អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

តើ​​​លោក​​​ បារ៉ាក់​​ អូបាម៉ា​ ​​អាច​​​ធ្វើ​​​សេចក្តី​​​សំរេច​​អ្វី​​​បាន​​​ខ្លះ​​​មុន​​​ពេល​​​ជិត​​​ផុត​​​អាណត្តិ​​​ប្រធានាធិបតី​​​

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​សល់​ប្រមាណ​តែ​បី​សប្តាហ៍​ទៀត​ប៉ុណ្ណោះ​ លោក​ បារ៉ាក់​ អូបាម៉ា​ នឹង​បញ្ចប់​អាណត្តិ​ប្រធានាធិបតី​អាមេរិក។ ជា​ទ្រឹស្តី​ លោក​ បារ៉ាក់ ​អូបាម៉ា​ មាន​ពេល​រហូត​ដល់​ថ្ងៃ​ទី​២០ មករា​ ក្នុង​ការ​ចាត់​វិធានការណ៍​ ឬ​ធ្វើ​សេចក្តី​សំរេច​សំខាន់ៗ។​ ​នៅ​សហរដ្ឋ​អាមេរិក​ ពេល​ជិត​ចប់​អាណត្តិ​បែប​នេះ​ គេ​ចាត់​ទុក​អ្នក​នយោបាយ​នោះ​ថា​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​ឯកកោពុំ​សូវ​មាន​គេ​ចាប់​អារម្មណ៍​ឡើយ។​ ប៉ុន្តែ ផ្ទុយ​ទៅ​វិញ​ ក្នុង​រយៈពេល​ចុងក្រោយ​នេះ​ លោក​ អូបាម៉ា​ មិន​បាន​សំងំ​លាក់​ខ្លួន​ពួន​អាត្មា​ឡើយ។​ តើ​គាត់​អាច​ឆ្លៀត​ធ្វើ​សេចក្តី​សំរេច​អ្វី​ខ្លះ​បាន​ទៀត​នាប៉ុន្មាន​សប្តាហ៍​ខាង​មុខ​នេះ?​ តើ​គាត់​មាន​មធ្យោបាយ​គ្រប់​គ្រាន់​ដែរ​ឬទេ​?​  

លោក​​ Barack Obama ​ប្រធានាធិបតី​​អាមេរិក​ផុត​​អាណតិ្ត​​ ថ្ងៃ​​ទី​​ ១៣​​ធ្នូ​ ២០១៦​​នៅ​​ Washington​
លោក​​ Barack Obama ​ប្រធានាធិបតី​​អាមេរិក​ផុត​​អាណតិ្ត​​ ថ្ងៃ​​ទី​​ ១៣​​ធ្នូ​ ២០១៦​​នៅ​​ Washington​ REUTERS/Kevin Lamarque
ផ្សាយពាណិជ្ជកម្ម

ទី​២០​ មករាខាងមុខ​នេះ​ លោក បារ៉ាក់​ អូបាម៉ា​ នឹង​បញ្ចប់​អាណត្តិ​​ប្រធានាធិបតី​ជាផ្លូវការ។​ ប៉ុន្តែ​ មុន​នឹង​ចាកចេញ​ពី​មុខ​តំណែង​ ថ្មីៗ​នេះ​ លោក​ អូបាម៉ា​ បាន​បណ្តេញ​មន្រ្តី​ទូត​រុស្សី​ និង​បិទ​ការិយាល័យ​ស៊ើបការណ៍​សម្ងាត់​រុស្សី​ក្នុង​ទឹកដី​អាមេរិក​។​ នេះ​បង្ហាញ​អោយ​ឃើញ​ពី​វិធានការណ៍​ក្តៅ​ ដែល​លោក​ អូបាម៉ា​ ហ៊ាន​ធ្វើ​ពេល​ជិត​អស់​អំណាច។​ យើង​នឹង​ចោទ​សំណួរ​មួយ​ចំនួន​ ដើម្បី​ស្វែងយល់​ពី​សេណា​រីយោ​មួយ​ចំនួន​នៃ​សេចក្តី​សំរេច​ចិត្ត​នយោបាយ​ដែល​លោក​ អូបាម៉ា​ អាច​ធ្វើ​បាន​ ឬ​ធ្វើ​មិន​បាន​ ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ទៀត។

តើ​លោក​ បារ៉ាក់​ អូបាម៉ា​ អាច​ធ្វើ​កំណែទម្រង់​ថ្មី​បន្ថែម​ទៀត​បាន​ដែរ​ឬ​ទេ​?​

ចម្លើយ​ គឺ​មិន​អាច​ធ្វើ​បាន​ទេ​!​ ជា​ទ្រឹស្តី​ រាល់​ពង្រាង​ច្បាប់​ថ្មី​ក្នុង​ន័យ​ធ្វើ​កំណែ​ទម្រង់​សង្គម​ត្រូវ​ឆ្លង​កាត់​សភា​ទាំង​ពីរ​ថ្នាក់​ ឬ​គេ​ហៅ​ថា​សភា​កុង​គ្រែ​ (Congrès)។​ ដូច​យើង​ដឹង​ហើយ​ថា​ រយៈពេល​កន្លង​មក​នេះ​ រាល់​គម្រោង​កំណែ​ទម្រង់​ធំៗ​របស់​លោក​ អូបាម៉ា​ ត្រូវ​ជាប់​កក​ស្ទះ​នៅ​សភា​។​ ​នេះក៏​ដោយសារ​តែ​ គណបក្ស​គូបដិបក្ខ​ គឺ​បក្ស​សាធារណរដ្ឋ​កំពុង​តែ​គ្រប់​គ្រង​សភា​ទាំង​ពីរ​នេះ។ ហើយ​គណបក្ស​នេះ​តែង​តែ​ជំទាស់​រាល់​គម្រោង​ធំៗ​របស់​លោ​ក​ អូបាម៉ា។​ សូម​រំលឹក​ជូន​ថា​ ចាប់​តាំង​ពីការ​បោះឆ្នោត​ពាក់​កណ្តាល​អាណត្តិ​មក​ម្ល៉េះ​ ពោល​កាលពី​ ២ ឆ្នាំ​មុន​ គណបក្ស​សាធារណរដ្ឋ​បាន​កាន់កាប់​ព្រឹទ្ធសភា​អាមេរិក។​ ហើយ​ចាប់​តាំង​ពី​ឆ្នាំ​២០១០​ គណបក្ស​សាធារណរដ្ឋ​បាន​គ្រប់​គ្រង​សភា​តំណាង​រាស្រ្ត។​

តើ​លោក​ អូបាម៉ា​ អាច​ដើរ​បង្វែរផ្លូវ​គេច​វេសចេញ​ពី​សភា​ទាំងពីរ​បាន​ដែរ​ឬ​ទេ​?​
ចម្លើយ​ គឺ​អាច​ធ្វើ​បាន​ទេ​ ក្នុង​ករណី​មួយ​ចំនួន​!​ ជា​ធម្មតា​ លោក​ អូបាម៉ា​ មាន​ឧបករណ៍​ច្បាប់​ចំនួន​ ៣ សំខាន់​ៗ​ ក្នុង​ការ​អនុវត្ត​សិទ្ធិ​អំណាច​ប្រតិបត្តិ​ក្នុង​ឋានៈ​ជា​ប្រធានាធិបតី។​ ទីមួយ​ គឺ​ក្រឹត្យ​ប្រធានាធិបតី​ ។​ ទីពីរ​ គឺ​អនុស្សរណៈ​ប្រធានាធិបតី​។ កន្លង​មក​ លោក​បាន​ប្រើប្រាស់​អំណាច​ពិសេស​នេះ​ ក្នុង​ការ​ធ្វើ​សេចក្តី​សំរេច​លើ​សំណុំ​រឿង​ធំៗ។​ មាន​ជាអាទិ៍​ដូចជា​វិធានការណ៍​ទាក់​ទង​នឹង​ការ​ប្រើ​ប្រាស់​អាវុធ​ ​ការ​លើក​តំកើង​តួ​នាទីស្រ្តី​នៅ​ក្នុង​ជួរ​កងទ័ព​ និង​ការ​អភិរក្ស​មួយ​ផែ្នក​នៃ​ដែន​សមុទ្រ​ Bering។ ​លក្ខណៈ​ពិសេស​របស់​​ក្រឹត្យ​ប្រធានាធិបតី​ និង​អនុស្សរណៈ​ប្រធានាធិបតី​ គឺ​ជាការ​ជំរុញ​ និង​បញ្ជាក់​បន្ថែម​លើ​ការ​អនុវត្តន៍​ច្បាប់​ណាមួយ​ ដែល​មាន​រួច​ស្រាប់​ទៅ​ហើយ។​ ប៉ុន្តែ លក្ខណៈខុស​គ្នា​រវាង​សេចក្តី​សំរេច​ទាំងពីរ​ គឺ​ក្រឹត្យ​ប្រធានាធិបតី​ចាំបាច់​ត្រូវ​តែ​យោង​បញ្ជាក់​ឈ្មោះ​ច្បាប់​ណាមួយ​អោយ​បាន​ច្បាស់​លាស់។

ចំណែក​ឧបករណ៍​ច្បាប់​ទីបី​ គឺ​កិច្ច​ព្រមព្រៀង​ប្រធានាធិបតី។​ លោក​ អូបាម៉ា​ បាន​ប្រើប្រាស់​សិទ្ធិ​ពិសេស​នេះ​ក្នុង​នយោបាយ​ការបរទេស​របស់​លោក។​ តួយ៉ាង​ដូចជា​ការ​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស​ស្តីពី​បម្រែបម្រួល​អាកាស​ធាតុ​ និង​កិច្ច​ព្រម​ព្រៀង​កម្មវិធី​នុយក្លេអ៊ែរ​ជាមួយ​ប្រទេស​អ៊ីរ៉ង់​។ បើ​យោងវតាម​សារព័ត៌មាន​ USA Today លោក​ អូបាម៉ា​ គឺ​ជា​ប្រធានាធិបតី​ដែល​បាន​ប្រើប្រាស់​ក្រឹត្យ​ប្រធានាធិបតី​តិច​ជាង​លោក​ Ronald Reagan​ និង​លោក​ George W. Bush។ ប៉ុន្តែ លោក​ អូបាម៉ា​ បាន​ប្រើប្រាស់​​អនុស្សរណៈ​ប្រធានាធិបតី​ច្រើន​ជាង​គេ។

តើ​សេចក្តី​សំរេច​ប្រធានាធិបតី​ចូល​ជា​ធរមាន​ជាអចិន្រ្តៃយ៍?

ចម្លើយ​ គឺ​មិន​មែន​ទេ​!​ តាម​ពិត​ ការ​ប្រើប្រាស់​ឧបករណ៍​ច្បាប់​សំរាប់​បង្កើត​សេចក្តី​សំរេច​ចិត្ត​ប្រធានាធិបតី​ពុំ​មាន​ចែង​ច្បាស់​លាស់​ក្នុង​រដ្ឋ​ធម្មនុញ្ញ​អាមេរិក​ឡើយ។​ កន្លង​មក​ ​គណបក្ស​សាធារណ​រដ្ឋ​ធ្លាប់​បាន​រិះគន់​ថា​ ការ​ប្រើប្រាស់​សេចក្តី​សំរេច​ចិត្ត​ប្រធានាធិបតី​នេះ​ជា​ទង្វើ​បំពាន​ច្បាប់​ ឬ​អធម្មនុញ្ញ​ភាព។​ ប៉ុន្តែ មែនទែន​ទៅ ស្របច្បាប់​ ឬ​មិន​ស្រប​ វា​អាស្រ័យ​លើ​តុលាការ​សហព័ន្ធ​អាមេរិក​ជា​អ្នក​សំរេច​ចុង​ក្រោយ​ ក្នុង​ករណី​មាន​អ្នក​ប្តឹង​ជំទាស់​ណា​មួយ​ចំពោះ​សេចក្តី​ចិត្ត​ប្រធានាធិបតី។

ដូចនេះ​ ចង់​មិន​ចង់​ សេចក្តី​សំរេច​ទាំង​ប៉ុន្មាន​របស់​លោក​ប្រធានាធិបតី​ អូបាម៉ា​ អាច​ត្រូវ​លោក​ ដូណាល់​ ត្រាំ​ ប្រធានាធិបតី​ថ្មី​ប្តឹង​ជំទាស់​ពេលណា​ក៏បាន។​ កន្លង​មក​ លោក​ ត្រាំ​ ក៏​ធ្លាប់​បាន​ថ្លែង​ថា​ កិច្ចការ​តំបូង​គេ​របស់​គាត់​ក្រោយ​ពេល​ចូល​កាន់​កាប់មុខ​តំណែង​ គឺ​កែប្រែ​សេចក្តី​សំរេច​មួយ​ចំនួន​របស់​លោក​ អូបាម៉ា​ ដែល​លោក​គិត​ថា​មិន​ស្រប​រដ្ឋ​ធម្មនុញ្ញ​អាមេរិក។

តើ​សេចក្តី​សំរេច​មួយ​ចំនួន​របស់​លោក​ អូបាម៉ា​ អាច​ចងជើង​ប្រធានាធិបតី​បន្ទាប់​បានដែរឬទេ?

ចម្លើយ​ គឺ​អាចចង​បាន!​ ជាក់​ស្តែង​ លោក​ បារ៉ាក់ ​អូបាម៉ា​ បាន​ចេញ​សេចក្តី​ហាម​ឃាត់​មិន​អោយ​ជីក​ខួង​ធ្វើ​អាជីវកម្ម​ប្រេង​ និង​ឧស្ម័ន​ក្រោម​ដី​នៅ​តំបន់​មហា​សមុទ្រ​អាកទិក​ និង​អាត្លង់​ទិក។​ សេចក្តី​សំរេច​នេះ​ គឺ​ផ្អែក​លើ​ច្បាប់​ស្តីពីការ​អភិរក្ស​ដែនដី​នៅ​ក្រោម​សមុទ្រ​ជុំវិញ​សហរដ្ឋ​អាមេរិក។​ ហើយ​ច្បាប់​នេះ​ទៀត​សោត​បាន​ទុក​សិទ្ធិ​អំណាច​អោយ​ប្រធានាធិបតី​ក្នុង​មុខ​តំណែង​ជា​អ្នក​សំរេច។ ហើយ​ការ​សំរេច​ចិត្ត​នេះ​នឹង​មាន​លក្ខណៈ​អចិន្រ្តៃយ៍​មិន​អាច​កែ​ប្រែ​បាន​វិញ​ឡើយ។

ក្រុម​អ្នក​សង្កេតការណ៍​បាន​ចាត់​ទុក​សេចក្តី​សំរេច​នេះ​ជា​ គឺ​ជា​ចេតនា​របស់​លោក​ អូបាម៉ា​ ក្នុង​ការ​បង្កើត​ឧបសគ្គ​មុន​ពេល​ដែល​​លោក​ ដូណាល់​​ ត្រាំ​ ចូល​កាន់​កាប់​មុខ​តំណែង។​ សូម​បញ្ជាក់​ថា​ ក្នុង​កំឡុង​ពេល​ឃោសនា​ស្វែង​រក​សម្លេង​ឆ្នោត​ លោក​ ដូណាល់​​ ត្រាំ ធ្លាប់​បាន​ប្រកាស​សន្យា​ក្តែងៗ​ហើយ​ថា​ ដើម្បី​បង្កើត​ការងារ​ដល់​ពលរដ្ឋ​អាមេរិក​ គាត់​នឹង​អនុញ្ញាត​អោយ​មាន​សកម្មភាព​ជីក​រុករក​ធនធាន​ប្រេង​កាត​ និង​ឧស្ម័ន​ក្រោម​ដី​។ ហើយ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ខាងមុខ​នេះ​ លោក​ អូបាម៉ា​ អាច​ចេញ​សេចក្តី​សំរេច​ថ្មីៗ​បន្ថែម​ទៀត​ ដើម្បី​ទប់​ស្កាត់​គោលនយោបាយ​ថ្មី​របស់​រដ្ឋាភិបាល​លោក​ ដូណាល់​ ត្រាំ។

តើលោក​ អូបាម៉ា​ មាន​អំណាច​អ្វី​បន្ថែម​ទៀត​ដែរឬទ?

តាមពិត​ទៅ លោក​ប្រធានាធិបតី​កំពុង​ផុត​អាណត្តិ​រូបនេះ​មាន​សិទ្ធិ​សំរេច​លើ​កិច្ចការ​ធំៗ​មួយ​ចំនួន​​ទៀត​ក្នុង​នោះ​មាន​ដូចជា​៖ ព្យួរ​តួនាទី​ ឬ​បញ្ចប់​មុខ​តំណែង​មន្រ្តី​ជាន់​ខ្ពស់​នៅ​ក្នុង​រដ្ឋាភិបាល​ ឬកងទ័ព, សំរេច​បញ្ចេញ​ឯកសារ​ ឬ​កម្មវិធី​សម្ងាត់​ជាសាធារណៈ​ ​និង​លើកលែង​ទោស​​ដល់​អ្នក​ជាប់​ពន្ធាគារ​ ឬ​ជនជាប់​ចោទ​ដែល​បាន​ទម្លាយ​ឯកសារ​សម្ងាត់​អាមេរិក​ដូចជាករណី​ Chelsea Manning និង​ Edward Snowden​ជាដើម៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ