អានតួអត្ថបទ

អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​ថ្មីថ្លែង​​សុន្ទរកថា​ដំបូង​បង្ហាញ​ទិសដៅ​ដឹកនាំ

លោក អង់តូនីញ៉ូ ហ្គូទែរស្ហ៍ Antonio Guterres ត្រូវថ្លែង​សុន្ទរកថា​ជា​លើក​ដំបូង ក្នុងឋានៈ​ជា​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ នៅ​ថ្ងៃអង្គា​ទី ១០ មករានេះ។ នៅ​ចំពោះ​មុខ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​សហប្រជាជាតិ ​លោក​អគ្គលេខាធិការថ្មី​​ នឹង​​សង្កត់​ធ្ងន់​អំពី​ដំណើរ​ការ​របស់​ស្ថាប័ន​មួយ​នេះ ដោយ​ធ្វើ​ឱ្យ​មាន​ភាព​រស់​រវើក​ឡើង​វិញ ​និង​​បាន​ទទួល​ការ​គាំទ្រ​ខ្លាំង​ពី​សំណាក់​មហាអំណាច។ លោក​ ក៏​ត្រូវ​បង្ហាញ​អំពី​​ទិសដៅ​ការទូត​វិញ ដែល​ទំនង​ជា​ផ្តោត​ជាពិសេស​ទៅ​លើ​ការ​ប្រកាន់​យុទ្ធសាស្ត្រណា​ដែល​នាំ​ដំណោះស្រាយ​ឱ្យ​ស៊ីរី។​​

លោក Antonio Guterres អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ
លោក Antonio Guterres អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ DR
ផ្សាយពាណិជ្ជកម្ម

ចូល​កាន់​តំណែង​បន្ត​ពី​លោក​បាន គីមូន ជា​ផ្លូវការ​នៅ​ថ្ងៃទី ១​មករា ២០១៧ លោក អង់តូនីញ៉ូ ហ្គូទែរស្ហ៍​ធ្លាប់​បាន​បង្ហើប​អំពី​ឆន្ទៈ​ចង់ធ្វើ​កំណែទម្រង់​ស្ថាប័ន​អង្គការ​សហប្រជាជាតិ​ ដោយ​ត្រួសៗ​ខ្លះ​ៗ​មកហើយ។ តែ​នៅ​ថ្ងៃ​នេះ លោក​ត្រូវថ្លែង​សុន្ទរកថា​ជា​លើក​ដំបូង ក្នុង​នាម​ជា​អគ្គលេខាធិការ​អង្គការ​ប្រជាជាតិ​ យ៉ាង​ពិត​ប្រាកដ។

នៅ​ក្នុង​សុន្ទរកថា​លើក​ដំបូងនេះ លោក ហ្គូទែរស្ហ៍ នឹង​ត្រូវ​សង្កត់​ធ្ងន់​អំពី​ដំណើរការ​របស់​ស្ថាប័ន​ ក្រុមប្រឹក្សាសន្តិសុខអង្គការ​សហប្រជាជាតិ​​ ដែល​កំពុង​ប្រេះ​ឆា​យ៉ាង​ខ្លាំង និងដែល​អសមត្ថភាព​ក្នុង​ការ​ចេញ​សេចក្តី​សម្រេច​ព្រមព្រៀង​រួម​ លើ​ជម្លោះ​ដ៏​រ៉ាំរ៉ៃ​ជាង​៦​ឆ្នាំ​នៅ​ស៊ីរី។ សម្រាប់​លោកអគ្គលេខាធិការ បរាជ័យ​របស់​សហគមន៍​អន្តរជាតិ​ពេលនេះ​គឺ​មកពី​មិន​អាច​ទប់​ស្កាត់​វិបត្តិ និង​រក្សា​សន្តិសុខ​ឱ្យ​ពិភពលោក។ ដំណោះស្រាយដ៏ប្រសើរ​គ្មាន​អ្វី​ក្រៅ​អី​ក្រៅ​ពី​ត្រូវ​ការ​មាន​អន្តរការី អាជ្ញាកណ្តាល​ និង​ការទូត​ថ្មី​ គាំទ្រ​ដោយគ្រប់​ប្រទេស​ដែល​មាន​ឥទ្ធិពល​ឡើយ។

តែ​ផែនការ​ចង់​ផ្តល់​ជីវិត​ថ្មី​ដល់​​​ស្ថាប័ន​អង្គការ​សហប្រជាជាតិ អាច​នឹង​ជួប​ភាព​ស្មុគស្មាញ​ ដោយ​ហេតុ​តែ​អនាគតប្រធានាធិបតី​អាមេរិក​ថ្មី ​មាន​នយោបាយ​ការបរទេស​មិន​ជាក់លាក់។ ក្នុង​ជំនួប​តាម​ទូរស័ព្ទ ជាមួយ​លោក​ហ្គូទែរស្ហ៍ លោក​ ត្រាំ​ ​ចាត់​ទុក​ថា​ក្លឹប​ណាត់​ជួប​គ្នា​និង​លំហែ ហើយ​ធ្លាប់​បាន​ព្រមាន​ថា អង្គការ​សហប្រជាជាតិ​នឹង​ប្តូរ ក្រោយ​ថ្ងៃ​២០​មករា ថ្ងៃដែល​លោក​ចូល​កាន់​តំណែង​ជា​ផ្លូវការ។ ​សង្ឃឹម​ថា​​​​សុន្ទរកថារបស់​លោក ហ្គូទែរស្ហ៍​ ដែល​ផ្តោត​លើ​ភាព​​ចាំបាច់​នៃ​ការ​ធ្វើ​កំណែទម្រង់​អង្គការ​សហប្រជាជាតិ អាច​ទាក់ចិត្ត​​លោកប្រធានាធិបតី​អាមេរិកថ្មី ដូណាល់ ត្រាំបាន។

សេចក្តី​សម្រេច​ដំបូង​ របស់​លោក​អគ្គលេខាធិការ​ ដែល​ប្រកាស​បង្កើត​គណៈកម្មការ​ទទួល​បន្ទុក​ដោះស្រាយ​បញ្ហា​រំលោភ​ផ្លូវភេទ​​របស់​ទាហាន​មួក​ខៀវ ក៏​បាន​ទទួល​ការ​ស្វាគមន៍​ពេញ​ចិត្ត​​ពី​សំណាក់​អ្នក​សាធារណរដ្ឋ​អាមេរិក​ដែរ។

បន្ទាប់​ពី​ថ្លែង​សុន្ទរកថា​ដំបូង​នៅ​ក្រុមប្រឹក្សា​សន្តិសុខ​ លោកអគ្គលេខា​នឹង​ធ្វើ​ដំណើរ​ទៅ​ហ្ស៊ឺណែវ និង​ជួប​ជាមួយប្រធានាធិបតី​ចិន ស៊ីជីនពីង ព្រោះ​ថា​ចិន​​បាន​ចូល​វិភាគ​ទាន​កាន់​តែ​ច្រើន​ឡើង​ក្នុង​ផ្នែក​រក្សាសន្តិសុខ និង​ពង្រឹង​ចំណែក​ក្នុង​អង្គការ​សហប្រជាជាតិ​ឥត​ឈប់៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ