អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

តើ​អាមេរិក​​ប្រើ​យុទ្ធសាស្រ្ត​អ្វី​ ឆ្លើយតប​នឹង​ចោរ​អ៊ីនធ័រនែត​រុស្ស៊ី?

ចុះផ្សាយ​នៅ​ថ្ងៃ៖

អាមេរិក​បាន​រង​ការវាយប្រហារ​ជាថ្មី ​ពី​ចោរអ៊ីនធ័រនែត​រុស្ស៊ី។ តាម​បណ្តាញ​សារព័ត៌មាន​អាមេរិក ចុះផ្សាយ​ថ្ងៃ​សុក្រទី ៣០​ធ្នូ ចោរអ៊ីនធ័រនែត​រុស្ស៊ី​បានប្រើ​កម្មវិធី​លួច​ចូល​ទៅក្នុង​កុំព្យូរទ័រ​គ្រប់គ្រង​រោងចក្រ​អគ្គិសនី​រដ្ឋអាមេរិក​មួយកន្លែង។ ដំណឹង​នេះ​កើតឡើង នៅតែ​មួយ​ថ្ងៃ​ក្រោយ​លោក​ប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា ប្រកាស​ដាក់​ទណ្ឌកម្ម លើ​រុស្ស៊ី ដោយ​បាន​បណ្តេញ​ចេញ មន្ត្រីទូត និង​បិទការិយាល័យ ស៊ើបការណ៍​សម្ងាត់​រុស្ស៊ីក្នុង​ទឹកដី​អាមេរិក ដែល​ជាប់ពាក់ព័ន្ធ​នឹង​ការវាយប្រហារ​អ៊ីនធ័រនែត​ទៅលើ​អ្នកនយោបាយ​អាមេរិក នៅក្នុង​ពេល​បោះឆ្នោត​ប្រធានាធិបតី​កន្លងទៅ។ 

REUTERS/Kacper Pempel
ផ្សាយពាណិជ្ជកម្ម

តាម​កាសែត​អាមេរិក Washington post ចុះផ្សាយ​ថ្ងៃសុក្រ​ម្សិលមិញ ​អាមេរិក​បាន​រកឃើញ​ថា ចោរអ៊ីនធ័រនែត​រុស្ស៊ី បាន​ប៉ុនប៉ង​ជ្រៀត​ចូល​ទៅក្នុង​បណ្តាញ​គ្រប់គ្រង​រោងចក្រ​អគ្គិសនី មួយ​កន្លែង​របស់​អាមេរិក។ ជាថ្មី​ម្តងទៀត រុស្ស៊ី​ត្រូវ​បាន​អាមេរិក​ចោទប្រកាន់​ថា ជាអ្នកនៅពីក្រោយ​ការវាយប្រហារ​អ៊ីនធ័រនែត​នៅ អាមេរិក។

 

ការវាយប្រហារ​អ៊ីនធ័រនែត​ទៅលើ​រោងចក្រ​អគ្គសិនី​អាមេរិក មិន​​បាន​បង្ក​ឲ្យ​មាន​ការខូចខាត​អ្វីនោះ​ទេ។ គេ​មិនដឹង​ថា តើ​ចោរអ៊ីនធ័រនែត​រុស្ស៊ី​មាន​គោលបំណង​អ្វី​ពិតប្រាកដ ដែល​បាន​លួច​ចូល​ទៅគ្រប់គ្រង​បណ្តាញ​រោងចក្រ​អគ្គិសនី​អាមេរិក។ តើ​ពួកគេ​ចង់​ធ្វើ​តេស្ត​សាកល្បង ប្រព័ន្ធ​ការពារ​អ៊ីនធ័រនែត ឬ​មួយ​ក៏សំងំ​ចាំ​យកពិស ដើម្បី​ធ្វើ​សកម្មភាព​នៅ​ថ្ងៃ​ណាមួយ​ខាងមុខ?

 

ការវាយប្រហារ​ទៅលើ​ប្រព័ន្ធ​គ្រប់គ្រង​របស់​រោងចក្រ​អគ្គិសនី ធ្លាប់​កើតមាន​ម្តង នៅ​ប្រទេស​អ៊ុយក្រែន នៅ​កាល​អំឡុង​សង្រ្គាម ឆ្នាំ ២០១៥ ដែលកាលណោះ បណ្តាញ​ផ្គត់ផ្គង់​អគ្គិសនី​មួយផ្នែកធំ ត្រូវ​បាន​កាត់ផ្តាច់ ដោយការ​វាយប្រហារ​តាម​ប្រព័ន្ធ​អ៊ីនធ័រនែត ដែល​គេ​ចោទទម្លាក់​ទៅលើ​រុស្ស៊ី ថា ជាអ្នកនៅ​ពីក្រោយ។

 

ទោះជា ការវាយប្រហារ​របស់ចោរ​អ៊ីនធ័រនែត​លើកនេះ មិន​បាន​បង្ក​ការខូចខាត​អ្វី​មែន ដល់​រោងចក្រ​អគ្គិសនីអាមេរិក ប៉ុន្តែ​ វា​បញ្ជាក់​ពី​ចំណុច​ខ្សោយ​នៃ​ប្រព័ន្ធការពារ​អាមេរិក នៅចំពោះមុខ​ការវាយប្រហារ​តាម​អ៊ីនធ័រនែត។

 

កាលពី​ថ្ងៃ​ព្រហស្បតិ៍ លោក​អូបាម៉ា ទើប​តែ​បណ្តេញ​ចេញ​មន្រ្តីទូត​អាមេរិក ៣៥នាក់ ដែល​លោក​ចោទថា បាន​ជាប់ពាក់ព័ន្ធ ជ្រៀតជ្រែក​ក្នុង​ការបោះឆ្នោត​ប្រធានាធិបតី​អាមេរិក។ ក្រៅតែពី​បណ្តេញ​មន្រ្តីទូត​រុស្ស៊ី លោក​អូបាម៉ា​អះអាង​ថា នៅមាន​វិធានការមួយចំនួន​ទៀត ដែល​លោក​នឹង​ប្រើ​ដើម្បី សងសឹក​រុស្ស៊ី។ លោកអូបាម៉ា​មិនបាន​បញ្ជាក់លម្អិត​វិធានការ​ផ្សេង​ទៀត ដែល​លោកនឹង​ប្រើ​ដើម្បី​ប្រឆាំង​នឹង​រុស្ស៊ី​នោះទេ។ លោក​គ្រាន់តែ​និយាយ​ថា អាជ្ញាធរ​អាមេរិក​នឹង​ចាត់វិធានការ​មួយ ដ៏សមគួរ និង​ក្នុង​ពេល​វេលាសមរម្យ​មួយ។ “វិធានការ​ទាំង​នោះ​អាច​មាន​ផងដែរ ប្រតិបត្តិការ​សម្ងាត់ ដែល​គេ​មិន​បង្ហើប​ឲ្យសាធារណជន​បាន​ដឹងទេ” នេះ​បើតាម​ប្រសាសន៍​របសល់​លោកអូបាម៉ា។

 

តាម​អ្នកជំនាញ​ជាច្រើន ប្រតិបត្តិការ​សម្ងាត់​ដែល​លោកអូបាម៉ា​លើកឡើង អាច​មាន​តាំង​ពីការសងសឹក​រុស្ស៊ី វិញ តាមរយៈ​ប្រព័ន្ធ​ព័ត៌មានវិទ្យា។ ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​របស់​អាមេរិក NSA ដែល​មាន​បណ្តាញ តាមដាន គ្រប់កន្លែង ក្នុង​ពិភពលោក មាន​សមត្ថភាព​ចូល​ទៅ​វាយប្រហារ​ប្រព័ន្ធអ៊ីនធ័រនែត​នៅក្នុង​ទឹកដី​រុស្ស៊ី។ អ្នកខ្លះ​ហ៊ាន​ទាំង​និយាយ​ថា ក្រៅតែ​ពី​វាយប្រហារ​តាម​អ៊ីនធ័រនែត លើ​ស្ថាប័ន​រុស្សី ដើម្បី​បង្ក​ការរាំងស្ទះ ឬ​ឧបសគ្គ​ដល់​ការងារ​ចាត់ចែង​របស់​រដ្ឋអំណាច​រុស្ស៊ីហើយ​នោះ អាមេរិក​នៅ​អាច​លួច​ជ្រៀតចូល​ទៅក្នុង​បណ្តាញ​គ្រប់គ្រង​អ៊ីនធ័រនែត​របស់​ធនាគារ ដែល​ទុកដាក់ ទ្រព្យសម្បត្តិ​របស់​លោក​ប្រធានាធិបតី​ពូទីន ដែល​គេ​វាយតម្លៃ​ថា មាន​ប្រមាណ​៨៥ពាន់លាន​ដុល្លារ​អាមេរិក។

 

តើ​អាមេរិក​នឹង​ធ្វើ​សង្រ្គាម​អ៊ីនធ័រនែត​ជាមួយ​រុស្ស៊ី

មន្ទីរបញ្ចកោន ឬ​ប្រព័ន្ធផ្សព្វផ្សាយ​អាមេរិក ដូចជា​CNN ឬ The New York Times ជាដើម ធ្លាប់​ត្រូវ​រង​ការវាយប្រហារ​តាម​អ៊ីនធ័រនែត ដែល​មួយផ្នែក​អាមេរិក​បាន​ចោទ​ថា មាន​ប្រភព​មក​ពី​រុស្ស៊ី។ ឥលូវនេះ ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​អាមេរិក CIA ទើប​រកឃើញ​ទៀតថា រុស្ស៊ី ដែល​ដឹកនាំ​ដោយ​លោក​ពូទីន ជាអ្នក​នៅពីក្រោយ ប្រតិបត្តិការ​វាយប្រហារ​អ៊ីនធ័រនែត​ដើម្បី ជ្រៀតជ្រែក លូកដៃ ក្នុង​កិច្ចការ​បោះឆ្នោត​ប្រធានាធិបតី​នៅ​អាមេរិក។ នេះ​ជារឿង​មួយ​ដ៏ឈឺក្បាល។ រដ្ឋាភិបាល​អាមេរិក​ត្រូវ​ប្រឈមមុខ​នឹង​ជម្រើស​ដ៏ស្មុគស្មាញ​មួយ​គឺ​មិន​ដឹង​ថា តើ​ត្រូវ​ឆ្លើយតប​បែបណា​ទៅវិញទេ។

 

តាម​អ្នកជំនាញ​មួយចំនួន អាមេរិក​របស់​លោកអូបាម៉ា​ទំនង​មិន​ឆ្លើយតប សងសឹក​អាមេរិក ដោយ​ការវាយប្រហារ​តាម​ព័ត៌មានវិទ្យា តបទៅ​រុស្ស៊ី​នោះទេ ឧទាហរណ៍ ដូចជា ប្រព័ន្ធការពារ​ជាតិ​រុស្ស៊ី ឬ​រោងចក្រ​នុយក្លេអ៊ែរ​ជាដើម។ បើ​អាមេរិក​ធ្វើដូច្នេះ គឺ​មិនខុស​អី ពី​ការប្រកាស​ធ្វើ​សង្រ្គាម​អ៊ីនធ័រនែត​ជាមួយ​រុស្ស៊ី​នោះទេ។ សង្រ្គាម​អ៊ីនធ័រនែត ដែល​មិនត្រឹម​ធ្វើ​ឲ្យ​ភាគី​ទាំងសង​ខាង ត្រូវ​បំផ្លាញ និង​ខាតបង់​ទេតែប៉ុណ្ណោះ​ទេ ប៉ុន្តែ វា​នឹង​អាច​បណ្តាល​ឲ្យ​ផ្ទុះ​សង្រ្គាម​ប្រយុទ្ធ​គ្នា មិនខាន។

 

អាមេរិក​របស់​លោកអូបាម៉ា​ចង់ជៀស​ឲ្យ​ផុត​ពី​ការប្រឈមមុខ ធ្វើ​សង្រ្គាម​ជាមួយរុស្ស៊ី។ លោក​អូបាម៉ា​បាន​លើក​ឡើង​ម្តងម្កាល​ពី​ការប្រើ​ប្រព័ន្ធព័ត៌មានវិទ្យា​ធ្វើ​ជា​អាវុធ​សងសឹក ប៉ុន្តែ លោក​មិន​ដែល​ប្រើអនុវត្ត​វា​ម្តងណាទេ។ ផ្ទុយទៅវិញ បើតាមលោក​James Lewis អ្នកជំនាញ ខាង​សន្តិសុខ​អ៊ីនធ័រនែត នៅ​វិទ្យាសា្ថន​ដើម្បី​យុទ្ធសាស្រ្ត និង​ស្រាវជ្រាវ​អន្តរជាតិ ​ដើម្បី​សងសឹក​រុស្ស៊ី លោក​អូបាម៉ា ប្រហែល​ធ្វើតាម​​រុស្ស៊ី ដែល​មាន​ជំនាញ​ខាង​ការចាប់បង្ខំ ចារកម្ម ឬ​នយោបាយ​ការទូត។ ប៉ុន្តែ លោក​នឹង​មិន​វាយបក ដោយ​វាយប្រហារ​តាម​អ៊ីនធ័រនែត​ទៅ​លើ​រដ្ឋាភិបាល​រុស្ស៊ី​នោះទេ។

 

ម្យ៉ាងទៀត ការដែល​លោកអូបាម៉ា និយាយថា នឹង​មាន​វិធានការ​ផ្សេងទៀត ដើម្បី​ប្រឆាំង​នឹង​រុស្ស៊ី គឺ​លោក​គ្រាន់តែ​ចង់​ផ្ញើសារ ទៅកាន់​ប្រមុខ​រដ្ឋាភិបាល​រុស្ស៊ី ឬ​របស់​ប្រទេស​ផ្សេងទៀត ដែល​ចង់​វាយប្រហារ​តាម​អ៊ីនធ័រនែត​ទៅលើ​អាមេរិក ឲ្យ​ប្រយ័ត្នខ្លួន ព្រោះថា បើ​គេ​វាយប្រហារ​អាមេរិក នោះ អាមេរិក​ មាន​សមត្ថភាព ហើយ​និង​ចាត់វិធានការ​ភ្លាម ដើម្បី​វាយបក​ទៅវិញភ្លាមដែរ៕

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ