាមិត្ត​ដ៏​ស្និទ្ធស្នាល​បំផុត​របស់​លោក​ពូទីន។​ បុរស​ទាំង​ពីរ​បាន​ស្គាល់​គ្នា ​១៥​ឆ្នាំ​ហើយ តាំងពី​លោក​ពូទីន​បាន​ឡើងជា​ប្រធានាធិបតី​រុស្ស៊ី​ដំបូង​ភ្លាម​។ លោកពូទីន ធ្លាប់ទាំង​បាន​ផ្តល់​មេដាយ​មិត្តភាព​ ដោយ​ផ្ទាល់​ដៃ​ដល់​លោក Tillerson នៅ​ឆ្នាំ​២០១២ ក្រោយ​ពីក្រុមហ៊ុន​ExxonMobil ​បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន​រដ្ឋ​រុស្ស៊ី ទៅ​ខួង​រក​ប្រេង​នៅ តំបន់អង់តាកទិច សមុទ្ទ​ខ្មៅ និង ស៊ីបេរី។ កិច្ចសន្យា​នេះមាន​ទំហំ​ ​៥០០ពាន់​លាន​ដុល្លារ ​តែ​ត្រូវ​បង្កក​សិន ​ដោយក្រុមហ៊ុនសុខ​ចិត្តគោរព​ទណ្ឌកម្ម​ដាក់​ដោយ​រដ្ឋាភិបាល​អាមេរិក​ប្រឆាំង​នឹង​រុស្ស៊ី​ពីបទ​ចូល​កាន់កាប់​តំបន់​គ្រីមេ របស់អ៊ុយក្រែន​នៅ​ឆ្នាំ​២០១៤។

 

ប៉ុន្តែ​ការ​រិះគន់​ក៏​មានខ្លាំងដែរ ​ទាំង​មក​ពី​ខាង​បក្ស​ប្រជាធិបតេយ្យ​ និង​បក្ស​សាធារណរដ្ឋ​ផ្ទាល់។ ​ ព្រោះ​ មិត្ត​​របស់​ពូទីន មិនមែនគុណសម្បត្តិ​សម្រាប់​ក្លាយ​ជា​ប្រមុខ​ការទូត។ រវាង​​​មហាសេដ្ឋី​ ស្និទ្ធ​នឹង​រុស្ស៊ី និង​រដ្ឋមន្ត្រីការបរទេស តើនឹង​អាច​មាន​វិបត្តិ​​ផលប្រយោជន៍​ជាតិ​និង​​ឯកជនទេ?!

 

ជា​ចុងក្រោយ​លោក Rex Tillerson ត្រូវ​បញ្ជាក់​ជំហរ​ជុំវិញ​កិច្ចព្រមព្រៀង​អន្តរអាត្លង់ទិក ព្រោះ​លោក​ធ្លាប់​គាំទ្រ ឯ​លោក​ត្រាំ​ចង់​លុប​ចោល៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ