ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 15/10 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 15/10 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 15/10 12h00 GMT
អាមេរិក

លោក​ដូណាល់ ត្រាំ បំផុស​រឿង​ប្រកួត​ប្រជែង​សព្វាវុធនុយក្លេអ៊ែរ

media  
គ្រាប់​បែក B-53 នៅ Pantex សហរដ្ឋ​អាមេរិក ដែល​បន្ត​ផលិត​អាវុធ​នុយក្លែអ៊ែរ REUTERS/Photo Courtesy B&W Pantex/Handout

លោកដូណាល់ ត្រាំ បាន​បង្ហាញ​​ជំហរ​​នយោបាយ​អន្តរជាតិ​ ដ៏​គួរ​ឱ្យភ្ញាក់ផ្អើល​មួយ​ នៅថ្ងៃ​ម្សិលមិញ ដោយ​បាន​អះអាងថា​​ លោកនឹង​បង្កើត​ឱ្យ​មាន​ការ​ប្រជែង​សព្វាវុធ​នុយក្លេអ៊ែរ ហើយ​សហរដ្ឋ​អាមេរិក ​មិនខ្លាច​នឹង​ធ្វើ​ការ​ប្រកួត​ប្រជែង​ជាមួយ​បណ្តា​ប្រទេស​ផ្សេង​ទៀត​ឡើយ។ ជា​ជំហរ​​​ផ្ទុយ​ស្រឡះ​ពីលោក អូបាម៉ា ដែល​បាន​ប្រកាស​កាលពី​ឆ្នាំ​២០០៩ អំពាវនាវ​ឱ្យ​ពិភពលោកគ្មាន​អាវុធ​នុយក្លែអ៊ែរ។

ក្នុង​​សេចក្តី​ថ្លែងការណ៍​ពី​ដាច់​ពីគ្នា ​តាម​ប្រព័ន្ធ​សង្គមTwitter និង​តាម​ទូរស័ព្ទ លោកដូណាល់ ត្រាំ បាន​ប្រកាស​ត្រៀម​ខ្លួន​ជា​ស្រេច​នឹង​​បិទ​បញ្ចប់​នយោបាយមិន​រីកសាយភាយ​នុយក្លេអ៊ែរ រាប់​ទសវត្សរ៍​របស់​អាមេរិក ដូច​ជា​ការ​កាត់​បន្ថយ​ភាព​សំខាន់ កាត់​បន្ថយ​បរិមាណ និង​យុទ្ធ​សាស្ត្រ ដែល​រដ្ឋាភិបាល​អាមេរិក​មុន​ៗ មិន​ថា​រដ្ឋាភិបាល​ប្រជាធិបតេយ្យ ឬ​សាធារណរដ្ឋ​​ប្រកាន់​យក។

បន្ទាប់​ពី​​​សារTwitter “សហរដ្ឋ​អាមេរិក​ ​ ត្រូវ​តែ​ពង្រឹង​ពង្រីក​ និង​បង្កើន​សមត្ថភាព​នុយក្លេអ៊ែរ" ​​លោកប្រធានាធិបតី​ទើប​ជាប់​ឆ្នោត​ថ្មី បាន ថ្លែង​​បញ្ជាក់​ទៅ​កាន់​អ្នក​កាសែត​ទូរទស្សន៍ MSNBC ​ ថា​ អាមេរិក​ត្រូវ​តែ​បង្កើត​ឱ្យ​មាន​ការ​ប្រកួត​ប្រជែង​សព្វាវុធ​នុយក្លេអ៊ែរ !

ជា​ពាក្យ​ថ្លែង​ដ៏​ខ្លី តែ​ដូច​ជា​រៀង​រាល់លើក តែង​បំផុស​ចំណាប់​អារម្មណ៍​អ្នក​វិភាគ​និង​អ្នក​ជំនាញ​យ៉ាង​ខ្លាំង។ តើ​លោក​ដូណាល់ ត្រាំ ចង់​ឆ្លើយ​តប​ទៅ​នឹង​ប្រទេស​ឬ ស្ថានការណ៍​ពិសេស​ណា​មួយឬ ?  ​អ្នក​វិភាគ​ជា​ច្រើនយល់​ថា​ជា​ការ​បក​ទៅ​កាន់​ប្រធានាធិបតី​រុស្ស៊ី ពូទីន ដែល​ទើប​ប្រកាស​ពង្រឹង​កម្លាំងវាយប្រហារ​​នុយក្លេអ៊ែររបស់​ខ្លួន។ ប៉ុន្តែ​សម្រាប់​អ្នកនាំ​ពាក្យ​អនាគត​ប្រធានាធិបតី មិនមែន​មាន​តែ​រុស្ស៊ី​មួយ​ទេ ចិន​ និង​បណ្តា​ប្រទេស​ផ្សេងទៀត សុទ្ធ​តែ​បាន​បង្ហើប​អំពីចេតនា​បង្កើន​សមត្ថភាព​​នុយក្លេអ៊ែរ និង​ចង់​បំពាក់​អាវុធ​នុយក្លេអ៊ែរ ដូចយ៉ាង ជប៉ុន ឬ​កូរ៉េខាង​ត្បូង។

​លោកដូណាល់ ត្រាំ មិនធា្លប់បញ្ជាក់​អំពី​អាទិភាព​របស់​រដ្ឋាភិបាល​ក្នុង​វិស័យ​នេះ​ឡើយ និ​ង​មិន​សូវ​ស្គាល់​​សំណុំ​រឿង​នេះ​បាន​ទេ ជាពិសេស​នៅ​ពេល​បោះឆ្នោត​ជ្រើសរើស​បេក្ខជន​ប្រធានាធិបតី​អាមេរិក​។ ហើយ​​សារ​នេះ​មិន​បាន​ធ្វើ​ឱ្យ​រុស្ស៊ី​របស់​លោក​ពូទីន​អាក់អន់​ស្រពន់​ចិត្ត​ដែរ ! ហេតុដូច្នេះ​ហើយ​បាន​ជា​អ្នក​ប្រជាធិបតេយ្យ​អាមេរិក​យល់​ថា ជា​យុទ្ធសាស្ត្រ​ ដែល​លោកត្រាំ​និង​លោក​ពូទីន​បាន​គូស​វាស​ទុក​ដើម្បី​ការខិត​ចូល​កៀក​គ្នា និង​ការ​ធ្វើ​សម្បទាន​ឱ្យ​រុស្ស៊ី។

សូម​បញ្ជាក់​ថា​អាមេរិក​ មាន​ក្បាល​នុយក្លេអ៊ែរ​ប្រមាណ​៧ពាន់ គ្រាប់ និង​តិច​ជាង​រុស្ស៊ី​តែ​បន្តិច​ប៉ុណ្ណោះ។ ក្រសួងការពារ​ជាតិ​អាមេរិក ចង់​ធ្វើ​ទំនើប​កម្ម​សព្វាវុធ ក្នុង​ទម្រង់​បី គឺ​អាវុធ​នុយក្លេអ៊ែរ មីស៊ីលអន្តរទ្វីប និង​នាវាមុជទឹក​និង​យន្តហោះ​ទម្លាក់​គ្រាប់ ក្នុង​តម្លៃ ១០០០​ពាន់​លាន​ដុល្លារ​សម្រាប់​រយៈ​ពេល ៣០​ឆ្នាំ៕

 

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ