អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

Goodbye Obama !

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅសល់​ពេល​តែ​១០ថ្ងៃ​ទៀត​ប៉ុណ្ណោះ ​ដែល​លោក​អូបាម៉ា ​នឹង​ត្រូវ​លា​ចេញ​ពី​តំណែង​ប្រធានាធិបតី​អាមេរិក។ នៅថ្ងៃ​អង្គារ​ទី​ ១០ ​មករា​នេះ ​ លោក​អូបាម៉ា ​នឹង​ធ្វើ​ពិធី​ជួប​ជុំ​មួយ ​ដើម្បី​ថ្លែងសារ ​លា​ប្រជាជន​អាមេរិក​ទាំងអស់ ​ពី​ទីក្រុង​ឈីកាហ្គោ។ ធ្វើជា​ប្រធានាធិបតី​ ប្រទេស​មហា​អំណាច​ធំ​បំផុត​លើ​លោក​ រយៈ​ពេល​៨ឆ្នាំ ​លោក​អូបាម៉ា ​បាន​បន្សល់​ទុក​នូវ​កេរ​តំណែល​នយោបាយ​យ៉ាង​ច្រើន ​ ព្រមទាំង​គំរូ​នយោបាយ​បែប​ថ្មី ​ ដែល​អ្នក​នយោបាយ​ជំនាន់​ក្រោយ​ គួរយក​គំរូ​តាម។ ក៏​ប៉ុន្តែ​យ៉ាងណា ​ក៏ដោយ​ គ្មាន​អ្វីមួយ​ដែល​ល្អ​ឥត​ខ្ចោះ​នោះ​ទេ។ រដ្ឋាភិបាល​លោក​អូបាម៉ា ​ក៏ត្រូវ​បាន​គេ​រិះគន់​ផងដែរ ​​ថា​ជា​រដ្ឋាភិបាល​ដែល​កំសាក​ មិនហ៊ាន​តតាំង​ដើម្បី​រក្សា​សន្តិភាព​ពិភពលោក។

លោក Barack Obama ប្រធានាធីបតី​សហរដ្ឋ​អាមេរិក
លោក Barack Obama ប្រធានាធីបតី​សហរដ្ឋ​អាមេរិក REUTERS/Carlos Barria
ផ្សាយពាណិជ្ជកម្ម

គេនៅ​ចាំ​មិន​ភ្លេច​ទេ ​ នៅឆ្នាំ​២០០៨ ​ពិភពលោក​ទាំងមូល ​បាន​អបអរ​សាទរ​ចំពោះ​ជោគជ័យ​របស់​លោក​អូបាម៉ា ​ដែល​បាន​ជាប់ឆ្នោត​ក្លាយ​ជា​ប្រធានាធិបតី​អាមេរិក។ ក្នុង​ប្រវត្តិសាស្ត្រ​អាមេរិក​ លោកគឺ​ជា​មនុស្ស​ស្បែក​ខ្មៅ​ទីមួយ ​ ដែល​បាន​ចូល​កាន់​តំណែង​កំពូល​នេះ។ មនុស្សម្នា​ជាច្រើន ​បាន​ផ្ញើរ​ក្តី​សង្ឃឹម​នៅ​នឹង​លោក។

 
អូបាម៉ា ​ប្រធានាធិបតី​ មិនធម្មតា!
ជាទូទៅ​អ្នក​វិភាគ​នយោបាយ ​ក៏​ដូច​ជា​អ្នក​ស្រាវជ្រាវ​វិទ្យាសាស្ត្រ​នយោបាយ ​បាន​ចាត់​ទុក​ថា ​ លោក​អូបាម៉ា ​គឺ​ជា ​ប្រធានាធិបតី​មិន​ធម្មតាមិនធម្មតា ​មាន​ន័យថា​មិន​ដូច​អ្នក​មុនៗ​ ប្លែក​ ហើយ​អស្ចារ្យ​រក​អ្នកណា​មក​ប្រៀប​ជាមួយ​មិន​បាន។ ទាំងអស់​នេះ ​គឺ​យើង​អាច​យល់​បាន​តាម​រយៈ​ស្នាដៃ​ ដែល​លោក​អូបាម៉ា​បាន​សម្រេច​បាន ​បើ​ទោះបី​ជា​ស្ថិត​ក្នុង​កាលៈទេសៈ​លំបាក​សព្វ​បែប​យ៉ាង។ ​ហើយ​មួយ​ទៀត​ គឺ​លោក​អូបាម៉ា ​មិន​ដូច​គេ ​ត្រង់​របៀប​ធ្វើការ​ ​រឺរបៀប​ធ្វើ​នយោបាយ​របស់​លោក។ ៨ឆ្នាំ​មក​នេះ ​ លោក​អូបាម៉ា ​មិនមែន​គ្រាន់​តែ​ជា​ប្រធានាធិបតី​នៃ​ប្រទេស​មហា​អំណាច​នោះ​ទេ ​តែ​លោក​អូបាម៉ា ​គឺ​ជា​តារា​កំពូល ​ ដែល​មនុស្ស​ម្នា​តែងតែ​តាម​ដាន ​ដោយ​យក​ចិត្ត​ទុកដាក់ ​ និង​ដោយ​ក្តី​ស្រលាញ់។

តើ​លោក​អូបាម៉ា ​បាន​ធ្វើ​អ្វី​ខ្លះ​សម្រាប់​សហរដ្ឋ​អាមេរិក។ ដើម្បី​ងាយ​យល់ ​យើង​គួរ​ត្រូវ​រំលឹក​អំពី​ស្ថានភាព​របស់​សហរដ្ឋ​អាមេរិក​ នៅ​មុន​ពេល​ដែល​លោក​អូបាម៉ា ​ជាប់​ឆ្នោត​ក្នុង​ឆ្នាំ​២០០៨។ ពេល​នោះ​ជា​ពេល​ដែល​សហរដ្ឋ​អាមេរិក​ ស្ថិតក្នុង​រណ្តៅនៃ​វិបត្តិ​សឹងតែ​គ្រប់​វិស័យ។ វិបត្តិ​ធ្ងន់​ជាង​គេ​ គឺ​វិបត្តិ​សេដ្ឋកិច្ច ​បន្ទាប់​ពី​ទី​ផ្សារ​ហិរញ្ញវត្ថុ​ ធនាគារ​អាមេរិក​ រលំ​បះជើង​សឹងតែ​ទាំងអស់។ មនុស្ស​អត់​ការងារ​ធ្វើ​រាប់​លាន​អ្នក។ វិបត្តិ​ខាងក្រៅ​វិញ ​គឺ​អាមេរិក​កំពុង​វីវក់​ធ្វើ​សង្រ្គាម​នៅ​អាហ្វហ្កានីស្ថាន ​និង​អ៊ីរ៉ាក់ ​ដែល​ជា​សង្រ្គាម​បរាជ័យ​ ដ៏​អម៉ាស ​ដែល​រដ្ឋាភិបាល​របស់​លោក​ប៊ូស​ បាន​ចាប់ផ្តើម។

ដូច្នេះ​ យើង​អាច​យល់​បាន​ថា​ ក្នុង​ពេល​នោះ ​លោក​អូបាម៉ា ​បាន​ទទួល​ថ្ម​ ដែល​មាន​ទំងន់ធ្ងន់​កំរិ​តណា ​ហើយជា​ការ​ទទួល​ខុស​ត្រូវ​កំរិត​ណា។ តែ​៨ឆ្នាំ​មក​នេះ ​ គ្រប់គ្នា​អាច​សន្មត់​បាន​ថា ​អាមេរិក​មាន​កំលាំង​ពលំ​ឡើងវិញ។ នេះ​ហើយ​ជា​លទ្ធផល​រួម​នៃ​រដ្ឋាភិបាល​លោក​អូបាម៉ា។

កំណែ​ទម្រង់​ធំៗ​ទាំង៣ ៖
កម្មវិធី​កំណែ​ទម្រង់​៣​ធំៗ​ របស់​លោក​អូបាម៉ា ​ដែល​យើង​អាច​លើក​មក​និយាយ​បាន ​ គឺ​ទីមួយ​កំណែ​ទម្រង់​ប្រព័ន្ធ​ធានា​រ៉ាប់រង​សុខភាព ​តាម​រយៈ​ច្បាប់​ថ្មី​ ដែល​មាន​ឈ្មោះថា​ Obamacare។ គឺ​កម្មវិធី​នេះ​ហើយ​​ ដែល​អាច​ជួយ​ប្រជាជន​អាមេរិក​ ដែល​មាន​ជីវភាព​ក្រីក្រ ​អាច​មាន​លទ្ធភាព​ព្យាបាល​ជំងឺ ​ក្រោម​ការ​ជួយ​ជ្រោមជ្រែង​របស់​រដ្ឋ។ កំណែ​ទម្រង់​ទីពីរ ​គឺ​ការ​រំដោះ​សេដ្ឋកិច្ច​ឲ្យ​មាន​សន្ទុះ​ដើម្បី​បង្កើត​ការងារ។ ជា​លទ្ធផល ​ចំនួន​អ្នក​អត់​ការងារ​ធ្វើ​នៅ​អាមេរិក​ បាន​ថយចុះ​ជា​លំដាប់ ​ហើយ​សេដ្ឋកិច្ច​មាន​សន្ទុះ​កាន់​តែ​ប្រសើរ។ កំណែ​ទម្រង់​ចុងក្រោយ ​គឺ​កំណែ​ទម្រង់​ស៊ីជំរៅ ​នៅ​ក្នុង​ប្រព័ន្ធ​ហិរញ្ញវត្ថុ​និង​ធនាគារ។ គឺ​វិស័យ​ហិរញ្ញវត្ថុ​នេះ​ហើយ ​ដែល​ជា​ដើមហេតុ​នៃ​វិបត្តិ​សេដ្ឋកិច្ច​ពិភពលោក។ លោក​អូបាម៉ា ​បាន​មានៈ​ធ្វើ​កំណែ​ទម្រង់​ក្នុង​វិស័យ​នេះ​ឲ្យបាន ​ ដើម្បី​ធានា​ឲ្យ​ទីផ្សារ​ហិរញ្ញវត្ថុ​មាន​លំនឹង​ លែង​ស្ថិត​តែ​នៅ​លើ​កម្មវត្ថុ​នៃ​ការ​ចំណេញ ​ដែល​មិន​ខ្វល់​ពី​ផលវិបាក​នៃ​បំណុល ​ហើយ​កុំឲ្យ ​Wall Street ​ចេះតែ​ធ្វើ​អ្វី​បាន​តាម​ចិត្ត​ដូច​មុន។

ជារួម​ គឺ​លោក​អូបាម៉ា ​បាន​សម្រេច​នូវ​គោល​បំណង​របស់​លោក ​ដែល​លោក​ចង់​កសាង​អំណាច​រដ្ឋ​ឲ្យ​បាន​រឹងមាំ​ឡើងវិញ​ រដ្ឋ​ដែល​មាន​លទ្ធភាព​អាច​ធ្វើ​អន្តរាគមន៍​ ដោះស្រាយ​បញ្ហា ​អាច​ជួយ​ប្រជាពលរដ្ឋ​ដែល​គ្មាន​លទ្ធភាព ​ មិនមែន​បណ្តោយ​ឲ្យ​វិស័យ​ឯកជន ​ធ្វើអ្វី​បាន​តាម​តែ​ចិត្តទេ។

លោកអូបាម៉ា មាន​របៀប​ធ្វើ​នយោបាយ​បែប​ថ្មី៖
និយាយ​ពី​របៀប​ធ្វើការ​របស់​លោក​អូបាម៉ា​វិញ ​លោក​អូបាម៉ា ​ត្រូវ​បាន​គេ​ស្រលាញ់ ​គាំទ្រ ​ដោយសារ​តែ​លោក​ជា​មនុស្ស​ដែល​យល់​ពី​ការ​ចង់បាន​របស់​យុវជន​ក្មេងៗ។ លោក​ជា​មនុស្ស​សាមញ្ញ ​ដែល​ធ្វើ​ឲ្យ​មនុស្ស​គ្រប់វ័យ​ មាន​និស្ស័យ​ចូលចិត្ត​លោក។ ការ​ពិត​ វា​ជា​និស្ស័យ​ពី​កំណើត​របស់​លោក ​ ព្រោះ​ថា​គ្រប់​គ្នា​មើលដឹង​ថា​ គ្រប់​កាយវិការ​ ពាក្យ​សម្តី​ទាំងអស់ ​មិនមែន​លោក​សំដែង​ទេ​ តែ​ជា​ការពិត​ដែល​ស្តែង​ពី​អត្ត​ចរិក​ពិត។ ក្នុង​ប្រវត្តិសាស្ត្រ​អាមេរិក ​ក្រៅ​ពី​លោក ​រូហ្សឺវែល ​និង​លោក​កេណឺឌី​ មិន​មាន​ប្រធានាធិបតី​ណា ​ដែល​ពូកែ​វោហារ ​និយាយ​ថ្លែង​សុន្ទរកថា​អាច​អន្ទង​ចិត្ត ​និង​ស្មារតី​អ្នក​ស្តាប់ ​ដូច​លោក​អូបាម៉ា​ទេ។

អត្តចរិក​ពិត​របស់​លោក ​គឺ​ជា​មនុស្ស​ដែល​សណ្តោស​គ្នា ​ជា​មនុស្ស​ដែល​ចូលចិត្ត​ផ្តល់​ឱកាស ​ផ្តល់​តំលៃ​ឲ្យ​អ្នក​ដ៏ទៃ។ ជាក់ស្តែង​ បើ​យើង​ក្រលេក​ទៅ​មើល​មនុស្ស​ម្នា ​ដែល​ធ្វើការ​ជាមួយ​គាត់ ​គឺ​សុទ្ធជា​មនុស្ស​ចំរុះ​ជាតិ​សាសន៍ ​មាន​ក្មេង​មាន​ចាស់។ លោក​អូបាម៉ា ​ស្តាប់​យោបល់​គេឯង​គ្រប់គ្នា។ របៀប​ធ្វើ​នយោបាយ​របស់​លោក ​មិនមែន​បែប​កំរោលចូល ​ចង់​បាន​អ្វី​ ​ក៏​ធ្វើ​ភ្លាម​ទេ។ លោក​អូបាម៉ា ​យល់​ថា​បើ​ចង់​ធ្វើ​កំណែ​ទម្រង់​ត្រូវ​ធ្វើ​សន្សឹមៗ ​បែប​ទន់ភ្លន់​ម្តង​បន្តិចៗ។

បរាជ័យ​ក្នុង​សំណុំរឿង​ស៊ីរី ​ជា​កំហុស​យុទ្ធសាស្ត្រ៖
ក៏ប៉ុន្តែ ​ក៏​ដោយសារ​នយោបាយ​បែប​សន្សឹមៗ ​ ឬ​ក៏​បែប​ទន់ភ្លន់​នេះ​ដែរ ដែល​លោក​អូបាម៉ា ត្រូវបានគេរិះគន់​ ​ទាក់ទិន​នឹង​នយោបាយ​ការបរទេស​ របស់​លោក​ ​ជា​ពិសេស​ទាក់ទិន ​ទៅ​ហ្នឹង​វិបត្តិ​នៅ​ស៊ីរី។ ជា​ការពិត ​គ្មាន​នរណា​ម្នាក់ ​ដែល​ល្អ​ឥតខ្ចោះ ​ហើយ​មេដឹកនាំ​ប្រទេស​ណាមួយ​​​ ដែល​ធ្វើ​ទៅ​ត្រូវ​រហូត​ដែរ។ មួយវិញ​ទៀត ​យើង​ក៏​មិន​អាច​តម្រូវ​ចិត្ត​មនុស្ស​គ្រប់គ្នា​ដែរ។

ក្នុង​សំណុំរឿង​ស៊ីរី ​ លោក​អូបាម៉ា​ បាន​ធ្វើ​រឿង​មួយ ​ដែល​គ្រប់គ្នា​យល់​ថា ​អាច​ជា​ភាព​កំសាក។ លោក​អូបាម៉ា ​កំសាក​ ដោយ​មិន​ចង់​ធ្វើ​សង្រ្គាម​ដោយ​ផ្ទាល់​នៅ​ស៊ីរី ​ដូច​ដែល​អាមេរិក​ ធ្លាប់​ធ្វើ​នៅ​អ៊ីរ៉ាក់​ និង​អាហ្វហ្កានីស្ថាន។ ការនេះ ​បាន​ធ្វើ​ឲ្យ​រុស្ស៊ី​ឆក់​ឱកាស ​ជួយ​រដ្ឋា​បាឆា​ អាល់អាសាដ ​ ឲ្យ​មាន​ប្រៀប​ឡើង​វិញ។ ទីបំផុត​ ស្ថានការណ៍​ប្រែប្រួល​ទាំងស្រុង ​ហើយ​អ្នក​ដែល​រងគ្រោះ​ គឺ​ប្រជាជន​ស៊ីរី ​ព្រោះ​ត្រូវ​បន្ត​ស្ថិត​ក្រោម​អំណាច​ផ្តាច់ការ​របស់​បាឆា។

គ្រប់គ្នា​ទទួល​ស្គាល់​ថា ​បើ​លោក​អូបាម៉ា ​សម្រេច​ចិត្ត​បញ្ជូន​ទ័ព​ថ្មើរជើង​ ទៅ​វាយ​កងទ័ព​បាឆា ​អាល់​អាសាដ ​ទាន់ពេល​វេលា ម្លេះ​ស្ថាន​ភាព​នៅ​ស៊ីរី ​មិន​ដុន​ដាប​ដូច​សព្វថ្ងៃ​នេះ​ទេ។ ក៏ប៉ុន្តែ ​យើង​ក៏​គួរ​យល់ដែរ​ថា​ វា​ជា​ការលៈទេសៈ​មួយ​លំបាក​ណាស់ ​សម្រាប់​លោក​អូបាម៉ា។ ក្នុងនាម​ជា​ប្រធានាធិបតី​អាមេរិក​ លោក​បាន​សន្យាថា​នឹង​ដក​ទ័ព​ចេញ​ពី​អ៊ីរ៉ាក់ ​និង​អាហ្វហ្កានីស្ថាន។ ប្រជាជន​អាមេរិក​ នឿយណាយ​ មិន​ចង់​ឃើញ​ប្រទេស​ខ្លួន​ បញ្ជូន​កូន​បញ្ជូន​ចៅ​ទៅ​ស្លាប់​នៅ​ស្រុក​អ្នក​ដ៏ទៃ​នោះទេ​។ ម្យ៉ាងវិញ​ទៀត ​ការ​ធ្វើ​សង្រ្គាម​នៅ​បរទេស ​ចំនាយ​ប្រាក់​ច្រើន​ណាស់។ ទាំងអស់​នេះ​ហើយ​ដែល​លោក​អូបាម៉ា ​ត្រូវ​ថ្លឹងថ្លែង។ វា​អាច​ជា​កំហុស​យុទ្ធសាស្ត្រ​របស់​លោក​អូបាម៉ា ​តែ​យ៉ាងណា​វា​មិនមែន​ជា​កំហុស​របស់​លោក​តែ​ម្នាក់​ឯង​ទេ​ ក្នុង​វិបត្តិ​នៅ​ស៊ីរី។

ស្មារតី​កសាង​សន្តិភាព៖
បើ​និយាយ​ពី​ស្នាដៃ​ផ្សេងទៀត ​ក្នុង​អាណត្តិ​លោក ​ ទាក់ទិន​នឹង​នយោបាយ​ការបរទេស ​គឺ​មាន​ច្រើន​ណាស់។ លោក​អូបាម៉ា ​មាន​ស្មារតី​មួយ​ដែល​គួរ​កោត​សរសើរ ​គឺ​ស្មារតី​បង្រួបបង្រួម ​ចាប់ដៃ​គ្នា​ កសាង​សន្តិភាព​នឹង​គ្នា។ ស្មារតី​នេះ​ បាន​ចេញ​ជា​ផ្លែផ្កា ​តាម​រយៈ​ការ​ផ្លាស់ប្តូរ​ជា​នា​គ្នាឡើង​វិញ​រវាង​សហរដ្ឋ​អាមេរិក​ និង​គុយបា។ នេះគឺ​ជា​ទំព័រ​ប្រវត្តិសាស្ត្រ​មួយ​ធំណាស់ ​ដែល​លោក​អូបាម៉ា ​បាន​សរសេរ។ ផ្លែផ្កា​មួយ​ទៀត​នោះ ​គឺ​កិច្ច​ព្រមព្រៀង​ស្តីពី​កម្មវិធី​ នុយក្លេអ៊ែរ​អ៊ីរ៉ង់។ អ៊ីរ៉ង់​ និង​អាមេរិក​ មើល​មុខ​គ្នា​មិនត្រង់​ ជាង​២០​ឆ្នាំ ​ដោយ​សារ​តែ​បញ្ហា​នេះ។ ការ​ចរចា​គ្នា ​បាន​អូស​បន្លាយ​រាប់ឆ្នាំ ​ទំរាំ​សម្រេច​បាន​កាលពី​ឆ្នាំ​២០១៥។ បើ​បន្ត​ឲ្យ​អ៊ីរ៉ង់ ​នៅ​ឯកោ ​គឺ​មិនខុស​ពី​បន្ត​ឲ្យ​ខ្លា​សំងំ​សន្សំ​កំលាំង​នោះ​ទេ។ វិធី​ដែល​ល្អ​បំផុត​ដែល​លោក​អូបាម៉ា​យល់​ឃើញ ​គឺ​និយាយ​ជាមួយ​អ៊ីរ៉ង់​ ដោយ​ស្មោះត្រង់ ​ក្នុង​នាម​ជាមិត្ត ​មិនមែន​ជា​សត្រូវ។

ទន់ភ្លន់ ​តែ​មិន​ទន់​ជ្រាយ៖
ក្នុង​សំណុំ​រឿង​អ៊ីស្រាអែល ប៉ាឡេស្ទីន ​រដ្ឋាភិបាល​លោក​អូបាម៉ា ​មិនមែន​ជា​អាយ៉ង​របស់​អ៊ីស្រាអែល ​ដូច​ដែល​គេ​តែងតែ​និយាយ​ថា​ឲ្យ​រដ្ឋាភិបាល​អាមេរិក​កន្លង​មក​នោះ​ទេ។ លោក​អូបាម៉ា ​មិន​ខ្លាច​នឹង​រិះគន់​អ៊ីស្រាអែល ​ទេ ​ទាក់ទិន​នឹង​ទៅ​នឹង​ការ​ធ្វើ​ទុក្ខ​បុកម្នេញ ​រឺ​ការ​ទន្ទ្រាន​ធ្វើ​អាណានិគម​លើ​ដី​ប៉ាឡេស្ទីន។

លោកអូបាម៉ា​សាមញ្ញ ​ទន់ភ្លន់ ​ស្លូត​ពិតមែន​ តែ​មិន​ទន់​ជ្រាយ​ទេ។​ ពេលណា​ត្រូវ​ម៉ឺងម៉ាត់ ​គឺ​ម៉ឺងម៉ាត់។ ​ជាក់ស្តែង ​ក្នុង​សំណុំ​រឿង​ចោរព័ត៌មាន​វិទ្យា​លួច​ទិន្ន័យ​របស់​គណបក្ស​ប្រជាធិបតេយ្យ ​ក្នុង​ពេល​ឃោសនា​បោះឆ្នោត។ រដ្ឋាភិបាល​លោក ​បើ​ទោះបី​ជា​ជិត​ផុត​អាណត្តិ ​តែ​បាន​ចាត់​វិធានការ ​ដាក់​ទណ្ឌកម្ម​រុស្ស៊ី ​ឲ្យ​រុស្ស៊ី​បាក់មុខ ​លើ​ឆាក​អន្តរជាតិ។ ឱកាស​ចុងក្រោយ​នេះ​ លោក​អូបាម៉ា ​ចង់​បង្ហាញ​ថា លោក​មិន​ដែល​ខ្លាច​ពូទីន​ទេ ​បើ​សិន​ជា​ពូទីន ​មិន​គោរព​លោក ​និង​សហរដ្ឋ​អាមេរិក។

ក្នុង​វិស័យ​បរិស្ថាន ​រដ្ឋាភិបាល​លោក​អូបាម៉ា ​បាន​ចូលរួម​ជ្រោមជ្រែង ​ឲ្យមាន​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស​ ស្តីពី​អាកាសធាតុ។ អាមេរិក​ និង​ចិន​ គឺ​ជា​កំពូល​ប្រទេស​បញ្ចេញ​ឧស្ម័នពុល ​ តែ​ប្រទេស​ទាំងពីរ​ បាន​ចាប់​ដៃគ្នា ​សន្យា​កាត់​បន្ថយ​វា។ ជាក់ស្តែង​ លោក​អូបាម៉ា ​គឺ​ជា​ប្រធានាធិបតី​អាមេរិក​តែ​ម្នាក់​គត់ ​ដែល​បាន​ធ្វើច្បាប់​បង្កើត​តំបន់​អភិរក្ស​ធម្មជាតិ ​និង​ជីវចំរុះ​ច្រើន​ជាង​គេ​បង្អស់។ គ្មាន​នរណា​ម្នាក់​ធ្វើ​បាន​ស្មើ​នឹង​លោក​អូបាម៉ា​ទេ ​ ក្នុង​វិស័យ​នេះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ